ចម្រៀងសរសើរព្រះ ១០៥:១-៤៥

  • ព្រះ​យេហូវ៉ា​បង្ហាញ​ចិត្ត​ស្មោះ​ត្រង់​ចំពោះ​រាស្ត្រ​លោក

    • ព្រះ​ចង​ចាំ​កិច្ច​ព្រម​ព្រៀង​របស់​លោក (​៨​-​១០)

    • «​កុំ​ប៉ះ​ពាល់​ពួក​អ្នក​ដែល​ខ្ញុំ​បាន​រើស​តាំង​ឲ្យ​សោះ​»​ (​១៥)

    • ព្រះ​បាន​ប្រើ​យ៉ូសែប​ដែល​ជា​ខ្ញុំ​បម្រើ (​១៧​-​២២)

    • ការ​អស្ចារ្យ​របស់​ព្រះ​នៅ​ស្រុក​អេហ្ស៊ីប (​២៣​-​៣៦)

    • ជន​ជាតិ​អ៊ីស្រាអែល​ចាក​ចេញ​ពី​ស្រុក​អេហ្ស៊ីប (​៣៧​-​៣៩)

    • ព្រះ​នឹក​ចាំ​សេចក្ដី​សន្យា​ជា​មួយ​នឹង​អាប្រាហាំ (​៤២)

