គម្ពីរជួយមនុស្សឲ្យកែប្រែជីវិត
ហេតុអ្វីបុរសម្នាក់ដែលមានប្រពន្ធច្រើននិងជាអ្នកប្រឆាំងសាក្សីព្រះយេហូវ៉ាបានសម្រេចចិត្តក្លាយជាសាក្សីព្រះយេហូវ៉ា? តើអ្វីជំរុញឲ្យគ្រូគង្វាលក្នុងវិហារសាសនាគ្រិស្តមួយផ្លាស់ប្ដូរជំនឿរបស់គាត់? តើអ្វីបានជួយស្ត្រីម្នាក់ដែលធំឡើងក្នុងស្ថានភាពមិនល្អ ឲ្យយកឈ្នះអារម្មណ៍ស្អប់ខ្ពើមខ្លួនឯង ហើយជួយគាត់ឲ្យចូលទៅជិតព្រះពិត? ហេតុអ្វីបុរសម្នាក់ចូលចិត្តតន្ត្រីម្យ៉ាងដែលសាហាវ(heavy-metal)បានក្លាយទៅជាសាក្សីព្រះយេហូវ៉ា? សូមអានជីវប្រវត្តិរបស់ពួកគាត់ដើម្បីស្វែងរកចម្លើយ។
«ខ្ញុំបានក្លាយទៅជាប្ដីប្រសើរជាង»—រៀបរាប់ដោយរីហ្គូបឺ អ៊ូតូ
ឆ្នាំកំណើត: ១៩៤១
ប្រទេសកំណើត: បេណាំង
ប្រវត្តិ: មានប្រពន្ធច្រើននិងជាអ្នកប្រឆាំងសាក្សីព្រះយេហូវ៉ា
អតីតកាលរបស់ខ្ញុំ:
ខ្ញុំមកពីក្រុងកុតុនូ ជាក្រុងធំមួយក្នុងប្រទេសបេណាំង។ ខ្ញុំបានត្រូវចិញ្ចឹមអប់រំឲ្យកាន់តាមសាសនាកាតូលិក តែមិនទៅវិហារទៀងទាត់ទេ។ អ្នកកាន់សាសនាកាតូលិកជាច្រើននៅតំបន់ដែលខ្ញុំរស់នៅ មានប្រពន្ធជាច្រើន។ នៅគ្រានោះ ការមានប្រពន្ធលើសពីមួយ ជាអ្វីដែលស្របច្បាប់។ នៅទីបំផុត ខ្ញុំមានប្រពន្ធពេញច្បាប់បួននាក់។
នៅទសវត្សរ៍១៩៧០ មានការធ្វើបដិវត្តន៍មួយ។ ខ្ញុំបានគិតថានោះនឹងផ្ដល់ប្រយោជន៍ដល់ប្រទេសខ្ញុំ។ ដូច្នេះ ខ្ញុំបានគាំទ្រការធ្វើបដិវត្តន៍នោះទាំងស្រុង ហើយបានចូលប្រឡូកក្នុងរឿងនយោបាយ។ ពួកអ្នកធ្វើបដិវត្តន៍មិនចូលចិត្តសាក្សីព្រះយេហូវ៉ាទេ ព្រោះសាក្សីព្រះយេហូវ៉ាកាន់ជំហរអព្យាក្រឹតក្នុងរឿងនយោបាយ។ ដូច្នេះ ពួកគេក៏បៀតបៀនសាក្សីព្រះយេហូវ៉ា ហើយខ្ញុំក៏ចូលរួមដែរ។ នៅឆ្នាំ១៩៧៦ សាសនទូតសាក្សីព្រះយេហូវ៉ាបានត្រូវគេបណ្ដេញចេញពីប្រទេសបេណាំង ហើយខ្ញុំដឹងប្រាកដថាពួកគេនឹងមិនត្រឡប់មកវិញទេ។
វិធីដែលគម្ពីរបានជួយខ្ញុំឲ្យកែប្រែជីវិត:
ការធ្វើបដិវត្តន៍នោះបានចប់នៅឆ្នាំ១៩៩០។ មិនយូរក្រោយមក សាសនទូតសាក្សីព្រះយេហូវ៉ាបានលេចមុខមកម្ដងទៀត។ នេះធ្វើឲ្យខ្ញុំភ្ញាក់ផ្អើលខ្លាំងណាស់។ ខ្ញុំចាប់ផ្ដើមគិតថា ប្រហែលព្រះគាំទ្រក្រុមមនុស្សទាំងនោះហើយ។ នៅគ្រានោះ ខ្ញុំបានដូរការងារផ្សេង។ អ្នករួមការងារម្នាក់របស់ខ្ញុំជាសាក្សីព្រះយេហូវ៉ា ហើយគាត់ខ្នះខ្នែងផ្សព្វផ្សាយអំពីជំនឿរបស់គាត់ដល់អ្នកឯទៀត។ គាត់បានបង្ហាញខ្ញុំនូវខគម្ពីរដែលបញ្ជាក់ថាព្រះយេហូវ៉ាជាព្រះនៃសេចក្ដីស្រឡាញ់និងយុត្តិធម៌។ (ការបំភ្លឺច្បាប់ ៣២:៤; យ៉ូហានទី១ ៤:៨) គុណសម្បត្តិទាំងនោះទាក់ទាញចិត្តខ្ញុំណាស់។ ដោយសារខ្ញុំចង់រៀនថែមទៀតអំពីព្រះយេហូវ៉ា ខ្ញុំក៏យល់ព្រមរៀនគម្ពីរជាមួយគាត់។
