ដំណើរចាកចេញ ៤:១-៣១

  • សញ្ញា​សម្គាល់​បី​ដែល​ម៉ូសេ​ត្រូវ​បង្ហាញ (​១​-​៩)

  • ម៉ូសេ​ខ្វះ​ទំនុក​ចិត្ត (​១០​-​១៧)

  • ម៉ូសេ​ត្រឡប់​ទៅ​ស្រុក​អេហ្ស៊ីប​វិញ (​១៨​-​២៦)

  • ម៉ូសេ​ជួប​ជុំ​ជា​មួយ​អេរ៉ុន​វិញ (​២៧​-​៣១)

៤  ក៏​ប៉ុន្តែ ម៉ូសេ​បាន​ឆ្លើយ​ថា​៖ ​«​ចុះ​បើ​ពួក​គេ​មិន​ជឿ​ខ្ញុំ ហើយ​មិន​ស្ដាប់​ពាក្យ​ខ្ញុំ+ តើ​ខ្ញុំ​ត្រូវ​ធ្វើ​យ៉ាង​ណា​ទៅ? ព្រោះ​ពួក​គេ​នឹង​និយាយ​ថា​៖ ‹ព្រះ​យេហូវ៉ា​មិន​បាន​លេច​មក​ជួប​អ្នក​ទេ›​»។ ២  បន្ទាប់​មក ព្រះ​យេហូវ៉ា​បាន​សួរ​ថា​៖ ​«​តើ​អ្នក​កំពុង​កាន់​អ្វី?​»។ គាត់​បាន​ឆ្លើយ​ថា​៖ ​«​ខ្ញុំ​កាន់​ដំបង​»។ ៣  ព្រះ​បាន​ប្រាប់​ថា​៖ ​«​ចូរ​បោះ​ដំបង​នោះ​ទៅ​ដី​ទៅ​»។ ដូច្នេះ គាត់​បាន​បោះ​ដំបង​ទៅ​ដី ហើយ​ដំបង​នោះ​ក៏​ក្លាយ​ទៅ​ជា​សត្វ​ពស់។+ ឃើញ​ដូច្នោះ ម៉ូសេ​ក៏​រត់​ចេញ​ពី​ពស់​នោះ។ ៤  ព្រះ​យេហូវ៉ា​បាន​បង្គាប់​គាត់​ថា​៖ ​«​ចូរ​លូក​ដៃ​ចាប់​កន្ទុយ​វា​»។ ដូច្នេះ គាត់​ក៏​លូក​ដៃ​ទៅ​ចាប់ រួច​ពស់​នោះ​បាន​ក្លាយ​ទៅ​ជា​ដំបង​វិញ។ ៥  រួច​ព្រះ​បាន​មាន​ប្រសាសន៍​ថា​៖ ​«​តាម​រយៈ​ការ​អស្ចារ្យ​នេះ ពួក​គេ​នឹង​ជឿ​ថា​ព្រះ​យេហូវ៉ា​ជា​ព្រះ​នៃ​បុព្វ​បុរស​របស់​ពួក​គេ ជា​ព្រះ​នៃ​អាប្រាហាំ ព្រះ​នៃ​អ៊ីសាក និង​ព្រះ​នៃ​យ៉ាកុប+ គឺ​លោក​បាន​លេច​មក​ជួប​អ្នក​មែន​»។+ ៦  ព្រះ​យេហូវ៉ា​បាន​មាន​ប្រសាសន៍​បន្ត​ទៀត​ថា​៖ ​«​សូម​ដាក់​ដៃ*ទៅ​ក្នុង​ថ្នក់​អាវ​របស់​អ្នក​»។ ដូច្នេះ គាត់​ក៏​ដាក់​ចូល តែ​ពេល​គាត់​ដក​ដៃ​ចេញ​មក​វិញ ដៃ​គាត់​ក៏​កើត​ឃ្លង់​ស​ស្គុស!