លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

ជំពូក​ទី​២០

តើ​កូន​ចេះ​តែ​ចង់​បាន​មុន​គេ​ឬ?

តើ​កូន​ចេះ​តែ​ចង់​បាន​មុន​គេ​ឬ?

តើ​កូន​ស្គាល់​អ្នក​ណា​ម្នាក់​ដែល​តែង​តែ​ចង់​នាំ​មុខ​គេ​ឬ​ចង់​ធ្វើ​ជា​លេខ​មួយ​ទេ?— ប្រហែល​ជា​គាត់​រុញ​អ្នក​ណា​ម្នាក់​ដើម្បី​គាត់​នៅ​មុខ​គេ​ពេល​រង់​ចាំ​ជា​ជួរ។ តើ​កូន​ធ្លាប់​ឃើញ​គេ​ធ្វើ​ដូច្នេះ​ឬ​ទេ?— គ្រូ​ដ៏​ល្អ​ប្រសើរ​ធ្លាប់​ឃើញ​ថា មនុស្ស​ធំ​ជួន​កាល​ក៏​ខំ​ឲ្យ​បាន​កន្លែង​សំខាន់​ជាង​គេ​ដែរ។ ក៏​ប៉ុន្តែ លោក​មិន​ចូល​ចិត្ត​មនុស្ស​បែប​នោះ​ទេ។ សូម​មើល​ជា​មួយ​គ្នា​នូវ​អ្វី​ដែល​បាន​កើត​ឡើង។

តើ​កូន​ធ្លាប់​ឃើញ​អ្នក​ដែល​ចង់​បាន​មុន​គេ​ឬ​ទេ?

គម្ពីរ​ប្រាប់​យើង​ថា ផារិស៊ី​ដែល​ជា​មេ​ដឹក​នាំ​សាសនា​ដ៏​សំខាន់​ម្នាក់​បាន​អញ្ជើញ​លោក​យេស៊ូ​ចូល​រួម​ពិធី​ជប់​លៀង​មួយ។ ពេល​លោក​យេស៊ូ​មក​ដល់ លោក​បាន​សង្កេត​ឃើញ​ថា​ពួក​បុរស​ដែល​ជា​ភ្ញៀវ​កំពុង​រើស​យក​កន្លែង​សំខាន់​ជាង​គេ។ ដូច្នេះ លោក​បាន​និយាយ​រឿង​មួយ​ប្រាប់​អស់​អ្នក​ដែល​បាន​ចូល​រួម​ពិធី​នោះ។ តើ​កូន​ចង់​ស្តាប់​ទេ?—

លោក​យេស៊ូ​បាន​ប្រាប់​ថា​៖ ‹ពេល​ដែល​មាន​គេ​អញ្ជើញ​អ្នក​ទៅ​ពិសា​អាហារ​អបអរអាពាហ៍ពិពាហ៍ កុំ​ទៅ​អង្គុយ​នៅ​កន្លែង​សំខាន់​ជាង​គេ​ឡើយ›។ តើ​កូន​ដឹង​មូលហេតុ​ដែល​លោក​យេស៊ូ​បាន​ប្រាប់​ដូច្នេះ​ទេ?— លោក​បាន​ពន្យល់​ថា ប្រហែល​ជា​គេ​បាន​អញ្ជើញ​អ្នក​ណា​ម្នាក់​ដែល​សំខាន់​ជាង។ ដូច្នេះ ដូច​កូន​ឃើញ​ក្នុង​រូប​ភាព​នេះ អ្នក​រៀបចំ​ពិធី​ជប់​លៀង​បាន​មក ហើយ​ប្រាប់​ថា​៖ ‹សូម​ឲ្យ​បុរស​នេះ​អង្គុយ​នៅ​ទី​នេះ​វិញ ហើយ​អ្នក​ទៅ​អង្គុយ​នៅ​កន្លែង​នោះ›។ តើ​អ្នក​ដែល​ទៅ​អង្គុយ​កន្លែង​ផ្សេង​នឹង​មាន​អារម្មណ៍​យ៉ាង​ណា?— គាត់​ប្រហែល​ជា​ខ្មាស​គេ ពី​ព្រោះ​គាត់​ត្រូវ​ប្ដូរ​ទៅ​កន្លែង​ដែល​មិន​សូវ​សំខាន់​នៅ​ចំពោះ​មុខ​ភ្ញៀវ​ទាំង​អស់។