មិនយូរប៉ុន្មាន ខ្ញុំបានចាប់ផ្ដើមចូលរួមកិច្ចប្រជុំរបស់សាក្សីព្រះយេហូវ៉ា។ ខ្ញុំបានកោតស្ងើចជាខ្លាំង ពេលខ្ញុំឃើញសេចក្ដីស្រឡាញ់ពិតដែលសាក្សីព្រះយេហូវ៉ាមានចំពោះគ្នា។ ពួកគេមិនចាត់ទុកពូជសាសន៍ណាមួយប្រសើរជាងគេនោះទេ ហើយក៏មិនគិតថាអ្នកណាម្នាក់មានឋានៈខ្ពស់ជាងអ្នកណាម្នាក់ដែរ។ កាលដែលខ្ញុំសេពគប់ជាមួយសាក្សីព្រះយេហូវ៉ាកាន់តែច្រើន ខ្ញុំកាន់តែឃើញច្បាស់ថាពួកគេជាអ្នកកាន់តាមពិតរបស់លោកយេស៊ូ។—យ៉ូហាន ១៣:៣៥
ខ្ញុំបានសម្រេចចិត្តថា បើខ្ញុំចង់បម្រើព្រះយេហូវ៉ា ខ្ញុំត្រូវផ្ដាច់ខ្លួនពីសាសនាកាតូលិក។ ប៉ុន្តែ ការធ្វើដូច្នោះគឺមិនងាយស្រួលទេ ព្រោះខ្ញុំខ្លាចថាអ្នកឯទៀតនឹងគិតយ៉ាងណាចំពោះខ្ញុំ។ អស់មួយរយៈពេលក្រោយមកនិងដោយមានជំនួយពីព្រះយេហូវ៉ា ខ្ញុំបានពង្រឹងចិត្តក្លាហាន ហើយបានដកឈ្មោះចេញពីវិហារសាសនាកាតូលិក។
ប៉ុន្តែ មានការកែប្រែធំមួយទៀតដែលខ្ញុំត្រូវធ្វើ។ ពេលខ្ញុំសិក្សាគម្ពីរ ខ្ញុំឃើញថាព្រះមិនពេញចិត្តការមានប្រពន្ធច្រើនទេ។ (ដើមកំណើត ២:១៨-២៤; ម៉ាថាយ ១៩:៤-៦) តាមទស្សនៈលោក មានតែប្រពន្ធទី១របស់ខ្ញុំប៉ុណ្ណោះដែលជាប្រពន្ធស្របច្បាប់។ ដូច្នេះ ខ្ញុំបានចុះសំបុត្រអាពាហ៍ពិពាហ៍ជាមួយប្រពន្ធដើម ហើយលែងលះប្រពន្ធឯទៀត។ តែខ្ញុំបានធ្វើការរៀបចំផ្សេងៗដើម្បីផ្គត់ផ្គង់សេចក្ដីត្រូវការរបស់ពួកគេ។ ក្រោយមក អតីតប្រពន្ធពីរនាក់របស់ខ្ញុំក៏បានក្លាយទៅជាសាក្សីព្រះយេហូវ៉ាដែរ។
ផលប្រយោជន៍ដែលខ្ញុំបានទទួល:
ទោះជាប្រពន្ធខ្ញុំនៅតែកាន់សាសនាកាតូលិកក៏ដោយ នាងគោរពការសម្រេចចិត្តរបស់ខ្ញុំក្នុងការបម្រើព្រះយេហូវ៉ា។ ប្រពន្ធខ្ញុំនិងខ្ញុំយល់ថា ខ្ញុំបានក្លាយទៅជាប្ដីប្រសើរជាង។
ខ្ញុំធ្លាប់គិតថា ខ្ញុំអាចធ្វើឲ្យសហគមន៍របស់ខ្ញុំរីកចម្រើនតាមរយៈការធ្វើនយោបាយ តែការខំប្រឹងទាំងនោះឥតប្រយោជន៍ទេ។ ឥឡូវខ្ញុំឃើញថាមានតែរាជាណាចក្ររបស់ព្រះប៉ុណ្ណោះ ដែលអាចដោះស្រាយបញ្ហាមនុស្សជាតិបាន។ (ម៉ាថាយ ៦:៩, ១០) ខ្ញុំដឹងគុណព្រះយេហូវ៉ាដែលលោកបានបង្ហាញខ្ញុំអំពីរបៀបដឹកនាំជីវិតឲ្យមានសុភមង្គលពិតប្រាកដ។
