ដើមកំណើត ៣០:១-៤៣
៣០ ពេលរ៉ាជែលឃើញថា នាងមិនអាចមានកូន នាងក៏ច្រណែននឹងបងស្រីខ្លួន ហើយនិយាយទៅកាន់យ៉ាកុបថា៖ «សូមឲ្យខ្ញុំមានកូនផង បើមិនដូច្នោះទេ ខ្ញុំនឹងស្លាប់ជាមិនខាន»។
២ ឮដូច្នេះ យ៉ាកុបបានខឹងនឹងរ៉ាជែលជាខ្លាំង ហើយនិយាយថា៖ «បងមិនមែនជាព្រះទេ ព្រះទេតើជាអ្នកបង្ខាំងអូនមិនឲ្យមានកូន»។
៣ រ៉ាជែលបានតបថា៖ «នេះប៊ីលហាជាស្រីបម្រើខ្ញុំ+ សូមរួមដំណេកជាមួយនាងចុះ ដើម្បីនាងអាចបង្កើតកូនឲ្យខ្ញុំ ហើយតាមរយៈនាង ខ្ញុំក៏អាចក្លាយទៅជាម្ដាយម្នាក់ដែរ»។
៤ ដូច្នេះ រ៉ាជែលបានឲ្យប៊ីលហាធ្វើជាប្រពន្ធយ៉ាកុប ហើយយ៉ាកុបក៏រួមដំណេកជាមួយនឹងនាងទៅ។+
៥ ក្រោយមក ប៊ីលហាមានផ្ទៃពោះ ហើយសម្រាលបានកូនប្រុសមួយឲ្យយ៉ាកុប។
៦ រ៉ាជែលបាននិយាយថា៖ «ព្រះធ្វើជាចៅក្រមខ្ញុំ ហើយលោកបានស្ដាប់ឮពាក្យខ្ញុំ ដូច្នេះលោកបានឲ្យខ្ញុំមានកូនប្រុសមួយ»។ ហេតុនេះហើយបានជានាងដាក់ឈ្មោះកូននោះថាដាន់។*+
៧ ក្រោយមក ប៊ីលហាជាអ្នកបម្រើរ៉ាជែល មានផ្ទៃពោះម្ដងទៀត ហើយសម្រាលបានកូនប្រុសទី២ឲ្យយ៉ាកុប។
៨ រួចរ៉ាជែលនិយាយថា៖ «ខ្ញុំបានប្រជែងនឹងបងស្រីខ្ញុំជាខ្លាំង ហើយបានឈ្នះមែន!»។ ដូច្នេះ នាងបានដាក់ឈ្មោះកូននោះថាណែបថាលី។*+
៩ ឯលេអា ពេលនាងឃើញថាខ្លួនលែងមានកូន នាងបានឲ្យស៊ីលផាជាស្រីបម្រើ ទៅធ្វើជាប្រពន្ធយ៉ាកុបដែរ។+
១០ ក្រោយមក ស៊ីលផាបានបង្កើតកូនប្រុសមួយឲ្យយ៉ាកុប។
១១ រួចលេអាបាននិយាយថា៖ «ខ្ញុំមានពរហើយ!»។ ដូច្នេះ នាងបានដាក់ឈ្មោះកូននោះថាកាដ។*+
១២ ក្រោយមក ស៊ីលផាបានបង្កើតកូនមួយទៀតឲ្យយ៉ាកុប។
១៣ លេអាបាននិយាយថា៖ «ខ្ញុំមានសុភមង្គលហើយ! ស្ត្រីទាំងឡាយមុខជារាប់ខ្ញុំថាមានសុភមង្គល»។+ ដូច្នេះ នាងក៏ដាក់ឈ្មោះកូននោះថាអេស៊ើរ។*+
១៤ ថ្ងៃមួយ នៅរដូវច្រូតកាត់* រូបេន+បានដើរនៅវាលស្រែ ហើយប្រទះឃើញផ្លែមេនដ្រេក។* ដូច្នេះ គាត់បានយកទៅឲ្យលេអាជាម្ដាយ។ ពេលនោះ រ៉ាជែលបានឃើញ ហើយនិយាយទៅកាន់លេអាថា៖ «សូមឲ្យផ្លែមេនដ្រេករបស់កូនបងមកខ្ញុំខ្លះផង»។
