ដានីយ៉ែល ៦:១-២៨
៦ គ្រានោះ ស្ដេចដារីយុសបានតែងតាំងអភិបាលខេត្តចំនួន១២០រូប ឲ្យគ្រប់គ្រងនៅក្នុងរាជាណាចក្រទាំងមូល ព្រោះគាត់យល់ឃើញថាល្អ។+
២ ស្ដេចដារីយុសក៏បានតែងតាំងមន្ត្រីជាន់ខ្ពស់បីរូបឲ្យគ្រប់គ្រងលើពួកគេ។ ដានីយ៉ែល+ក៏ជាមន្ត្រីម្នាក់ក្នុងចំណោមមន្ត្រីបីនាក់នោះដែរ។ ពួកអភិបាលខេត្ត+ត្រូវរាយការណ៍ដល់មន្ត្រីជាន់ខ្ពស់ទាំងនោះ ដើម្បីកុំឲ្យស្ដេចខាតបង់ប្រយោជន៍អ្វីឡើយ។
៣ ក្នុងចំណោមមន្ត្រីជាន់ខ្ពស់និងពួកអភិបាលខេត្តទាំងនោះ ដានីយ៉ែលគឺប្រសើរជាងពួកគេទាំងអស់ ព្រោះគាត់មានប្រាជ្ញាវាងវៃនិងសមត្ថភាពពិសេស។+ ដូច្នេះ ស្ដេចមានបំណងលើកគាត់ឲ្យមានឋានៈខ្ពង់ខ្ពស់លើរាជាណាចក្រទាំងមូល។
៤ នៅគ្រានោះ ពួកមន្ត្រីជាន់ខ្ពស់និងពួកអភិបាលខេត្ត បានស្វែងរកហេតុណាមួយដែលទាក់ទងនឹងច្បាប់រដ្ឋដើម្បីចោទប្រកាន់ដានីយ៉ែល តែពួកគេរកមិនបានទេ ហើយក៏មិនឃើញថាគាត់ប្រព្រឹត្តអំពើពុករលួយណាដែរ ព្រោះដានីយ៉ែលជាមនុស្សគួរឲ្យទុកចិត្ត ហើយមិនធ្វេសប្រហែសនឹងកិច្ចការណាឡើយ។
៥ ម្ល៉ោះហើយ ពួកគេបាននិយាយគ្នាថា៖ «យើងមិនអាចរកហេតុណាមួយដើម្បីចោទប្រកាន់គាត់បានទេ លើកលែងតែរឿងដែលទាក់ទងនឹងច្បាប់របស់ព្រះគាត់ប៉ុណ្ណោះ»។+
៦ ដូច្នេះ ពួកមន្ត្រីជាន់ខ្ពស់និងពួកអភិបាលខេត្តបាននាំគ្នាចូលទៅជួបស្ដេច ហើយជម្រាបគាត់ថា៖ «ឱស្ដេចដារីយុសអើយ! សូមឲ្យលោកមានជីវិតជារៀងរហូត។
៧ ពួកមន្ត្រីជាន់ខ្ពស់ អភិបាលខេត្ត អភិបាលរង ពួកនាយក និងមន្ត្រីទាំងអស់ បានប្រឹក្សាគ្នាបង្កើតច្បាប់មួយដោយដាក់បម្រាមថា ក្នុងរយៈពេល៣០ថ្ងៃ បើអ្នកណាម្នាក់អង្វរសុំអ្វីពីព្រះណាមួយឬមនុស្សណាម្នាក់ ក្រៅពីស្ដេចជាម្ចាស់ អ្នកនោះនឹងត្រូវបោះទៅក្នុងរូងតោ។+
៨ ដូច្នេះ ស្ដេចជាម្ចាស់អើយ! សូមលោកបង្កើតច្បាប់នេះ ហើយចុះហត្ថលេខាផង+ ដើម្បីឲ្យច្បាប់នេះមានសុពលភាពតាមច្បាប់របស់ពួកមេឌីនិងពើស៊ី ដែលមិនអាចកែប្រែឬទុកជាមោឃឡើយ»។+
៩ ម្ល៉ោះហើយ ស្ដេចដារីយុសបានចុះហត្ថលេខាលើច្បាប់នោះ រួចចេញបម្រាមនោះទៅ។
១០ បន្ទាប់ពីដានីយ៉ែលដឹងថាស្ដេចចុះហត្ថលេខាបង្កើតច្បាប់នោះភ្លាម គាត់ក៏ទៅផ្ទះ ហើយឡើងទៅបន្ទប់ខាងលើជាប់ដំបូលដែលមានបង្អួចនៅបើកចំហបែរទៅក្រុងយេរូសាឡិម។+ រួចគាត់លុតជង្គង់ចុះអធិដ្ឋានទៅព្រះរបស់គាត់ ហើយសរសើរតម្កើងលោកមួយថ្ងៃបីដងដូចគាត់ធ្វើពីមុន។
