ដើមកំណើត ៤៣:១-៣៤

  • បង​ប្រុស​ៗ​របស់​យ៉ូសែប​ធ្វើ​ដំណើរ​ទៅ​ស្រុក​អេហ្ស៊ីប​ជា​លើក​ទី២ ទាំង​មាន​បេនយ៉ាមីន​ដែរ (​១​-​១៤)

  • យ៉ូសែប​ជួប​បង​ប្អូន​គាត់​ម្ដង​ទៀត (​១៥​-​២៣)

  • ពិធី​ភោជនាហារ​របស់​យ៉ូសែប​និង​បង​ប្អូន​របស់​គាត់ (​២៤​-​៣៤)

៤៣  នៅ​គ្រា​នោះ មាន​ការ​អត់​ឃ្លាន​ខ្លាំង​ណាស់+ ២  ហើយ​ក្រោយ​ពី​ក្រុម​គ្រួសារ​យ៉ាកុប​បរិភោគ​ស្រូវ​ដែល​ទិញ​ពី​ស្រុក​អេហ្ស៊ីប​អស់​ហើយ+ នោះ​យ៉ាកុប​បាន​និយាយ​ទៅ​កាន់​កូន​ៗ​គាត់​ថា​៖ ​«​ចូរ​កូន​ៗ​ទៅ​ទិញ​ស្បៀងអាហារ​ថែម​ទៀត​»។ ៣  ប៉ុន្តែ យូដា​បាន​ឆ្លើយ​ទៅ​ឪពុក​ថា​៖ ​«​អ្នក​ត្រួត​ត្រា​នៅ​ទី​នោះ​បាន​ព្រមាន​ពួក​កូន​យ៉ាង​ចំ​ៗ​ថា​៖ ‹កុំ​មក​ជួប​មុខ​ខ្ញុំ​ឲ្យ​សោះ! លុះ​ត្រា​តែ​អ្នក​រាល់​គ្នា​នាំ​ប្អូន​ពៅ​មក​ជា​មួយ›។+ ៤  បើ​លោក​ឪពុក​អនុញ្ញាត​ឲ្យ​ប្អូន​ពៅ​ទៅ​ជា​មួយ​នឹង​ពួក​កូន ទើប​ពួក​កូន​ព្រម​ទៅ​ទិញ​ស្បៀងអាហារ​មក។ ៥  ប៉ុន្តែ បើ​លោក​ឪពុក​មិន​អនុញ្ញាត​ឲ្យ​គាត់​ទៅ​ទេ ពួក​កូន​ក៏​មិន​ហ៊ាន​ទៅ​ជួប​មុខ​អ្នក​ត្រួត​ត្រា​នោះ​ដែរ ព្រោះ​គាត់​បាន​ប្រាប់​ហើយ​ថា​៖ ‹កុំ​មក​ជួប​មុខ​ខ្ញុំ​ឲ្យ​សោះ! លុះ​ត្រា​តែ​អ្នក​រាល់​គ្នា​នាំ​ប្អូន​ពៅ​មក​ជា​មួយ›​»។+ ៦  អ៊ីស្រាអែល+បាន​និយាយ​ថា​៖ ​«​ហេតុ​អ្វី​ពួក​កូន​ចាំ​បាច់​ប្រាប់​ថា​មាន​ប្អូន​ប្រុស​ម្នាក់​ទៀត​ធ្វើ​អី? ពួក​កូន​នាំ​ទុក្ខ​ដល់​ពុក​ហើយ​»។ ៧  ពួក​គេ​បាន​ឆ្លើយ​ថា​៖ ​«​បុរស​នោះ​សួរ​ពួក​កូន​យ៉ាង​ហ្មត់​ចត់​ណាស់​អំពី​ក្រុម​គ្រួសារ​និង​អំពី​ពួក​កូន​ផ្ទាល់។ គាត់​សួរ​ថា​៖ ‹តើ​ឪពុក​របស់​អ្នក​រាល់​គ្នា​នៅ​រស់​ទេ? តើ​អ្នក​រាល់​គ្នា​មាន​ប្អូន​ប្រុស​ម្នាក់​ទៀត​ទេ?