ជំពូកទីប្រាំពីរ
តើមានកូនមិនស្ដាប់បង្គាប់ម្នាក់នៅក្នុងក្រុមគ្រួសារឬទេ?
១, ២. (ក) តើព្រះយេស៊ូបានរៀបរាប់រឿងប្រៀបប្រដូចអ្វី ដើម្បីបញ្ជាក់លើភាពមិនស្មោះត្រង់របស់ពួកមេដឹកនាំសាសនាយូដានោះ? (ខ) តើចំណុចអ្វីពន្យល់អំពីពួកយុវវ័យ ដែលយើងអាចរៀនពីរឿងប្រៀបប្រដូចរបស់ព្រះយេស៊ូ?
ពីរបីថ្ងៃមុនទ្រង់សោយទិវង្គតទៅ ព្រះយេស៊ូបានសួរពួកមេដឹកនាំសាសនាយូដាមួយក្រុមនូវសំនួរត្រិះរិះមួយ។ ទ្រង់បានមានបន្ទូលថា៖ «តើអ្នករាល់គ្នាគិតដូចម្ដេច? មានមនុស្សម្នាក់មានកូនប្រុសពីរ។ គាត់ទៅប្រាប់កូនច្បងថា៖ ‹កូនអើយ! ថ្ងៃនេះ ចូរកូនទៅធ្វើការក្នុងចំការទំពាំងបាយជូររបស់ឪពុកទៅ›។ កូននោះឆ្លើយថា៖ ‹ខ្ញុំទៅលោកឪពុក!› ប៉ុន្តែមិនបានទៅទេ។ គាត់ក៏ទៅប្រាប់ដល់កូនពៅដូចគ្នា ឯកូននោះឆ្លើយថា៖ ‹ខ្ញុំមិនទៅទេ!› ដល់ក្រោយមកកូននេះប្រែចិត្ត ហើយក៏ទៅចំការ។ ដូច្នេះ បណ្ដាកូនទាំងពីរនោះ តើកូនណាបានធ្វើតាមចិត្តរបស់ឪពុក?»។ ពួកមេដឹកនាំសាសនាយូដាឆ្លើយថា៖ «កូនពៅ»។—ម៉ាថាយ ២១:២៨-៣១, ព.ថ.
២ រឿងនេះ ព្រះយេស៊ូបានលើកបញ្ជាក់នូវភាពឥតស្មោះត្រង់របស់ពួកមេដឹកនាំសាសនា។ ពួកគេមានសភាពដូចកូនប្រុសដែលសន្យាថា នឹងធ្វើតាមបំណងព្រះហឫទ័យព្រះ ហើយរួចមកឥតធ្វើតាមសេចក្ដីសន្យារបស់ខ្លួនទេ។ ប៉ុន្តែ មាតាបិតាជាច្រើននឹងទទួលស្គាល់ថា រឿងប្រៀបប្រដូចរបស់ព្រះយេស៊ូបានមានមូលដ្ឋានលើការយល់ដឹងអំពីបែបបទនៃជីវភាពគ្រួសារ។ ដូចជាទ្រង់បានបង្ហាញយ៉ាងច្បាស់រួចមកហើយថា គឺជាការពិបាកណាស់ក្នុងការយល់ពីគំនិតរបស់យុវវ័យ ឬក៏ស្មានទុកជាមុនថាពួកគេនឹងប្រព្រឹត្តយ៉ាងណានោះ។ យុវជនម្នាក់ប្រហែលជានាំឲ្យមានបញ្ហាជាច្រើនក្នុងពេលនៅវ័យជំទង់ តែនៅពេលយុវជននេះធំឡើងទៅជាមនុស្សពេញវ័យ នោះយុវជននេះចេះទទួលខុសត្រូវ ថែមទាំងមានគេគោរពរាប់អានទៀតផង។ នេះជាអ្វីដែលយើងត្រូវចងចាំ ពេលយើងពិគ្រោះនូវរឿងនៃការមិនស្ដាប់បង្គាប់របស់ពួកយុវវ័យ។
តើកូនមិនស្ដាប់បង្គាប់ម្នាក់ជាក្មេងបែបណា?
៣. ហេតុអ្វីក៏មាតាបិតាមិនគួររហ័សនឹងចាត់ទុកកូនរបស់ខ្លួនជាកូនមិនស្ដាប់បង្គាប់នោះ?
៣ យូរៗម្ដង អ្នកប្រហែលជាឮអំពីពួកក្មេងជំទង់ ដែលប្រឆាំងនឹងមាតាបិតារបស់ខ្លួន។ អ្នកប្រហែលជាស្គាល់ក្រុមគ្រួសារដែលមិនចេះប្រដៅកូនទាល់តែសោះ។ ប៉ុន្តែ គឺមិនមែនជាការស្រួលសំគាល់បានទេថា ក្មេងម្នាក់គឺពិតជាក្មេងមិនស្ដាប់បង្គាប់ម្នាក់នោះ។ ម្យ៉ាងវិញទៀត ជួនកាលគឺពិបាកយល់នូវមូលហេតុដែលកូនខ្លះស្ដាប់បង្គាប់ តែកូនខ្លះទៀតមិនស្ដាប់បង្គាប់ទេ សូម្បីតែពួកគេមកពីក្រុមគ្រួសារតែមួយក៏ដោយ។ ប្រសិនបើមាតាបិតាសង្ស័យថា កូនម្នាក់របស់ខ្លួនប្រហែលជាកំពុងតែធ្វើខ្លួនឲ្យទៅជាកូនមិនស្ដាប់បង្គាប់ពេញទីហើយនោះ តើមាតាបិតាគួរតែធ្វើយ៉ាងណា? ដើម្បីនឹងឆ្លើយសំនួរនេះ មុនដំបូងយើងត្រូវតែពិគ្រោះ ថាតើក្មេងមិនស្ដាប់បង្គាប់ម្នាក់ជាក្មេងបែបណា។
៤-៦. (ក) តើកូនមិនស្ដាប់បង្គាប់ជាកូនបែបណា? (ខ) តើអ្វីដែលមាតាបិតាគួរចងចាំ បើកូនរបស់ខ្លួនមិនស្ដាប់បង្គាប់ម្ដងហើយម្ដងទៀតនោះ?
