ដំណើរចាកចេញ ១៥:១-២៧

  • ម៉ូសេ​និង​ចម្រៀង​ជ័យ​ជម្នះ​របស់​ជន​ជាតិ​អ៊ីស្រាអែល (​១​-​១៩)

  • មីរៀម​ច្រៀង​ឆ្លើយ​ឆ្លង (​២០, ២១)

  • ទឹក​ដែល​មាន​រស់​ជាតិ​ល្វីង​លែង​ល្វីង​ទៀត (​២២​-​២៧)

១៥  នៅ​ពេល​នោះ ម៉ូសេ​និង​ជន​ជាតិ​អ៊ីស្រាអែល​បាន​ច្រៀង​ចម្រៀង​ជូន​ព្រះ​យេហូវ៉ា​ដូច​ត​ទៅ​ថា​៖+ ​«​ខ្ញុំ​សូម​ច្រៀង​ជូន​ព្រះ​យេហូវ៉ា ព្រោះ​លោក​មាន​កិត្តិយស​ខ្ពង់​ខ្ពស់​ថ្លៃ​ថ្លា។+ លោក​បាន​គ្រវែង​ទាំង​សេះ​ទាំង​អ្នក​ជិះ ទៅ​ក្នុង​សមុទ្រ។+  ២  កម្លាំង​ខ្លាំង​ក្លា​របស់​ខ្ញុំ​មក​ពី​យ៉ា* ព្រោះ​លោក​បាន​ក្លាយ​ទៅ​ជា​អ្នក​សង្គ្រោះ​ខ្ញុំ។+ លោក​ជា​ព្រះ​របស់​ខ្ញុំ ខ្ញុំ​នឹង​សរសើរ​តម្កើង​លោក។+ លោក​ជា​ព្រះ​នៃ​ឪពុក​ខ្ញុំ+​ខ្ញុំ​នឹង​លើក​តម្កើង​លោក។+  ៣  ព្រះ​យេហូវ៉ា​ជា​អ្នក​ចម្បាំង​ដ៏​អង់អាច​ខ្លាំង​ក្លា។+ នាម​លោក​គឺ​យេហូវ៉ា។+  ៤  លោក​បាន​គ្រវែង​រទេះ​ចម្បាំង​និង​ទ័ព​របស់​ផារ៉ូ​ទៅ​ក្នុង​សមុទ្រ។+ លោក​បាន​ពន្លិច​កង​ទ័ព​ដ៏​អង់អាច​របស់​ផារ៉ូ​ទៅ​ក្នុង​សមុទ្រក្រហម។+  ៥  ទឹក​បាន​បក់​បោក​ពួក​គេ ហើយ​ពួក​គេ​លិច​ទៅ​ដូច​ជា​ថ្ម។+  ៦  ឱ​ព្រះ​យេហូវ៉ា​អើយ! ដៃ​ស្ដាំ​របស់​លោក​មាន​ឫទ្ធានុភាព​ខ្លាំង​ក្លា​ណាស់​ហ្ន៎!+ ឱ​ព្រះ​យេហូវ៉ា​អើយ! ដៃ​ស្ដាំ​របស់​លោក​អាច​កម្ទេច​ខ្មាំង​សត្រូវ។  ៧  លោក​អាច​ផ្ដួល​អស់​អ្នក​ដែល​បះ​បោរ​ប្រឆាំង​លោក​ដោយ​ឫទ្ធានុភាព​ដ៏​អស្ចារ្យ។+ កំហឹង​របស់​លោក​បញ្ឆេះ​ពួក​គេ ប្រៀប​ដូច​ជា​ភ្លើង​ឆេះ​ចំបើង។  ៨  ខ្យល់​ដង្ហើម​ពី​ច្រមុះ​លោក​ធ្វើ​ឲ្យ​ទឹក​ផ្ដុំ​គ្នាទឹក​នោះ​នៅ​ទ្រឹង ហើយ​ពូន​ឡើង​ដូច​ជា​កំពែង។ រលក​ដែល​កញ្ជ្រោល​បក់​បោក​បាន​កក​នៅ​កណ្ដាល​សមុទ្រ​ធំ​ធេង។  ៩  សត្រូវ​បាន​និយាយ​ថា​៖ ‹ខ្ញុំ​នឹង​ដេញ​តាម​ពួក​គេ! ខ្ញុំ​នឹង​តាម​ពួក​គេ​ទាន់! ខ្ញុំ​នឹង​យក​ទ្រព្យ​សម្បត្តិ​ពួក​គេ​មក​ចែក​គ្នា​រហូត​ដល់​ខ្ញុំ​អស់​ចិត្ត! ខ្ញុំ​នឹង​ហូត​ដាវ​បង្ក្រាប​ពួក​គេ!