›។ ដូច្នេះ ពួក​កូន​ក៏​ប្រាប់​ការ​ពិត​ដល់​គាត់​ទៅ។+ ពួក​កូន​មិន​នឹក​ស្មានថា​គាត់​ប្រាប់​ពួក​កូន​ឲ្យ​នាំ​ប្អូន​ពៅ​ទៅ​ជួប​គាត់​នោះ​ទេ​»។+ ៨  បន្ទាប់​មក យូដា​បាន​អង្វរ​ឪពុក​គាត់​ថា​៖ ​«​សូម​លោក​ឪពុក​អនុញ្ញាត​ឲ្យ​បេនយ៉ាមីន​ទៅ+ទិញ​ស្បៀងអាហារ​ជា​មួយ​នឹង​កូន​ៗ​ទៅ ដើម្បី​កុំ​ឲ្យ​ពួក​យើង លោក​ឪពុក និង​ក្មេង​ៗ​+ដាច់​ពោះ​ស្លាប់​ឡើយ។+ ៩  កូន​សូម​ធានា​ថា​កូន​នឹង​មើល​ថែ​គាត់​មិន​ឲ្យ​មាន​គ្រោះ​ថ្នាក់​ឡើយ។+ បើ​មាន​អ្វី​កើត​ឡើង​ដល់​គាត់ សូម​លោក​ឪពុក​ដាក់​ទោស​កូន​ចុះ ហើយ​បើ​កូន​មិន​នាំ​គាត់​មក​ជូន​លោក​ឪពុក​វិញ​ទេ នោះ​កូន​សុខ​ចិត្ត​ទទួល​ទោស​អស់​មួយ​ជីវិត។ ១០  បើ​លោក​ឪពុក​ឲ្យ​ពួក​កូន​ទៅ​តាំង​ពី​យូរ ម្ល៉េះ​ពួក​កូន​បាន​ទៅ​និង​មក​វិញ​អស់​ពីរ​សា​ហើយ​»។ ១១  រួច​មក អ៊ីស្រាអែល​បាន​ព្រម​ឲ្យ​ពួក​គេ​ទៅ​ដោយ​និយាយ​ថា​៖ ​«​បើ​ដូច្នេះ ចូរ​កូន​ៗ​ច្រក​ភោគ​ផល​ល្អ​បំផុត​ពី​ស្រុក​នេះ យក​ទៅ​ជូន​បុរស​នោះ​ជា​អំណោយ​ផង​ដែរ+ គឺ​ប្រេង​ក្រអូប+ ទឹក​ឃ្មុំ សម្បក​ឈើ​ក្រអូប ជ័រ​ក្រអូប+ និង​គ្រាប់​ធញ្ញជាតិ។* ១២  ចូរ​កូន​ៗ​យក​ប្រាក់​ទៅ​ច្រើន​ជាង​មុន​ពីរ​ដង ថែម​ទាំង​យក​ប្រាក់​ដែល​កូន​ឃើញ​នៅ​មាត់​បាវ+ទៅ​ឲ្យ​គេ​វិញ​ផង ប្រហែល​ជា​គេ​ច្រឡំ​ហើយ។ ១៣  ចូរ​នាំ​ប្អូន​ទៅ​ជួប​បុរស​នោះ​ចុះ។ ១៤  សូម​ឲ្យ​ព្រះ​ដែល​មាន​ឫទ្ធានុភាព​ខ្លាំង​ក្លា​បំផុត ធ្វើ​ឲ្យ​បុរស​នោះ​មាន​ចិត្ត​អាណិត​អាសូរ​ចំពោះ​ពួក​កូន ដោយ​ឲ្យ​ស៊ីម្មាន​និង​បេនយ៉ាមីន​ត្រឡប់​មក​វិញ។ ចំណែក​ពុក​វិញ បើ​ពុក​ត្រូវ​អត់​កូន ពុក​សុខ​ចិត្ត​ទ្រាំ​អត់​ទៅ​ចុះ!