៤ បើនិយាយឲ្យចំទៅ មនុស្សម្នាក់ដែលមិនស្ដាប់បង្គាប់គឺជាបុគ្គលដែលតែងតែមិនធ្វើតាមបង្គាប់រាល់ៗដង ឬក៏ប្រឆាំងតទល់ហើយបំពានទៅលើអ្នកដែលមានអំណាច គ្រប់គ្រងលើខ្លួន។ ប្រាកដហើយ«សេចក្ដីចំកួត រមែងនៅជាប់ក្នុងចិត្តរបស់កូនក្មេង»។ (សុភាសិត ២២:១៥) ដូច្នេះនឹងមានពេលខ្លះដែលកូនៗទាំងអស់ ប្រឆាំងតទល់នឹងអំណាចគ្រប់គ្រងរបស់មាតាបិតានិងអំណាចគ្រប់គ្រងឯទៀត។ ជាពិសេសនេះគឺជាការពិតក្នុងកំឡុងពេលដែលពួកគេលូតលាស់ធំឡើងខាងរាងកាយនិងខាងចិត្ត ដែលគេតែងហៅថាជាភាពពេញវ័យជំទង់។ ការផ្លាស់ប្ដូរក្នុងជីវិតរបស់បុគ្គលណាម្នាក់ នឹងធ្វើឲ្យមានការពិបាក ហើយវ័យពេញជំទង់គឺជាគ្រានៃការផ្លាស់ប្ដូរជាច្រើន។ បុត្រធីតាដែលនៅជាយុវវ័យរបស់អ្នក គឺកំពុងតែឈានចេញពីកុមារភាពដើរឆ្ពោះទៅរកភាពជាមនុស្សពេញវ័យ។ ដោយហេតុនេះ ក្នុងកំឡុងវ័យជំទង់ នោះមាតាបិតាខ្លះមានការពិបាកប្រស្រ័យទាក់ទងជាមួយកូនរបស់ខ្លួន។ ជាច្រើនដង នោះមាតាបិតាមានទំនោរចិត្តចង់បង្អង់នូវការធំធាត់នេះ រីឯកូនៗជំទង់វិញ ចង់ឲ្យការធំធាត់បន្តទៅមុខយ៉ាងលឿន។
៥ កូនជំទង់ម្នាក់ដែលមិនស្ដាប់បង្គាប់ នឹងបដិសេធចោលនូវគោលការណ៍របស់មាតាបិតា។ ប៉ុន្តែ ចូរឲ្យចាំថាការមិនស្ដាប់បង្គាប់ខ្លះៗ មិនបានសេចក្ដីថាកូននេះជាកូនមិនស្ដាប់បង្គាប់នោះទេ។ ហើយពេលទាក់ទងនឹងរឿងខាងវិញ្ញាណ នោះមុនដំបូង បុត្រធីតាខ្លះប្រហែលជាឥតបង្ហាញនូវការចាប់អារម្មណ៍នឹងសេចក្ដីពិតក្នុងព្រះគម្ពីរឡើយ ក៏ប៉ុន្តែពួកគេប្រហែលជាមិនមែនឥតស្ដាប់បង្គាប់នោះទេ។ ជាមាតាបិតា ចូរកុំប្រញាប់សន្និដ្ឋានថា កូនរបស់ខ្លួនជាមនុស្សបែបនេះឬបែបនោះឡើយ។
៦ តើវ័យជំទង់នៃយុវវ័យទាំងអស់ បានត្រូវសម្គាល់ដោយការមិនស្ដាប់បង្គាប់នឹងអំណាចគ្រប់គ្រងរបស់មាតាបិតាឬ? មិនមែនដូច្នេះទេ! ប្រាកដហើយ ទីសំអាងហាក់ដូចជាបញ្ជាក់ថា មានតែក្មេងជំទង់មួយចំនួនតូចទេ ដែលសម្ដែងឲ្យឃើញនូវការមិនស្ដាប់បង្គាប់ទាំងស្រុងនោះ។ ក៏ប៉ុន្តែ ចុះយ៉ាងណាវិញបើកូនម្នាក់តែងតែមានចិត្តមានះនិងមិនស្ដាប់បង្គាប់រាល់ៗដងនោះ? តើអ្វីទៅដែលប្រហែលជានាំឲ្យមានការមិនស្ដាប់បង្គាប់បែបនេះ?
ដើមហេតុនៃការមិនស្ដាប់បង្គាប់
៧. តើបរិយាកាសរបស់សាតាំងអាចមានអានុភាពលើកូនម្នាក់ឲ្យមិនស្ដាប់បង្គាប់យ៉ាងដូចម្ដេច?
៧ ដើមហេតុដ៏ធំនៃការមិនស្ដាប់បង្គាប់ គឺជាបរិយាកាសរបស់សាតាំងដែលមានក្នុងលោកីយ៍នេះ។ «លោកីយទាំងមូលដេកនៅក្នុងឱវាទនៃមេកំណាចវិញ»។ (យ៉ូហានទី១ ៥:១៩) លោកីយ៍នេះដែលនៅក្រោមអំណាចរបស់សាតាំង បានបណ្ដុះនូវវប្បធម៌ដែលមានគ្រោះថ្នាក់ ដែលពួកគ្រីស្ទានត្រូវតែប្រឈមមុខដោះស្រាយនោះ។ (យ៉ូហាន ១៧:១៥) វប្បធម៌ជាច្រើនទាំងនោះគឺមានភាពអាសអាភាសជាងមុន មានគ្រោះថ្នាក់ជាងមុន ហើយមានពេញដោយអានុភាពដ៏អាក្រក់ជាច្រើនជាងមុនៗទៅទៀត។ (ធីម៉ូថេទី២ ៣:១-៥, ១៣) ប្រសិនបើមាតាបិតាមិនព្រមអប់រំ មិនព្រមាន និងការពារបុត្រធីតារបស់ខ្លួនទេ នោះកូនៗអាចត្រូវគ្របដណ្ដប់យ៉ាងស្រួលដោយ«វិញ្ញាណ ដែលសព្វថ្ងៃនេះ បណ្ដាលមកក្នុងពួកមនុស្សរឹងចចេស»។ (អេភេសូរ ២:២) អ្វីដែលទាក់ទងនឹងរឿងនេះ គឺការបង្ខំពីពួកម៉ាក។ ព្រះគម្ពីរចែងថា៖ «អ្នកណាដែលភប់ប្រសព្វនឹងមនុស្សល្ងីល្ងើ នោះនឹងត្រូវខូចបង់វិញ»។ (សុភាសិត ១៣:២០) ស្រដៀងគ្នាដែរ អ្នកណាដែលសេពគប់ជាមួយអស់អ្នកដែលប្រឡូកនឹងវិញ្ញាណរបស់លោកីយ៍នេះ គឺប្រហែលជានឹងទទួលឥទ្ធិពលពីវិញ្ញាណនោះដែរ។ យុវវ័យទាំងឡាយច្បាស់ជាត្រូវការជំនួយជាញឹកញយ ក្នុងការជួយពួកគេឲ្យយល់ដឹងថា ការស្ដាប់បង្គាប់គោលការណ៍របស់ព្រះ គឺជាគ្រឹះនៃរបៀបរស់នៅដ៏ប្រសើរបំផុត។—អេសាយ ៤៨:១៧, ១៨
៨. តើមានកត្ដាអ្វីខ្លះ ដែលប្រហែលជានាំឲ្យកូនម្នាក់ទៅជាកូនមិនស្ដាប់បង្គាប់នោះ?