*+ ៧  រួច​មក ព្រះ​បាន​ប្រាប់​គាត់​ថា​៖ ​«​សូម​ដាក់​ដៃ​នោះ​ទៅ​ក្នុង​ថ្នក់​អាវ​វិញ​»។ ដូច្នេះ គាត់​ក៏​ដាក់​ចូល ហើយ​ពេល​គាត់​ដក​ដៃ​ចេញ​មក ដៃ​គាត់​ជា​ស្អាត​ដូច​ដើម​វិញ។ ៨  ព្រះ​បាន​មាន​ប្រសាសន៍​ទៀត​ថា​៖ ​«​បើ​ពួក​គេ​មិន​ជឿ​អ្នក​ឬ​មិន​ស្ដាប់​អ្នក តាម​រយៈ​ការ​អស្ចារ្យ​ទី​១​ទេ នោះ​ពួក​គេ​មុខ​ជា​ជឿ​អ្នក​តាម​រយៈ​ការ​អស្ចារ្យ​ទី​២​នេះ​មិន​ខាន។+ ៩  ប៉ុន្តែ ប្រសិន​បើ​ពួក​គេ​នៅ​តែ​មិន​ជឿ​អ្នក​តាម​រយៈ​ការ​អស្ចារ្យ​ទាំង​ពីរ​នេះ​ទៀត អ្នក​ត្រូវ​យក​ទឹក​ពី​ទន្លេ​នីល​មក​ចាក់​លើ​ដី​ស្ងួត​នៅ​មុខ​ពួក​គេ ហើយ​ទឹក​នោះ​នឹង​ក្លាយ​ទៅ​ជា​ឈាម​»។+ ១០  ពេល​នោះ ម៉ូសេ​បាន​និយាយ​តប​ទៅ​ព្រះ​យេហូវ៉ា​វិញ​ថា​៖ ​«​សូម​អត់​ទោស​ព្រះ​យេហូវ៉ា តាំង​ពី​ដើម​រហូត​មក​ដល់​ឥឡូវ ខ្ញុំ​មិន​មាន​វោហារ​ឬ​ប្រសប់​និយាយ​ទេ​»។+ ១១  ព្រះ​យេហូវ៉ា​បាន​មាន​ប្រសាសន៍​ថា​៖ ​«​តើ​អ្នក​ណា​បាន​បង្កើត​មាត់​មនុស្ស? តើ​អ្នក​ណា​ធ្វើ​ឲ្យ​មនុស្ស​គ​ថ្លង់? តើ​អ្នក​ណា​ធ្វើ​ឲ្យ​មនុស្ស​ងងឹត​ភ្នែក​ឬ​មើល​ឃើញ? តើ​មិន​មែន​ជា​ខ្ញុំ ជា​យេហូវ៉ា​ទេ​ឬ? ១២  ដូច្នេះ ចូរ​ទៅ​ចុះ! ខ្ញុំ​នឹង​នៅ​ជា​មួយ​អ្នក ពេល​ដែល​អ្នក​និយាយ ហើយ​ខ្ញុំ​នឹង​ប្រាប់​អ្នក​អំពី​អ្វី​ដែល​អ្នក​ត្រូវ​និយាយ​»។+ ១៣  ប៉ុន្តែ ម៉ូសេ​បាន​និយាយ​ថា​៖ ​«​សូម​អត់​ទោស​ព្រះ​យេហូវ៉ា សូម​លោក​ចាត់​អ្នក​ផ្សេង​ទៀត​ឲ្យ​ទៅ​ចុះ​»។ ១៤  ពេល​នោះ ព្រះ​យេហូវ៉ា​ខឹង​នឹង​ម៉ូសេ​ជា​ខ្លាំង ហើយ​លោក​មាន​ប្រសាសន៍​ថា​៖ ​«​ចុះ​យ៉ាង​ណា​អេរ៉ុន​បង​អ្នក+ដែល​ជា​កូន​ចៅ​លេវី​នោះ? ខ្ញុំ​ដឹង​ថា​គាត់​ប្រសប់​និយាយ។ ឥឡូវ​គាត់​កំពុង​ធ្វើ​ដំណើរ​មក​ជួប​អ្នក​ហើយ។ ពេល​គាត់​ឃើញ​អ្នក គាត់​នឹង​សប្បាយ​ចិត្ត​ជា​ខ្លាំង។+ ១៥  អ្នក​ត្រូវ​ប្រាប់​គាត់​អំពី​អ្វី​ដែល​គាត់​ត្រូវ​និយាយ។+ ខ្ញុំ​នឹង​នៅ​ជា​មួយ​អ្នក​និង​គាត់ ពេល​ដែល​អ្នក​ទាំង​ពីរ​និយាយ+ ហើយ​ខ្ញុំ​នឹង​ប្រាប់​អំពី​អ្វី​ដែល​អ្នក​ទាំង​ពីរ​ត្រូវ​ធ្វើ។ ១៦  គាត់​នឹង​និយាយ​ទៅ​កាន់​បណ្ដា​ជន​ជំនួស​អ្នក