លោក​យេស៊ូ​បាន​បង្រៀន​ថា ការ​ចង់​បាន​កន្លែង​សំខាន់​បំផុត​គឺ​មិន​ត្រឹម​ត្រូវ​ទេ។ ដូច្នេះ​លោក​បាន​ប្រាប់​ថា​៖ ‹ពេល​ដែល​មាន​គេ​អញ្ជើញ​អ្នក​ទៅ​ពិសា​អាហារ​អបអរ​អាពាហ៍ពិពាហ៍ ចូរ​ទៅ​អង្គុយ​នៅ​កន្លែង​ក្រោយ​គេ​បង្អស់។ រួច​មក ប្រហែល​ជា​អ្នក​ដែល​បាន​អញ្ជើញ​អ្នក​មក​ដល់ ហើយ​ប្រាប់​អ្នក​ថា​៖ ​«​សម្លាញ់ សូម​ទៅ​អង្គុយ​នៅ​កន្លែង​ខ្ពស់​ជាង​»។ រួច​អ្នក​នឹង​មាន​កិត្តិយស​នៅ​មុខ​ភ្ញៀវ​ទាំង​អស់ ពេល​អ្នក​ប្ដូរ​ទៅ​កន្លែង​ដែល​សំខាន់​ជាង›។—លូកា ១៤:១, ៧​-​១១

ពេល​លោក​យេស៊ូ​ប្រាប់​អំពី​អ្នក​ដែល​ចង់​បាន​កន្លែង​អង្គុយ​សំខាន់​បំផុត តើ​លោក​បាន​បង្រៀន​យើង​នូវ​មេរៀន​អ្វី?

តើ​កូន​យល់​អត្ថន័យ​រឿង​របស់​លោក​យេស៊ូ​ទេ?— សូម​យើង​គិត​អំពី​ឧទាហរណ៍​មួយ​ដើម្បី​ដឹង​ថា​កូន​យល់​អត្ថន័យ​រឿង​នោះ​ឬ​យ៉ាង​ណា។ សូម​ស្រមៃ​គិត​ថា កូន​កំពុង​ឡើង​ឡាន​ក្រុង​មួយ​ដែល​មាន​មនុស្ស​ច្រើន។ តើ​កូន​គួរ​ប្រញាប់​ទៅ​អង្គុយ​ភ្លាម ហើយ​ទុក​ឲ្យ​មនុស្ស​វ័យ​ចាស់​ឈរ​ឬ​ទេ?— បើ​កូន​ធ្វើ​ដូច្នោះ តើ​លោក​យេស៊ូ​ពេញ​ចិត្ត​ឬ​ទេ?—

អ្នក​ខ្លះ​ប្រហែល​និយាយ​ថា​លោក​យេស៊ូ​មិន​ចាប់​អារម្មណ៍​ចំពោះ​អ្វី​ដែល​យើង​ធ្វើ​ទេ។ ក៏​ប៉ុន្តែ តើ​កូន​ជឿ​ដូច្នោះ​ដែរ​ទេ?— ពេល​លោក​យេស៊ូ​ចូល​រួម​ពិធី​ជប់​លៀង​នៅ​ផ្ទះ​របស់​ផារិស៊ី​ម្នាក់ លោក​បាន​សង្កេត​មើល​ភ្ញៀវ​ដែល​ជ្រើស​រើស​កន្លែង​អង្គុយ។ តើ​កូន​គិត​ថា​លោក​កំពុង​សង្កេត​មើល​យើង​នៅ​សព្វ​ថ្ងៃ​នេះ​ដែរ​ទេ?— ឥឡូវ​នេះ លោក​យេស៊ូ​នៅ​ស្ថាន​សួគ៌ ដូច្នេះ​លោក​ងាយ​នឹង​សង្កេត​មើល​យើង។