១១ ពេលនោះ ពួកមន្ត្រីបានសម្រុកចូលផ្ទះដានីយ៉ែល ហើយឃើញគាត់កំពុងអធិដ្ឋានអង្វរសុំព្រះរបស់គាត់។
១២ ដូច្នេះ ពួកគេក៏ចូលទៅជួបស្ដេច ហើយរំលឹកស្ដេចអំពីច្បាប់នោះថា៖ «ស្ដេចជាម្ចាស់បានចុះហត្ថលេខាបង្កើតច្បាប់មួយដោយដាក់បម្រាមថា ក្នុងរយៈពេល៣០ថ្ងៃ បើអ្នកណាម្នាក់អង្វរសុំអ្វីពីព្រះណាមួយឬមនុស្សណាម្នាក់ ក្រៅពីស្ដេចជាម្ចាស់ អ្នកនោះនឹងត្រូវបោះទៅក្នុងរូងតោ មែនទេ?»។ ស្ដេចក៏ឆ្លើយថា៖ «មែនហើយ! ខ្ញុំបានចេញច្បាប់នោះមែន! យោងទៅតាមច្បាប់របស់ពួកមេឌីនិងពើស៊ី ច្បាប់នោះមិនអាចទៅជាមោឃបានឡើយ»។+
១៣ ភ្លាមនោះ ពួកគេបានជម្រាបស្ដេចថា៖ «ឱស្ដេចជាម្ចាស់អើយ! ដានីយ៉ែលដែលជាជននិរទេសពីស្រុកយូដា+ មិនគោរពស្ដេចជាម្ចាស់ទាល់តែសោះ ថែមទាំងមិនធ្វើតាមបម្រាមដែលស្ដេចជាម្ចាស់បានចុះហត្ថលេខាទៀតផង។ ផ្ទុយទៅវិញ គាត់នៅតែអធិដ្ឋានដល់ព្រះរបស់គាត់មួយថ្ងៃបីដងដដែល»។+
១៤ ឮដូច្នេះ ស្ដេចពិបាកចិត្តខ្លាំងណាស់ ហើយខំរិះរកវិធីជួយសង្គ្រោះដានីយ៉ែល។ ប៉ុន្តែ ទោះជាគាត់ខំរករហូតដល់ថ្ងៃលិចក៏ដោយ ក៏នៅតែរកមិនបាន។
១៥ ក្រោយមក ពួកមន្ត្រីទាំងនោះនាំគ្នាចូលទៅជួបស្ដេច ហើយជម្រាបស្ដេចថា៖ «សូមស្ដេចជាម្ចាស់ជ្រាបថា យោងទៅតាមច្បាប់របស់ពួកមេឌីនិងពើស៊ី ច្បាប់ឬបម្រាមណាដែលស្ដេចចុះហត្ថលេខាហើយ មិនអាចកែប្រែបានទេ»។+
១៦ ដូច្នេះ ស្ដេចបានចេញបញ្ជា ហើយគេក៏ចាប់ដានីយ៉ែល យកទៅបោះក្នុងរូងតោ។+ ស្ដេចបាននិយាយទៅដានីយ៉ែលថា៖ «ព្រះដែលអ្នកតែងតែគោរពបម្រើ លោកនឹងសង្គ្រោះអ្នកជាមិនខាន»។
១៧ បន្ទាប់មក គេបានយកថ្មមួយមកគ្របនៅមាត់រូងតោ។ រួចស្ដេចនិងពួកមន្ត្រីជាន់ខ្ពស់បានយកចិញ្ចៀនត្រាបោះត្រាលើនោះ ដើម្បីកុំឲ្យសេចក្ដីសម្រេចអំពីដានីយ៉ែលត្រូវផ្លាស់ប្ដូរឡើយ។
១៨ បន្ទាប់ពីនោះ ស្ដេចក៏ត្រឡប់ទៅវិមានវិញ។ នៅយប់នោះ គាត់មិនបានពិសាអ្វីឬមានការកម្សាន្តណាទេ* ហើយគាត់សម្រាន្តមិនលក់ទាល់តែសោះ។
១៩ លុះព្រលឹមស្រាងៗ ស្ដេចក៏ក្រោកឡើង ហើយប្រញាប់ទៅឯរូងតោ។
២០ ពេលទៅជិតដល់មាត់រូងតោ គាត់បានស្រែកសួរដានីយ៉ែលដោយសំឡេងក្រៀមក្រំថា៖ «ឱដានីយ៉ែលជាអ្នកបម្រើព្រះដែលមានជីវិតរស់នៅអើយ! តើព្រះដែលអ្នកតែងតែគោរពបម្រើ បានជួយសង្គ្រោះអ្នកពីសត្វតោទេ?»។
២១ ភ្លាមនោះ ដានីយ៉ែលបានឆ្លើយទៅស្ដេចថា៖ «សូមឲ្យស្ដេចជាម្ចាស់មានជីវិតជារៀងរហូត!
