ច្បាប់លេវី ៥:១-១៩
៥ «‹បើបុគ្គលម្នាក់បានឃើញឬដឹងនូវអំពើខុសឆ្គងណាមួយ តែមិនបានរាយការណ៍ប្រាប់ពេលដែលមានការប្រកាសស្វែងរកសាក្សីមកបញ្ជាក់*+ការពិត នោះគាត់នឹងមានទោសជាមិនខាន។
២ «‹បើអ្នកណាម្នាក់ពាល់អ្វីមួយដែលមិនស្អាតបរិសុទ្ធ ទោះជាសពសត្វព្រៃ សពសត្វស្រុក ឬសត្វល្អិត*ក្ដី+ នោះគាត់នឹងទៅជាមិនស្អាតបរិសុទ្ធ ហើយមានទោស ទោះជាគាត់មិនដឹងខ្លួនក៏ដោយ។
៣ បើអ្នកណាម្នាក់ពាល់មនុស្សមិនស្អាតបរិសុទ្ធ+ ឬអ្វីមួយដែលមិនស្អាតបរិសុទ្ធដោយអចេតនា នោះគាត់នឹងទៅជាមិនស្អាតបរិសុទ្ធ ហើយមានទោស ទោះបីជាមួយរយៈពេលក្រោយមក ទើបគាត់ដឹងក៏ដោយ។
៤ «‹បើអ្នកណាម្នាក់រហ័សស្បថថានឹងធ្វើអ្វីមួយ មិនថាធ្វើល្អឬធ្វើអាក្រក់ក្ដី នោះគាត់នឹងមានទោសមិនខាន* ទោះជាមួយរយៈក្រោយមក ទើបគាត់ដឹងថាខ្លួនបានស្បថរហ័សពេកក៏ដោយ។+
៥ «‹បើគាត់ធ្វើខុសក្នុងករណីណាមួយខាងលើនេះ គាត់ត្រូវសារភាព+កំហុសខ្លួន។
៦ មិនត្រឹមតែប៉ុណ្ណោះ គាត់ត្រូវយកកូនចៀមញីឬកូនពពែញី ជូនព្រះយេហូវ៉ាជាគ្រឿងបូជាសម្រាប់អំពើរំលងនិងអំពើខុសឆ្គងរបស់គាត់។+ បន្ទាប់មក សង្ឃនឹងជម្រះភាពខុសឆ្គងឲ្យគាត់។
៧ «‹ប៉ុន្តែ បើគាត់គ្មានលទ្ធភាពជូនសត្វចៀមទេ គាត់ត្រូវយកលលកពីរឬព្រាបជំទើរពីរ+ ទៅជូនព្រះយេហូវ៉ាជាគ្រឿងបូជាសម្រាប់អំពើរំលងនិងអំពើខុសឆ្គងរបស់គាត់ គឺសត្វមួយជាគ្រឿងបូជាសម្រាប់អំពើខុសឆ្គង និងសត្វមួយទៀតជាគ្រឿងបូជាដុត។+
៨ គាត់ត្រូវយកសត្វទាំងពីរនោះទៅប្រគល់ឲ្យសង្ឃ។ ដំបូង សង្ឃត្រូវជូនសត្វមួយជាគ្រឿងបូជាសម្រាប់អំពើខុសឆ្គង រួចគាត់ក្ដិចបណ្ដាច់ផ្នែកខាងមុខកវាតែមិនឲ្យដាច់ក្បាលទេ។
៩ សង្ឃត្រូវយកឈាមខ្លះរបស់វា ទៅប្រោះនៅជញ្ជាំងនៃទីបូជា។ រួចឈាមដែលនៅសល់ គាត់ត្រូវចាក់នៅជើងទីបូជា។+ នេះជាគ្រឿងបូជាសម្រាប់អំពើខុសឆ្គង។
១០ ឯសត្វមួយទៀត គាត់ត្រូវជូនជាគ្រឿងបូជាដុតស្របតាមការណែនាំនៃការជូនគ្រឿងបូជាដុត។+ បន្ទាប់មក សង្ឃនឹងជម្រះភាពខុសឆ្គងឲ្យបុគ្គលដែលបានធ្វើខុសនោះ ហើយព្រះនឹងអភ័យទោសឲ្យគាត់។+
១១ «‹បើគាត់គ្មានលទ្ធភាពជូនលលកពីរឬព្រាបជំទើរពីរទេ គាត់ត្រូវយកម្សៅម៉ដ្ឋ១ភាគ១០អេហ្វា*+ ទៅជូនព្រះជាគ្រឿងបូជាសម្រាប់អំពើខុសឆ្គងរបស់គាត់។ គាត់មិនត្រូវដាក់ប្រេងឬម្សៅក្រអូបពីលើឡើយ ព្រោះនេះជាគ្រឿងបូជាសម្រាប់អំពើខុសឆ្គង។