ពេល​អ្នក​ណា​ម្នាក់​ខំ​ឲ្យ​បាន​មុន​គេ នោះ​នាំ​ឲ្យ​មាន​បញ្ហា។ ជា​រឿយ​ៗ នេះ​ធ្វើ​ឲ្យ​មនុស្ស​ខឹងហើយ​ឈ្លោះ​គ្នា។ ជួន​កាល នេះ​កើត​ឡើង​ពេល​កូន​ក្មេង​ជិះ​ឡាន​សាលា​ជា​មួយ​គ្នា។ ពេល​គេ​បើក​ទ្វារ​ឡាន​ភ្លាម កូន​ក្មេង​ក៏​ប្រញាយ​គ្នា​ឡើង​មុន។ ពួក​គេ​ចង់​បាន​កៅអី​ល្អ​បំផុត​នៅ​ជិត​បង្អួច។ រួច​មក តើ​អ្វី​អាច​កើត​ឡើង?— មែន​ហើយ ពួក​គេ​ប្រហែល​ជា​ខឹង​គ្នា។

បើ​យើង​គិត​ថា​ខ្លួន​សំខាន់​ជាង​អ្នក​ឯ​ទៀត នោះ​អាច​បណ្ដាល​ឲ្យ​មាន​បញ្ហា​ច្រើន​ណាស់។ រឿង​នេះ​ក៏​បាន​កើត​ឡើង​ក្នុង​ចំណោម​ពួក​សាវ័ក​របស់​លោក​យេស៊ូ​ដែរ។ យើង​ធ្លាប់​រៀន​នៅ​ជំពូក​ទី​៦​ក្នុង​សៀវភៅ​នេះ​ថា ពួក​សាវ័ក​បាន​ឈ្លោះ​ប្រកែក​គ្នា​អំពី​អ្នក​ណា​ធំ​ជាង​គេ​ឬ​សំខាន់​ជាង​គេ។ នៅ​ពេល​នោះ តើ​លោក​យេស៊ូ​បាន​ធ្វើ​អ្វី?— ត្រូវ​ហើយ លោក​បាន​កែ​តម្រង់​ពួក​គាត់។ ប៉ុន្តែ ក្រោយ​មក​ពួក​គាត់​បាន​ឈ្លោះ​គ្នា​ម្ដង​ទៀត។ សូម​យើង​ពិនិត្យ​មើល​ដើម​ហេតុ​នៃ​រឿង​នោះ។

លោក​យេស៊ូ​កំពុង​ធ្វើ​ដំណើរ​ជា​មួយ​នឹង​ពួក​សាវ័ក​ទៅ​ក្រុង​យេរូសាឡិម​ជា​លើក​ចុង​ក្រោយ។ នៅ​ពេល​នោះ​លោក​យេស៊ូ​កំពុង​និយាយ​ជា​មួយ​នឹង​ពួក​គាត់​អំពី​រាជាណាចក្រ​របស់លោក។ ដូច្នេះ យ៉ាកុប​និង​យ៉ូហាន​ក៏​បាន​គិត​អំពី​ការ​គ្រប់​គ្រង​ជា​ស្ដេច​ជា​មួយ​លោក។ ពួក​គាត់​រហូត​ដល់​និយាយ​អំពី​រឿង​នេះ​ប្រាប់​សាឡូមេ​ដែល​ជា​ម្ដាយ​របស់​ពួក​គាត់​ទៀត​ផង។ (​ម៉ាថាយ ២៧:៥៦; ម៉ាកុស ១៥:៤០​) ដូច្នេះ ពេល​ពួក​គាត់​ធ្វើ​ដំណើរ​តាម​ផ្លូវ​ទៅ​ក្រុង​យេរូសាឡិម សាឡូមេ​ក៏​បាន​មក​ជួប​លោក​យេស៊ូ។ នាង​ឱន​គោរព​លោក ហើយ​ធ្វើ​សំណូម​ពរ​មួយ។