«គឺមិនងាយស្រួលកែប្រែទេ»—រៀបរាប់ដោយអាឡិច ឡេម៉ូស ស៊ីលវ៉ា
ឆ្នាំកំណើត: ១៩៧៧
ប្រទេសកំណើត: ប្រេស៊ីល
ប្រវត្តិ: គ្រូគង្វាលវិហារភិន្តាកុស
អតីតកាលរបស់ខ្ញុំ:
ខ្ញុំធំឡើងនៅជាយតំបន់អ៊ីទូ ក្នុងរដ្ឋសៅប៉ូឡូ។ តំបន់នេះល្បីថាមានបទឧក្រិដ្ឋជាច្រើន។
ខ្ញុំជាមនុស្សសាហាវឃោរឃៅ និងចូលចិត្តប្រព្រឹត្តអំពើប្រាសចាកសីលធម៌។ បន្ថែមទៅទៀត ខ្ញុំក៏ចូលរួមក្នុងការជួញដូរគ្រឿងញៀនដែរ។ ក្រោយមកខ្ញុំទទួលស្គាល់ថា បើខ្ញុំនៅតែមានជីវិតបែបនេះទៀត មិនយូរមិនឆាប់ខ្ញុំនឹងជាប់គុកឬស្លាប់មិនខាន។ ដូច្នេះ ខ្ញុំក៏សម្រេចចិត្តឈប់ប្រព្រឹត្តអំពើទាំងនោះទៀត។ បន្ទាប់មក ខ្ញុំបានចូលរួមជាមួយវិហារភិន្តាកុស ហើយក្រោយមកខ្ញុំបានក្លាយជាគ្រូគង្វាលម្នាក់។
ខ្ញុំគិតថាខ្ញុំអាចជួយមនុស្សតាមរយៈកិច្ចបម្រើរបស់ខ្ញុំនៅវិហារ។ ខ្ញុំថែមទាំងបានចាក់ផ្សាយកម្មវិធីសាសនាតាមវិទ្យុសហគមន៍ ហើយកម្មវិធីនោះក៏ល្បីនៅក្នុងតំបន់នោះ។ ប៉ុន្តែ បន្តិចម្ដងៗខ្ញុំយល់ឃើញថាវិហារទាំងមូលមិនរវីរវល់នឹងសុខទុក្ខរបស់សមាជិកទេ ហើយក៏មិនខ្វល់អំពីការលើកកិត្តិយសព្រះដែរ។ ខ្ញុំគិតថាវិហារនោះមានគោលដៅតែមួយប៉ុណ្ណោះ គឺធ្វើយ៉ាងម៉េចឲ្យបានប្រាក់ច្រើន។ ដូច្នេះ ខ្ញុំបានសម្រេចចិត្តដកឈ្មោះចេញពីវិហារនោះ។
វិធីដែលគម្ពីរបានជួយខ្ញុំឲ្យកែប្រែជីវិត:
ពេលខ្ញុំចាប់ផ្ដើមរៀនគម្ពីរជាមួយនឹងសាក្សីព្រះយេហូវ៉ា ខ្ញុំអាចឃើញភ្លាមៗថាពួកគេខុសពីសាសនាឯទៀត។ មានចំណុចពីរដែលធ្វើឲ្យខ្ញុំកោតស្ងើច។ ទី១ សាក្សីព្រះយេហូវ៉ាមិនគ្រាន់តែនិយាយថាពួកគេស្រឡាញ់ព្រះនិងអ្នកជិតខាងប៉ុណ្ណោះទេ តែពួកគេក៏បង្ហាញតាមរយៈការប្រព្រឹត្តដែរ។ ទី២ ពួកគេមិនចូលរួមក្នុងរឿងនយោបាយឬធ្វើសង្គ្រាមឡើយ។ (អេសាយ ២:៤) ចំណុចទាំងពីរនេះធ្វើឲ្យខ្ញុំជឿជាក់ថាខ្ញុំបានរកឃើញសាសនាពិត គឺជាផ្លូវតូចចង្អៀតដែលនាំទៅដល់ជីវិតដែលគ្មានទីបញ្ចប់។—ម៉ាថាយ ៧:១៣, ១៤
ខ្ញុំទទួលស្គាល់ថាបើខ្ញុំចង់ឲ្យព្រះពេញចិត្ត ខ្ញុំត្រូវកែប្រែក្នុងរឿងធំៗមួយចំនួន។ ខ្ញុំត្រូវយកចិត្តទុកដាក់ច្រើនជាងចំពោះក្រុមគ្រួសារខ្ញុំ ហើយខ្ញុំក៏ត្រូវមានចិត្តរាបទាបជាងដែរ។ ការកែប្រែទាំងនោះគឺមិនងាយស្រួលទេ តែដោយមានជំនួយពីព្រះយេហូវ៉ា ខ្ញុំអាចធ្វើបាន។ ប្រពន្ធរបស់ខ្ញុំភ្ញាក់ផ្អើលជាខ្លាំង ពេលឃើញខ្ញុំកែប្រែ។ នាងបានរៀនគម្ពីរមុនខ្ញុំ ហើយឥឡូវនាងបានរីកចម្រើនយ៉ាងលឿន។ មិនយូរក្រោយមក យើងទាំងពីរនាក់បានសម្រេចចិត្តក្លាយជាសាក្សីព្រះយេហូវ៉ា។ យើងក៏បានទទួលការជ្រមុជទឹកនៅថ្ងៃជាមួយគ្នា។