៨ ដើមហេតុមួយទៀតនៃការមិនស្ដាប់បង្គាប់ ប្រហែលជាបរិយាកាសនៅក្នុងផ្ទះ។ ជាឧទាហរណ៍ ប្រសិនបើមាតាឬបិតាម្នាក់ជាមនុស្សញៀនស្រា ប្រើគ្រឿងញៀន ឬមានការប្រព្រឹត្តដ៏សាហាវព្រៃផ្សៃទៅលើដៃគូ នោះទស្សនៈរបស់កូនជំទង់នេះចំពោះជីវិត អាចនាំឲ្យខូចបានដែរ។ សូម្បីតែនៅក្នុងផ្ទះដែលមានភាពស្ងប់ស្ងាត់ក៏ដោយ នោះការមិនស្ដាប់បង្គាប់ក៏អាចមានឡើងបានដែរ ពេលដែលកូនម្នាក់មានអារម្មណ៍ថា មាតាបិតារបស់ខ្លួនមិនយកចិត្តទុកដាក់ចំពោះខ្លួននោះ។ ប៉ុន្តែ ការមិនស្ដាប់បង្គាប់របស់ក្មេងជំទង់ គឺមិនតែងតែបានបណ្ដាលមកដោយអានុភាពដែលមកពីខាងក្រៅនោះទេ។ កូនខ្លះមិនអើពើនឹងគោលការណ៍របស់មាតាបិតា ទោះជាមាតាបិតាអនុវត្តតាមគោលការណ៍ព្រះគម្ពីរ ថែមទាំងផ្ដល់ឲ្យពួកគេនូវការការពារពីលោកីយ៍នៅជុំវិញពួកគេក៏ដោយ។ តើហេតុអ្វី? ប្រហែលដោយព្រោះដើមហេតុមួយទៀតនៃបញ្ហារបស់យើង ដែលជាភាពឥតគ្រប់ល័ក្ខណ៍របស់មនុស្ស។ ប៉ុលបានមានប្រសាសន៍ថា៖ «បាបបានចូលមកក្នុងលោកីយ ដោយសារមនុស្សតែម្នាក់[អ័ដាម] ហើយក៏មានសេចក្ដីស្លាប់ចូលមក ដែរ ដោយសារអំពើបាបនោះជាយ៉ាងណា នោះសេចក្ដីស្លាប់បានឆ្លងរាលដាល ដល់មនុស្សគ្រប់គ្នាយ៉ាងនោះដែរ ដ្បិតគ្រប់គ្នាបានធ្វើបាបហើយ»។ (រ៉ូម ៥:១២) អ័ដាមជាអ្នកបះបោរដ៏អាត្មានិយម ហើយគាត់បានទុកឲ្យកូនចៅរបស់គាត់នូវកេរ្ដិ៍ដំណែលដ៏អាក្រក់មួយ។ យុវវ័យខ្លះសម្រេចចិត្តបះបោរ ដូចជាឰយុកោរបស់ពួកគេដែរ។
ភាពបណ្ដោយហួសហេតុរបស់អេលី និងភាពតឹងរ៉ឹងហួសហេតុរបស់រេហូបោម
៩. តើមានការប្រព្រឹត្តហួសហេតុយ៉ាងណា ក្នុងការចិញ្ចឹមអប់រំកូនដែលប្រហែលជានាំឲ្យកូនមិនស្ដាប់បង្គាប់នោះ?
៩ អ្វីមួយទៀតដែលបាននាំឲ្យមានការមិនស្ដាប់បង្គាប់ពីក្មេងជំទង់ គឺទស្សនៈដែលគ្មានតុល្យភាពពីមាតាបិតាស្តីអំពីការចិញ្ចឹមអប់រំកូន។ (កូល៉ុស ៣:២១) មាតាបិតាខ្លះតឹងរ៉ឹងហួសហេតុ ដាក់ល័ក្ខខ័ណ្ឌនិងទូន្មានប្រដៅយ៉ាងខ្លាំងចំពោះកូនរបស់ខ្លួន។ មាតាបិតាឯទៀតគឺបណ្ដោយកូនហួសហេតុពេក ដោយមិនផ្ដល់នូវគោលការណ៍ណែនាំ ដើម្បីការពារកូនជំទង់ដ៏គ្មានបទពិសោធន៍របស់ខ្លួននោះទេ។ គឺមិនតែងតែស្រួលទេក្នុងការសន្មតឲ្យបានត្រឹមត្រូវរវាងទស្សនៈទាំងពីរនេះ។ ហើយកូននិមួយៗមានតម្រូវការខុសៗគ្នា។ កូនម្នាក់ប្រហែលជាត្រូវការនូវការត្រួតពិនិត្យច្រើនជាងកូនម្នាក់ទៀត។ ក៏ប៉ុន្តែ ឧទាហរណ៍ពីរក្នុងព្រះគម្ពីរនឹងជួយបង្ហាញនូវគ្រោះថ្នាក់នៃការប្រព្រឹត្តដ៏ហួសហេតុ ស្តីអំពីការតឹងរ៉ឹងនិងការបណ្ដោយហួសហេតុពេក។
១០. ទោះជាបានបំរើយ៉ាងស្មោះត្រង់ជាសម្ដេចសង្ឃ ហេតុអ្វីក៏លោកអេលីជាបិតាមិនល្អ?
១០ លោកអេលីជាសម្ដេចសង្ឃនៅអ៊ីស្រាអែលពីសម័យបុរាណ ក៏ជាបិតាម្នាក់ដែរ។ លោកបានបំរើព្រះអស់រយៈពេល៤០ឆ្នាំ ហើយប្រាកដជាបានដឹងយ៉ាងច្បាស់នូវក្រិត្យវិន័យរបស់ព្រះ។ ជាទៀងទាត់នោះលោកអេលីប្រហែលបានបំពេញភារកិច្ចខាងសង្ឃរបស់លោកដោយស្មោះត្រង់ ហើយក៏ប្រហែលជាបានបង្រៀនកូនប្រុសៗរបស់គាត់ គឺហុបនីនិងភីនេហាស នូវក្រិត្យវិន័យរបស់ព្រះផងដែរ។ ក៏ប៉ុន្តែ លោកអេលីបានបណ្ដោយកូនហួសហេតុពេក។ ហុបនីនិងភីនេហាសមានមុខនាទីជាពួកសង្ឃ ក៏ប៉ុន្តែពួកគេ«ជាមនុស្សគំរក់អាក្រក់» ដោយចាប់អារម្មណ៍តែនឹងការបំពេញតាមចំណង់របស់ខ្លួន និងសេចក្ដីប្រាថ្នាខាងអំពើអសីលធម៌តែប៉ុណ្ណោះ។ ប៉ុន្តែ នៅពេលដែល ពួកគេបានប្រព្រឹត្តអំពើដែលធ្វើឲ្យខូចកិត្ដិយសនៅឯកន្លែងពិសិដ្ឋ នោះលោកអេលីឥតមានសេចក្ដីក្លាហានដេញពួកគេចេញពីតំណែងឡើយ។ លោកគ្រាន់តែស្តីបន្ទោសពួកគេបន្ដិចបន្តួចតែប៉ុណ្ណោះ។ ដោយភាពបណ្ដោយកូនហួសហេតុពេកនោះ លោកអេលីបានឲ្យកិត្ដិយសដល់កូនជាជាងចំពោះព្រះ។ ជាលទ្ធផល កូនៗរបស់គាត់បានបះបោរប្រឆាំងនឹងការថ្វាយបង្គំដ៏ស្អាតស្អំរបស់ព្រះយេហូវ៉ា ហើយក្រុមគ្រួសារទាំងមូលរបស់លោកអេលីបានទទួលរងនូវវិបត្ដិ។—សាំយូអែលទី១ ២:១២-១៧, ២២-២៥, ២៩; ៣:១៣, ១៤; ៤:១១-២២
១១. តើមាតាបិតាទាំងឡាយអាចរៀនអ្វីពីគំរូដ៏អាក្រក់របស់លោកអេលី?