›។+ ១០  ប៉ុន្តែ ពេល​លោក​ផ្លុំ​ខ្យល់​ទៅ នោះ​ទឹក​សមុទ្រ​បាន​គ្រប​លើ​ពួក​គេ។+ ពួក​គេ​បាន​លិច​ទៅ​ក្នុង​សមុទ្រ​ដូច​ជា​សំណ។ ១១  ឱ​ព្រះ​យេហូវ៉ា​អើយ! តើ​មាន​ព្រះ​ណា​ដូច​លោក?+ តើ​មាន​ព្រះ​ណា​មាន​ភាព​បរិសុទ្ធ​យ៉ាង​អស្ចារ្យ​ដូច​លោក?+ លោក​ជា​ព្រះ​ដែល​សម​នឹង​ទទួល​ការ​គោរព​កោត​ខ្លាច និង​គួរ​ឲ្យ​ច្រៀង​សរសើរ​តម្កើង។ លោក​ជា​ព្រះ​ដែល​ធ្វើ​ការ​អស្ចារ្យ។+ ១២  ពេល​លោក​លាត​ដៃ​ស្ដាំ​ទៅ ផែន​ដី​បាន​លេប​ពួក​គេ​អស់។+ ១៣  ដោយ​សេចក្ដី​ស្រឡាញ់​ដ៏​ស្មោះ​ត្រង់ លោក​បាន​រំដោះ​រាស្ត្រ​លោក​ហើយ​ដឹក​នាំ​ពួក​គេ។+ ដោយ​ឫទ្ធានុភាព លោក​នឹង​នាំ​ពួក​គេ​ទៅ​លំនៅ​បរិសុទ្ធ​របស់​លោក។ ១៤  អស់​អ្នក​ដែល​ឮ​អំពី​ការទាំង​នោះ+ ពួក​គេ​នឹង​ភ័យ​ញាប់​ញ័រ។ អស់​អ្នក​ដែល​នៅ​ស្រុក​ភីលីស្ទីន​នឹង​ភ័យ​ញាប់​ញ័រ។ ១៥  នៅ​ពេល​នោះ ពួក​មេ​កុលសម្ព័ន្ធ​ស្រុក​អេដំ​នឹង​ភិត​ភ័យ។ ពួក​អ្នក​គ្រប់​គ្រង​ខ្លាំង​ក្លា*នៅ​ស្រុក​ម៉ូអាប់​នឹង​ញ័រ​រន្ធត់។+ អស់​អ្នក​ដែល​នៅ​ស្រុក​កាណាន​នឹង​ភាំង​ស្មារតី។+ ១៦  ឱ​ព្រះ​យេហូវ៉ា​អើយ! ពួក​គេ​នឹង​ភ័យ​ខ្លាច ហើយ​ញ័រ​រន្ធត់។+ ដោយ​សារ​ឫទ្ធានុភាព​របស់​លោក ពួក​គេ​នឹង​នៅ​ទ្រឹង​ដូច​ថ្មរហូត​ដល់​រាស្ត្រ​លោក​ឆ្លង​ផុត​ទៅគឺ​រហូត​ដល់​រាស្ត្រ​ដែល​លោក​បាន​រំដោះ+ដើរ​ហួស​ទៅ។+ ១៧  លោក​នឹង​នាំ​ពួក​គេ​ទៅ​នៅ​លើ​ភ្នំ​របស់​លោក។*+ ឱ​ព្រះ​យេហូវ៉ា​អើយ! កន្លែង​នោះ​ហើយ​ដែល​លោក​បាន​រៀបចំ​ជា​លំនៅ​របស់​លោក។ ឱ​ព្រះ​យេហូវ៉ា​អើយ! ទី​បរិសុទ្ធ​នោះ​ហើយ​ដែល​លោក​បាន​រៀបចំ​ដោយ​ដៃ​លោក​ផ្ទាល់។ ១៨  ព្រះ​យេហូវ៉ា​នឹង​គ្រប់​គ្រង​ជា​ស្ដេច​ជា​រៀង​រហូត​ត​ទៅ។+ ១៩  ពេល​ផារ៉ូ និង​ទ័ព​សេះ ទ័ព​រទេះ​ចម្បាំង​របស់​គាត់ ចូល​ទៅ​ក្នុង​សមុទ្រ+ព្រះ​យេហូវ៉ា​បាន​ធ្វើ​ឲ្យ​ទឹក​សមុទ្រ​ធ្លាក់​មក​គ្រប​លើ​ពួក​គេ។+ ប៉ុន្តែ ជន​ជាតិ​អ៊ីស្រាអែល​បាន​ដើរ​តាម​បាត​សមុទ្រ​វិញ​»។+ ២០  បន្ទាប់​មក មីរៀម​ជា​ស្ត្រី​ប្រកាស​ទំនាយ ត្រូវ​ជា​បង​របស់​អេរ៉ុន បាន​យក​ស្គរ​ដៃ​មក​វាយ។ ឃើញ​ដូច្នោះ ស្ត្រី​ឯ​ទៀត​ក៏​បាន​យក​ស្គរ​ដៃ​មក​វាយ​ដែរ ហើយ​នាំ​គ្នា​រាំ។ ២១  មីរៀម​បាន​ច្រៀង​ឆ្លើយ​ឆ្លង​ទៅ​ពួក​បុរស​ថា​៖ ​«​ចូរ​ច្រៀង​ជូន​ព្រះ​យេហូវ៉ា ព្រោះ​លោក​បាន​ត្រូវ​លើក​តម្កើង​យ៉ាង​ខ្ពស់។+ លោក​បាន​គ្រវែង​ទាំង​សេះ​ទាំង​អ្នក​ជិះ ទៅ​ក្នុង​សមុទ្រ​»។+ ២២  ក្រោយ​មក ម៉ូសេ​បាន​នាំ​ជន​ជាតិ​អ៊ីស្រាអែល​ចេញ​ពី​សមុទ្រក្រហម ឆ្ពោះ​ទៅ​តំបន់​ស្ងាត់​ជ្រងំ​ស៊ើ។ ពេល​នោះ ពួក​គេ​បាន​ធ្វើ​ដំណើរ​អស់​បី​ថ្ងៃ តែ​មិន​ឃើញ​មាន​ទឹក​សោះ។ ២៣  លុះ​ទៅ​ដល់​កន្លែង​មួយ​ឈ្មោះ​ម៉ារ៉ា*+ ពួក​គេ​បាន​រក​ឃើញ​ប្រភព​ទឹក តែ​ពួក​គេ​មិន​អាច​ផឹក​ទឹក​នោះ​បាន​ទេ ព្រោះ​ទឹក​នោះ​មាន​រស​ជាតិ​ល្វីង។ ហេតុ​នេះ​ហើយ​បាន​ជា​គេ​ហៅ​កន្លែង​នោះ​ថា​ម៉ារ៉ា។ ២៤  ដូច្នេះ បណ្ដា​ជន​បាន​រអ៊ូ​រទាំ​នឹង​ម៉ូសេ+ថា​៖ ​«​តើ​ពួក​យើង​បាន​អ្វី​ផឹក​ទៅ?​»។ ២៥  ពេល​នោះ ម៉ូសេ​បាន​ស្រែក​សុំ​ព្រះ​យេហូវ៉ា​ជួយ+ ហើយ​ព្រះ​យេហូវ៉ា​ក៏​បង្ហាញ​គាត់​ដើម​ឈើ​តូច​មួយ។ រួច​ម៉ូសេ​បាន​យក​ដើម​តូច​នោះ​ទៅ​បោះ​ក្នុង​ទឹក ទឹក​នោះ​ក៏​លែង​ល្វីង​ទៅ ហើយ​ពួក​គេ​អាច​ផឹក​ទឹក​នោះ​បាន។ នៅ​ទី​នោះ ព្រះ​បាន​ឲ្យ​ច្បាប់​មួយ​ដល់​ពួក​គេ។ ម្យ៉ាង​ទៀត ព្រះ​ល្បង​មើល​ពួក​គេ​នៅ​ទី​នោះ​ដែរ។+ ២៦  លោក​បាន​មាន​ប្រសាសន៍​ថា​៖ ​«​បើ​អ្នក​រាល់​គ្នា​យក​ចិត្ត​ទុក​ដាក់​ស្ដាប់​បង្គាប់​ខ្ញុំ​យេហូវ៉ា​ជា​ព្រះ​របស់​អ្នក​រាល់​គ្នា ហើយ​ធ្វើ​អ្វី​ដែល​ខ្ញុំ​ពេញ​ចិត្ត ព្រម​ទាំង​កាន់​តាម​បញ្ញត្ដិ​និង​ច្បាប់​របស់​ខ្ញុំ+ នោះ​ខ្ញុំ​នឹង​មិន​ធ្វើ​ឲ្យ​អ្នក​រាល់​គ្នា​មាន​ជំងឺ ដូច​ដែល​ខ្ញុំ​ធ្លាប់​ធ្វើ​ទៅ​លើ​ពួក​អេហ្ស៊ីប​ទេ+ ព្រោះ​ខ្ញុំ​យេហូវ៉ា​ជា​អ្នក​ដែល​ធ្វើ​ឲ្យ​អ្នក​ជា​សះ​ស្បើយ​»។+ ២៧  ក្រោយ​មក ពួក​គេ​បាន​ទៅ​ដល់​អេលីម​ដែល​មាន​ប្រភព​ទឹក​១២​កន្លែង និង​មាន​ដើម​លម៉ើ​៧០​ដើម។ ដូច្នេះ ពួក​គេ​បាន​បោះ​ជំរំ​នៅ​ក្បែរ​មាត់​ទឹក។

កំណត់សម្គាល់

​«​យ៉ា​»​ជា​ឈ្មោះ​កាត់​របស់​ព្រះ​យេហូវ៉ា
ឬ​«​អ្នក​គ្រប់​គ្រង​ផ្ដាច់​ការ​»​
ន័យ​ត្រង់​«​ភ្នំ​ដែល​ជា​មត៌ក​របស់​លោក​»​
មាន​ន័យ​ថា​«​ល្វីង​»​