១០៥  ចូរ​ថ្លែង​អំណរ​គុណ​ដល់​ព្រះ​យេហូវ៉ា+ ហើយ​ហៅ​រក​នាម​លោកចូរ​ផ្សាយ​អំពី​ស្នា​ដៃ​របស់​លោក​ដល់​ប្រជា​ជាតិ​នា​នា!+  ២  ចូរ​ច្រៀង​ជូន​លោក ចូរ​ច្រៀង*សរសើរ​លោកចូរ​រំពឹង​គិត*អំពី​ស្នា​ដៃ​ដ៏​អស្ចារ្យ​ទាំង​អស់​របស់​លោក។+  ៣  ចូរ​អួត​អំពី​នាម​បរិសុទ្ធ​របស់​លោក+ចូរ​ឲ្យ​អ្នក​ដែល​ស្វែង​រក​ព្រះ​យេហូវ៉ា​មាន​ចិត្ត​សប្បាយ។+  ៤  ចូរ​ស្វែង​រក​ព្រះ​យេហូវ៉ា+ និង​សុំ​កម្លាំង​ពី​លោកចូរ​ស្វែង​រក​ជំនួយ​ពី​លោក​ជា​និច្ច។  ៥  ចូរ​នឹក​ឃើញ​ស្នា​ដៃ​ដ៏​អស្ចារ្យ​របស់​លោកចូរ​នឹក​ឃើញ​អព្ភូតហេតុ​និង​ការ​វិនិច្ឆ័យ​របស់​លោក+  ៦  អ្នក​រាល់​គ្នា​ជា​កូន​ចៅ*អាប្រាហាំ​ដែល​ជា​អ្នក​បម្រើ​របស់​លោក+អ្នក​រាល់​គ្នា​ជា​កូន​ចៅ​យ៉ាកុប និង​ជា​អ្នក​ដែល​លោក​បាន​ជ្រើស​រើស។+  ៧  លោក​គឺ​យេហូវ៉ា​ជា​ព្រះ​របស់​យើង+លោក​ជា​អ្នក​វិនិច្ឆ័យ​ក្ដី​នៅ​ទូទាំង​ផែនដី។+  ៨  លោក​ចង​ចាំ​កិច្ច​ព្រម​ព្រៀង​របស់​លោក​ជា​ដរាប+គឺ​ចង​ចាំ​សេចក្ដី​សន្យា*របស់​លោក​ជា​រៀង​រហូត+  ៩  គឺ​ជា​កិច្ច​ព្រម​ព្រៀង​ដែល​លោក​បាន​ធ្វើ​ជា​មួយ​នឹង​អាប្រាហាំ+និង​ជា​សម្បថ​ដែល​លោក​បាន​ស្បថ​នឹង​អ៊ីសាក។+ ១០  លោក​បាន​បញ្ជាក់​សម្បថ​នោះ​ដោយ​ចេញ​បញ្ជា​មួយ​ដើម្បី​ជា​ការ​ធានា​ដល់​យ៉ាកុប និង​ជា​កិច្ច​ព្រម​ព្រៀង​ដ៏​ស្ថិត​ស្ថេរ​ជា​មួយ​នឹង​អ៊ីស្រាអែល។ ១១  លោក​មាន​ប្រសាសន៍​ថា​៖ ​«​ខ្ញុំ​នឹង​ឲ្យ​ទឹក​ដី​ស្រុក​កាណាន​ដល់​អ្នក+ទុក​ជា​មត៌ក​»។+ ១២  ពេល​នោះ​ពួក​គេ​មាន​ចំនួន​តិច​នៅ​ឡើយ+គឺ​មាន​គ្នា​តិច​ណាស់ ហើយ​ពួក​គេ​ជា​ជន​បរទេស​ក្នុង​ទឹក​ដី​នោះ។+ ១៣  កាល​នោះ ពួក​គេ​បាន​ដើរ​ពី​ស្រុក​មួយ​ទៅ​ស្រុក​មួយពី​រាជាណាចក្រ​មួយ​ទៅ​រាជាណាចក្រ​មួយ។+ ១៤  លោក​មិន​អនុញ្ញាត​ឲ្យ​អ្នក​ណា​ម្នាក់​សង្កត់​សង្កិន​ពួក​គេ​ឡើយ។+ ប៉ុន្តែ លោក​បាន​ប្រដៅ​ស្ដេច​នា​នា​ដើម្បី​ការ​ពារ​ពួក​គេ។+ ១៥  លោក​មាន​ប្រសាសន៍​ថា​៖ ​«​កុំ​ប៉ះ​ពាល់​ពួក​អ្នក​ដែល​ខ្ញុំ​បាន​រើស​តាំង​ឲ្យ​សោះហើយ​កុំ​ធ្វើ​បាប​ពួក​អ្នក​ប្រកាស​ទំនាយ​របស់​ខ្ញុំ​ឡើយ​»។+ ១៦  លោក​ធ្វើ​ឲ្យ​ទឹក​ដី​នោះ​ជួប​គ្រោះ​អត់​ឃ្លាន+លោក​ធ្វើ​ឲ្យ​ពួក​គេ​លែង​មាន​អាហារ​បរិភោគ*ទៀត។ ១៧  លោក​ចាត់​បុរស​ម្នាក់​ឲ្យ​ទៅ​មុន​ពួក​គេគឺ​យ៉ូសែប​ដែល​បាន​ត្រូវ​លក់​ឲ្យ​ធ្វើ​ជា​ខ្ញុំ​បម្រើ។+ ១៨  គេ​ដាក់​ខ្នោះ​ជើង​គាត់+ក៏​យក​ខ្នោះ​ដែក​ដាក់​ក​គាត់​ដែរ។ ១៩  រហូត​ដល់​ពាក្យ​របស់​លោក​ក្លាយ​ជា​ការ​ពិត។+ ប្រសាសន៍​របស់​ព្រះ​យេហូវ៉ា​បាន​ធ្វើ​ឲ្យ​គាត់​ស្អាត​បរិសុទ្ធ។ ២០  ស្ដេច​បាន​ចាត់​គេ​ឲ្យ​ទៅ​ដោះ​លែង​គាត់+អ្នក​គ្រប់​គ្រង​បណ្ដា​រាស្ត្រ​បាន​ឲ្យ​គាត់​មាន​សេរី​ភាព​វិញ។ ២១  ស្ដេច​តែង​តាំង​គាត់​ឲ្យ​មើល​ខុស​ត្រូវ​លើ​វិមានព្រម​ទាំង​ឲ្យ​គាត់​គ្រប់​គ្រង​លើ​ទ្រព្យ​សម្បត្តិ​ទាំង​អស់​របស់​ស្ដេច​ទៀត​ផង។+ ២២  ស្ដេច​បាន​ឲ្យ​គាត់​មាន​អំណាច​ត្រួត​ត្រា​លើ​ពួក​មេ​ដឹក​នាំ​របស់​ស្ដេច​តាម​ចិត្ត​របស់​គាត់ហើយ​ឲ្យ​គាត់​បង្រៀន​ពួក​អ្នក​នាំ​មុខ*ឲ្យ​មាន​ប្រាជ្ញា។+ ២៣  រួច​មក អ៊ីស្រាអែល​បាន​ចូល​មក​ក្នុង​ស្រុក​អេហ្ស៊ីប+ហើយ​យ៉ាកុប​បាន​ស្នាក់​នៅ​ជា​ជន​បរទេស​ក្នុង​ទឹក​ដី​របស់​ហាំ។ ២៤  