លោក​យេស៊ូ​សួរ​នាង​ថា​៖ ​«​តើ​ចង់​បាន​អ្វី?​»។ នាង​ឆ្លើយ​ថា នាង​ចង់​ឲ្យ​កូន​ប្រុស​របស់​នាង​អង្គុយ​ក្បែរ​លោក​ក្នុង​រាជាណាចក្រ ម្នាក់​នៅ​ខាង​ស្ដាំ ម្នាក់​នៅ​ខាង​ឆ្វេង​លោក។ ពេល​សាវ័ក​១០​នាក់​ទៀត​ដឹង​ថា​យ៉ាកុប​និង​យ៉ូហាន​បាន​ឲ្យ​ម្ដាយ​ទៅ​សុំ​លោក​យេស៊ូ​ដូច្នោះ តើ​ពួក​គាត់​មាន​អារម្មណ៍​យ៉ាង​ណា? តើ​កូន​គិត​ដូច​ម្ដេច?—

តើ​សាឡូមេ​បាន​សុំ​អ្វី​ពី​លោក​យេស៊ូ ហើយ​មាន​លទ្ធផល​អ្វី?

ត្រូវ​ហើយ ពួក​គាត់​ខឹង​យ៉ាកុប​និង​យ៉ូហាន​ខ្លាំង​ណាស់។ ដូច្នេះ លោក​យេស៊ូ​បាន​ជូន​ឱវាទ​ដ៏​ល្អ​ចំពោះ​សាវ័ក​ទាំង​អស់​របស់​លោក។ លោក​យេស៊ូ​បាន​ប្រាប់​ពួក​គាត់​ថា អ្នក​គ្រប់​គ្រង​ប្រជា​ជាតិ​នានា​ចង់​ធ្វើ​ជា​អ្នក​ធំ​ជាង​គេ​ឬ​សំខាន់​ជាង​គេ។ ពួក​គេ​ចង់​បាន​ឋានៈ​ខ្ពស់​បំផុត​ដើម្បី​ឲ្យ​មនុស្ស​ទាំង​អស់​គោរព​ពួក​គេ។ ប៉ុន្តែ លោក​យេស៊ូ​ប្រាប់​អ្នក​កាន់​តាម​លោក​ថា ពួក​គាត់​មិនគួរ​ធ្វើ​ដូច្នោះ​ទេ។ ផ្ទុយ​ទៅ​វិញ លោក​យេស៊ូ​និយាយ​ថា​៖ ​«​ក្នុង​ចំណោម​អ្នក​រាល់​គ្នា អ្នក​ណា​ដែល​ចង់​នាំ​មុខ​គេ អ្នក​នោះ​ត្រូវ​ធ្វើ​ជា​ខ្ញុំ​បម្រើ​របស់​អ្នក​រាល់​គ្នា​វិញ​»។ នេះ​ជា​ឱវាទ​ដែល​គួរ​ឲ្យ​ភ្ញាក់​ផ្អើល​ណាស់!—ម៉ាថាយ ២០:២០​-​២៨

តើ​កូន​ដឹង​ថា​ខ្ញុំ​បម្រើ​ធ្វើ​អ្វី​ទេ?— គាត់​បម្រើ​អ្នក​ឯ​ទៀត ដោយ​មិន​រំពឹង​ថា​អ្នក​ឯ​ទៀត​នឹង​បម្រើ​គាត់​ទេ។ គាត់​យក​កន្លែង​ដែល​អន់​ជាង​គេ​បំផុត មិន​មែន​កន្លែង​ល្អ​ជាង​គេ​ឡើយ។ គាត់​មិន​ប្រព្រឹត្ត​ដូច​ជា​ខ្លួន​សំខាន់​ជាង​គេ​ទេ តែ​គាត់​ចាត់​ទុក​ខ្លួន​ថា​ជា​អ្នក​មាន​ឋានៈ​ទាប​ជាង​គេ​វិញ។ ម្យ៉ាង​ទៀត កូន​នៅ​ចាំ​ទេ លោក​យេស៊ូ​បាន​ប្រាប់​ថា អ្នក​ដែល​ចង់​ធ្វើ​ជា​អ្នក​ធំ​ជាង​គេ អ្នក​នោះ​ត្រូវ​ប្រព្រឹត្ត​ដូច​ជា​ខ្ញុំ​បម្រើ​អ្នក​ឯ​ទៀត​វិញ។