១១ កាលដែលព្រឹត្ដិការណ៍ទាំងនេះបានកើតឡើង កូនៗរបស់លោកអេលីជាមនុស្សពេញវ័យហើយ ក៏ប៉ុន្តែដំណើររឿងនេះបញ្ជាក់នូវគ្រោះថ្នាក់នៃការមិនទូន្មានប្រដៅ។ (ប្រៀបមើល សុភាសិត ២៩:២១, ព្រះគម្ពីរភាសាខ្មែរសម្រាយ) មាតាបិតាខ្លះប្រហែលជាយល់ច្រឡំថាសេចក្ដីស្រឡាញ់គឺជាការបណ្ដោយកូន ហើយមាតាបិតាមិនបានដាក់វិន័យឬជំរុញកូនឲ្យធ្វើតាមវិន័យដ៏ទៀងទាត់ ច្បាស់លាស់ និងសមហេតុផលនោះឡើយ។ មាតាបិតាមិនយកចិត្តទុកដាក់នឹងប្រើការទូន្មានប្រដៅដែលប្រកបដោយសេចក្ដីស្រឡាញ់ទេ ទោះជាកាលដែលគោលការណ៍ព្រះគម្ពីរបានត្រូវបំពាននោះក៏ដោយ។ ដោយព្រោះការបណ្ដោយកូនបែបនេះ នោះកូនៗប្រហែលជាឥតយកចិត្តទុកដាក់នឹងអំណាចគ្រប់គ្រងរបស់មាតាបិតា ឬអំណាចគ្រប់គ្រងឯណាទៀតឡើយ។—ប្រៀបមើល សាស្ដា ៨:១១
១២. តើរេហូបោមបានធ្វើកំហុសអ្វី ក្នុងការកាន់អំណាចគ្រប់គ្រង?
១២ ផ្ទុយទៅវិញរេហូបោមជាគំរូចំពោះការប្រព្រឹត្តដ៏ហួសហេតុក្នុងការកាន់កាប់អំណាចគ្រប់គ្រង។ មុនពេលដែលព្រះរាជាណាចក្រអ៊ីស្រាអែលបែកចេញជាពីរ ទ្រង់ជាស្តេចចុងក្រោយ ប៉ុន្តែទ្រង់មិនមែនជាស្តេចដ៏ល្អនោះទេ។ រេហូបោមបានទទួលមរតកនូវស្រុក ដែលមានប្រជាជនមិនសប្បាយចិត្ត ដោយព្រោះមានបន្ទុកជាច្រើនដែលបិតារបស់ទ្រង់ គឺស្តេចសាឡូម៉ូនបានដាក់មកលើពួកគេ។ តើរេហូបោមបង្ហាញនូវការយោគយល់ឬទេ? គឺមិនយោគយល់ទេ។ នៅពេលដែលគណៈប្រតិភូបានសុំឲ្យទ្រង់ដកចេញនូវវិធានការដ៏សង្កត់សង្កិនខ្លះ នោះទ្រង់មិនបានធ្វើតាមឱវាទដែលមានគំនិតចាស់ទុំពីពួកអ្នកឲ្យឱវាទនោះទេ ហើយបានបញ្ជាឲ្យគេដាក់នឹមទៅលើប្រជាជនកាន់តែធ្ងន់ឡើងៗទៀត។ ភាពអំនួតរបស់ទ្រង់បានបង្កឲ្យកុលសម្ព័ន្ធដប់នៅទិសខាងជើង បះបោរ ហើយព្រះរាជាណាចក្រនេះបានបែកទៅជាពីរ។—ពង្សាវតារក្សត្រទី១ ១២:១-២១; របាក្សត្រទី២ ១០:១៩
១៣. តើមាតាបិតាទាំងឡាយអាចជៀសវាងពីកំហុសដូចរេហូបោមយ៉ាងដូចម្ដេច?
១៣ មាតាបិតាទាំងឡាយអាចរៀនមេរៀនខ្លះដ៏សំខាន់ពីដំណើររឿងនេះស្តីអំពីរេហូបោម។ មាតាបិតាត្រូវតែ«រកព្រះយេហូវ៉ា»តាមរយៈសេចក្ដីអធិស្ឋាន ហើយពិនិត្យមើលរបៀបដែលខ្លួនចិញ្ចឹមអប់រំកូន ដោយគិតពិចារណាអំពីគោលការណ៍ព្រះគម្ពីរ។ (ទំនុកដំកើង ១០៥:៤) សាស្ដា ៧:៧ ចែងថា៖ «ការសង្កត់សង្កិនរមែងបណ្ដាលឲ្យមនុស្សដែលមានប្រាជ្ញា ទៅជាក្រឡកចិត្តវិញ»។ គោលការណ៍ណែនាំដែលប្រកបទៅដោយប្រាជ្ញានឹងបើកផ្លូវឲ្យកូនជំទង់មានសេរីភាពមួយកំរិតក្នុងគ្រាដែលពួកគេកំពុងតែធំឡើងហើយក៏ការពារពួកគេពីគ្រោះថ្នាក់ទៀតផង។ ក៏ប៉ុន្តែ កូនៗមិនគួររស់នៅក្នុងបរិយាកាសដ៏តឹងរ៉ឹងហួសហេតុ ដែលបានបង្ការពួកគេពីការបណ្ដុះបណ្ដាលបន្ដិចម្ដងៗនូវសមត្ថភាពពឹងពាក់លើខ្លួនឯង និងការមានទំនុកចិត្តលើខ្លួនឯងផ្ទាល់នោះឡើយ។ នៅពេលមាតាបិតាទាំងឡាយខំធ្វើឲ្យមានតុល្យភាព គឺថាមិនតឹងរ៉ឹងពេក មិនបណ្ដោយពេក តែឲ្យមានវិន័យជាក់លាក់វិញ នោះពួកក្មេងជំទង់ភាគច្រើននឹងមិនមានចិត្តបះបោរនោះឡើយ។
ការបំពេញនូវសេចក្ដីត្រូវការសំខាន់ៗ អាចបង្ការកុំឲ្យមានការបះបោរ
១៤, ១៥. តើមាតាបិតាទាំងឡាយគួរតែចាត់ទុកការចំរើនលូតលាស់របស់កូនៗរបស់ខ្លួនយ៉ាងណា?
