ដំណើរចាកចេញ ១៣:១-២២

  • កូន​ប្រុស​ច្បង​របស់​មនុស្ស​និង​កូន​សត្វ​ឈ្មោល​ដំបូង​ជា​របស់​ព្រះ​យេហូវ៉ា (​១, ២)

  • បុណ្យ​នំ​ប៉័ង​ឥត​ដំបែ (​៣​-​១០)

  • កូន​ប្រុស​ច្បង​របស់​មនុស្ស​និង​កូន​សត្វ​ឈ្មោល​ដំបូង​បាន​ត្រូវ​ប្រគល់​ជូន​ព្រះ (​១១​-​១៦)

  • ជន​ជាតិ​អ៊ីស្រាអែល​បាន​ត្រូវ​បង្គាប់​ឲ្យ​ឆ្ពោះ​ទៅ​សមុទ្រក្រហម (​១៧​-​២០)

  • បង្គោល​ពពក​និង​បង្គោល​ភ្លើង (​២១, ២២)

១៣  ព្រះ​យេហូវ៉ា​បាន​ប្រាប់​ម៉ូសេ​ថែម​ទៀត​ថា​៖ ២  ​«​ចូរ​ញែក​កូន​ប្រុស​ច្បង​របស់​ជន​ជាតិ​អ៊ីស្រាអែល​ជា​បរិសុទ្ធ​ទុក​សម្រាប់​ខ្ញុំ គឺ​ទាំង​កូន​ច្បង​របស់​មនុស្ស ទាំង​កូន​ដំបូង​របស់​សត្វ សុទ្ធតែ​ជា​របស់​ខ្ញុំ​»។+ ៣  បន្ទាប់​មក ម៉ូសេ​បាន​និយាយ​ទៅ​កាន់​បណ្ដា​ជន​ថា​៖ ​«​សូម​ចង​ចាំ​ថ្ងៃ​នេះ ជា​ថ្ងៃ​ដែល​អ្នក​រាល់​គ្នា​បាន​ចេញ​ពី​ស្រុក​អេហ្ស៊ីប។+ អ្នក​រាល់​គ្នា​បាន​រួច​ផុត​ពី​ភាព​ជា​ខ្ញុំ​បម្រើ ដោយ​ព្រោះ​តែ​ឫទ្ធានុភាព​ដ៏​ខ្លាំង​ក្លា​របស់​ព្រះ​យេហូវ៉ា។+ ដូច្នេះ អ្នក​រាល់​គ្នា​មិន​ត្រូវ​បរិភោគ​អ្វី​ដែល​មាន​ដំបែ​ឡើយ។ ៤  គឺ​នៅ​ថ្ងៃ​នេះ​ឯង ក្នុង​ខែ​អាប៊ីប* ដែល​អ្នក​រាល់​គ្នា​បាន​ចាក​ចេញ​ពី​ស្រុក​អេហ្ស៊ីប។+ ៥  ក្រោយ​មក ព្រះ​យេហូវ៉ា​នឹង​នាំ​អ្នក​រាល់​គ្នា​ចូល​ក្នុង​ស្រុក​ដែល​លោក​បាន​សន្យា​នឹង​បុព្វ​បុរស​របស់​អ្នក​រាល់​គ្នា+ ជា​ស្រុក​ដែល​មាន​ទឹក​ដោះ​និង​ទឹក​ឃ្មុំ​ហូរហៀរ។+ ស្រុក​នោះ​ជា​ទឹក​ដី​របស់​ជន​ជាតិ​កាណាន ជន​ជាតិ​ហេត ជន​ជាតិ​អាម៉ូរី ជន​ជាតិ​ហេវី និង​ជន​ជាតិ​យេប៊ូស។+ ពេល​អ្នក​រាល់​គ្នា​នៅ​ទី​នោះ អ្នក​រាល់​គ្នា​ត្រូវ​បន្ត​ធ្វើ​ពិធី​នេះ​នៅ​ក្នុង​ខែ​នេះ។ ៦  អស់​រយៈ​ពេល​៧​ថ្ងៃ អ្នក​រាល់​គ្នា​ត្រូវ​បរិភោគ​នំ​ប៉័ង​ឥត​ដំបែ។+ នៅ​ថ្ងៃ​ទី​៧ អ្នក​រាល់​គ្នា​ត្រូវ​ធ្វើ​ពិធី​បុណ្យ​ជូន​ព្រះ​យេហូវ៉ា។ ៧  អ្នក​រាល់​គ្នា​ត្រូវ​បរិភោគ​នំ​ប៉័ង​ឥត​ដំបែ​អស់​រយៈ​ពេល​៧​ថ្ងៃ+ ហើយ​មិន​ត្រូវ​មាន​អ្វី​ដែល​មាន​ដំបែ+ និង​ម្សៅ​ដែល​លាយ​ដំបែ​ក្នុង​ទឹក​ដី​របស់​អ្នក​រាល់​គ្នា​ឡើយ។ ៨  នៅ​ថ្ងៃ​នោះ ត្រូវ​ប្រាប់​កូន​ចៅ​អ្នក​រាល់​គ្នា​ថា​៖ ‹យើង​ធ្វើ​ដូច្នេះ​ដើម្បី​រំលឹក​នូវ​អ្វី​ដែល​ព្រះ​យេហូវ៉ា​បាន​ធ្វើ​សម្រាប់​យើង ក្នុង​កាល​ដែល​យើង​ចេញ​ពី​ស្រុក​អេហ្ស៊ីប›។+ ៩  នេះ​នឹង​បាន​ជា​សញ្ញា​សម្គាល់​នៅ​លើ​ដៃ​អ្នក​រាល់​គ្នា ហើយ​ជា​សេចក្ដី​រំលឹក​នៅ​លើ​ថ្ងាស​អ្នក​រាល់​គ្នា+ ដើម្បី​ឲ្យ​ច្បាប់​របស់​ព្រះ​យេហូវ៉ា​បាន​នៅ​ក្នុង​មាត់​អ្នក​រាល់​គ្នា ព្រោះ​ព្រះ​យេហូវ៉ា​បាន​រំដោះ​អ្នក​រាល់​គ្នា​ចេញ​ពី​ស្រុក​អេហ្ស៊ីប​ដោយ​ឫទ្ធានុភាព​ដ៏​ខ្លាំង​ក្លា​របស់​លោក។ ១០  ដូច្នេះ អ្នក​រាល់​គ្នា​ត្រូវ​កាន់​តាម​ច្បាប់​នេះ ហើយ​ជា​រៀង​រាល់​ឆ្នាំ​អ្នក​រាល់​គ្នា​ត្រូវ​ធ្វើ​បុណ្យ​នេះ​នៅ​ថ្ងៃ​កំណត់។+ ១១  ​«​ពេល​ព្រះ​យេហូវ៉ា​នាំ​អ្នក​រាល់​គ្នា​ចូល​ក្នុង​ស្រុក​របស់​ជន​ជាតិ​កាណាន ជា​ស្រុក​ដែល​លោក​បាន​ស្បថ​នឹង​អ្នក​រាល់​គ្នា ព្រម​ទាំង​ស្បថ​នឹង​បុព្វ​បុរស​អ្នក​រាល់​គ្នា​ថា​ប្រគល់​ឲ្យ​អ្នក​រាល់​គ្នា+ ១២  នោះ​អ្នក​រាល់​គ្នា​ត្រូវ​ជូន​កូន​ប្រុស​ច្បង​ដល់​ព្រះ​យេហូវ៉ា ព្រម​ទាំង​កូន​ដំបូង​ពី​ហ្វូង​សត្វ​របស់​អ្នក​រាល់​គ្នា​ដែរ។ ដូច្នេះ ទាំង​កូន​ប្រុស​ច្បង ទាំង​កូន​សត្វ​ឈ្មោល​ដំបូង សុទ្ធតែ​ជា​របស់​ព្រះ​យេហូវ៉ា។+ ១៣  ចំណែក​កូន​ដំបូង​របស់​សត្វ​លា​វិញ អ្នក​រាល់​គ្នា​ត្រូវ​លោះ​ដោយ​សត្វ​ចៀម​មួយ​ក្បាល។ ប៉ុន្តែ បើ​អ្នក​រាល់​គ្នា​មិន​លោះ​ទេ អ្នក​រាល់​គ្នា​ត្រូវ​បំបាក់​ក​សត្វ​លា​នោះ​ទៅ។ អ្នក​រាល់​គ្នា​ត្រូវ​លោះ​កូន​ប្រុស​ច្បង​ទាំង​អស់។+ ១៤  ​«​ក្រោយ​មក បើ​កូន​ចៅ​អ្នក​រាល់​គ្នា​សួរ​ថា​៖ ‹តើ​ការ​នោះ​មាន​ន័យ​ដូច​ម្ដេច?›។ អ្នក​រាល់​គ្នា​ត្រូវ​ឆ្លើយ​ទៅ​ពួក​គេ​ថា​៖ ‹ព្រះ​យេហូវ៉ា​បាន​រំដោះ​យើង​ចេញ​ពី​ស្រុក​អេហ្ស៊ីប ពី​ភាព​ជា​ខ្ញុំ​បម្រើ ដោយ​ឫទ្ធានុភាព​ដ៏​ខ្លាំង​ក្លា​របស់​លោក។+ ១៥  ពេល​ផារ៉ូ​តាំង​ចិត្ត​រឹង​ទទឹង​មិន​ឲ្យ​យើង​ចេញ​មក+ នោះ​ព្រះ​យេហូវ៉ា​បាន​សម្លាប់​កូន​ច្បង​ទាំង​អស់​នៅ​ក្នុង​ស្រុក​អេហ្ស៊ីប