បណ្ដាស្ដេចទី១ ២១:១-២៩

  • អាហាប់​ចង់​បាន​ចម្ការ​ទំពាំង​បាយ​ជូរ​របស់​ណាបោត​ជា​ខ្លាំង (​១​-​៤)

  • យេសិបិល​រៀប​ល្បិច​សម្លាប់​ណាបោត (​៥​-​១៦)

  • អេលីយ៉ា​ប្រកាស​សារ​ទាស់​នឹង​អាហាប់ (​១៧​-​២៦)

  • អាហាប់​បន្ទាប​ខ្លួន (​២៧​-​២៩)

២១  ក្រោយ​ពី​នោះ​មក នៅ​ក្រុង​យេសរៀល+មាន​ហេតុ​ការណ៍​មួយ​កើត​ឡើង ដែល​ទាក់​ទង​នឹង​ចម្ការ​ទំពាំង​បាយ​ជូរ​របស់​បុរស​ម្នាក់​ឈ្មោះ​ណាបោត​ជា​អ្នក​ក្រុង​នោះ។ ចម្ការ​នោះ​នៅ​ជិត​វិមាន​របស់​អាហាប់​ជា​ស្ដេច​ស្រុក​សាម៉ារី។ ២  អាហាប់​បាន​និយាយ​ទៅ​កាន់​ណាបោត​ថា​៖ ​«​សូម​ប្រគល់​ចម្ការ​ទំពាំង​បាយ​ជូរ​របស់​អ្នក​ឲ្យ​មក​ខ្ញុំ ដើម្បី​ខ្ញុំ​អាច​យក​ធ្វើ​ជា​សួន​បន្លែ ព្រោះ​ដី​នេះ​នៅ​ជិត​វិមាន​របស់​ខ្ញុំ​ស្រាប់។ រួច​មក ខ្ញុំ​នឹង​ប្ដូរ​ចម្ការ​ទំពាំង​បាយ​ជូរ​មួយ​ទៀត​ដែល​ល្អ​ជាង ឲ្យ​ដល់​អ្នក​វិញ។ បើ​អ្នក​ចង់​បាន​ជា​ប្រាក់ ខ្ញុំ​នឹង​បង់​ឲ្យ​តាម​តម្លៃ​ចម្ការ​នេះ​»។ ៣  ប៉ុន្តែ ណាបោត​បាន​តប​ថា​៖ ​«​ខ្ញុំ​មិន​អាច​ប្រគល់​មត៌ក​ពី​បុព្វ​បុរស​របស់​ខ្ញុំ​ឲ្យ​លោក​បាន​ទេ ពី​ព្រោះ​ព្រះ​យេហូវ៉ា​បាន​ហាម​ជា​ដាច់​ខាត​អំពី​រឿង​នេះ​»។+ ៤  ដូច្នេះ អាហាប់​ក៏​ចូល​ទៅ​ក្នុង​វិមាន​វិញ ដោយ​ខក​ចិត្ត​និង​ទឹក​មុខ​ក្រញូវ ព្រោះ​តែ​ពាក្យ​សម្ដី​របស់​ណាបោត​ជា​អ្នក​ក្រុង​យេសរៀល ដែល​ថា​៖ ​«​ខ្ញុំ​នឹង​មិន​ប្រគល់​មត៌ក​ពី​បុព្វ​បុរស​របស់​ខ្ញុំ​ឲ្យ​លោក​ទេ​»។ អាហាប់​ក៏​ទៅ​សម្រាន្ត​លើ​គ្រែ បែរ​មុខ​ទៅ​ជញ្ជាំង ហើយ​មិន​ព្រម​បរិភោគ​អាហារ​ឡើយ។ ៥  ឯ​យេសិបិល+ជា​ភរិយា​របស់​អាហាប់​ក៏​ចូល​ទៅ​ជួប​គាត់ ហើយ​សួរ​ថា​៖ ​«​ម្ដេច​ក៏​លោក​មិន​សប្បាយ​ចិត្ត​រហូត​ដល់​មិន​ព្រម​ពិសា​អាហារ​ដូច្នេះ?