ប្រវត្តិហេតុទី១ ១៧:១-២៧
១៧ ក្រោយពីដាវីឌបានទៅរស់នៅក្នុងវិមានរបស់គាត់ គាត់បាននិយាយទៅកាន់ណាថាន់+ជាអ្នកប្រកាសទំនាយថា៖ «មើល! ខ្ញុំរស់នៅក្នុងវិមានដែលសង់ពីឈើស៊ីដារ+ តែហឹបនៃកិច្ចព្រមព្រៀងរបស់ព្រះយេហូវ៉ា គឺស្ថិតនៅក្នុងត្រសាលវិញ»។+
២ ណាថាន់ប្រាប់ដាវីឌថា៖ «សូមអ្នកធ្វើតាមបំណងចិត្តរបស់អ្នកចុះ ព្រោះព្រះពិតនៅជាមួយនឹងអ្នកហើយ»។
៣ នៅយប់នោះ ព្រះបានមានប្រសាសន៍ទៅកាន់ណាថាន់ថា៖
៤ «ចូរទៅប្រាប់ដាវីឌជាអ្នកបម្រើខ្ញុំថា៖ ‹ព្រះយេហូវ៉ាមានប្រសាសន៍ថា៖ «មិនមែនអ្នកទេដែលនឹងសង់វិហារឲ្យខ្ញុំនៅ+
៥ ព្រោះតាំងពីថ្ងៃដែលខ្ញុំបាននាំជនជាតិអ៊ីស្រាអែលចេញមក ខ្ញុំមិនបាននៅក្នុងវិហារណាមួយទេ តែខ្ញុំតែងតែចេញពីកន្លែងមួយទៅកន្លែងមួយ ពីត្រសាលមួយទៅត្រសាលមួយ។+
៦ ក្នុងអំឡុងពេលដែលខ្ញុំនៅជាមួយនឹងជនជាតិអ៊ីស្រាអែល ខ្ញុំបានតែងតាំងពួកអ្នកសម្រេចក្ដីឲ្យធ្វើជាគង្វាលលើរាស្ត្ររបស់ខ្ញុំ។ តើខ្ញុំធ្លាប់សុំពួកគេឲ្យសង់វិហារពីឈើស៊ីដារសម្រាប់ខ្ញុំឬទេ?»›។
៧ «ចូរប្រាប់ដាវីឌជាអ្នកបម្រើខ្ញុំថា៖ ‹ព្រះយេហូវ៉ាជាព្រះនៃបណ្ដាកងទ័ពស្ថានសួគ៌បានមានប្រសាសន៍ដូច្នេះថា៖ «កាលអ្នកនៅជាគង្វាលចៀមនៅឡើយ ខ្ញុំបានយកអ្នកពីវាលស្មៅមក ដើម្បីឲ្យអ្នកធ្វើជាអ្នកដឹកនាំលើជនជាតិអ៊ីស្រាអែលជារាស្ត្ររបស់ខ្ញុំ។+
៨ នៅកន្លែងណាដែលអ្នកទៅ ខ្ញុំនឹងទៅជាមួយអ្នកដែរ+ ហើយខ្ញុំនឹងបំផ្លាញខ្មាំងសត្រូវរបស់អ្នកចេញពីមុខអ្នក។+ ខ្ញុំនឹងធ្វើឲ្យឈ្មោះរបស់អ្នកល្បីរន្ទឺ ហើយអ្នកនឹងក្លាយទៅជាអ្នកល្បីល្បាញម្នាក់នៅផែនដី។+
៩ ខ្ញុំនឹងឲ្យទឹកដីមួយកន្លែងដល់ជនជាតិអ៊ីស្រាអែលជារាស្ត្ររបស់ខ្ញុំ។ ពួកគេនឹងរស់នៅទីនោះដោយសុខសាន្ត ហើយគ្មានមនុស្សអាក្រក់ណាម្នាក់មកសង្កត់សង្កិនពួកគេ ដូចកាលពីមុនទេ+