១៥ លេអាបានតបវិញថា៖ «ឯងដណ្ដើមប្ដីបងប៉ុណ្ណឹងហើយ នៅតែមិនគ្រប់គ្រាន់ទៀតឬ?+ ឥឡូវឯងចង់ដណ្ដើមផ្លែមេនដ្រេកពីបងទៀត»។ ដូច្នេះ រ៉ាជែលឆ្លើយថា៖ «បើបងព្រមឲ្យផ្លែមេនដ្រេក|មកខ្ញុំ ខ្ញុំនឹងឲ្យបងយ៉ាកុបទៅរួមដំណេកជាមួយនឹងបងនៅយប់នេះ»។
១៦ លុះពេលល្ងាច យ៉ាកុបបានត្រឡប់មកពីស្រែចម្ការវិញ។ លេអាបានចេញទៅទទួលគាត់ ហើយនិយាយថា៖ «យប់នេះ គឺខ្ញុំដែលបងត្រូវរួមដំណេកជាមួយ ព្រោះខ្ញុំបានប្ដូរផ្លែមេនដ្រេកដែលកូនខ្ញុំរកបាន ជាមួយនឹងរ៉ាជែលហើយ»។ ដូច្នេះ នៅយប់នោះយ៉ាកុបបានរួមដំណេកជាមួយនឹងនាង។
១៧ ព្រះបានធ្វើតាមសំណូមពររបស់លេអា។ ហេតុនេះ នាងក៏មានផ្ទៃពោះ ហើយសម្រាលបានកូនប្រុសទី៥ឲ្យយ៉ាកុប។
១៨ លេអាបាននិយាយថា៖ «ព្រះបានឲ្យថ្លៃឈ្នួលដល់ខ្ញុំ ព្រោះខ្ញុំបានឲ្យស្រីបម្រើទៅប្ដីខ្ញុំ»។ ដូច្នេះ នាងបានដាក់ឈ្មោះកូននោះថាអ៊ីសាខារ។*+
១៩ រួចមក លេអាមានផ្ទៃពោះម្ដងទៀត ហើយសម្រាលបានកូនប្រុសទី៦ឲ្យយ៉ាកុប។+
២០ លេអាបាននិយាយថា៖ «ព្រះបានឲ្យអំណោយវិសេសដល់ខ្ញុំ។ លើកនេះ ប្ដីខ្ញុំច្បាស់ជាពេញចិត្តនឹងខ្ញុំហើយ+ ព្រោះខ្ញុំបានបង្កើតកូន៦នាក់ឲ្យគាត់»។+ ដូច្នេះ នាងបានដាក់ឈ្មោះកូននោះថាសេប៊ូឡូន។*+
២១ ក្រោយមក នាងបានបង្កើតកូនស្រីម្នាក់ ហើយបានដាក់ឈ្មោះថាឌីណា។+
២២ ទីបំផុត ព្រះបាននឹកដល់រ៉ាជែល ហើយបានធ្វើតាមសំណូមពររបស់នាង ដោយឲ្យនាងមានផ្ទៃពោះ។+
២៣ ក្រោយមក នាងសម្រាលបានកូនប្រុសមួយ រួចនាងនិយាយថា៖ «ព្រះបានដកសេចក្ដីអាម៉ាស់ចេញពីខ្ញុំហើយ!»។+
២៤ ដូច្នេះ នាងបានដាក់ឈ្មោះកូននោះថាយ៉ូសែប*+ ដោយនិយាយថា៖ «ព្រះយេហូវ៉ាបានបន្ថែមកូនប្រុសមួយទៀតឲ្យខ្ញុំ»។
២៥ ក្រោយរ៉ាជែលសម្រាលយ៉ូសែបរួច យ៉ាកុបបាននិយាយទៅឡាបាន់ថា៖ «សូមឲ្យខ្ញុំត្រឡប់ទៅផ្ទះខ្ញុំនិងស្រុករបស់ខ្ញុំវិញផង។+
២៦ សូមលោកឪពុកឲ្យប្រពន្ធកូនខ្ញុំទៅជាមួយនឹងខ្ញុំដែរ ព្រោះខ្ញុំបានធ្វើការជូនលោកឪពុករួចហើយដើម្បីបានពួកគេ។ លោកឪពុកជ្រាបហើយថា ខ្ញុំបានព្យាយាមធ្វើការយ៉ាងណាជូនលោកឪពុក»។+
២៧ បន្ទាប់មក ឡាបាន់បាននិយាយទៅកាន់យ៉ាកុបថា៖ «បើកូនមិនយល់ទាស់ទេ សូមកូនបន្តនៅជាមួយនឹងពុកតទៅទៀត ព្រោះពុកបានឃើញផ្ទាល់ភ្នែកថា ព្រះយេហូវ៉ាបានឲ្យពរពុកដោយសារតែកូន»។
២៨ ឡាបាន់បានបន្ថែមថា៖ «តើកូនចង់បានថ្លៃឈ្នួលប៉ុន្មាន? ពុកនឹងព្រមឲ្យ»។+
២៩ ដូច្នេះ យ៉ាកុបបាននិយាយថា៖ «លោកឪពុកជ្រាបហើយថា ខ្ញុំបានព្យាយាមធ្វើការជូនលោកឪពុក ហើយហ្វូងសត្វលោកឪពុកបានកើនឡើងយ៉ាងណា។+
៣០ មុនខ្ញុំមកដល់ ហ្វូងសត្វរបស់លោកឪពុកមានចំនួនតិចទេ តែឥឡូវមានចំនួនច្រើនណាស់ ព្រោះតាំងពីខ្ញុំមក ព្រះយេហូវ៉ាបានឲ្យពរលោកឪពុក។ ប៉ុន្តែ ឥឡូវដល់ពេលឲ្យខ្ញុំធ្វើការដើម្បីប្រពន្ធកូនខ្ញុំហើយ»។+
៣១ បន្ទាប់មក ឡាបាន់បាននិយាយថា៖ «តើពុកគួរឲ្យអ្វីដល់កូន?»។ យ៉ាកុបឆ្លើយថា៖ «លោកឪពុកមិនចាំបាច់ឲ្យអ្វីខ្ញុំទេ! បើលោកឪពុកព្រមធ្វើតាមសំណើខ្ញុំ ខ្ញុំនឹងនៅឃ្វាលហើយការពារហ្វូងសត្វឲ្យលោកឪពុកតទៅទៀត។+
៣២ ថ្ងៃនេះ ខ្ញុំនឹងទៅពិនិត្យមើលហ្វូងសត្វរបស់លោកឪពុក។ សូមលោកឪពុកញែកទុកដោយឡែកនូវចៀមនិងពពែណាដែលមានសម្បុរពព្លាក់ និងពពាល ព្រមទាំងចៀមស្ទាវណាដែលមានសម្បុរត្នោតដែរ។ ចាប់តាំងពីថ្ងៃនេះទៅ បើសត្វចៀមនិងពពែណាដែលកើតមកមានសម្បុរទាំងនេះ វានឹងក្លាយទៅជាថ្លៃឈ្នួលរបស់ខ្ញុំ។+
៣៣ ដូច្នេះ នៅថ្ងៃមុខ លោកឪពុកនឹងឃើញថាខ្ញុំទៀងត្រង់យ៉ាងណា គឺនៅពេលដែលលោកឪពុកមកពិនិត្យមើលហ្វូងសត្វដែលជាថ្លៃឈ្នួលរបស់ខ្ញុំ បើលោកឪពុកឃើញថាខ្ញុំមានចៀមឬពពែណាក្រៅពីសម្បុរពព្លាក់ និងពពាល ព្រមទាំងចៀមស្ទាវសម្បុរត្នោត នោះសូមចាត់ទុកខ្ញុំថាជាចោរទៅចុះ»។
៣៤ ឡាបាន់បានឆ្លើយថា៖ «បាន! សូមធ្វើតាមពាក្យកូនចុះ»។+