​»។+ ១៥  ដូច្នេះ ពួក​គេ​បាន​យក​ប្រាក់​មួយ​ជា​ពីរ និង​អំណោយ ព្រម​ទាំង​នាំ​យក​បេនយ៉ាមីន​ធ្វើ​ដំណើរ​ឆ្ពោះ​ទៅ​ស្រុក​អេហ្ស៊ីប។ ពេល​ទៅ​ដល់ ពួក​គេ​បាន​ចូល​ទៅ​ជួប​យ៉ូសែប​ម្ដង​ទៀត។+ ១៦  ពេល​យ៉ូសែប​បាន​ឃើញ​បេនយ៉ាមីន​មក​ជា​មួយ​បង​ៗ​គាត់ ភ្លាម​នោះ​គាត់​បាន​ប្រាប់​អ្នក​ចាត់​ចែង​កិច្ចការ​ផ្ទះ​គាត់​ថា​៖ ​«​ចូរ​នាំ​ពួក​គេ​ទៅ​ផ្ទះ​ខ្ញុំ​ទៅ។ បន្ទាប់​មក ឲ្យ​គេ​សម្លាប់​សត្វ ហើយ​រៀបចំ​អាហារ ព្រោះ​ពួក​គេ​នឹង​បរិភោគ​អាហារ​ថ្ងៃ​ត្រង់​ជា​មួយ​នឹង​ខ្ញុំ​»។ ១៧  អ្នក​ចាត់​ចែង​នោះ​ក៏​ប្រញាប់​ធ្វើ​តាម​បង្គាប់​យ៉ូសែប+ ហើយ​នាំ​ពួក​គេ​ទៅ​ផ្ទះ​យ៉ូសែប​ទៅ។ ១៨  នៅ​តាម​ផ្លូវ បង​ៗ​របស់​យ៉ូសែប​ចាប់​ផ្ដើម​ភ័យ​ខ្លាច ហើយ​និយាយ​គ្នា​ថា​៖ ​«​គេ​នាំ​យើង​ទៅ​ទី​នោះ គឺ​ដោយ​សារ​តែ​ប្រាក់​ដែល​នៅ​ក្នុង​បាវ​នោះ​ហើយ! គេ​មុខ​ជា​ចាប់​បង្ខំ​យើង​ឲ្យ​ធ្វើ​ជា​ខ្ញុំ​បម្រើ ហើយ​រឹប​អូស​យក​សត្វ​លា​របស់​យើង​ជា​មិន​ខាន!​»។+ ១៩  ពេល​ទៅ​ដល់​មាត់​ទ្វារ​ផ្ទះ ពួក​គេ​ចូល​ទៅ​ជិត​អ្នក​ចាត់​ចែង​នោះ ហើយ​និយាយ​ជា​មួយ​នឹង​គាត់​ថា​៖ ២០  ​«​សូម​អត់​ទោស​លោក​ម្ចាស់! ពេល​មុន ពួក​ខ្ញុំ​បាន​មក​ទិញ​ស្បៀងអាហារ+ ២១  តែ​ពេល​ពួក​ខ្ញុំ​ទៅ​ដល់​កន្លែង​ស្នាក់​នៅ ពួក​ខ្ញុំ​បាន​ស្រាយ​បាវ ស្រាប់​តែ​ឃើញ​ថង់​ប្រាក់​នៅ​ក្នុង​បាវ​របស់​ពួក​ខ្ញុំ​រៀង​ៗ​ខ្លួន។ ប្រាក់​នោះ​នៅ​គ្រប់​ចំនួន​ទាំង​អស់។+ ដូច្នេះ ពួក​ខ្ញុំ​សូម​យក​មក​ជូន​លោក​វិញ​ដោយ​ផ្ទាល់​ដៃ។ ២២  ការ​ពិត ពួក​ខ្ញុំ​មិន​ដឹង​ថា​អ្នក​ណា​បាន​ដាក់​ថង់​ប្រាក់​ទាំង​នោះ​នៅ​ក្នុង​បាវ​របស់​ពួក​ខ្ញុំ​ទេ ហើយ​លើក​នេះ ពួក​ខ្ញុំ​បាន​យក​ប្រាក់​មក​ទិញ​ស្បៀងអាហារ​ថែម​ទៀត​»។+ ២៣  រួច​មក អ្នក​ចាត់​ចែង​នោះ​បាន​និយាយ​ថា​៖ ​«​មិន​អី​ទេ កុំ​បារម្ភ​អី! គឺ​ជា​ព្រះ​របស់​អ្នក​រាល់​គ្នា និង​ព្រះ​របស់​ឪពុក​អ្នក​ទេ ដែល​ជា​អ្នក​ដាក់​ថង់​ប្រាក់​ក្នុង​បាវ​ទាំង​នោះ។ ខ្ញុំ​បាន​ទទួល​ប្រាក់​របស់​អ្នក​រាល់​គ្នា​រួច​ហើយ​»។ ក្រោយ​នោះ គាត់​បាន​នាំ​ស៊ីម្មាន​ចេញ​មក​ជួប​ពួក​គេ។+ ២៤  បន្ទាប់​មក អ្នក​ចាត់​ចែង​នោះ​បាន​នាំ​ពួក​គេ​ចូល​ក្នុង​ផ្ទះ​យ៉ូសែប រួច​យក​ទឹក​មក​ឲ្យ​ពួក​គេ​លាង​ជើង ហើយ​ឲ្យ​ចំណី​ដល់​សត្វ​លា។ ២៥  រួច​មក បង​ៗ​យ៉ូសែប​បាន​រៀបចំ​អំណោយ+ទុក​ជូន​យ៉ូសែប ព្រោះ​ពួក​គេ​បាន​ឮ​ថា​ពួក​គេ​នឹង​បរិភោគ​អាហារ​ថ្ងៃ​ត្រង់​ជា​មួយ​នឹង​គាត់។+ ២៦  ពេល​យ៉ូសែប​មក​ដល់ ពួក​គេ​បាន​យក​អំណោយ​ទៅ​ជូន​គាត់ ហើយ​ក្រាប​ខ្លួន​ដល់​ដី​គោរព​គាត់។+ ២៧  បន្ទាប់​មក យ៉ូសែប​បាន​សួរ​សុខ​ទុក្ខ​ពួក​គេ ហើយ​និយាយ​ថា​៖ ​«​ពី​មុន​អ្នក​រាល់​គ្នា​ធ្លាប់​ប្រាប់​ថា​ឪពុក​របស់​អ្នក​រាល់​គ្នា​មាន​វ័យ​ចាស់​ណាស់​ហើយ។ តើ​គាត់​សុខ​សប្បាយ​ជា​ទេ? តើ​គាត់​នៅ​រស់​ឬ?​»។+ ២៨  ពួក​គេ​បាន​ឆ្លើយ​ថា​៖ ​«​បាទ លោក​ម្ចាស់! ឪពុក​របស់​ពួក​ខ្ញុំ​នៅ​រស់​នៅ​ឡើយ​ទេ ហើយ​គាត់​ក៏​សុខ​សប្បាយ​ដែរ​»។ រួច​ពួក​គេ​ក៏​ក្រាប​ខ្លួន​គោរព​គាត់។+ ២៩  ពេល​យ៉ូសែប​ឃើញ​បេនយ៉ាមីន​ជា​ប្អូន​រួម​ម្ដាយ+ គាត់​បាន​សួរ​បង​ៗ​គាត់​ថា​៖ ​«​តើ​គាត់​ជា​ប្អូន​ពៅ​ដែល​អ្នក​រាល់​គ្នា​បាន​រៀប​រាប់​ប្រាប់​ខ្ញុំ​នោះ​ឬ?