ឥឡូវ តើ​កូន​គិត​ថា​នោះ​មាន​មេរៀន​អ្វី​សម្រាប់​យើង?— តើ​ខ្ញុំ​បម្រើ​នឹង​ប្រកែក​តវ៉ា​ជា​មួយ​ម្ចាស់​ដើម្បី​ឲ្យ​បាន​កន្លែង​អង្គុយ​ល្អ​បំផុត​ទេ? ឬ​តើ​គាត់​នឹង​ប្រកែក​តវ៉ា​ដើម្បី​អាច​ពិសា​អាហារ​មុន​ម្ចាស់​គាត់​ទេ? តើ​កូន​គិត​ដូច​ម្ដេច?— លោក​យេស៊ូ​បាន​ពន្យល់​ថា ខ្ញុំ​បម្រើ​តែង​តែ​បម្រើ​ម្ចាស់​របស់​ខ្លួន​ជា​មុន​សិន។—លូកា ១៧:៧​-​១០

ដូច្នេះ ជា​ជាង​ខំ​ធ្វើ​ខ្លួន​ជា​អ្នក​ធំ​ជាង​គេ តើ​យើង​គួរ​ធ្វើ​អ្វី?— មែន​ហើយ យើង​គួរ​ធ្វើ​ដូច​ជា​ខ្ញុំ​បម្រើ​អ្នក​ឯ​ទៀត។ ការ​ធ្វើ​ដូច្នោះ​មាន​ន័យ​ថា​យើង​គិត​អំពី​ប្រយោជន៍​អ្នក​ឯ​ទៀត​ជា​មុន ហើយ​មាន​ន័យ​ថា អ្នក​ឯ​ទៀត​គឺ​សំខាន់​ជាង​យើង។ តើ​កូន​អាច​គិត​អំពី​របៀប​ដែល​កូន​អាច​ចាត់​ទុក​ថា​អ្នក​ឯ​ទៀត​សំខាន់​ជាង​កូន​ទេ?— សូម​បើក​ត្រឡប់​ទៅ​ទំព័រ​៤០​និង​៤១ ហើយ​មើល​ម្ដង​ទៀត​អំពី​របៀប​ដែល​កូន​អាច​បម្រើ​អ្នក​ឯ​ទៀត។

កូន​ច្បាស់​ជា​នៅ​ចាំ​ថា គ្រូ​ដ៏​ល្អ​ប្រសើរ​បាន​បម្រើ​អ្នក​ឯ​ទៀត​ដោយ​ចាត់​ទុក​ថា ពួក​គេ​សំខាន់​ជាង​លោក។ នៅ​រាត្រី​ចុង​ក្រោយ លោក​បាន​ចំណាយ​ពេល​ជា​មួយ​ពួក​សាវ័ក​របស់​លោក ហើយ​លោក​ក៏​បាន​បន្ទាប​ខ្លួន និង​លាង​ជើង​ឲ្យ​ពួក​គាត់​ដែរ។ បើ​យើង​ចាត់​ទុក​អ្នក​ឯ​ទៀត​ថា​សំខាន់​ជាង​យើង នោះ​យើង​នឹង​បម្រើ​ពួក​គេ។ បើ​យើង​ធ្វើ​ដូច្នោះ យើង​នឹង​ធ្វើ​ឲ្យ​គ្រូ​ដ៏​ល្អ​ប្រសើរ​និង​ព្រះ​យេហូវ៉ា​ដែល​ជា​បិតា​របស់​លោក​ពេញ​ចិត្ត។

សូម​យើង​អាន​បទ​គម្ពីរ​ថែម​ទៀត​ដែល​លើក​ទឹក​ចិត្ត​យើង​ឲ្យ​ចាត់​ទុក​អ្នក​ឯ​ទៀត​ថា​សំខាន់​ជាង​យើង​នៅ លូកា ៩:៤៨ រ៉ូម ១២:៣ និង​ភីលីព ២:៣, ៤