១០ ហើយក៏មិនដូចនៅគ្រាដែលខ្ញុំបានតែងតាំងពួកអ្នកសម្រេចក្ដីឲ្យដឹកនាំជនជាតិអ៊ីស្រាអែលជារាស្ត្ររបស់ខ្ញុំដែរ។+ ខ្ញុំនឹងបង្ក្រាបខ្មាំងសត្រូវទាំងអស់របស់អ្នក។+ បន្ថែមទៅទៀត ខ្ញុំប្រាប់អ្នកថា៖ ‹ព្រះយេហូវ៉ានឹងធ្វើឲ្យពូជពង្សរបស់អ្នកគ្រប់គ្រងជាស្ដេចតទៅ›។
១១ «‹«ក្រោយពីអ្នកស្លាប់ទៅ ហើយបានត្រូវបញ្ចុះជាមួយនឹងបុព្វបុរសរបស់អ្នក ខ្ញុំនឹងតែងតាំងកូនចៅ*ម្នាក់របស់អ្នកឲ្យធ្វើជាស្ដេច+ ហើយខ្ញុំនឹងពង្រឹងអំណាចគ្រប់គ្រងរបស់គាត់ឲ្យរឹងមាំ។+
១២ គាត់គឺជាអ្នកដែលនឹងសង់វិហារឲ្យខ្ញុំ+ ហើយខ្ញុំនឹងតាំងរាជ្យគាត់ឲ្យនៅស្ថិតស្ថេរជាដរាប។+
១៣ ខ្ញុំនឹងធ្វើជាឪពុករបស់គាត់ ហើយគាត់នឹងធ្វើជាកូនរបស់ខ្ញុំ។+ ខ្ញុំនឹងមិនឈប់បង្ហាញសេចក្ដីស្រឡាញ់ដ៏ស្មោះត្រង់ចំពោះគាត់+ ដូចដែលខ្ញុំបានឈប់បង្ហាញចំពោះបុគ្គលដែលនៅមុនអ្នកនោះឡើយ។+
១៤ ខ្ញុំនឹងឲ្យគាត់អង្គុយលើបល្ល័ង្ករបស់ខ្ញុំជារៀងរហូត+ ហើយអំណាចគ្រប់គ្រងនិងពូជពង្សរបស់គាត់នឹងស្ថិតស្ថេរជាដរាបតទៅ»›»។+
១៥ ណាថាន់បានប្រាប់ដាវីឌនូវប្រសាសន៍ទាំងនេះនិងអ្វីដែលគាត់បានឃើញក្នុងគំនិត។
១៦ ក្រោយពីស្ដាប់រួច ស្ដេចដាវីឌក៏ចូលទៅអង្គុយនៅចំពោះព្រះយេហូវ៉ា ហើយនិយាយថា៖ «ឱព្រះយេហូវ៉ាអើយ! តើខ្ញុំនិងក្រុមគ្រួសារខ្ញុំជាអ្វីទៅ បានជាលោកធ្វើការល្អទាំងនេះដល់ខ្ញុំ?+
១៧ មិនត្រឹមតែប៉ុណ្ណោះ ឱព្រះយេហូវ៉ាអើយ! លោកក៏បានប្រាប់ថាពូជពង្សរបស់ខ្ញុំនឹងស្ថិតស្ថេរជារៀងរហូតតទៅដែរ។+ លើសពីនោះទៅទៀត លោកក៏ចាត់ទុកខ្ញុំជាបុគ្គលដ៏សំខាន់។
១៨ តើខ្ញុំអាចរកពាក្យអ្វីដើម្បីថ្លែងប្រាប់ដល់លោកអំពីកិត្តិយសដែលខ្ញុំបានទទួលនោះ? ព្រោះលោកស្គាល់ខ្ញុំច្បាស់ហើយ។+
១៩ ឱព្រះយេហូវ៉ាអើយ! លោកបានធ្វើការអស្ចារ្យទាំងនោះ ហើយបង្ហាញឲ្យខ្ញុំឃើញស្នាដៃដ៏ខ្លាំងក្លារបស់លោក ដោយសារលោកយកចិត្តទុកដាក់នឹងខ្ញុំ និងដោយសារការទាំងនោះជាបំណងប្រាថ្នារបស់លោក។+