​»។+ បន្ទាប់​មក យ៉ូសែប​ក៏​និយាយ​ទៅ​កាន់​បេនយ៉ាមីន​ថា​៖ ​«​កូន​អើយ! សូម​ឲ្យ​ព្រះ​បង្ហាញ​សេចក្ដី​មេត្តា​ករុណា​ចំពោះ​កូន​»។ ៣០  ពេល​ឃើញ​ប្អូន យ៉ូសែប​បាន​រំជួល​ចិត្ត​ជា​ខ្លាំង រួច​រត់​ចូល​ទៅ​យំ​នៅ​ក្នុង​បន្ទប់ ព្រោះ​ទប់​ទឹក​ភ្នែក​ពុំ​បាន។+ ៣១  ក្រោយ​នោះ គាត់​បាន​លាង​មុខ ហើយ​ចេញ​ទៅ​វិញ។ បន្ទាប់​ពី​ទប់​អារម្មណ៍​បាន​ហើយ គាត់​ក៏​និយាយ​ទៅ​កាន់​ពួក​អ្នក​បម្រើ​ថា​៖ ​«​ចូរ​លើក​អាហារ​មក​»។ ៣២  ពួក​អ្នក​បម្រើ​បាន​លើក​អាហារ​មក​ជូន​យ៉ូសែប​បរិភោគ​ដោយ​ឡែក និង​បង​ប្អូន​គាត់​ដោយ​ឡែក។ ឯ​ពួក​អេហ្ស៊ីប​ដែល​នៅ​ជា​មួយ​នឹង​យ៉ូសែប ពួក​គេ​ក៏​បរិភោគ​ដោយ​ឡែក​ដែរ។ ពួក​អេហ្ស៊ីប​មិន​មាន​ទម្លាប់​បរិភោគ​ជា​មួយ​នឹង​ពួក​ហេប្រឺ​ទេ ព្រោះ​ការ​នោះ​ជា​អ្វី​ដ៏​គួរ​ខ្ពើម​ឆ្អើម​ចំពោះ​ពួក​អេហ្ស៊ីប។+ ៣៣  បង​ប្អូន​យ៉ូសែប​អង្គុយ​នៅ​តុ​ទល់​មុខ​គាត់។ ពួក​គេ​អង្គុយ​តាម​លំដាប់​អាយុ ចាប់​ពី​បង​ច្បង+រហូត​ដល់​ប្អូន​ពៅ។ ពេល​នោះ ពួក​គេ​សម្លឹង​មើល​មុខ​គ្នា​ដោយ​ងឿង​ឆ្ងល់។ ៣៤  យ៉ូសែប​បាន​ឲ្យ​គេ​យក​អាហារ​ពី​តុ​គាត់​ទៅ​ឲ្យ​បង​ៗ​គាត់​ម្ដង​ហើយ​ម្ដង​ទៀត តែ​បេនយ៉ាមីន​ទទួល​បាន​ប្រាំ​ដង លើស​បង​ៗ​គាត់​ទាំង​អស់។+ ពួក​គេ​ក៏​បាន​ពិសា​អាហារ​ពិសា​ស្រា​ជា​មួយ​នឹង​យ៉ូសែប​រហូត​ដល់​ឆ្អែត​គ្រប់​ៗ​គ្នា។

កំណត់សម្គាល់

ន័យ​ត្រង់​«​គ្រាប់​ភី​ស្តា​ឈី​យ៉ូ និង​គ្រាប់​អល់ម៉ុន​»​