ហើយ​អ្នក​នឹង​ប្រៀប​ដូច​ជា​ព្រះ​ចំពោះ​គាត់។*+ ១៧  អ្នក​ត្រូវ​យក​ដំបង​នេះ​ទៅ​ជា​មួយ ហើយ​ប្រើ​វា​សម្រាប់​ធ្វើ​ការ​អស្ចារ្យ​»។+ ១៨  បន្ទាប់​មក ម៉ូសេ​បាន​ត្រឡប់​ទៅ​ជួប​យេតរ៉ូ​ជា​ឪពុក​ក្មេក​វិញ+ ហើយ​ប្រាប់​គាត់​ថា​៖ ​«​សូម​លោក​ឪពុក​អនុញ្ញាត​ឲ្យ​ខ្ញុំ​ត្រឡប់​ទៅ​ស្រុក​អេហ្ស៊ីប​វិញ​ផង ដើម្បី​ខ្ញុំ​អាច​ដឹង​សុខ​ទុក្ខ​ជន​រួម​ជាតិ​របស់​ខ្ញុំ​»។ យេតរ៉ូ​បាន​និយាយ​ថា​៖ ​«​ចូរ​កូន​ទៅ​ដោយ​សុខ​សាន្ត​ចុះ​»។ ១៩  កាល​ដែល​ម៉ូសេ​នៅ​ស្រុក​ម៉ាឌាន​នៅ​ឡើយ ព្រះ​យេហូវ៉ា​បាន​មាន​ប្រសាសន៍​ទៅ​កាន់​គាត់​ថា​៖ ​«​ចូរ​ត្រឡប់​ទៅ​ស្រុក​អេហ្ស៊ីប​វិញ​ទៅ ព្រោះ​ពួក​អ្នក​ដែល​តាម​សម្លាប់​អ្នក​បាន​ស្លាប់​អស់​ហើយ​»។+ ២០  រួច​មក ម៉ូសេ​បាន​នាំ​ប្រពន្ធ​កូន​ជិះ​លើ​ខ្នង​លា ហើយ​ធ្វើ​ដំណើរ​ឆ្ពោះ​ទៅ​ស្រុក​អេហ្ស៊ីប។ ពេល​នោះ គាត់​បាន​យក​ដំបង​របស់​ព្រះ​ពិត​ទៅ​ជា​មួយ​ដែរ។ ២១  ក្រោយ​មក ព្រះ​យេហូវ៉ា​បាន​មាន​ប្រសាសន៍​ទៅ​ម៉ូសេ​ថា​៖ ​«​ពេល​អ្នក​ទៅ​ដល់​ស្រុក​អេហ្ស៊ីប​ហើយ អ្នក​ត្រូវ​ធ្វើ​ការ​អស្ចារ្យ​នៅ​មុខ​ផារ៉ូ គឺ​ជា​ការ​អស្ចារ្យ​ទាំង​ប៉ុន្មាន​ដែល​ខ្ញុំ​ផ្ដល់​ឫទ្ធានុភាព​ឲ្យ​អ្នក​ធ្វើ។+ ប៉ុន្តែ ខ្ញុំ​នឹង​ឲ្យ​គាត់​មាន​ចិត្ត​រឹង​ទទឹង+ ហើយ​គាត់​នឹង​មិន​អនុញ្ញាត​ឲ្យ​រាស្ត្រ​ខ្ញុំ​ចេញ​ពី​ស្រុក​នោះ​ទេ។+ ២២  អ្នក​ត្រូវ​ប្រាប់​ផារ៉ូ​ថា​៖ ‹ព្រះ​យេហូវ៉ា​បាន​មាន​ប្រសាសន៍​ដូច្នេះ​ថា​៖ ​«​អ៊ីស្រាអែល​ជា​កូន​ប្រុស​ខ្ញុំ និង​ជា​កូន​ច្បង​របស់​ខ្ញុំ។+ ២៣  ខ្ញុំ​បង្គាប់​អ្នក​ឲ្យ​ដោះ​លែង​កូន​ខ្ញុំ​ពី​ស្រុក​នេះ ដើម្បី​គាត់​អាច​បម្រើ​ខ្ញុំ។ បើ​អ្នក​មិន​ព្រម​ទេ ខ្ញុំ​នឹង​សម្លាប់​កូន​ប្រុស​អ្នក ពោល​គឺ​កូន​ច្បង​របស់​អ្នក​»​›​»។+ ២៤  នៅ​តាម​ផ្លូវ​ត្រង់​កន្លែង​ស្នាក់​នៅ ព្រះ​យេហូវ៉ា+បាន​មក​ជួប​គាត់ ហើយ​បម្រុង​សម្លាប់​គាត់។*+ ២៥  ឃើញ​ដូច្នោះ សេផូរ៉ា+បាន​យក​ថ្ម​មុត​មក​កាត់​ចុង​ស្បែក​របស់​កូន​ប្រុស​នាង ហើយ​បោះ​ទៅ​ប៉ះ​ជើង​លោក* រួច​និយាយ​ថា​៖ ​«​នេះ​គឺ​ដោយ​សារ​លោក​ជា​កូន​កំលោះ​នៃ​ឈាម​ចំពោះ​ខ្ញុំ​»។ ២៦  ដូច្នេះ លោក​ក៏​បាន​ឲ្យ​គាត់​ទៅ។ នៅ​ពេល​នោះ នាង​បាន​និយាយ​ថា​៖ ​«​លោក​ជា​កូន​កំលោះ​នៃ​ឈាម​»។ នាង​បាន​និយាយ​ដូច្នេះ ដោយ​សារ​តែ​ការ​កាត់​ចុង​ស្បែក​នោះ។ ២៧  បន្ទាប់​មក ព្រះ​យេហូវ៉ា​បាន​មាន​ប្រសាសន៍​ទៅ​កាន់​អេរ៉ុន​ថា​៖ ​«​ចូរ​ទៅ​ជួប​ម៉ូសេ​នៅ​តំបន់​ស្ងាត់​ជ្រងំ​»។+ ដូច្នេះ គាត់​ក៏​បាន​ចេញ​ទៅ​ជួប​ម៉ូសេ​នៅ​ឯ​ភ្នំ​នៃ​ព្រះ​ពិត+ក្នុង​តំបន់​ស្ងាត់​ជ្រងំ។ ពេល​គាត់​ជួប​ម៉ូសេ គាត់​បាន​ថើប​ម៉ូសេ ហើយ​សួរ​សុខ​ទុក្ខ។ ២៨  ម៉ូសេ​បាន​ប្រាប់​អេរ៉ុន​អំពី​ប្រសាសន៍​ទាំង​អស់​របស់​ព្រះ​យេហូវ៉ា​ជា​អ្នក​ដែល​បាន​ចាត់​គាត់+ និង​ប្រាប់​អំពី​ការ​អស្ចារ្យ​ផ្សេង​ៗ​ដែល​លោក​បាន​បង្គាប់​គាត់​ឲ្យ​ធ្វើ។+ ២៩  ក្រោយ​នោះ ម៉ូសេ​និង​អេរ៉ុន​បាន​ទៅ​អញ្ជើញ​ពួក​បុរស​ចាស់​ទុំ​នៃ​អ៊ីស្រាអែល​ទាំង​អស់ ឲ្យ​មក​ជួប​ជុំ​គ្នា។+ ៣០  អេរ៉ុន​បាន​ប្រាប់​ពួក​គេ​អំពី​ប្រសាសន៍​ទាំង​អស់​របស់​ព្រះ​យេហូវ៉ា​ដែល​ម៉ូសេ​បាន​ទទួល ហើយ​ម៉ូសេ​ក៏​បាន​ធ្វើ​ការ​អស្ចារ្យ+នៅ​មុខ​ពួក​គេ​ដែរ។ ៣១  ឃើញ​ដូច្នោះ ពួក​គេ​បាន​ជឿ​ម៉ូសេ។+ ពេល​ពួក​គេ​ឮ​ថា​ព្រះ​យេហូវ៉ា​បាន​ឃើញ​ទុក្ខ​វេទនា​របស់​រាស្ត្រ​លោក+ ព្រម​ទាំង​ចាត់​វិធានការ​ជួយ​ពួក​គេ+ នោះ​ពួក​គេ​បាន​ឱន​កាយ​ក្រាប​គោរព​ដល់​លោក។

កំណត់សម្គាល់

ឬ​«​ដៃ​ម្ខាង​»​
ន័យ​ត្រង់​«​ស​ដូច​ព្រិល​»​
ឬ​«​អ្នក​នឹង​តំណាង​ព្រះ​ចំពោះ​គាត់​»​
ប្រហែល​ជា​សំដៅ​លើ​កូន​ប្រុស​របស់​ម៉ូសេ
ប្រហែល​ជា​សំដៅ​លើ​ជើង​ទេវតា