១២ បន្ទាប់មក គាត់ត្រូវយកទៅប្រគល់ឲ្យសង្ឃ ហើយសង្ឃនឹងយកម្សៅម៉ដ្ឋនោះមួយក្ដាប់ទៅដុតលើគ្រឿងបូជាដុតនៅលើទីបូជា ឲ្យផ្សែងហុយឡើងជូនព្រះយេហូវ៉ា សម្រាប់ជាតំណាងគ្រឿងបូជានោះទាំងមូល។ នេះជាគ្រឿងបូជាសម្រាប់អំពើខុសឆ្គង។
១៣ បន្ទាប់មក សង្ឃនឹងជម្រះភាពខុសឆ្គងឲ្យបុគ្គលដែលបានធ្វើខុសនោះ។ ទោះបើគាត់ធ្វើខុសក្នុងករណីណាក៏ដោយ គាត់នឹងទទួលការអភ័យទោស។+ ចំណែកឯម្សៅដែលនៅសល់នឹងបានជារបស់សង្ឃ+ ដូចគ្រឿងបូជាពីស្រូវដែរ›»។+
១៤ ព្រះយេហូវ៉ាមានប្រសាសន៍ទៅម៉ូសេបន្តទៀតថា៖
១៥ «បើអ្នកណាម្នាក់ប្រព្រឹត្តមិនស្មោះត្រង់ដោយមិនដឹងខ្លួន ចំពោះអ្វីដែលបានត្រូវញែកជាបរិសុទ្ធទុកជូនព្រះយេហូវ៉ា នោះគាត់បានធ្វើខុសហើយ។+ ដូច្នេះ គាត់ត្រូវយកចៀមឈ្មោលដ៏ល្អឥតខ្ចោះ ជូនព្រះយេហូវ៉ាជាគ្រឿងបូជាសម្រាប់អំពើរំលងរបស់គាត់។+ សត្វនោះត្រូវមានតម្លៃកំណត់ ជាប្រាក់ហ្សេគិល* ដែលគិតតាមទម្ងន់ហ្សេគិលប្រើនៅកន្លែងបរិសុទ្ធ។+
១៦ មិនត្រឹមតែប៉ុណ្ណោះ គាត់ត្រូវបង់ថ្លៃដល់សង្ឃចំពោះអំពើខុសឆ្គងដែលគាត់បានធ្វើទាស់នឹងកន្លែងបរិសុទ្ធ ហើយថែម១ភាគ៥ពីលើតម្លៃនៃរបស់នោះ+ ដើម្បីឲ្យសង្ឃជម្រះភាពខុសឆ្គងឲ្យគាត់+ ដោយដុតចៀមឈ្មោលនោះជាគ្រឿងបូជាសម្រាប់អំពើរំលង ហើយគាត់នឹងទទួលការអភ័យទោស។+
១៧ «បើអ្នកណាម្នាក់ធ្វើអំពើណាមួយដែលព្រះយេហូវ៉ាបានហាមឃាត់ ទោះជាគាត់មិនដឹងខ្លួនក្ដី គាត់នៅតែមានទោស ហើយត្រូវទទួលខុសត្រូវចំពោះកំហុសនោះ។+
១៨ ដូច្នេះ គាត់ត្រូវយកចៀមឈ្មោលដ៏ល្អឥតខ្ចោះទៅប្រគល់ឲ្យសង្ឃ ស្របតាមតម្លៃដែលបានត្រូវកំណត់ចំពោះគ្រឿងបូជាសម្រាប់អំពើរំលង។+ បន្ទាប់មក សង្ឃនឹងជម្រះភាពខុសឆ្គងឲ្យគាត់ ចំពោះកំហុសដែលគាត់បានធ្វើដោយអចេតនា ហើយគាត់នឹងទទួលការអភ័យទោស។
១៩ នេះជាគ្រឿងបូជាសម្រាប់អំពើរំលង។ គាត់ពិតជាមានទោស ព្រោះបានធ្វើខុសនឹងព្រះយេហូវ៉ាហើយ»។
កំណត់សម្គាល់
^ ន័យត្រង់«សំឡេងដាក់បណ្ដាសា»។ ប្រហែលជាមានន័យថាសេចក្ដីប្រកាសអំពីអំពើខុសឆ្គងមួយដែលរួមបញ្ចូលបណ្ដាសាទាស់នឹងអ្នកដែលធ្វើខុស ឬទាស់នឹងសាក្សីដែលមិនបានរាយការណ៍ប្រាប់
^ នេះអាចសំដៅលើសត្វតូចៗណាដែលរស់នៅផ្ដុំគ្នា
^ តាមមើលទៅគាត់មានទោសដោយសារគាត់មិនបានធ្វើតាមពាក្យសម្បថ
^ គឺ១ភាគ១០អេហ្វាស្មើនឹង២,២លីត្រ។ មើលសេចក្ដីពន្យល់បន្ថែម ផ្នែកខ១៤
^ មួយហ្សេគិលស្មើនឹង១១,៤ក្រាម។ មើលសេចក្ដីពន្យល់បន្ថែម ផ្នែកខ១៤