នេហេមា ៩:១-៣៨

  • បណ្ដា​ជន​សារភាព​អំពើ​ខុស​ឆ្គង​របស់​ខ្លួន (​១​-​៣៨)

    • ព្រះ​យេហូវ៉ា ជា​ព្រះ​ដែល​អភ័យ​ទោស (​១៧)

 នៅ​ថ្ងៃ​ទី​២៤ ក្នុង​ខែ​ទី​៧ បណ្ដា​ជន​អ៊ីស្រាអែល​បាន​មក​ជួប​ជុំ​គ្នា។ ពួក​គេ​បាន​តម​អាហារ ទាំង​ស្លៀក​បាវ ហើយ​យក​ដី​មក​រោយ​លើ​ក្បាល។+ ២  បណ្ដា​ជន​ដែល​មក​ពី​ពូជ​ពង្ស​អ៊ីស្រាអែល​បាន​ផ្ដាច់​ទំនាក់​ទំនង​ពី​ជន​ជាតិ​ដទៃ​ទាំង​អស់+ ហើយ​បាន​មក​ឈរ​សារភាព​ទោស​កំហុស​របស់​ខ្លួន​និង​របស់​បុព្វ​បុរស​ពួក​គេ។+ ៣  បន្ទាប់​មក ពួក​គេ​ក្រោក​ឈរ​ឡើង​នៅ​កន្លែង​រៀង​ៗ​ខ្លួន ហើយ​អាន​ច្បាប់+របស់​ព្រះ​យេហូវ៉ា​អស់​បី​ម៉ោង។ ក្រោយ​នោះ ពួក​គេ​បាន​សារភាព​កំហុស​និង​ក្រាប​គោរព​ព្រះ​យេហូវ៉ា​ជា​ព្រះ​របស់​ពួក​គេ​អស់​បី​ម៉ោង​ទៀត។ ៤  រីឯ​យេសួ បាណាយ កាតម៉ែល សេបានៀ ប៊ូនណាយ សេរេបៀ+ បាណាយ និង​កេណាណាយ ពួក​គេ​ឈរ​លើ​វេទិកា+សម្រាប់​ពួក​លេវី ហើយ​បាន​បន្លឺ​សំឡេង​អធិដ្ឋាន​ទៅ​ព្រះ​យេហូវ៉ា​ជា​ព្រះ​របស់​ពួក​គេ។ ៥  បន្ទាប់​មក ពួក​លេវី​មាន យេសួ កាតម៉ែល បាណាយ ហាសាបនៀ សេរេបៀ ហូឌា សេបានៀ និង​ភេតាហ៊ា ពួក​គេ​បាន​និយាយ​ថា​៖ ​«​ចូរ​ក្រោក​ឡើង សរសើរ​តម្កើង​ព្រះ​យេហូវ៉ា​ជា​រៀង​រហូត​ត​ទៅ។+ ឱ​ព្រះ​អើយ! សូម​លោក​ឲ្យ​ពួក​គេ​សរសើរ​តម្កើង​នាម​ដ៏​រុង​រឿង​របស់​លោក​ផង ជា​នាម​ដ៏​ខ្ពង់​ខ្ពស់​ដែល​ពុំ​អាច​រក​ពាក្យ​មក​ថ្លែង​សរសើរ​តម្កើង​បាន​ឡើយ។ ៦  ​«​មាន​លោក​តែ​ប៉ុណ្ណោះ​ជា​ព្រះ​យេហូវ៉ា+ លោក​បាន​បង្កើត​មេឃ លំហ​អាកាស​ដ៏​ធំ​ធេង​និង​អ្វី​ៗ​ទាំង​អស់​ដែល​នៅ​ទី​នោះ។* លោក​ក៏​បាន​បង្កើត​ផែនដី​និង​របស់​សព្វសារពើ​នៅ​លើ​ផែនដី សមុទ្រ​និង​អ្វី​ៗ​នៅ​ក្នុង​សមុទ្រ ហើយ​លោក​ទ្រ​ទ្រង់​ជីវិត​នៃ​អ្វី​ៗ​ទាំង​នោះ​ដែរ។ ឯ​បណ្ដា​កង​ទ័ព​នៅ​ស្ថាន​សួគ៌*ក្រាប​គោរព​ចំពោះ​លោក។ ៧  