ផលប្រយោជន៍ដែលខ្ញុំបានទទួល:
ខ្ញុំនិងប្រពន្ធខ្ញុំសប្បាយចិត្តជាខ្លាំងដែលយើងបានជួយកូនបីនាក់របស់យើងឲ្យមានចំណងមិត្តភាពជិតស្និទ្ធជាមួយព្រះយេហូវ៉ា។ ក្រុមគ្រួសារយើងមានសុភមង្គលខ្លាំងណាស់។ ខ្ញុំអរគុណព្រះយេហូវ៉ាដែលបានទាញនាំខ្ញុំឲ្យស្គាល់សេចក្ដីពិតក្នុងគម្ពីរជាបណ្ដាំរបស់លោក។ គម្ពីរពិតជាជួយកែប្រែជីវិតមនុស្សមែន! ហើយខ្ញុំជាភ័ស្តុតាងស្រាប់។
«ខ្ញុំមានជីវិតស្អាតស្អំម្ដងទៀត»—រៀបរាប់ដោយវិចតូរីយ៉ា ធង
ឆ្នាំកំណើត: ១៩៥៧
ប្រទេសកំណើត: អូស្ត្រាលី
ប្រវត្តិ: កុមារភាពដ៏ខ្លោចផ្សា
អតីតកាលរបស់ខ្ញុំ:
ខ្ញុំបានធំឡើងនៅក្រុងញូវខារសល ក្នុងរដ្ឋញូវសោតវេល។ ខ្ញុំមានបងប្អូន៧នាក់ ហើយខ្ញុំជាកូនច្បង។ ឪពុកម្ដាយខ្ញុំជាមនុស្សឃោរឃៅ ហើយឪពុកថែមទាំងញៀនស្រាទៀតផង។ ម្ដាយខ្ញុំវាយធ្វើបាបនិងជេរប្រមាថខ្ញុំ។ គាត់តែងតែប្រាប់ខ្ញុំថាខ្ញុំជាមនុស្សអាក្រក់ ហើយខ្ញុំនឹងត្រូវទទួលទារុណកម្មក្នុងភ្លើងនរក។ ពាក្យរបស់គាត់ធ្វើឲ្យខ្ញុំភ័យខ្លាចណាស់។
ជាញឹកញយ ខ្ញុំមិនអាចទៅរៀនទេ ដោយសារតែម្ដាយខ្ញុំវាយខ្ញុំជាំពេញខ្លួន។ ពេលខ្ញុំអាយុ១១ឆ្នាំ ពួកអាជ្ញាធរបានជួយយកខ្ញុំចេញពីឪពុកម្ដាយទៅរស់នៅមណ្ឌលមួយរបស់រដ្ឋាភិបាល។ ក្រោយមក ខ្ញុំបានទៅរស់នៅសហគមន៍មួយខាងសាសនាគ្រិស្ត តែពេលខ្ញុំអាយុ១៤ឆ្នាំ ខ្ញុំបានលួចរត់ចេញពីសហគមន៍នោះ។ ដោយសារខ្ញុំមិនចង់ទៅផ្ទះវិញ ខ្ញុំក៏សម្រេចចិត្តរស់នៅតាមផ្លូវ ក្នុងតំបន់មួយនាក្រុងស៊ីដនី។
កាលដែលរស់នៅតាមផ្លូវ ខ្ញុំចាប់ផ្ដើមប្រើគ្រឿងញៀន ផឹកស្រា មើលរូបអាសអាភាស និងធ្វើអំពើពេស្យាចារ។ មានពេលមួយ ខ្ញុំពិតជាភ័យខ្លាចខ្លាំងណាស់។ ខ្ញុំបានស្នាក់នៅក្នុងផ្ទះរបស់ម្ចាស់រង្គសាលមួយ។ ល្ងាចមួយ បុរសពីរនាក់បានមកជួបគាត់។ ម្ចាស់រង្គសាលបានឲ្យខ្ញុំចូលទៅក្នុងបន្ទប់ តែខ្ញុំបានស្ដាប់ឮពួកគេនិយាយគ្នា។ ការពិត ម្ចាស់រង្គសាលនោះកំពុងលក់ខ្ញុំទៅឲ្យបុរសពីរនាក់នោះ។ ពួកគេមានគម្រោងលាក់ខ្ញុំនៅក្នុងកប៉ាល់ដឹកទំនិញមួយដែលធ្វើដំណើរទៅប្រទេសជប៉ុន ក្នុងបំណងឲ្យខ្ញុំធ្វើការនៅក្នុងបារ។ ខ្ញុំភ័យណាស់ ភ្លាមនោះខ្ញុំលោតចុះពីយ៉ផ្ទះនោះ ហើយរត់ទៅរកគេជួយ។
ខ្ញុំបានជួបបុរសម្នាក់ដែលមកដើរលេងក្នុងក្រុងស៊ីដនី ហើយខ្ញុំបានប្រាប់រឿងខ្ញុំដល់គាត់ដោយសង្ឃឹមថាគាត់នឹងឲ្យលុយខ្លះមកខ្ញុំ តែគាត់បែរជាហៅខ្ញុំទៅកន្លែងស្នាក់នៅរបស់គាត់ ដើម្បីឲ្យខ្ញុំអាចងូតទឹកនិងបរិភោគអាហារ ហើយខ្ញុំក៏បន្តស្នាក់នៅជាមួយបុរសនោះ។ មួយឆ្នាំក្រោយមក ខ្ញុំនិងគាត់បានរៀបការ។
វិធីដែលគម្ពីរបានជួយខ្ញុំឲ្យកែប្រែជីវិត:
ពេលខ្ញុំរៀនគម្ពីរជាមួយសាក្សីព្រះយេហូវ៉ា ខ្ញុំមានអារម្មណ៍ផ្សេងៗ។ ឧទាហរណ៍ តាំងពីក្មេងមក គេប្រាប់ខ្ញុំថាព្រះជាអ្នកធ្វើឲ្យយើងឈឺចាប់ តែតាមពិតគឺជាសាថានទេ ដែលជាដើមហេតុនៃទុក្ខវេទនា។ ពេលដឹងអំពីនោះ ខ្ញុំពិតជាខឹងណាស់។ មួយវិញទៀត ពេលដឹងថាព្រះមិនធ្វើទារុណកម្មមនុស្សក្នុងភ្លើងនរក ខ្ញុំធូរចិត្តជាខ្លាំង ព្រោះសេចក្ដីបង្រៀនមិនពិតនោះ ធ្វើឲ្យខ្ញុំភ័យខ្លាចអស់រយៈពេលជាយូរមកហើយ។
ខ្ញុំកោតស្ងើចក្នុងចិត្ត ពេលឃើញថាសាក្សីព្រះយេហូវ៉ាតែងតែធ្វើការសម្រេចចិត្តដែលមានមូលដ្ឋានពីគម្ពីរ។ ពួកគេរស់នៅស្របតាមជំនឿរបស់ពួកគេ។ ខ្ញុំជាមនុស្សពិបាកណាស់ តែទោះខ្ញុំនិយាយឬធ្វើអ្វីក៏ដោយ សាក្សីព្រះយេហូវ៉ាតែងតែប្រព្រឹត្តមកលើខ្ញុំដោយសេចក្ដីស្រឡាញ់និងការគោរព។
អ្វីដែលខ្ញុំពិបាកយកឈ្នះបំផុត គឺអារម្មណ៍ថាខ្លួនគ្មានតម្លៃ។ ខ្ញុំតែងតែមានអារម្មណ៍ស្អប់ខ្ពើមខ្លួនឯង ទោះជាខ្ញុំបានទទួលការជ្រមុជទឹកជាសាក្សីព្រះយេហូវ៉ាអស់ជាច្រើនឆ្នាំហើយក៏ដោយ។ ខ្ញុំដឹងថាខ្ញុំស្រឡាញ់ព្រះយេហូវ៉ា តែខ្ញុំជឿជាក់ថាព្រះយេហូវ៉ាមិនអាចស្រឡាញ់មនុស្សដូចជារូបខ្ញុំទេ។
ប៉ុន្តែ នៅពេលមួយក្រោយពីខ្ញុំបានទទួលការជ្រមុជទឹកអស់១៥ឆ្នាំ ខ្ញុំលែងគិតដូចនោះទៀត។ ក្នុងសុន្ទរកថាមួយនៅសាលប្រជុំរបស់សាក្សីព្រះយេហូវ៉ា អ្នកថ្លែងបានលើកឡើងបទគម្ពីរនៅយ៉ាកុប ១:២៣, ២៤។ គាត់បានពន្យល់ថាបណ្ដាំរបស់ព្រះប្រៀបដូចជាកញ្ចក់ ដែលជួយយើងឲ្យមើលមកខ្លួនឯងដូចព្រះយេហូវ៉ាមើលមកកាន់យើង។ ដូច្នេះ ខ្ញុំចាប់ផ្ដើមសួរខ្លួនថាតើខ្ញុំមានទស្សនៈចំពោះខ្លួនឯង ដូចព្រះយេហូវ៉ាមានទស្សនៈចំពោះខ្ញុំឬទេ? ដំបូង ខ្ញុំមិនអាចទទួលយកគំនិតនោះបានទេ ព្រោះខ្ញុំនៅតែគិតថាខ្លួនគ្មានតម្លៃ ហើយការរំពឹងឲ្យព្រះយេហូវ៉ាស្រឡាញ់ខ្ញុំ គឺទាមទារច្រើនពេកពីលោក។