ព្រះ​ធ្វើ​ឲ្យ​រាស្ត្រ​របស់​លោក​មាន​កូន​ចៅ​កាន់​តែ​ច្រើន​ឡើង+លោក​ធ្វើ​ឲ្យ​ពួក​គេ​មាន​កម្លាំង​ខ្លាំង​ជាង​ពួក​សត្រូវ។+ ២៥  លោក​ទុក​ឲ្យ​ពួក​សត្រូវ​ស្អប់​រាស្ត្រ​របស់​លោកហើយ​អនុញ្ញាត​ឲ្យ​ពួក​គេ​រៀប​គម្រោង​ធ្វើ​បាប​ពួក​អ្នក​បម្រើ​របស់​លោក។+ ២៦  លោក​បាន​ចាត់​ម៉ូសេ​ជា​អ្នក​បម្រើ​របស់​លោក+និង​ចាត់​អេរ៉ុន+ជា​អ្នក​ដែល​លោក​បាន​ជ្រើស​រើស ឲ្យ​ទៅ​ជា​មួយ​គ្នា។ ២៧  លោក​បាន​ឲ្យ​ពួក​គាត់​ធ្វើ​ការ​អស្ចារ្យ​នៅ​ចំពោះ​មុខ​ពួក​គេ*និង​ឲ្យ​ពួក​គាត់​ធ្វើ​អព្ភូតហេតុ​ផ្សេង​ៗ​ក្នុង​ទឹក​ដី​របស់​ហាំ។+ ២៨  លោក​ធ្វើ​ឲ្យ​ទឹក​ដី​នោះ​ងងឹត​សូន្យ​ឈឹង។+ ពួក​គាត់​មិន​បាន​ប្រឆាំង​នឹង​ប្រសាសន៍​របស់​លោក​ឡើយ។ ២៩  លោក​ធ្វើ​ឲ្យ​ទឹក​របស់​ពួក​គេ​ប្រែ​ទៅ​ជា​ឈាមហើយ​ធ្វើ​ឲ្យ​ត្រី​របស់​ពួក​គេ​ស្លាប់។+ ៣០  មាន​កង្កែប​ពាស​ទឹក​ពាស​ដី​ក្នុង​ស្រុក​របស់​ពួក​គេ+សូម្បី​តែ​ក្នុង​វិមាន​ស្ដេច ក៏​មាន​ដែរ។ ៣១  លោក​បញ្ជា​ហ្វូង​របោម​និង​ហ្វូង​សុចឲ្យ​ចូល​ទៅ​ធ្វើ​ទុក្ខ​បុក​ម្នេញ​ពេញ​ទឹក​ដី​របស់​ពួក​គេ។+ ៣២  លោក​ទម្លាក់​ដុំ​ទឹក​កក​ជំនួស​ភ្លៀងលោក​បាញ់​ផ្លេក​បន្ទោរ*ទៅ​លើ​ទឹក​ដី​របស់​ពួក​គេ។+ ៣៣  លោក​បំផ្លាញ​ចម្ការ​ទំពាំង​បាយ​ជូរ​និង​ដើម​ល្វា​តូច​របស់​ពួក​គេព្រម​ទាំង​កម្ទេច​ដើម​ឈើ​ទាំង​ប៉ុន្មាន​ក្នុង​ស្រុក​នោះ។ ៣៤  លោក​បង្គាប់​ហ្វូង​កណ្ដូប​ឲ្យ​ចូល​រុក​រានកណ្ដូប​ទាំង​នោះ​មាន​ចំនួន​ច្រើន​ឥត​គណនា។+ ៣៥  ពួក​វា​ស៊ី​បង្ហិន​រុក្ខជាតិ​ទាំង​អស់​ដែល​មាន​ក្នុង​ទឹក​ដី​របស់​ពួក​គេហើយ​ពួក​វា​ស៊ី​បំផ្លាញ​ផល​ដំណាំ​របស់​ពួក​គេ​ខ្ទេច​ខ្ទី​អស់។ ៣៦  បន្ទាប់​មក លោក​បាន​សម្លាប់​កូន​ច្បង​ទាំង​អស់​របស់​ពួក​គេ​ក្នុង​ស្រុក​នោះ+គឺ​កូន​ដំបូង​ដែល​ពួក​គេ​បាន​បង្កើត។ ៣៧  លោក​បាន​នាំ​រាស្ត្រ​របស់​លោក​ចេញ​មក​ទាំង​មាន​មាស​និង​ប្រាក់+ហើយ​ក្នុង​ចំណោម​កុល​សម្ព័ន្ធ​របស់​លោក គ្មាន​អ្នក​ណា​ម្នាក់​ខ្សោយ*ឡើយ។ ៣៨  ពេល​រាស្ត្រ​របស់​លោក​ចាក​ចេញ​ទៅ ពួក​អេហ្ស៊ីប​ក៏​អរ​សប្បាយព្រោះ​ពួក​គេ​ខ្លាច​ជន​ជាតិ​អ៊ីស្រាអែល​ខ្លាំង​ណាស់។+ ៣៩  លោក​លាត​ពពក​គ្រប​បាំង​ជន​ជាតិ​អ៊ីស្រាអែល+ហើយ​លោក​ដាក់​ភ្លើង​បំភ្លឺ​ពួក​គេ​នៅ​ពេល​យប់។+ ៤០  ពួក​គេ​សុំ​អាហារ​ពី​លោក ហើយ​លោក​បាន​ឲ្យ​សត្វ​ក្រួច​ដល់​ពួក​គេ+លោក​បាន​ផ្ដល់​អាហារ*ពី​ស្ថាន​សួគ៌​ឲ្យ​ពួក​គេ​បរិភោគ​ឆ្អែត​ស្កប់​ស្កល់។+ ៤១  លោក​បាន​បើក​ថ្ម រួច​ទឹក​ក៏​ហូរ​ចេញ​មក+ទឹក​នោះ​ហូរ​កាត់​តំបន់​ស្ងាត់​ជ្រងំ​ប្រៀប​ដូច​ជា​ទន្លេ។+ ៤២  ព្រោះ​លោក​នឹក​ចាំ​សេចក្ដី​សន្យា​ដ៏​ពិសិដ្ឋ​ដែល​លោក​បាន​ធ្វើ​ជា​មួយ​នឹង​អាប្រាហាំ​ជា​អ្នក​បម្រើ​របស់​លោក។+ ៤៣  ហេតុ​នេះ លោក​បាន​នាំ​រាស្ត្រ​របស់​លោក​ចេញ​មក​ទាំង​ស្រែក​អរ​សប្បាយ+គឺ​ពួក​អ្នក​ដែល​លោក​បាន​ជ្រើស​រើស បាន​ចេញ​មក​ទាំង​បន្លឺ​សំឡេង​ត្រេក​អរ។ ៤៤  លោក​ប្រគល់​ទឹក​ដី​របស់​ប្រជា​ជាតិ​នា​នា​ឲ្យ​ពួក​គេ+ពួក​គេ​ចូល​ទៅ​គ្រប់​គ្រង​លើ​ភោគ​ផល​ដែល​ជន​ជាតិ​ឯ​ទៀត​ខិត​ខំ​ធ្វើ​យ៉ាង​នឿយ​ហត់។+ ៤៥  លោក​ធ្វើ​ដូច្នេះ ដើម្បី​ឲ្យ​ពួក​គេ​រក្សា​បញ្ញត្តិ​របស់​លោក+ហើយ​ធ្វើ​តាម​ច្បាប់​របស់​លោក។ចូរ​សរសើរ​យ៉ា!*