​»។ ៦  អាហាប់​បាន​ឆ្លើយ​ថា​៖ ​«​ពី​ព្រោះ​ខ្ញុំ​បាន​និយាយ​ទៅ​ណាបោត​ជា​អ្នក​ក្រុង​យេសរៀល​ថា​៖ ‹សូម​លក់​ចម្ការ​ទំពាំង​បាយ​ជូរ​របស់​អ្នក​មក​ឲ្យ​ខ្ញុំ ឬ​មួយ​ខ្ញុំ​ប្ដូរ​ចម្ការ​ទំពាំង​បាយ​ជូរ​មួយ​ទៀត​ឲ្យ​ដល់​អ្នក​វិញ​ក៏​បាន›។ ប៉ុន្តែ គាត់​បាន​និយាយ​ថា​៖ ‹ខ្ញុំ​មិន​ព្រម​ប្រគល់​ចម្ការ​ទំពាំង​បាយ​ជូរ​របស់​ខ្ញុំ​ឲ្យ​លោក​ទេ›​»។ ៧  យេសិបិល​ក៏​និយាយ​ថា​៖ ​«​ក្រែង​លោក​ជា​ស្ដេច​គ្រប់​គ្រង​លើ​ស្រុក​អ៊ីស្រាអែល មែន​ទេ? សូម​ក្រោក​ឡើង​ពិសា​អាហារ ហើយ​សប្បាយ​ចិត្ត​ចុះ។ ខ្ញុំ​នឹង​យក​ចម្ការ​ទំពាំង​បាយ​ជូរ​របស់​ណាបោត​ជា​អ្នក​ក្រុង​យេសរៀល មក​ឲ្យ​លោក​»។+ ៨  ដូច្នេះ នាង​បាន​សរសេរ​សំបុត្រ​ដោយ​ប្រើ​ឈ្មោះ​ស្ដេច ហើយ​យក​ត្រា​របស់​អាហាប់​បោះ​លើ​សំបុត្រ​ទាំង​នោះ+ រួច​ផ្ញើ​ទៅ​ពួក​បុរស​ចាស់​ទុំ+និង​ពួក​អភិជន​ដែល​រស់​នៅ​ក្នុង​ក្រុង​ជា​មួយ​នឹង​ណាបោត។ ៩  នាង​បាន​សរសេរ​សំបុត្រ​ទាំង​នោះ​ថា​៖ ​«​ចូរ​ប្រកាស​ឲ្យ​បណ្ដា​ជន​តម​អាហារ ហើយ​ឲ្យ​ណាបោត​អង្គុយ​នៅ​កន្លែង​ខាង​មុខ​បណ្ដា​ជន។ ១០  រួច​ហៅ​មនុស្ស​ខិល​ខូច​ពីរ​នាក់​ឲ្យ​ចូល​មក​អង្គុយ​នៅ​មុខ​គាត់ ហើយ​ចោទ​ប្រកាន់​គាត់+ថា​៖ ‹អ្នក​ឯង​បាន​ប្រមាថ​ព្រះ​និង​ស្ដេច!›។+ បន្ទាប់​មក ចូរ​នាំ​គាត់​ចេញ​ទៅ​ក្រៅ ហើយ​គប់​ដុំ​ថ្ម​សម្លាប់​គាត់​ទៅ​»។+ ១១  ដូច្នេះ ពួក​បុរស​ចាស់​ទុំ​និង​ពួក​អភិជន​ដែល​រស់​នៅ​ក្នុង​ក្រុង​ជា​មួយ​នឹង​ណាបោត បាន​ធ្វើ​តាម​បង្គាប់​ក្នុង​សំបុត្រ​ដែល​យេសិបិល​បាន​ផ្ញើ​ទៅ​ឲ្យ​ពួក​គេ។ ១២  ពួក​គេ​ក៏​បាន​ប្រកាស​ឲ្យ​បណ្ដា​ជន​តម​អាហារ ហើយ​ឲ្យ​ណាបោត​អង្គុយ​នៅ​កន្លែង​ខាង​មុខ​បណ្ដា​ជន។ ១៣  រួច​មក មនុស្ស​ខិល​ខូច​ពីរ​នាក់​បាន​ចូល​មក​អង្គុយ​នៅ​មុខ​ណាបោត ហើយ​ចាប់​ផ្ដើម​ចោទ​ប្រកាន់​គាត់​នៅ​មុខ​បណ្ដា​ជន ដោយ​និយាយ​ថា​៖ ​«​ណាបោត​នេះ បាន​ប្រមាថ​ព្រះ​និង​ស្ដេច!