ប៉ុន្មានថ្ងៃក្រោយមក ខ្ញុំបានអានបទគម្ពីរមួយដែលផ្លាស់ប្ដូរជីវិតខ្ញុំទាំងស្រុង។ បទគម្ពីរនោះគឺអេសាយ ១:១៨ ព្រះយេហូវ៉ាមានប្រសាសន៍ថា៖«សូមមក យើងនឹងសម្រុះសម្រួលគ្នា។ ទោះជាអំពើខុសឆ្គងរបស់អ្នករាល់គ្នាដូចជាពណ៌ក្រហមឆ្អៅក្ដី ក៏នឹងប្រែទៅជាសក្បុសដូចព្រិលបានដែរ»។ ខ្ញុំមានអារម្មណ៍ដូចជាព្រះយេហូវ៉ានិយាយមកកាន់ខ្ញុំផ្ទាល់ថា៖«សូមមកវីកគី យើងនឹងសម្រុះសម្រួលគ្នា។ ខ្ញុំស្គាល់អ្នក ខ្ញុំដឹងអំពីអំពើខុសឆ្គងរបស់អ្នក ខ្ញុំស្គាល់ចិត្តអ្នកច្បាស់ ហើយខ្ញុំស្រឡាញ់អ្នក»។
នៅយប់នោះ ខ្ញុំគេងមិនលក់សោះ។ ខ្ញុំនៅតែមិនជឿថាព្រះយេហូវ៉ាអាចស្រឡាញ់ខ្ញុំ តែខ្ញុំចាប់ផ្ដើមគិតអំពីគ្រឿងបូជាលោះរបស់លោកយេស៊ូ។ ភ្លាមនោះ ខ្ញុំក៏ភ្ញាក់ខ្លួន ហើយយល់ច្បាស់ថាព្រះយេហូវ៉ាអត់ធ្មត់នឹងខ្ញុំអស់រយៈពេលជាយូរ។ ហើយតាមរបៀបផ្សេងៗរាប់មិនអស់ លោកបានបង្ហាញថាលោកស្រឡាញ់ខ្ញុំ។ ទោះជាយ៉ាងនោះក្ដី ខ្ញុំហាក់ដូចជានិយាយទៅកាន់លោកថា៖«លោកជាព្រះនៃសេចក្ដីស្រឡាញ់មែន តែលោកមិនអាចស្រឡាញ់ខ្ញុំទេ។ គ្រឿងបូជារបស់បុត្រលោកក៏មិនអាចគ្របបាំងភាពខុសឆ្គងរបស់ខ្ញុំបានដែរ»។ នេះប្រៀបដូចជាខ្ញុំកំពុងបោះគ្រឿងបូជាលោះទៅព្រះយេហូវ៉ាវិញ។ ប៉ុន្តែ ក្រោយពីខ្ញុំរំពឹងគិតអំពីអំណោយជាថ្លៃលោះនោះ ទីបំផុតខ្ញុំចាប់ផ្ដើមមានអារម្មណ៍ថាព្រះយេហូវ៉ាស្រឡាញ់ខ្ញុំ។
ផលប្រយោជន៍ដែលខ្ញុំបានទទួល:
ខ្ញុំមានអារម្មណ៍ធូរស្បើយនិងមានកម្លាំងចិត្តឡើងវិញ ហើយមានអារម្មណ៍ថាខ្លួនស្អាតស្អំ។ ក្រុមគ្រួសារខ្ញុំមានសុភមង្គលជាង ហើយខ្ញុំសប្បាយណាស់ដែលអាចប្រើបទពិសោធន៍នេះដើម្បីជួយអ្នកឯទៀត។ ចំណងមិត្តភាពខ្ញុំនិងព្រះយេហូវ៉ាកាន់តែជិតស្និទ្ធឡើងៗ។
«នេះជាការតបឆ្លើយចំពោះសេចក្ដីអធិដ្ឋានរបស់ខ្ញុំ»—រៀបរាប់ដោយស៊ែហ្គេ បូថែនឃីន
ឆ្នាំកំណើត: ១៩៧៤
ប្រទេសកំណើត: រុស្ស៊ី
ប្រវត្តិ: អ្នកចូលចិត្តតន្ត្រី(HEAVY-METAL)
អតីតកាលរបស់ខ្ញុំ:
ខ្ញុំកើតនៅក្រុងវ៉ុតឃីន ជាស្រុកកំណើតរបស់អ្នកនិពន្ធចម្រៀងដ៏ល្បីម្នាក់ឈ្មោះភីយុត អ៊ីលីច ឆាយកូវស្គី។ ក្រុមគ្រួសារខ្ញុំក្រីក្រណាស់។ ឪពុកខ្ញុំមានគុណសម្បត្តិល្អជាច្រើន តែគាត់ប្រមឹកស្រា ហើយនោះធ្វើឲ្យមានបរិយាកាសតានតឹងក្នុងក្រុមគ្រួសារ។