ឱ​ព្រះ​យេហូវ៉ា​អើយ! លោក​គឺ​ជា​ព្រះ​ដ៏​ពិត លោក​ហើយ​ដែល​បាន​ជ្រើស​រើស​អាប់រ៉ាម+ និង​នាំ​គាត់​ចេញ​ពី​ក្រុង​អឺ+ជា​ក្រុង​របស់​ពួក​ខាល់ដេ ហើយ​បាន​ប្ដូរ​ឈ្មោះ​គាត់​ទៅ​ជា​អាប្រាហាំ​វិញ។+ ៨  លោក​បាន​ឃើញ​ចិត្ត​ស្មោះ​ត្រង់​របស់​គាត់។+ ហេតុ​នេះ លោក​បាន​ធ្វើ​កិច្ច​ព្រម​ព្រៀង​ជា​មួយ​នឹង​គាត់​ថា​នឹង​ឲ្យ​ទឹក​ដី​របស់​ជន​ជាតិ​កាណាន ជន​ជាតិ​ហេត ជន​ជាតិ​អាម៉ូរី ជន​ជាតិ​ពេរិស៊ីត ជន​ជាតិ​យេប៊ូស ជន​ជាតិ​កឺកាស៊ី ដល់​គាត់​និង​កូន​ចៅ​របស់​គាត់។+ លោក​បាន​ធ្វើ​តាម​ពាក្យ​សន្យា​របស់​លោក ព្រោះ​លោក​ជា​ព្រះ​ដ៏​សុចរិត។ ៩  ​«​លោក​បាន​ឃើញ​ទុក្ខ​វេទនា​របស់​បុព្វ​បុរស​យើង​នៅ​ស្រុក​អេហ្ស៊ីប+ ហើយ​លោក​បាន​ឮ​ពួក​គេ​ស្រែក​សុំ​ជំនួយ​នៅ​សមុទ្រក្រហម។ ១០  បន្ទាប់​មក លោក​បាន​ធ្វើ​ការ​អស្ចារ្យ​ទាស់​នឹង​ផារ៉ូ ព្រម​ទាំង​ពួក​អ្នក​បម្រើ​និង​រាស្ត្រ​របស់​គាត់​ទាំង​អស់+ ព្រោះ​លោក​បាន​ឃើញ​ថា​ពួក​គេ​បាន​ធ្វើ​បាប+រាស្ត្រ​របស់​លោក។ លោក​បាន​ធ្វើ​ឲ្យ​នាម​របស់​លោក​ល្បី​រន្ទឺ​រហូត​ដល់​សព្វ​ថ្ងៃ​នេះ។+ ១១  លោក​បាន​ញែក​សមុទ្រ​ក្រហម​នៅ​មុខ​ពួក​គេ ដើម្បី​ឲ្យ​ពួក​គេ​ដើរ​ឆ្លង​តាម​បាត​សមុទ្រ។+ រួច​មក លោក​បាន​បោះ​ពួក​អ្នក​ដែល​ដេញ​តាម​ពួក​គេ​ទៅ​ក្នុង​សមុទ្រ​ជ្រៅ ប្រៀប​ដូច​ជា​គេ​បោះ​ថ្ម​ទៅ​ក្នុងសមុទ្រ​ដែល​កញ្ជ្រោល​បោក​បក់​ដែរ។+ ១២  លោក​បាន​នាំ​ផ្លូវ​ពួក​គេ​ដោយ​បង្គោល​ពពក​នៅ​ពេល​ថ្ងៃ និង​ដោយ​បង្គោល​ភ្លើង​នៅ​ពេល​យប់ ដើម្បី​បំភ្លឺ​ផ្លូវ​ឲ្យ​ពួក​គេ​ដឹង​ថា​គួរ​ដើរ​តាម​ផ្លូវ​ណា។+ ១៣  លោក​បាន​ចុះ​មក​ភ្នំ​ស៊ីណាយ+ ហើយ​មាន​ប្រសាសន៍​ជា​មួយ​នឹង​ពួក​គេ​ពី​លើ​មេឃ*+ រួច​លោក​បាន​ឲ្យ​ពួក​គេ​នូវ​ការ​វិនិច្ឆ័យ​ដ៏​សុចរិត​យុត្តិធម៌ ច្បាប់​ដ៏​គួរ​ឲ្យ​ទុក​ចិត្ត* ព្រម​ទាំង​បញ្ញត្តិ​និង​សេចក្ដី​បង្គាប់​ដ៏​ប្រសើរ។+ ១៤  លោក​បាន​ឲ្យ​ពួក​គេ​ស្គាល់​ថ្ងៃ​ឈប់​សម្រាក​ជា​ថ្ងៃ​ដ៏​បរិសុទ្ធ​របស់​លោក+ ហើយ​បាន​ឲ្យ​សេចក្ដី​បង្គាប់ បញ្ញត្តិ និង​ច្បាប់​ដល់​ពួក​គេ តាម​រយៈ​ម៉ូសេ​ជា​អ្នក​បម្រើ​លោក។ ១៥  ពេល​ពួក​គេ​ឃ្លាន លោក​បាន​ឲ្យ​អាហារ*ពី​លើ​មេឃ។+ ពេល​ពួក​គេ​ស្រេក​ទឹក លោក​បាន​ធ្វើ​ឲ្យ​ទឹក​ចេញ​ពី​ថ្ម​ដា។+ លោក​បាន​ប្រាប់​ពួក​គេ​ឲ្យ​ចូល​ទៅ​ចាប់​យក​ទឹក​ដី​ដែល​លោក​បាន​ស្បថ​ថា​នឹង​ឲ្យ​ពួក​គេ។ ១៦  ​«​ប៉ុន្តែ បុព្វ​បុរស​របស់​យើង ពួក​គេ​បាន​ប្រព្រឹត្ត​យ៉ាង​ព្រហើន*+ចំពោះ​លោក ហើយ​មាន​ចិត្ត​រឹង​ចចេស+ មិន​ព្រម​ធ្វើ​តាម​សេចក្ដី​បង្គាប់​របស់​លោក​ឡើយ។ ១៧  ពួក​គេ​មិន​ព្រម​ស្ដាប់​លោក​ទេ+ ហើយ​ក៏​មិន​នឹក​ឃើញ​នូវ​ការ​អស្ចារ្យ​ដែល​លោក​បាន​ធ្វើ​ដើម្បី​ពួក​គេ​ឡើយ។ ពួក​គេ​មាន​ចិត្ត​រឹង​ចចេស ហើយ​បាន​តែង​តាំង​មេ​ដឹក​នាំ​ម្នាក់​ឲ្យ​នាំ​មុខ​ពួក​គេ​ត្រឡប់​ទៅ​ធ្វើ​ជា​ខ្ញុំ​បម្រើ​នៅ​ស្រុក​អេហ្ស៊ីប​វិញ។+ ប៉ុន្តែ លោក​ជា​ព្រះ​ដែល​បម្រុង​តែ​នឹង​អភ័យ​ទោស​ឲ្យ​ពួក​គេ លោក​មាន​ចិត្ត​មេត្តា​ប្រោស​ប្រណី មិន​រហ័ស​ខឹង ហើយ​មាន​សេចក្ដី​ស្រឡាញ់​ដ៏​ស្មោះ​ត្រង់​ជា​បរិបូរ។+ លោក​មិន​បាន​បោះ​បង់​ពួក​គេ​ចោល​ឡើយ។+ ១៨  ពួក​គេ​ថែម​ទាំង​ធ្វើ​រូប​កូន​គោ​ពី​លោហៈ ហើយ​បាន​និយាយ​ថា​៖ ‹នេះ​ជា​ព្រះ​របស់​អ្នក​រាល់​គ្នា ដែល​បាន​នាំ​អ្នក​រាល់​គ្នា​ចេញ​ពី​ស្រុក​អេហ្ស៊ីប›។+ ពួក​គេ​បាន​ប្រព្រឹត្ត​ដោយ​គ្មាន​ការ​គោរព​ចំពោះ​លោក​ទាល់​តែ​សោះ។ ១៩  ទោះ​ជា​យ៉ាង​នោះ​ក្ដី លោក​នៅ​តែ​បង្ហាញ​ចិត្ត​មេត្តា​ករុណា​ដ៏​ធំ​ធេង​ចំពោះ​ពួក​គេ ដោយ​មិន​បោះ​បង់​ពួក​គេ​នៅ​ក្នុង​តំបន់​ស្ងាត់​ជ្រងំ​ទេ។+ លោក​នៅ​តែ​នាំ​ផ្លូវ​ពួក​គេ​ដោយ​បង្គោល​ពពក​នៅ​ពេល​ថ្ងៃ ហើយ​នៅ​ពេល​យប់​ដោយ​បង្គោល​ភ្លើង