២២ ព្រះរបស់ខ្ញុំបានចាត់ទេវតារបស់លោកឲ្យមកបិទមាត់តោ+ ហើយពួកវាមិនបានធ្វើទុក្ខខ្ញុំទេ+ ព្រោះខ្ញុំមិនមានទោសនៅចំពោះព្រះរបស់ខ្ញុំទេ ហើយក៏មិនបានធ្វើខុសនឹងស្ដេចជាម្ចាស់ដែរ»។
២៣ ឮដូច្នេះ ស្ដេចត្រេកអរជាខ្លាំង ហើយក៏បញ្ជាឲ្យគេយោងដានីយ៉ែលចេញពីរូងតោ។ ពេលដានីយ៉ែលចេញមក មិនឃើញមានរបួសនៅលើខ្លួនគាត់ទេ ព្រោះគាត់បានទុកចិត្តព្រះរបស់គាត់។+
២៤ បន្ទាប់មក ស្ដេចក៏បានចេញបញ្ជាឲ្យគេយកពួកបុរសដែលចោទប្រកាន់ដានីយ៉ែលទៅបោះក្នុងរូងតោ ព្រមជាមួយនឹងប្រពន្ធកូនរបស់ពួកគេដែរ។ កាលពួកគេមិនទាន់ធ្លាក់ដល់បាតរូងផង សត្វតោបានហក់ទៅបំបាក់ឆ្អឹងពួកគេទៅ។+
២៥ រួចមក ស្ដេចដារីយុសបានសរសេរសារទៅបណ្ដាជនគ្រប់ជាតិសាសន៍ គ្រប់ភាសាដែលអាស្រ័យនៅទូទាំងផែនដីថា៖+ «សូមឲ្យអ្នករាល់គ្នាមានសេចក្ដីសុខសាន្តជាបរិបូរ!
២៦ ខ្ញុំចេញបញ្ជាថា បណ្ដាជនទាំងឡាយក្នុងគ្រប់តំបន់ដែលនៅក្រោមរាជាណាចក្រខ្ញុំ ត្រូវគោរពកោតខ្លាចដល់ព្រះរបស់ដានីយ៉ែល+ ព្រោះលោកជាព្រះដែលមានជីវិតរស់នៅ និងស្ថិតស្ថេរជារៀងរហូត។ រាជាណាចក្ររបស់លោកនឹងមិនត្រូវបំផ្លាញឡើយ ហើយការគ្រប់គ្រង*របស់លោកស្ថិតស្ថេរជាដរាប។+
២៧ ព្រោះលោកជាអ្នកជួយសង្គ្រោះ+ ហើយជាអ្នកធ្វើសញ្ញាសម្គាល់និងការអស្ចារ្យនៅស្ថានសួគ៌និងផែនដី+ គឺលោកហើយដែលបានជួយដានីយ៉ែលឲ្យរួចផុតពីក្រញាំតោ»។
២៨ យ៉ាងនេះ ដានីយ៉ែលបានចម្រុងចម្រើនក្នុងរាជាណាចក្ររបស់ដារីយុស+ និងក្នុងរាជាណាចក្ររបស់ស៊ីរូសជាស្ដេចពើស៊ី។+
កំណត់សម្គាល់
^ ឬប្រហែលជាមានន័យថា«មិនឲ្យគេនាំអ្នកលេងភ្លេងចូលមក»
^ ឬ«សិទ្ធិគ្រប់គ្រង»