ខ្ញុំរៀនមិនសូវពូកែទេ ហើយច្រើនឆ្នាំកន្លងទៅ ខ្ញុំមានអារម្មណ៍ថាខ្លួនគ្មានតម្លៃនិងមិនល្អដូចគេដូចឯង។ ខ្ញុំចាប់ផ្ដើមញែកខ្លួនចេញពីអ្នកឯទៀត ហើយលែងទុកចិត្តពួកគេ។ ពេលទៅរៀនម្ដងៗធ្វើឲ្យខ្ញុំតានតឹងចិត្តណាស់។ ឧទាហរណ៍ ពេលគ្រូឲ្យខ្ញុំពន្យល់លំហាត់របស់ខ្ញុំនៅមុខសិស្សឯទៀត ខ្ញុំមិនអាចពន្យល់បានទេ សូម្បីតែអ្វីស្រួលៗក៏ដោយ។ ប៉ុន្តែ នៅពេលផ្សេងពីនោះ ខ្ញុំអាចពន្យល់បាន។ ពេលខ្ញុំរៀនចប់ថ្នាក់ទី៨ គ្រូបានសរសេរនៅក្នុងសៀវភៅតាមដានរបស់ខ្ញុំថា៖«មិនសូវចេះអក្សរ ហើយពិបាកប្រាប់គំនិតរបស់ខ្លួន»។ ពាក្យទាំងនោះធ្វើឲ្យខ្ញុំឈឺចិត្តណាស់ ហើយកាន់តែមានអារម្មណ៍ថាខ្លួនគ្មានតម្លៃថែមទៀត។ ខ្ញុំចាប់ផ្ដើមគិតថាជីវិតខ្ញុំគ្មានគោលបំណងទេ។
ក្នុងអំឡុងគ្រាយុវវ័យ ខ្ញុំចាប់ផ្ដើមផឹកស្រា។ ដំបូង ការផឹកស្រាធ្វើឲ្យខ្ញុំមានអារម្មណ៍ល្អ។ ប៉ុន្តែ ពេលខ្ញុំផឹកច្រើនពេក សមត្ថភាពវិនិច្ឆ័យខ្ញុំធ្វើទុក្ខខ្ញុំ។ ជីវិតខ្ញុំហាក់ដូចជាគ្មានន័យខ្លឹមសារសោះ។ ខ្ញុំក៏តានតឹងចិត្តកាន់តែខ្លាំង ហើយជួនកាលមិនចេញពីផ្ទះអស់ជាច្រើនថ្ងៃ។ ខ្ញុំចាប់ផ្ដើមគិតចង់បញ្ចប់ជីវិតខ្លួន។
ពេលខ្ញុំអាយុ២០ឆ្នាំ មានអ្វីមួយថ្មីដែលធ្វើឲ្យខ្ញុំមានអារម្មណ៍ល្អអស់មួយរយៈ នោះគឺតន្ត្រីដែលគេស្រែកខ្លាំងៗ(heavy-metal)។ ពេលខ្ញុំស្ដាប់តន្ត្រីនោះ ខ្ញុំមានកម្លាំងឡើងវិញ។ ខ្ញុំក៏បានសេពគប់នឹងអស់អ្នកដែលចូលចិត្តស្ដាប់តន្ត្រីនេះដែរ។ ខ្ញុំទុកសក់វែង ពាក់ក្រវិល ហើយស្លៀកពាក់ដូចតន្ត្រីករដែលជានិមិត្តរូបរបស់ខ្ញុំ។ បន្តិចម្ដងៗ ខ្ញុំបានទៅជាមនុស្សកាចនិងចិត្តសឿង។ ជាញឹកញយ ខ្ញុំឈ្លោះប្រកែកជាមួយក្រុមគ្រួសារខ្ញុំ។
ខ្ញុំគិតថាការស្ដាប់តន្ត្រីនោះធ្វើឲ្យខ្ញុំសប្បាយ តែនោះមិនពិតទេ ព្រោះវាធ្វើឲ្យខ្ញុំបានក្លាយទៅជាមនុស្សផ្សេងទាំងស្រុង! បន្ថែមទៅទៀត ពេលខ្ញុំដឹងចំណុចមិនល្អខ្លះរបស់តន្ត្រីករដែលជានិមិត្តរូបរបស់ខ្ញុំ ខ្ញុំបានខកចិត្តខ្លាំងណាស់។
ខ្ញុំក៏បានគិតចង់សម្លាប់ខ្លួនម្ដងទៀត ហើយលើកនេះខ្ញុំចង់ធ្វើមែន។ ប៉ុន្តែ មានអ្វីតែមួយគត់ដែលបញ្ឈប់ខ្ញុំ គឺខ្ញុំគិតអំពីអារម្មណ៍ម្ដាយខ្ញុំ បើខ្ញុំស្លាប់ទៅ ម្ដាយខ្ញុំនឹងមានអារម្មណ៍យ៉ាងណា។ គាត់ស្រឡាញ់ខ្ញុំខ្លាំងណាស់ ហើយគាត់បានលះបង់ជាច្រើនដើម្បីខ្ញុំ។ ស្ថានភាពនោះធ្វើឲ្យខ្ញុំពិបាកចិត្តក្រៃលែង។ ព្រោះខ្ញុំមិនចង់រស់តទៅទៀត ហើយខ្ញុំក៏មិនអាចសម្លាប់ខ្លួនបានដែរ។