កំណត់សម្គាល់

ឬ​ប្រហែល​ជា​មាន​ន័យ​ថា​«​ថ្លែង​ប្រាប់​»​
ឬ​«​លេង​ភ្លេង​»​
ន័យ​ត្រង់​«​ពូជ​»​
ន័យ​ត្រង់​«​បង្គាប់​»​
ន័យ​ត្រង់​«​លោក​បំបាក់​ដំបង​នំ​ប៉័ង​ទាំង​អស់​»។ នេះ​ប្រហែល​ជា​សំដៅ​លើ​ដំបង​ដែល​ប្រើ​សម្រាប់​ព្យួរ​នំ​ប៉័ង
ឬ​«​ពួក​បុរស​ចាស់​ទុំ​»​
តាម​មើល​ទៅ​នេះ​សំដៅ​លើ​ពួក​អេហ្ស៊ីប
ឬ​«​បាញ់​អណ្ដាត​ភ្លើង​»​
ឬ​«​ជំពប់​ដួល​»​
ន័យ​ត្រង់​«​នំ​ប៉័ង​»​
ឬ​«​ហាឡេលូយ៉ា!​»។ ​«​យ៉ា​»​ជា​ឈ្មោះ​កាត់​របស់​ព្រះ​យេហូវ៉ា