១៤ ទោះជាមាតាបិតាទាំងឡាយអរសប្បាយដោយឃើញបុត្រធីតារបស់ខ្លួន ធំឡើងពីទារករហូតដល់ពេញវ័យក៏ដោយ ក៏មាតាបិតាប្រហែលជាមានអារម្មណ៍មិនស្រួលប៉ុន្មានទេ ពេលដែលកូនជំទង់របស់ខ្លួនចាប់ផ្ដើមឈប់ពឹងពាក់ទៅលើមាតាបិតា ហើយចាប់ផ្ដើមពឹងពាក់លើខ្លួនឯងវិញនោះ។ ក្នុងកំឡុងពេលផ្លាស់ប្ដូរនេះ សូមកុំភ្ញាក់ផ្អើលពេកបើកូនជំទង់របស់អ្នកទៅជាមានចិត្តមានះឬមិនស្ដាប់បង្គាប់នៅពេលខ្លះៗនោះ។ ចូរចងចាំថា គោលដៅនៃមាតាបិតាគួរតែចិញ្ចឹមអប់រំកូនគ្រីស្ទាន ឲ្យមានចិត្តគំនិតចាស់ទុំ ចិត្តនឹងធឹង និងចេះដឹងខុសត្រូវ។—ប្រៀបមើល កូរិនថូសទី១ ១៣:១១; អេភេសូរ ៤:១៣, ១៤
១៥ ទោះជាពិបាកយ៉ាងណាក៏ដោយ មាតាបិតាទាំងឡាយត្រូវតែឈប់បដិសេធចំពោះសេចក្ដីស្នើសុំណារបស់កូនជំទង់ ដែលចង់បានភាពពឹងពាក់លើខ្លួនឯងច្រើនជាងនោះ។ បើកូនម្នាក់បានត្រូវទទួលការចិញ្ចឹមអប់រំដ៏ល្អ នោះកូននេះនឹងធំឡើងជាបុគ្គលដែលមានភាពពឹងពាក់លើខ្លួនឯង។ ប្រាកដហើយ កាលដែលអាយុនៅក្មេង នោះកូនជំទង់ខ្លះចាប់ផ្ដើមបណ្ដុះនូវគំនិតចាស់ទុំ។ តួយ៉ាងដូចជាព្រះគម្ពីរ ក៏បានចែងអំពីយុវបុរសយ៉ូសៀសដ៏ជាស្តេចថា៖ «កាលទ្រង់នៅក្មេងនៅឡើយ[ប្រហែលជា១៥ឆ្នាំ] នោះទ្រង់ក៏ចាប់តាំងស្វែងរកតាមព្រះនៃដាវីឌ»។ គឺបានឃើញជាក់ច្បាស់ថាក្មេងជំទង់ដ៏ល្អនេះ គឺជាបុគ្គលដែលដឹងខុសត្រូវ។—របាក្សត្រទី២ ៣៤:១-៣
១៦. តើកូនៗគួរតែទទួលស្គាល់អ្វី ពេលដែលពួកគេទទួលខុសត្រូវខ្លួនឯងនោះ?
១៦ ប៉ុន្តែ សេរីភាពក៏នាំឲ្យមានការទទួលខុសត្រូវដែរ។ ដូច្នេះ ចូរអនុញ្ញាតឲ្យកូនដែលជិតពេញវ័យរបស់អ្នក ឲ្យដកពិសោធនូវលទ្ធផលនៃសេចក្ដីសម្រេចចិត្តនិងការប្រព្រឹត្តរបស់ខ្លួនខ្លះៗទៅ។ គោលការណ៍នេះចែងថា «ដ្បិតពូជណាដែលមនុស្សព្រោះចុះ នោះនឹងច្រូតបានពូជនោះឯងវិញ» នេះក៏ទាក់ទងនឹងពួកក្មេងជំទង់ៗ ព្រមទាំងមនុស្សពេញវ័យផងដែរ។ (កាឡាទី ៦:៧) យើងមិនអាចរកទីជ្រកកោនឲ្យបុត្រធីតារបស់យើងជារៀងរហូតនោះទេ។ ចុះយ៉ាងណាវិញ បើកូនរបស់អ្នកចង់ធ្វើអ្វីដែលមិនគួរគប្បីនោះ? ជាមាតាបិតាដែលចេះដឹងខុសត្រូវ នោះអ្នកត្រូវតែនិយាយថា ‹មិនបានទេ!›។ ហើយទោះជាអ្នកប្រហែលពន្យល់នូវមូលហេតុ នោះគឺគ្មានអ្វីដែលត្រូវផ្លាស់ប្ដូរពីពាក្យ មិនបានទៅជាយល់ព្រមនោះឡើយ។ (ប្រៀបមើល ម៉ាថាយ ៥:៣៧) យ៉ាងណាក៏ដោយ ចូរខំនិយាយពាក្យ«មិនបានទេ!»តាមបែបបទដ៏សុភាពនិងសមហេតុផល ពីព្រោះ«ពាក្យតបឆ្លើយដោយស្រទន់ នោះរមែងរំងាប់សេចក្ដីក្រោធទៅ»។—សុភាសិត ១៥:១
១៧. តើមាតាបិតាគួរបំពេញនូវតម្រូវការអ្វីខ្លះដល់កូនជំទង់របស់ខ្លួននោះ?
១៧ យុវជនត្រូវការនូវទំនុកចិត្តដែលមកពីការទូន្មានប្រដៅដែលមិនប្រែប្រួល ទោះជាពួកគេមិនតែងតែយល់ស្របនឹងល័ក្ខខ័ណ្ឌនិងវិន័យដែលត្រូវកំណត់នោះក៏ដោយ។ នេះធ្វើឲ្យមានការមួម៉ៅចិត្តមែន បើវិន័យបានត្រូវកែប្រែរាល់ៗដង ស្រេចទៅលើអារម្មណ៍ដែលមាតាបិតាមាននៅពេលនោះ។ ម្យ៉ាងទៀត ប្រសិនបើកូនជំទង់ទទួលការលើកទឹកចិត្តនិងទទួលជំនួយតាមត្រូវពេល ក្នុងការប្រឈមមុខនឹងបញ្ហាខាងការខ្វះខាតនូវទំនុកចិត្តលើខ្លួនឯងនិងការអៀនខ្មាស នោះពួកគេនឹងបានធំឡើងជាបុគ្គល ដែលមានចិត្តនឹងន។ ពួកក្មេងជំទង់ក៏មានអំណរគុណដែរ នៅពេលដែលពួកគេទទួលទំនុកចិត្តពីមាតាបិតារបស់ខ្លួន គឺជាទំនុកចិត្តដែលកូនសមនឹងទទួលនោះ។—ប្រៀបមើល អេសាយ ៣៥:៣, ៤; លូកា ១៦:១០; ១៩:១៧
១៨. តើពត៌មានអ្វីខ្លះអំពីក្មេងជំទង់ ដែលអាចលើកទឹកចិត្តដល់មាតាបិតា?