២០ ឱព្រះយេហូវ៉ាអើយ គ្មានព្រះណាដូចលោកទេ+ ហើយក៏គ្មានព្រះណាទៀតក្រៅពីលោកដែរ។+ អ្វីទាំងអស់ដែលយើងបានឮ បញ្ជាក់ថាមានតែលោកប៉ុណ្ណោះជាព្រះ។
២១ នៅផែនដីគ្មានប្រជាជាតិណាដូចប្រជាជាតិអ៊ីស្រាអែលទេ+ ព្រោះលោកបានទៅរំដោះពួកគេពីស្រុកអេហ្ស៊ីប+ ហើយយកពួកគេធ្វើជារាស្ត្ររបស់លោកផ្ទាល់ ព្រមទាំងបណ្ដេញប្រជាជាតិនានាចេញពីមុខពួកគេទៀតផង។+ យ៉ាងនេះ លោកបានធ្វើឲ្យនាមរបស់លោកល្បីល្បាញដោយសារស្នាដៃអស្ចារ្យដ៏គួរឲ្យស្ញែងខ្លាចរបស់លោក។+
២២ ឱព្រះយេហូវ៉ាអើយ លោកបានយកជនជាតិអ៊ីស្រាអែលធ្វើជារាស្ត្ររបស់លោកជារៀងដរាប+ ហើយលោកបានក្លាយទៅជាព្រះរបស់ពួកគេ។+
២៣ ឱព្រះយេហូវ៉ាអើយ! សូមឲ្យពាក្យដែលលោកសន្យាចំពោះខ្ញុំជាអ្នកបម្រើលោកនិងតំណវង្សខ្ញុំ បានក្លាយទៅជាការពិតជារៀងរហូត ហើយសូមលោកធ្វើតាមសេចក្ដីសន្យារបស់លោកផង។+
២៤ សូមឲ្យនាមរបស់លោកទទួលការសរសើរតម្កើងនិងស្ថិតស្ថេរជារៀងរហូត*+ ហើយសូមលោកធ្វើតាមសេចក្ដីសន្យារបស់លោក។ យ៉ាងនោះ មនុស្សទាំងអស់អាចនិយាយថា៖ ‹ព្រះយេហូវ៉ាដែលជាព្រះនៃបណ្ដាកងទ័ពស្ថានសួគ៌និងជាព្រះនៃជនជាតិអ៊ីស្រាអែល គឺជាព្រះនៅខាងជនជាតិអ៊ីស្រាអែល›។ សូមឲ្យពូជពង្សរបស់ខ្ញុំបានតាំងឡើងយ៉ាងរឹងមាំជានិច្ច។+
២៥ ឱព្រះខ្ញុំអើយ! លោកបានឲ្យខ្ញុំជាអ្នកបម្រើលោកដឹងនូវគោលបំណងរបស់លោក ដែលថាលោកនឹងឲ្យពូជពង្សរបស់ខ្ញុំធ្វើជាស្ដេចតទៅ។ ហេតុនេះហើយ ខ្ញុំមានចិត្តក្លាហានអធិដ្ឋានពាក្យទាំងនេះទៅកាន់លោក។
២៦ ឱព្រះយេហូវ៉ាអើយ! លោកគឺជាព្រះពិត ហើយលោកបានសន្យាឲ្យអ្វីល្អទាំងនេះដល់ខ្ញុំជាអ្នកបម្រើលោក។
២៧ សូមលោកពេញចិត្តឲ្យពរដល់ពូជពង្សខ្ញុំ ដើម្បីឲ្យពួកគេបានស្ថិតស្ថេរនៅចំពោះលោកជាដរាប។ ឱព្រះយេហូវ៉ាអើយ អស់អ្នកណាដែលលោកឲ្យពរ អ្នកនោះនឹងទទួលពរជារៀងរហូត»។