៣៥ ដូច្នេះ នៅថ្ងៃនោះ ឡាបាន់បានញែកទុកដោយឡែកនូវពពែឈ្មោលសម្បុរឆ្នូតៗនិងពពាល ព្រមទាំងពពែញីសម្បុរពព្លាក់ និងពពាល។ គាត់ក៏បានញែកចៀមស្ទាវណាដែលមានសម្បុរត្នោតឬពពែណាដែលមានសម្បុរលាយស ចេញដោយឡែកដែរ។ រួចប្រគល់ហ្វូងសត្វទាំងនោះឲ្យកូនប្រុសៗរបស់គាត់មើលថែ។
៣៦ ឡាបាន់បានឲ្យកូនប្រុសៗរបស់គាត់មើលថែហ្វូងសត្វនៅកន្លែងឆ្ងាយពីយ៉ាកុប គឺស្មើនឹងចម្ងាយផ្លូវដើរអស់បីថ្ងៃ។ ឯហ្វូងសត្វរបស់ឡាបាន់ដែលនៅសល់ យ៉ាកុបបានមើលថែ។
៣៧ យ៉ាកុបបានយកមែកស្តូរ៉េស មែកអល់ម៉ុន និងមែកភ្លេន មកលួសសំបកឲ្យឃើញសាច់ឆ្នូតលាយអុជៗស។
៣៨ រួចគាត់បានដាក់មែកទាំងនោះនៅក្នុងស្នូកទឹក ដើម្បីឲ្យហ្វូងសត្វពាក់គ្នានៅមុខមែកទាំងនោះ ពេលដែលពួកវាមកផឹកទឹក។
៣៩ ដូច្នេះ ពេលហ្វូងចៀមពាក់គ្នា ហើយឃើញមែកទាំងនោះ ពួកវាកើតកូនមកមានសម្បុរពព្លាក់ ពពាល និងឆ្នូតៗ។
៤០ បន្ទាប់មក យ៉ាកុបញែកចៀមស្ទាវទុកដោយឡែក។ ឯហ្វូងចៀមរបស់ឡាបាន់ដែលនៅសល់ គាត់ដាក់ឲ្យពួកវាឃើញចៀមឆ្នូតនិងចៀមសម្បុរត្នោត។ រួចគាត់ញែកហ្វូងសត្វគាត់ ចេញដោយឡែកពីហ្វូងសត្វរបស់ឡាបាន់។
៤១ កាលណាយ៉ាកុបឃើញសត្វណាដែលខ្លាំងៗចង់ពាក់គ្នា គាត់តែងយកមែកទាំងនោះទៅដាក់ក្នុងស្នូក ដើម្បីឲ្យហ្វូងសត្វពាក់គ្នានៅមុខមែកទាំងនោះ។
៤២ ចំណែកសត្វណាដែលខ្សោយៗ គាត់មិនបានយកមែកឈើទៅដាក់នៅទីនោះទេ។ ម្ល៉ោះហើយ សត្វណាដែលខ្សោយៗបានទៅជារបស់ឡាបាន់ តែសត្វណាដែលខ្លាំងៗបានទៅជារបស់យ៉ាកុបវិញ។+
៤៣ ដូច្នេះ យ៉ាកុបមានទ្រព្យសម្បត្តិកាន់តែច្រើនឡើងៗ។ គាត់មានអ្នកបម្រើប្រុសស្រី និងហ្វូងចៀមហ្វូងពពែច្រើនសន្ធឹក ព្រមទាំងហ្វូងអូដ្ឋនិងហ្វូងលាផងដែរ។+
កំណត់សម្គាល់
^ មានន័យថា«ចៅក្រម»
^ មានន័យថា«ការប្រណាំងប្រជែង»
^ មានន័យថា«លាភ»
^ មានន័យថា«សុភមង្គល»
^ នេះជារដូវច្រូតកាត់ស្រូវសាលី
^ ជាដើមម្យ៉ាងដែលគេគិតថា បើបរិភោគផ្លែវានឹងជួយឲ្យស្ត្រីមានផ្ទៃពោះ
^ មានន័យថា«គាត់ជាថ្លៃឈ្នួល»
^ មានន័យថា«លែងទើសចិត្ត»
^ ឈ្មោះកាត់នៃយ៉ូសិភា ដែលមានន័យថា«សូមឲ្យយ៉ាបន្ថែម»