១៨ មាតាបិតាអាចមានអារម្មណ៍ស្ងប់ដោយដឹងថា កាលណាមានភាពសុខសាន្ត ភាពនឹងន និងសេចក្ដីស្រឡាញ់ក្នុងក្រុមគ្រួសារ នោះជាធម្មតាកូនៗនឹងរីកចំរើន។ (អេភេសូរ ៤:៣១, ៣២; យ៉ាកុប ៣:១៧, ១៨) យ៉ាងណាមិញ ក្មេងជំទង់ជាច្រើនបានឈ្នះទៅលើបរិយាកាសដ៏អាក្រក់ក្នុងផ្ទះ ហើយបានធំឡើងជាមនុស្សពេញវ័យដ៏ល្អប្រសើរ សូម្បីតែពួកគេមកពីក្រុមគ្រួសារដែលមានបញ្ហាខាងការញៀនស្រា មានអំពើហិង្សាក្នុងគ្រួសារ ឬក៏ឥទ្ធិពលដ៏មានគ្រោះថ្នាក់ណាមួយក៏ដោយ។ ដូច្នេះហើយ ប្រសិនបើអ្នកធ្វើឲ្យមានបរិយាកាសនៅក្នុងក្រុមគ្រួសារប្រកបទៅដោយភាពសុខដុមរមនា នោះកូនជំទង់របស់អ្នកនឹងមានអារម្មណ៍សុខស្រួល ដោយពួកគេដឹងថាពួកគេនឹងទទួលសេចក្ដីស្រឡាញ់ ការថ្នាក់ថ្នម និងការយកចិត្តទុកដាក់ ហើយទំនងជានឹងធំឡើងទៅជាមនុស្សពេញវ័យ ដែលជាទីពេញចិត្តរបស់អ្នក ទោះជាការនោះរួមបញ្ចូលការដាក់កំរិតនិងការទូន្មានប្រដៅដ៏សមហេតុផល ទាំងសមស្របនឹងគោលការណ៍ខាងបទគម្ពីរក៏ដោយ។—ប្រៀបមើល សុភាសិត ២៧:១១
នៅពេលដែលបុត្រធីតាមានបញ្ហា
១៩. ពេលដែលមាតាបិតាបង្ហាត់បង្រៀនកូនតាមរបៀបដែលកូនគួរដើរ តើកូនត្រូវមានភារកិច្ចអ្វី?
១៩ ការចិញ្ចឹមអប់រំកូនយ៉ាងល្អ ប្រាកដជានាំឲ្យមានប្រយោជន៍។ សុភាសិត ២២:៦ ចែងថា៖ «ចូរបង្ហាត់កូនក្មេង ឲ្យប្រព្រឹត្តតាមផ្លូវដែលគួរប្រព្រឹត្ត នោះវានឹងមិនលះបង់ពីផ្លូវនោះដរាបដល់ចាស់»។ ក៏ប៉ុន្តែ ចុះយ៉ាងណាវិញចំពោះកូនៗដែលមានបញ្ហាដ៏ធ្ងន់ ទោះជាមានមាតាបិតាដ៏ល្អនោះក៏ដោយ? តើអាចមានដូច្នេះទេ? អាចមានមែន។ ដើម្បីយល់នូវពាក្យសុភាសិតនេះ យើងត្រូវតែពិនិត្យមើលនូវខផ្សេងៗដែលបញ្ជាក់អំពីភារកិច្ចរបស់កូនត្រូវ«ស្ដាប់»និងធ្វើតាមមាតាបិតា។ (សុភាសិត ១:៨) មាតាបិតាព្រមទាំងកូនត្រូវសហការគ្នាក្នុងការអនុវត្តតាមគោលការណ៍ក្នុងបទគម្ពីរ ប្រសិនបើចង់ឲ្យមានភាពចុះសម្រុងគ្នានៅក្នុងក្រុមគ្រួសារនោះ។ ប្រសិនបើមាតាបិតានិងកូនៗមិនសហការគ្នាទេ នោះនឹងមានបញ្ហាជាពុំខាន។
២០. នៅពេលកូនធ្វើខុសដោយមិនគិតមុខគិតក្រោយ តើអ្វីទៅជាវិធីដ៏មានប្រាជ្ញា ដែលមាតាបិតាត្រូវធ្វើតាម?
២០ តើមាតាបិតាគួរធ្វើយ៉ាងណា ពេលដែលកូនជំទង់បានធ្វើខុស ហើយបង្កឲ្យមានបញ្ហានោះ? ជាពិសេសនៅពេលនោះ កូនជំទង់នេះត្រូវការជំនួយ។ ប្រសិនបើមាតាបិតាចាំមិនភ្លេចថា ដែលកូនរបស់ខ្លួនគ្មានការពិសោធន៍ទាល់តែសោះ នោះមាតាបិតាត្រូវទប់អារម្មណ៍ ដោយមិនបង្ហាញនូវការមិនពេញចិត្តខ្លាំងហួសហេតុពេកទេ។ ប៉ុលឲ្យឱវាទពួកអ្នកដែលមានគំនិតចាស់ទុំនៅក្នុងក្រុមជំនុំថា៖ «ឱ! បងប្អូនអើយ! បើបានទាន់ឃើញមនុស្សណាធ្វើខុសអ្វី នោះអ្នករាល់គ្នាដែលដើរដោយព្រះវិញ្ញាណ ចូរដំរង់អ្នកនោះដោយចិត្តសុភាព»។ (កាឡាទី ៦:១) មាតាបិតាអាចអនុវត្តន៍តាមវិធីនេះ ពេលនិយាយជាមួយកូនដែលធ្វើខុសដោយមិនគិតមុខគិតក្រោយនោះ។ នៅពេលពន្យល់យ៉ាងច្បាស់អំពីមូលហេតុដែលទង្វើរបស់កូនគឺខុស និងអំពីរបៀបដែលកូនអាចជៀសវាងកំហុសនេះ នោះមាតាបិតាគួរពន្យល់កូនឲ្យដឹងយ៉ាងច្បាស់ថា គឺជាទង្វើដែលកូនធ្វើនោះដែលអាក្រក់ មិនមែនខ្លួនកូនអាក្រក់ទេ។—ប្រៀបមើល យូដាស ២២, ២៣
២១. ដោយធ្វើតាមគំរូនៃក្រុមជំនុំគ្រីស្ទាន តើមាតាបិតាគួរធ្វើយ៉ាងណា បើកូនរបស់ខ្លួនបានប្រព្រឹត្តអំពីបាបដ៏ធ្ងន់នោះ?