ដើម្បីបន្លប់ខ្លួន ខ្ញុំចាប់ផ្ដើមអានសៀវភៅរឿងផ្សេងៗ។ ក្នុងរឿងមួយរៀបរាប់អំពីវីរបុរសម្នាក់ដែលបម្រើនៅវិហារ។ ភ្លាមនោះ ខ្ញុំពិតជាចង់ធ្វើអ្វីមួយដើម្បីព្រះនិងអ្នកឯទៀត។ ខ្ញុំបានអធិដ្ឋានទៅព្រះយ៉ាងអស់ពីចិត្ត ដែលពីមុនមកខ្ញុំមិនធ្លាប់ធ្វើដូច្នោះទេ។ ខ្ញុំសុំព្រះឲ្យបង្ហាញខ្ញុំអំពីរបៀបប្រើជីវិតដែលមានន័យខ្លឹមសារ។ ពេលខ្ញុំកំពុងអធិដ្ឋាន ខ្ញុំមានអារម្មណ៍ធូរស្បើយក្នុងចិត្តពន់ពេក។ ប៉ុន្តែ អ្វីដែលកើតឡើងបន្ទាប់គឺអស្ចារ្យជាងនោះទៅទៀត។ ពីរម៉ោងក្រោយអធិដ្ឋាន មានសាក្សីព្រះយេហូវ៉ាម្នាក់បានមកគោះទ្វារផ្ទះខ្ញុំ ហើយស្នើបង្រៀនគម្ពីរដល់ខ្ញុំ។ ខ្ញុំជឿថានោះជាការតបឆ្លើយចំពោះសេចក្ដីអធិដ្ឋានរបស់ខ្ញុំ។ ថ្ងៃនោះជាថ្ងៃដំបូងនៃជីវិតថ្មីដ៏ពោរពេញទៅដោយសុភមង្គលសម្រាប់ខ្ញុំ។
វិធីដែលគម្ពីរបានជួយខ្ញុំឲ្យកែប្រែជីវិត:
ទោះជាមិនស្រួលក៏ដោយ ខ្ញុំបានបោះបង់អ្វីៗទាំងអស់ដែលទាក់ទងនឹងតន្ត្រីនោះ។ ប៉ុន្តែ បទភ្លេងទាំងនោះនៅដក់ជាប់ក្នុងគំនិតខ្ញុំអស់រយៈពេលជាយូរ។ ពេលខ្ញុំឆ្លងកាត់កន្លែងណាមួយ ហើយឮបទភ្លេងនោះ ខ្ញុំនឹកគិតដល់អតីតកាលឡើងវិញភ្លាម។ ខ្ញុំមិនចង់ឲ្យរឿងមិនល្អនៅអតីតកាលមានឥទ្ធិពលមកលើអ្វីល្អៗដែលខ្ញុំកំពុងទទួលនៅសព្វថ្ងៃនេះទេ។ ដូច្នេះ ខ្ញុំតាំងចិត្តឈប់ដើរកាត់កន្លែងនោះទៀត។ ពេលណាខ្ញុំចង់គិតអំពីអតីតកាលមិនល្អនោះ ខ្ញុំអធិដ្ឋានម្ដងហើយម្ដងទៀត។ ការធ្វើដូច្នេះ ជួយខ្ញុំឲ្យមាន«សេចក្ដីសុខសាន្តរបស់ព្រះដែលហួសពីការនឹកស្មាន»។—ភីលីព ៤:៧
កាលដែលខ្ញុំរៀនគម្ពីរ ខ្ញុំបានដឹងថាគ្រិស្តសាសនិកពិតមានភារកិច្ចប្រាប់អំពីជំនឿរបស់ពួកគេដល់អ្នកឯទៀត។ (ម៉ាថាយ ២៨:១៩, ២០) ខ្ញុំពិតជាជឿថាខ្ញុំមិនអាចធ្វើដូច្នេះទេ។ ប៉ុន្តែនៅដំណាលគ្នានោះ អ្វីថ្មីៗដែលខ្ញុំបានរៀនជួយខ្ញុំឲ្យមានសុភមង្គលនិងសេចក្ដីសុខសាន្តក្នុងចិត្ត។ ខ្ញុំដឹងថាអ្នកឯទៀតក៏ត្រូវការសេចក្ដីពិតទាំងនេះដែរ។ ដូច្នេះ ទោះជាខ្ញុំភ័យខ្លាចក៏ដោយ ខ្ញុំចាប់ផ្ដើមប្រាប់អ្នកឯទៀតអំពីអ្វីដែលខ្ញុំបានរៀន។ ខ្ញុំភ្ញាក់ផ្អើលខ្លាំងណាស់ ពេលដែលឃើញថាការប្រាប់អ្នកឯទៀតអំពីគម្ពីរ កាន់តែជួយខ្ញុំឲ្យមានទំនុកចិត្តថែមទៀត ព្រមទាំងជួយខ្ញុំឲ្យកាន់តែជឿជាក់ទៅលើសេចក្ដីបង្រៀនពីគម្ពីរ។
ផលប្រយោជន៍ដែលខ្ញុំបានទទួល:
សព្វថ្ងៃនេះ ចំណងអាពាហ៍ពិពាហ៍របស់ខ្ញុំមានសុភមង្គលណាស់ ហើយខ្ញុំមានអំណរក្នុងការជួយមនុស្សមួយចំនួនឲ្យរៀនអំពីគម្ពីរ ក្នុងនោះក៏មានប្អូនស្រីនិងម្ដាយខ្ញុំដែរ។ ការបម្រើព្រះនិងជួយអ្នកឯទៀតរៀនអំពីលោក ពិតជាជួយឲ្យជីវិតខ្ញុំមានន័យខ្លឹមសារពិតប្រាកដ។