​»។+ ក្រោយ​មក ពួក​គេ​បាន​យក​គាត់​ចេញ​ទៅ​ជាយ​ក្រុង ហើយ​គប់​ដុំ​ថ្ម​សម្លាប់​គាត់​ទៅ។+ ១៤  ពួក​គេ​ក៏​ផ្ញើ​សារ​ទៅ​យេសិបិល​ថា​៖ ​«​ណាបោត​ត្រូវ​គេ​គប់​ដុំ​ថ្ម​សម្លាប់​ហើយ​»។+ ១៥  ក្រោយ​ពី​យេសិបិល​បាន​ឮ​ដំណឹង​នោះ​ភ្លាម នាង​និយាយ​ទៅ​អាហាប់​ថា​៖ ​«​សូម​លោក​ទៅ​យក​ចម្ការ​ទំពាំង​បាយ​ជូរ​របស់​ណាបោត​ជា​អ្នក​ក្រុង​យេសរៀល+ ដែល​មិន​ព្រម​លក់​ឲ្យ​លោក​នោះ​ទៅ ព្រោះ​គាត់​បាន​ស្លាប់​ហើយ​»។ ១៦  ឮ​ដូច្នោះ អាហាប់​ក៏​បាន​ក្រោក​ឡើង ហើយ​ចុះ​ទៅ​យក​ចម្ការ​ទំពាំង​បាយ​ជូរ​របស់​ណាបោត​ជា​អ្នក​ក្រុង​យេសរៀល ធ្វើ​ជា​កម្មសិទ្ធិ​របស់​គាត់។ ១៧  ប៉ុន្តែ ព្រះ​យេហូវ៉ា​បាន​មាន​ប្រសាសន៍​ទៅ​កាន់​អេ​លី​យ៉ា+ជា​អ្នក​ភូមិ​ធេសប៊ី​ថា​៖ ១៨  ​«​ចូរ​ក្រោក​ឡើង​ហើយ​ចុះ​ទៅ​ជួប​អាហាប់​ជា​ស្ដេច​ស្រុក​អ៊ីស្រាអែល ដែល​គ្រប់​គ្រង​នៅ​ក្រុង​សាម៉ារី។+ មើល! គាត់​កំពុង​នៅ​ឯ​ចម្ការ​ទំពាំង​បាយ​ជូរ​របស់​ណាបោត​ដែល​គាត់​បាន​យក​ធ្វើ​ជា​កម្មសិទ្ធិ។ ១៩  អ្នក​ត្រូវ​ប្រាប់​អាហាប់​ថា​៖ ‹ព្រះ​យេហូវ៉ា​បាន​មាន​ប្រសាសន៍​ដូច្នេះ​ថា​៖ ​«​អ្នក​បាន​សម្លាប់​បុរស​ម្នាក់+ ថែម​ទាំង​យក​ដី​របស់​គាត់ មែន​ទេ?​»​›។+ បន្ទាប់​មក ចូរ​និយាយ​ទៅ​គាត់​ថា​៖ ‹ព្រះ​យេហូវ៉ា​បាន​មាន​ប្រសាសន៍​ដូច្នេះ​ថា​៖ ​«​នៅ​កន្លែង​ដែល​ឆ្កែ​បាន​លិទ្ធ​ឈាម​របស់​ណាបោត ឆ្កែ​ក៏​នឹង​លិទ្ធ​ឈាម​របស់​អ្នក​ដែរ​»​›​»។+ ២០  ពេល​ជួប​អេលីយ៉ា អាហាប់​បាន​និយាយ​ថា​៖ ​«​ឱ​សត្រូវ​ខ្ញុំ​អើយ! អ្នក​រក​ខ្ញុំ​ឃើញ​ហើយ​»។+ អេលីយ៉ា​បាន​តប​ថា​៖ ​«​ខ្ញុំ​រក​លោក​ឃើញ​ហើយ។ ព្រះ​បាន​មាន​ប្រសាសន៍​ថា​៖ ‹ដោយ​សារ​អ្នក​បាន​តាំង​ចិត្ត​ធ្វើ​អ្វី​ដែល​ព្រះ​យេហូវ៉ា​មិន​ពេញ​ចិត្ត+ ២១  ខ្ញុំ​នឹង​នាំ​សេចក្ដី​អន្តរាយ​មក​លើ​អ្នក ហើយ​ខ្ញុំ​នឹង​បំផ្លាញ​ពូជ​ពង្ស​អ្នក​ឲ្យ​អស់​រលីង ពោល​គឺ​កូន​ប្រុស​ៗ​ទាំង​អស់​របស់​អ្នក+ រួម​ទាំង​អ្នក​តូច​ទាប​ក្នុង​ស្រុក​អ៊ីស្រាអែល​ផង​ដែរ។+ ២២  ខ្ញុំ​នឹង​ធ្វើ​ឲ្យ​ពូជ​ពង្ស​អ្នក​បាន​ដូច​ពូជ​ពង្ស​របស់​យេរ៉ូបោម+ជា​កូន​ណេបាត និង​ពូជ​ពង្ស​របស់​បាអាសា+ជា​កូន​អាហាយ៉ា ព្រោះ​អ្នក​បាន​ធ្វើ​ឲ្យ​ខ្ញុំ​ខឹង ហើយ​បាន​នាំ​ឲ្យ​បណ្ដា​ជន​អ៊ីស្រាអែល​ប្រព្រឹត្ត​អំពើ​ខុស​ឆ្គង›។ ២៣  ចំណែក​ឯ​យេសិបិល​វិញ ព្រះ​យេហូវ៉ា​បាន​មាន​ប្រសាសន៍​ថា​៖ ‹ឆ្កែ​នឹង​ហែក​ស៊ី​យេសិបិល​នៅ​ទី​វាល​ក្នុង​ក្រុង​យេសរៀល។+ ២៤  ក្នុង​ពូជ​ពង្ស​របស់​អាហាប់ អ្នក​ណា​ដែល​ស្លាប់​ក្នុង​ក្រុង ឆ្កែ​នឹង​ហែក​ស៊ី។ ឯ​អ្នក​ណា​ដែល​ស្លាប់​នៅ​ឯ​ទី​វាល សត្វ​ហើរ​លើ​អាកាស​នឹង​ចឹក​ស៊ី។+ ២៥  អាហាប់​បាន​ប្រព្រឹត្ត​អំពើ​អាក្រក់​លើស​អស់​អ្នក​ដែល​នៅ​មុន​ៗ​គាត់​ទៅ​ទៀត+ ព្រោះ​គាត់​បាន​តាំង​ចិត្ត​ធ្វើ​អ្វី​ដែល​ព្រះ​យេហូវ៉ា​មិន​ពេញ​ចិត្ត តាម​ការ​ញុះញង់​របស់​យេសិបិល​ជា​ភរិយា។+ ២៦  គាត់​បាន​ប្រព្រឹត្ត​អំពើ​ដ៏​គួរ​ឲ្យ​ខ្ពើម​រអើម​បំផុត ដោយ​គោរព​បូជា​ដល់​រូប​ព្រះ​ដ៏​គួរ​ឲ្យ​ស្អប់ខ្ពើម​តាម​ជន​ជាតិ​អាម៉ូរី ដែល​ព្រះ​យេហូវ៉ា​បាន​បណ្ដេញ​ចេញ​ពី​មុខ​ជន​ជាតិ​អ៊ីស្រាអែល›​»។+ ២៧  ក្រោយ​ពី​អាហាប់​ឮ​ពាក្យ​ទាំង​នោះ​ភ្លាម គាត់​ក៏​បាន​ហែក​អាវ ហើយ​ស្លៀក​បាវ រួច​តម​អាហារ។ ពេល​ទម្រេត​ខ្លួន គាត់​ក៏​ស្លៀក​បាវ​ដែរ ហើយ​ពេល​ដើរ គាត់​ក៏​ដើរ​មួយ​ៗ​ដោយ​អស់​សង្ឃឹម។ ២៨  បន្ទាប់​មក ព្រះ​យេហូវ៉ា​បាន​មាន​ប្រសាសន៍​ទៅ​កាន់​អេលីយ៉ា​ជា​អ្នក​ភូមិ​ធេសប៊ី​ថា​៖ ២៩  ​«​តើ​អ្នក​បាន​ឃើញ​អាហាប់​បន្ទាប​ខ្លួន​យ៉ាង​ណា​ទេ​ក្រោយ​ពី​ឮ​ពាក្យ​របស់​ខ្ញុំ?+ ដោយ​សារ​គាត់​បន្ទាប​ខ្លួន​នៅ​ចំពោះ​មុខ​ខ្ញុំ​ដូច្នេះ នោះ​ខ្ញុំ​នឹង​មិន​នាំ​អន្តរាយ​មក​លើ​គាត់​ក្នុង​ជំនាន់​គាត់​ទេ តែ​ខ្ញុំ​នឹង​នាំ​អន្តរាយ​មក​លើ​ពូជ​ពង្ស​គាត់​នៅ​ជំនាន់​កូន​គាត់​វិញ​»។+

កំណត់សម្គាល់