២១ ចុះយ៉ាងណាវិញ បើកំហុសរបស់កូននោះ គឺជាកំហុសដ៏ធ្ងន់មួយ? ក្នុងករណីនេះ កូនត្រូវការជំនួយពិសេស និងការណែនាំដ៏ជំនាញ។ នៅពេលដែលសមាជិកម្នាក់ក្នុងក្រុមជំនុំធ្វើបាបដ៏ធ្ងន់មួយ គាត់ត្រូវជំរុញឲ្យកែប្រែចិត្ត ហើយឲ្យទៅរកជំនួយពីពួកអ្នកចាស់ទុំ។ (យ៉ាកុប ៥:១៤-១៦) ពេលដែលគាត់កែប្រែចិត្តហើយ នោះពួកអ្នកចាស់ទុំខំជួយគាត់ឲ្យកសាងខ្លួនខាងវិញ្ញាណឡើងវិញ។ នៅក្នុងក្រុមគ្រួសារ នោះមាតាបិតាក៏មានភារកិច្ចជួយកូនជំទង់ដែលធ្វើខុសផងដែរ ទោះជាមាតាបិតាប្រហែលត្រូវតែពិគ្រោះរឿងនេះជាមួយពួកអ្នកចាស់ទុំក៏ដោយ។ យ៉ាងប្រាកដហើយ មាតាបិតាមិនគួរលាក់ពីក្រុមនៃពួកអ្នកចាស់ទុំនូវអំពើបាបដ៏ធ្ងន់ណា ដែលកូនម្នាក់របស់ខ្លួនបានប្រព្រឹត្តនោះឡើយ។
២២. ក្នុងការយកតម្រាប់តាមព្រះយេហូវ៉ា តើមាតាបិតាគួររក្សាឲ្យមានអាកប្បកិរិយាបែបណា ពេលដែលកូនរបស់ខ្លួនប្រព្រឹត្តអំពើបាបដ៏ធ្ងន់នោះ?
២២ បញ្ហាដ៏ធ្ងន់ធ្ងរដែលជាប់ពាក់ព័ន្ធនឹងកូនៗរបស់ខ្លួនធ្វើឲ្យតានតឹងចិត្តណាស់។ ដោយព្រួយចិត្ត នោះមាតាបិតាប្រហែលជាចង់គំរាមកំហែងដល់កូនដ៏រឹងរូសនោះ ក៏ប៉ុន្តែប្រហែលនេះគ្រាន់តែធ្វើឲ្យគាត់តូចចិត្តប៉ុណ្ណោះ។ ចូរចាំថា អនាគតនៃកូននេះប្រហែលជា ពឹងពាក់លើរបៀបដែលមាតាបិតារបស់ខ្លួនប្រព្រឹត្តទៅលើគេ ក្នុងកំឡុងគ្រាដ៏ពិបាកនេះ។ ចូរចាំមិនភ្លេចដែរថា ព្រះយេហូវ៉ាបានប្រុងប្រៀបនឹងអត់ឱនទោសឲ្យរាស្ត្ររបស់ទ្រង់ ពេលពួកគេធ្វើខុសប្រសិនបើពួកគេប្រែចិត្តវិញ។ សូមស្ដាប់នូវពាក្យបន្ទូលដែលប្រកបដោយសេចក្ដីស្រឡាញ់នេះ ដែលថា៖ «ព្រះយេហូវ៉ាទ្រង់មានបន្ទូលថា មកចុះ! យើងនឹងពិភាក្សាជាមួយគ្នា ទោះបើអំពើបាបរបស់ឯងដូចជាពណ៌ក្រហមទែងក៏ដោយ គង់តែនឹងសដូចហិមៈ ទោះបើក្រហមឆ្អៅក៏ដោយ គង់តែនឹងបានដូចជារោមចៀមវិញ»។ (អេសាយ ១:១៨) នេះជាគំរូដ៏ល្អណាស់ហ្ន៎! ចំពោះមាតាបិតា។
២៣. តើមាតាបិតាគួរធ្វើយ៉ាងណា ហើយគួរតែជៀសវាងពីអ្វី នៅពេលដែលកូនម្នាក់របស់ខ្លួនបានធ្វើអំពើបាបដ៏ធ្ងន់នោះ?
២៣ ដូច្នេះហើយ ចូរខំលើកទឹកចិត្តកូនដ៏រឹងរូសនេះឲ្យកែប្រែការប្រព្រឹត្តរបស់ខ្លួនចុះ! សូមស្វែងរកឱវាទដ៏ល្អពីមាតាបិតានិងពួកអ្នកចាស់ទុំក្នុងក្រុមជំនុំដែលមានបទពិសោធន៍។ (សុភាសិត ១១:១៤) សូមខំប្រឹងកុំធ្វើនិងនិយាយតាមតែសន្ទុះចិត្ត ឬធ្វើអ្វីមួយ ដែលធ្វើឲ្យកូនរបស់អ្នកមានចិត្តរអាមិនចង់ត្រឡប់មកឯអ្នកវិញឲ្យសោះ។ ចូរជៀសវាងពីការខឹងដោយមិនចេះទប់និងចិត្តមួម៉ៅ។ (កូល៉ុស ៣:៨) សូមកុំឆាប់ចុះចាញ់ពេក។ (កូរិនថូសទី១ ១៣:៤, ៧) ពេលស្អប់អំពើអាក្រក់ សូមជៀសវាងពីការក្លាយទៅជាមនុស្សដែលគ្មានចិត្តមេត្ដា និងមានចិត្តមួម៉ៅទៅលើកូនរបស់អ្នក។ អ្វីដែលសំខាន់បំផុត គឺថាមាតាបិតាគួរខំធ្វើជាគំរូដ៏ល្អ និងខំរក្សាជំនឿរបស់គាត់ទៅលើព្រះឲ្យបានមុតមាំ។
ការស៊ូទ្រាំនឹងកូនមិនស្ដាប់បង្គាប់ដ៏រឹងចចេស
២៤. តើស្ថានការណ៍ដ៏គួរឲ្យសោកស្ដាយអ្វីដែលជួនកាលមានក្នុងក្រុមគ្រួសារគ្រីស្ទាន? ហើយតើមាតាបិតាគួរមានទឹកចិត្តយ៉ាងណា?