ដើម្បី​បំភ្លឺ​ផ្លូវ​ពួក​គេ​ឲ្យ​ដឹង​ថា​គួរ​ដើរ​តាម​ផ្លូវ​ណា។+ ២០  លោក​បាន​ធ្វើ​ឲ្យ​ពួក​គេ​មាន​សមត្ថភាព​យល់​ដឹង​តាម​រយៈ​ឫទ្ធានុភាព​របស់​លោក+ ហើយ​លោក​បាន​ឲ្យ​នំ​ម៉ាណា​ដល់​ពួក​គេ​បរិភោគ​ដោយ​ចិត្ត​ទូលាយ។+ ពេល​ពួក​គេ​ស្រេក​ទឹក លោក​ថែម​ទាំង​បាន​ឲ្យ​ទឹក​ដល់​ពួក​គេ​ទៀត​ផង។+ ២១  អស់​រយៈ​ពេល​៤០​ឆ្នាំ ក្នុង​តំបន់​ស្ងាត់​ជ្រងំ លោក​តែង​តែ​ផ្គត់​ផ្គង់​អាហារ​ដល់​ពួក​គេ។+ ពួក​គេ​មិន​ខ្វះ​អ្វី​ឡើយ។ សម្លៀក​បំពាក់​របស់​ពួក​គេ​មិន​សឹក​រេច​រឹល+ ហើយ​ជើង​ពួក​គេ​ក៏​មិន​ហើម​ដែរ។ ២២  ​«​លោក​បាន​ប្រគល់​រាជាណាចក្រ​និង​ប្រជា​ជាតិ​នា​នា​ក្នុង​កណ្ដាប់​ដៃ​ពួក​គេ ហើយ​បែង​ចែក​ទឹក​ដី​ទាំង​នោះ​ដល់​ពួក​គេ។+ ហេតុ​នេះ ពួក​គេ​ដណ្ដើម​យក​បាន​ទឹក​ដី​របស់​ស្ដេច​ស៊ីហុន+ ជា​ស្ដេច​ក្រុង​ហែសបូន+ ព្រម​ទាំង​ទឹក​ដី​របស់​ស្ដេច​អុក+ ជា​ស្ដេច​នៅ​តំបន់បាសាន។ ២៣  លោក​បាន​ធ្វើ​ឲ្យ​កូន​ចៅ​របស់​ពួក​គេ​មាន​ចំនួន​ច្រើន​ដូច​ផ្កាយ​នៅ​លើ​មេឃ។+ រួច​មក លោក​បាន​នាំ​ពួក​គេ​ចូល​ក្នុង​ស្រុក​ដែល​លោក​បាន​សន្យា​ថា​នឹង​ឲ្យ​ដល់​បុព្វ​បុរស​ពួក​គេ។+ ២៤  ដូច្នេះ កូន​ចៅ​របស់​ពួក​គេ​បាន​ចូល​ទៅ​ដណ្ដើម​យក​ទឹក​ដី​នោះ+ ហើយ​លោក​បាន​បង្ក្រាប​ជន​ជាតិ​កាណាន+ដែល​រស់​នៅ​ក្នុង​ស្រុក​នោះ។ លោក​បាន​ប្រគល់​ទាំង​បណ្ដា​ស្ដេច​ទាំង​បណ្ដា​រាស្ត្រ​ដែល​នៅ​ក្នុង​ស្រុក​នោះ ទៅ​ក្នុង​កណ្ដាប់​ដៃ​រាស្ត្រ​លោក ដើម្បី​ឲ្យ​ពួក​គេ​ប្រព្រឹត្ត​ទៅ​លើ​អ្នក​ទាំង​នោះ​តាម​បំណង​ចិត្ត។ ២៥  ពួក​គេ​បាន​ដណ្ដើម​យក​ក្រុង​រឹង​មាំ​ទាំង​ឡាយ+ និង​ទឹក​ដី​ដែល​មាន​ជី​ជាតិ+ ព្រម​ទាំង​ផ្ទះ​សម្បែង​ដែល​ពេញ​ទៅ​ដោយ​ទ្រព្យ​សម្បត្តិ រួម​ទាំង​អណ្ដូង​ទឹក ចម្ការ​ទំពាំង​បាយ​ជូរ ចម្ការ​អូលីវ+ និង​ដំណាំ​ហូប​ផ្លែ​ជា​ច្រើន។ ម្ល៉ោះ​ហើយ ពួក​គេ​បាន​បរិភោគ​ឆ្អែត​ស្កប់​ស្កល់ រហូត​ដល់​ធំ​ធាត់ ហើយ​ពួក​គេ​រស់​នៅ​ដោយ​សប្បាយ ដោយ​សារ​លោក​បាន​បង្ហាញ​គុណធម៌​ដ៏​លើស​លប់​ចំពោះ​ពួក​គេ។ ២៦  ​«​ប៉ុន្តែ ពួក​គេ​បែរ​ជា​ឈប់​ស្ដាប់​បង្គាប់​លោក ហើយ​បះ​បោរ​ប្រឆាំង​នឹង​លោក​ទៅ​វិញ។+ ពួក​គេ​ថែម​ទាំង​បាន​បំពាន​ច្បាប់​របស់​លោក​ទៀត​ផង។ មិន​ត្រឹម​តែ​ប៉ុណ្ណោះ ពួក​គេ​បាន​សម្លាប់​ពួក​អ្នក​ប្រកាស​ទំនាយ​របស់​លោក គឺ​ជា​អ្នក​ដែល​បាន​ទៅ​ព្រមាន​ពួក​គេ​ឲ្យ​ត្រឡប់​មក​រក​លោក​វិញ។ ពួក​គេ​បាន​ប្រព្រឹត្ត​ដោយ​គ្មាន​ការ​គោរព​ចំពោះ​លោក​ទាល់​តែ​សោះ។+ ២៧  ហេតុ​នេះ លោក​បាន​ប្រគល់​ពួក​គេ​ទៅ​ក្នុង​កណ្ដាប់​ដៃ​ពួក​សត្រូវ+ដែល​តែង​តែ​ធ្វើ​ទុក្ខ​ពួក​គេ។+ ប៉ុន្តែ នៅ​គ្រា​ដែល​ពួក​គេ​មាន​ទុក្ខ ពួក​គេ​ស្រែក​សុំ​ជំនួយ​ពី​លោក លោក​តែង​តែ​ស្ដាប់​ពួក​គេ​ពី​ស្ថាន​សួគ៌។ ដោយ​សារ​លោក​មាន​សេចក្ដី​មេត្តា​ករុណា​ដ៏​លើស​លប់ លោក​តែង​តែ​ផ្ដល់​អ្នក​សង្គ្រោះ​ឲ្យ​ទៅ​ជួយ​ពួក​គេ​ពី​កណ្ដាប់​ដៃ​ពួក​សត្រូវ។+ ២៨  ​«​លុះ​ដល់​ពេល​បាន​សុខ​ហើយ ពួក​គេ​ក៏​បាន​ប្រព្រឹត្ត​អ្វី​ដែល​លោក​មិន​ពេញ​ចិត្ត​ម្ដង​ទៀត+ ហើយ​លោក​បាន​ប្រគល់​ពួក​គេ​ទៅ​ក្នុង​កណ្ដាប់​ដៃ​ពួក​សត្រូវ​ដែល​ជិះ​ជាន់​ពួក​គេ។+ ប៉ុន្តែ ពេល​ពួក​គេ​វិល​មក​រក​លោក​វិញ ហើយ​ស្រែក​សុំ​ជំនួយ​ពី​លោក+ លោក​ក៏​ស្ដាប់​ពួក​គេ​ពី​ស្ថាន​សួគ៌ ហើយ​ជួយ​សង្គ្រោះ​ពួក​គេ​ម្ដង​ហើយ​ម្ដង​ទៀត ព្រោះ​លោក​មាន​សេចក្ដី​មេត្តា​ករុណា​ដ៏​លើស​លប់។+ ២៩  លោក​បាន​ព្រមាន​ពួក​គេ​ឲ្យ​វិល​មក​ធ្វើ​តាម​ច្បាប់​របស់​លោក​វិញ ទោះ​ជា​យ៉ាង​នោះ​ក្ដី ពួក​គេ​បាន​ប្រព្រឹត្ត​ដោយ​ព្រហើន*ចំពោះ​លោក ហើយ​មិន​ព្រម​ស្ដាប់​តាម​សេចក្ដី​បង្គាប់​របស់​លោក​ទេ។+ បន្ថែម​ទៅ​ទៀត ពួក​គេ​បាន​ធ្វើ​ខុស​នឹង​បញ្ញត្តិ​របស់​លោក