គឺ​ចាប់​ពី​កូន​ច្បង​របស់​មនុស្ស​រហូត​ដល់​កូន​ដំបូង​របស់​សត្វ។+ ហេតុ​នេះ​ហើយ​បាន​ជា​យើង​ត្រូវ​ជូន​កូន​សត្វ​ឈ្មោល​ដំបូង​ជា​គ្រឿង​បូជា​ដល់​ព្រះ​យេហូវ៉ា ហើយ​យើង​ត្រូវ​លោះ​កូន​ប្រុស​ច្បង​ទាំង​អស់​របស់​យើង›។ ១៦  នេះ​នឹង​បាន​ជា​សញ្ញា​សម្គាល់​នៅ​លើ​ដៃ​អ្នក​រាល់​គ្នា ហើយ​ជា​សេចក្ដី​រំលឹក​នៅ​លើ​ថ្ងាស​អ្នក​រាល់​គ្នា+ ព្រោះ​ព្រះ​យេហូវ៉ា​បាន​រំដោះ​យើង​ចេញ​ពី​ស្រុក​អេហ្ស៊ីប​ដោយ​ឫទ្ធានុភាព​ដ៏​ខ្លាំង​ក្លា​របស់​លោក​»។ ១៧  ពេល​ផារ៉ូ​បណ្ដេញ​បណ្ដា​ជន​ចេញ​ទៅ ព្រះ​មិន​បាន​នាំ​ពួក​គេ​ទៅ​តាម​ផ្លូវ​កាត់​តាម​ស្រុក​ភីលីស្ទីន​ទេ ទោះ​ជា​ទៅ​តាម​ផ្លូវ​នោះ​ជិត​ជាង​ក៏​ដោយ។ ពី​ព្រោះ​ព្រះ​បាន​មាន​ប្រសាសន៍​ថា​៖ ​«​ក្រែង​លោ​បណ្ដា​ជន​ប្ដូរ​គំនិត​ពេល​ជួប​នឹង​សង្គ្រាម ហើយ​ត្រឡប់​ទៅ​ស្រុក​អេហ្ស៊ីប​វិញ​»។ ១៨  ដូច្នេះ ព្រះ​បាន​ធ្វើ​ឲ្យ​បណ្ដា​ជន​ដើរ​វាង​តាម​ផ្លូវ​ទៅ​តំបន់​ស្ងាត់​ជ្រងំ​ក្បែរ​សមុទ្រក្រហម។+ កាល​ជន​ជាតិ​អ៊ីស្រាអែល​ធ្វើ​ដំណើរ​ចេញ​ពី​ស្រុក​អេហ្ស៊ីប​នោះ ពួក​គេ​ធ្វើ​ដំណើរ​ជា​ក្រុម​ៗ​ដោយ​មាន​របៀប​រៀប​រយ​ដូច​ជា​កង​ទ័ព​ដ៏​ធំ។ ១៩  ម៉ូសេ​ក៏​បាន​យក​ឆ្អឹង​យ៉ូសែប​ទៅ​ជា​មួយ​ដែរ ព្រោះ​យ៉ូសែប​បាន​ឲ្យ​កូន​ចៅ​អ៊ីស្រាអែល​ស្បថ​នឹង​គាត់ ហើយ​គាត់​បាន​ផ្ដាំ​ពួក​គេ​ថា​៖ ​«​ពេល​ព្រះ​ជួយ​បង​ប្អូន​ចេញ​ពី​ស្រុក​នេះ សូម​បង​ប្អូន​យក​ឆ្អឹង​ខ្ញុំ​ទៅ​ជា​មួយ​ផង​»។+ ២០  ពួក​គេ​បាន​ធ្វើ​ដំណើរ​ចេញ​ពី​តំបន់​សិកូត ហើយ​បោះ​ជំរំ​នៅ​អេថាម ដែល​ស្ថិត​នៅ​ជាយ​តំបន់​ស្ងាត់​ជ្រងំ។ ២១  គ្រា​នោះ ព្រះ​យេហូវ៉ា​បាន​នាំ​ផ្លូវ​ពួក​គេ​ដោយ​បង្គោល​ពពក​នៅ​ពេល​ថ្ងៃ+ និង​ដោយ​បង្គោល​ភ្លើង​នៅ​ពេល​យប់ ដើម្បី​ពួក​គេ​អាច​ធ្វើ​ដំណើរ​ទាំង​យប់​ទាំង​ថ្ងៃ។+ ២២  បង្គោល​ពពក​នឹង​មិន​ថយ​ចេញ​ពី​បណ្ដា​ជន​នៅ​ពេល​ថ្ងៃ​ទេ ហើយ​បង្គោល​ភ្លើង​ក៏​មិន​ថយ​ចេញ​ពី​ពួក​គេ​នៅ​ពេល​យប់​ដែរ។+

កំណត់សម្គាល់

មើល​សេចក្ដី​ពន្យល់​បន្ថែម ផ្នែក​ខ​១៥