ជា​បញ្ញត្តិ​ដែល​ផ្ដល់​ជីវិត​ដល់​អស់​អ្នក​ដែល​ធ្វើ​តាម។+ ប៉ុន្តែ ពួក​គេ​មិន​បាន​អើពើ ហើយ​នៅ​តែ​រឹង​ចចេស​មិន​ព្រម​ស្ដាប់​លោក​ទេ។ ៣០  លោក​បាន​អត់​ធ្មត់​នឹង​ពួក​គេ+អស់​ជា​ច្រើន​ឆ្នាំ ហើយ​តែង​តែ​ព្រមាន​ពួក​គេ​តាម​រយៈ​ពួក​អ្នក​ប្រកាស​ទំនាយ​ដែល​លោក​បាន​ដឹក​នាំ​ដោយ​ឫទ្ធានុភាព​របស់​លោក។ ប៉ុន្តែ ពួក​គេ​មិន​ព្រម​ស្ដាប់​ឡើយ។ នៅ​ទី​បំផុត លោក​បាន​ប្រគល់​ពួក​គេ​ទៅ​ក្នុង​កណ្ដាប់​ដៃ​ប្រជា​ជាតិ​នា​នា។+ ៣១  ទោះ​ជា​យ៉ាង​នោះ​ក៏​ដោយ លោក​មិន​បាន​បោះ​បង់​ចោល​ពួក​គេ ឬ​បំផ្លាញ​ពួក​គេ​ឲ្យ​សាប​សូន្យ​ទេ+ ព្រោះ​លោក​ជា​ព្រះ​ដែល​មាន​សេចក្ដី​មេត្តា​ករុណា​ដ៏​លើស​លប់ និង​សេចក្ដី​អាណិត​អាសូរ​ជា​បរិបូរ។+ ៣២  ​«​ឱ​ព្រះ​របស់​យើង​អើយ! លោក​ជា​ព្រះ​ដ៏​ខ្ពង់​ខ្ពស់ និង​មាន​ឫទ្ធានុភាព​ដ៏​ខ្លាំង​ក្លា ហើយ​គួរ​ឲ្យ​កោត​ស្ងើច។ លោក​តែង​តែ​ធ្វើ​តាម​កិច្ច​ព្រម​ព្រៀង​របស់​លោក និង​តែង​តែ​បង្ហាញ​សេចក្ដី​ស្រឡាញ់​ដ៏​ស្មោះ​ត្រង់។+ ចាប់​តាំង​ពី​គ្រា​នៃ​បណ្ដា​ស្ដេច​ស្រុក​អាស៊ីរី+រហូត​មក​ដល់​សព្វ​ថ្ងៃ រាស្ត្រ​របស់​លោក​បាន​ជួប​ទុក្ខ​លំបាក​ជា​ច្រើន គឺ​ទាំង​បណ្ដា​ស្ដេច ទាំង​ពួក​អភិបាល+ ពួក​សង្ឃ+ ពួក​អ្នក​ប្រកាស​ទំនាយ+ និង​បុព្វបុរស​របស់​យើង។ ដូច្នេះ សូម​លោក​កុំ​មើល​រំលង​ទុក្ខ​លំបាក​របស់​យើង​ខ្ញុំ​ឡើយ។ ៣៣  អ្វី​ដែល​បាន​កើត​ឡើង​ចំពោះ​យើង​ខ្ញុំ គឺ​មក​ពី​យើង​ខ្ញុំ​បាន​ប្រព្រឹត្ត​អាក្រក់។ ឯ​លោក​វិញ លោក​តែង​តែ​ប្រព្រឹត្ត​ស្មោះ​ត្រង់ និង​សុចរិត​ជា​និច្ច។+ ៣៤  ចំណែក​បណ្ដា​ស្ដេច​របស់​យើង​ខ្ញុំ ពួក​អភិបាល ពួក​សង្ឃ និង​បុព្វ​បុរស​របស់​យើង ពួក​គេ​មិន​បាន​ធ្វើ​តាម​ច្បាប់ បញ្ញត្តិ ឬ​សេចក្ដី​រំលឹក*របស់​លោក​ទេ។ ៣៥  នៅ​គ្រា​ដែល​បណ្ដា​ស្ដេច​គ្រប់​គ្រង ពួក​គេ​រស់​នៅ​ដោយ​សប្បាយ​រីក​រាយ ដោយ​សារ​លោក​បាន​បង្ហាញ​គុណធម៌​ដ៏​លើស​លប់​ចំពោះ​ពួក​គេ។ លោក​បាន​ឲ្យ​ពួក​គេ​រស់​នៅ​ក្នុង​ទឹក​ដី​ធំ​ទូលាយ​និង​មាន​ជី​ជាតិ។ ទោះ​ជា​យ៉ាង​នោះ​ក្ដី ពួក​គេ​មិន​បាន​បម្រើ​លោក​ទេ+ ហើយ​ក៏​មិន​បាន​បែរ​ចេញ​ពី​ការ​ប្រព្រឹត្ត​អាក្រក់​ដែរ។ ៣៦  ដូច្នេះ យើង​បាន​ធ្លាក់​ខ្លួន​ជា​ខ្ញុំ​បម្រើ+នៅ​ក្នុង​ទឹក​ដី​ដែល​លោក​បាន​ឲ្យ​ដល់​បុព្វ​បុរស​យើង គឺ​ជា​ទឹក​ដី​នោះ ដែល​ពី​មុន​លោក​បាន​ឲ្យ​ពួក​គេ​បរិភោគ​ភោគ​ផល និង​ទទួល​អ្វី​ៗ​ដែល​ល្អ​នៅ​ក្នុង​ស្រុក​នោះ។ ៣៧  ក៏​ប៉ុន្តែ ភោគ​ផល​ទាំង​នោះ​គឺ​សម្រាប់​បណ្ដា​ស្ដេច​ដែល​លោក​បាន​ឲ្យ​គ្រប់​គ្រង​មក​លើ​យើង​ខ្ញុំ​ទៅ​វិញ ដោយ​សារ​តែ​យើង​ខ្ញុំ​បាន​ប្រព្រឹត្ត​ខុស​ឆ្គង​នឹង​លោក។+ ពួក​គេ​ប្រព្រឹត្ត​មក​លើ​យើង​ខ្ញុំ* និង​ហ្វូង​សត្វ​របស់​យើង​ខ្ញុំ​តាម​តែ​អំពើ​ចិត្ត​ពួក​គេ។ ហេតុ​នេះ យើង​ខ្ញុំ​មាន​ទុក្ខ​លំបាក​យ៉ាង​ខ្លាំង។ ៣៨  ​«​ដូច្នេះ យើង​ខ្ញុំ​នឹង​ធ្វើ​កិច្ច​ព្រម​ព្រៀង+ជា​លាយ​លក្ខណ៍​អក្សរ ហើយ​បោះ​ត្រា​ទទួល​ស្គាល់​ដោយ​ពួក​អភិបាល ពួក​លេវី និង​ពួក​សង្ឃ​របស់​យើង​ខ្ញុំ​»។+

កំណត់សម្គាល់

ឬ​«​បណ្ដា​កង​ទ័ព​នៅ​ស្ថាន​សួគ៌​»​
ឬ​«​ផ្កាយ​ទាំង​ឡាយ​»​
ឬ​«​ច្បាប់​ដ៏​ពិត​ត្រង់​»​
ឬ​«​ស្ថាន​សួគ៌​»​
ន័យ​ត្រង់​«​នំ​ប៉័ង​»​
ពាក្យ​នេះ​ជា​ភាសា​ហេប្រឺ​សំដៅ​លើ​ការ​ធ្វើ​លើស​ពី​សិទ្ធិ​របស់​ខ្លួន ព្រម​ទាំង​បង្ហាញ​ចិត្ត​ក្លាហាន​តាម​របៀប​មិន​ត្រឹម​ត្រូវ ទាំង​ការ​ប្រព្រឹត្ត​ទាំង​ចិត្ត​គំនិត
ពាក្យ​នេះ​ជា​ភាសា​ហេប្រឺ​សំដៅ​លើ​ការ​ធ្វើ​លើស​ពី​សិទ្ធិ​របស់​ខ្លួន ព្រម​ទាំង​បង្ហាញ​ចិត្ត​ក្លាហាន​តាម​របៀប​មិន​ត្រឹម​ត្រូវ ទាំង​ការ​ប្រព្រឹត្ត​ទាំង​ចិត្ត​គំនិត
ឬ​«​សេចក្ដី​ព្រមាន​»​
ន័យ​ត្រង់​«​រូប​កាយ​យើង​»​