២៤ ក្នុងករណីខ្លះ គឺឃើញច្បាស់ថា ក្មេងជំទង់ម្នាក់បានសម្រេចចិត្តដាច់ខាត ក្នុងការបះបោរប្រឆាំងនិងបដិសេធចោលទាំងស្រុងនូវគោលការណ៍ព្រះគម្ពីរ។ បើដូច្នេះ មាតាបិតាគួរប្រមូលអារម្មណ៍ទៅលើការមើលថែរក្សាកូនផ្សេងៗទៀត។ សូមប្រុងប្រយ័ត្ន កុំចំណាយកំឡាំងនិងប្រមូលអារម្មណ៍ទាំងអស់ទៅលើតែកូនដែលបះបោរនោះតែប៉ុណ្ណោះ ហើយបែរជាព្រងើយកន្តើយនឹងកូនឯទៀតៗនោះ។ ជាជាងខំបិទបាំងបញ្ហាពីសមាជិកឯទៀតក្នុងក្រុមគ្រួសារ សូមពិគ្រោះរឿងទាំងនោះជាមួយពួកគេទៅតាមកំរិតសមរម្យ និងតាមរបៀបដែលធ្វើឲ្យពួកគេលែងព្រួយបារម្ភ។—ប្រៀបមើល សុភាសិត ២០:១៨
២៥. (ក) ដោយធ្វើតាមគំរូនៃក្រុមជំនុំគ្រីស្ទាន តើមាតាបិតាអាចធ្វើយ៉ាងណា បើកូនម្នាក់ក្លាយទៅជាអ្នកមិនស្ដាប់បង្គាប់ដ៏រឹងចចេសនោះ? (ខ) តើមាតាបិតាគួរតែនឹកចាំអ្វី ប្រសិនបើកូនម្នាក់របស់ខ្លួនបះបោរនោះ?
២៥ សាវ័កយ៉ូហានបានមានប្រសាសន៍អំពីបុគ្គលដែលក្លាយទៅជាអ្នកបះបោរដែលកែលែងបាននៅក្នុងក្រុមជំនុំថា៖ «នោះកុំឲ្យទទួលអ្នកនោះ នៅក្នុងផ្ទះឡើយ កុំឲ្យទាំងជំរាបសួរដល់អ្នកនោះផង»។ (យ៉ូហានទី២ ១០) មាតាបិតាប្រហែលជាគិតថា ខ្លួនគួរចាត់វិធានការស្រដៀងគ្នានេះដែរចំពោះកូនរបស់ខ្លួន ប្រសិនបើកូននោះមានអាយុពេញវ័យតាមច្បាប់បានបះបោរប្រឆាំងទាំងស្រុងហើយនោះ។ ទោះជាការធ្វើបែបនេះពិបាកយ៉ាងណាក៏ដោយ ជួនកាលនោះគឺចាំបាច់ត្រូវតែធ្វើ ដើម្បីការពារសមាជិកទាំងប៉ុន្មានទៀតក្នុងគ្រួសារ។ ក្រុមគ្រួសាររបស់អ្នកត្រូវការឲ្យអ្នកត្រួតពិនិត្យនិងការពារបន្តទៅមុខទៀត។ ដូច្នេះហើយ ចូរបន្តកំណត់នូវវិន័យជាក់លាក់ខាងចរិយាដែលប្រកបដោយភាពសមហេតុសមផល។ ចូរនិយាយជាមួយកូនឯទៀតរបស់អ្នក។ សូមចាប់អារម្មណ៍នឹងការរីកចំរើនរបស់ពួកគេនៅឯសាលា ព្រមទាំងនៅក្នុងក្រុមជំនុំផងដែរ។ ម្យ៉ាងទៀត សូមឲ្យកូនៗដឹងថា ទោះជាអ្នកមិនពេញចិត្តនឹងការប្រព្រឹត្តដែលបង្ហាញការមិនស្ដាប់បង្គាប់របស់កូនមួយទៀតនោះក៏ដោយ ក៏អ្នកនៅតែស្រឡាញ់កូនដដែល។ ចូរលើកបញ្ជាក់ថាការប្រព្រឹត្តរបស់កូននោះគឺអាក្រក់ ជាជាងប្រាប់ថាកូនឯងអាក្រក់ណាស់។ នៅពេលដែលកូនប្រុសពីរនាក់របស់យ៉ាកុប បាននាំសេចក្ដីទុក្ខវេទនាមកលើក្រុមគ្រួសារ ដោយសារអំពើឃោរឃៅរបស់គេ នោះយ៉ាកុបបានដាក់បណ្ដាសាទៅលើកំហឹងដ៏ឃោរឃៅរបស់គេ មិនមែនដាក់បណ្ដាសាកូនៗនោះទេ។—លោកុប្បត្តិ ៣៤:១-៣១; ៤៩:៥-៧
២៦. តើមាតាបិតាដែលយកចិត្តទុកដាក់អាចទទួលនូវការសម្រាលទុក្ខអ្វី ប្រសិនបើកូនម្នាក់របស់ខ្លួនបះបោរនោះ?
២៦ អ្នកប្រហែលជាគិតថា អ្នកទទួលខុសត្រូវចំពោះអ្វីដែលបានកើតឡើងក្នុងក្រុមគ្រួសាររបស់អ្នក។ ប៉ុន្តែប្រសិនបើអ្នកបានអធិស្ឋានថែមទាំងធ្វើអស់ពីសមត្ថភាពរបស់អ្នក ហើយបានធ្វើតាមឱវាទរបស់ព្រះយេហូវ៉ាយ៉ាងផ្ចិតផ្ចង់ដែលអាចធ្វើទៅបាន នោះអ្នកមិនចាំបាច់ដាក់ទោសខ្លួនអ្នកច្រើនពេកនោះទេ។ អ្នកអាចមានអារម្មណ៍ស្រួលដោយដឹងថា គ្មានមាតាបិតាណាគ្រប់ល័ក្ខណ៍ឡើយ ប៉ុន្តែអ្នកពិតជាអាចខំប្រឹងធ្វើយ៉ាងណាឲ្យបានទៅជាមាតាបិតាដ៏ល្អ។ (ប្រៀបមើល កិច្ចការ ២០:២៦) ប្រសិនបើមានអ្នកណា ម្នាក់ក្នុងក្រុមគ្រួសារដែលជាអ្នកបះបោរទាំងស្រុង នោះគឺធ្វើឲ្យឈឺចិត្តខ្លាំងណាស់។ ប៉ុន្តែប្រសិនបើមានក្នុងគ្រួសារអ្នកមែន នោះចូរមានទំនុកចិត្តថា ព្រះទ្រង់យោគយល់ហើយទ្រង់នឹងមិនបោះបង់ចោលពួកអ្នកបំរើរបស់ទ្រង់ឡើយ។ (ទំនុកដំកើង ២៧:១០) ដូច្នេះចូរប្ដេជ្ញាធ្វើឲ្យក្រុមគ្រួសាររបស់អ្នក ជាទីជម្រកមួយដ៏ប្រកបទៅដោយសុវត្ថិភាពខាងវិញ្ញាណចំពោះកូនទាំងប៉ុន្មានរបស់អ្នកចុះ។
២៧. ដោយនឹកចាំអំពីរឿងប្រៀបប្រដូចអំពីកូនបង្ហិនទ្រព្យ តើមាតាបិតាដែលមានកូនបះបោរអាចមានសេចក្ដីសង្ឃឹមអ្វី?
២៧ ម្យ៉ាងវិញទៀត អ្នកមិនគួរអស់សង្ឃឹមឡើយ។ ការខំប្រឹងនៅដើមដំបូងរបស់អ្នកក្នុងការអប់រំកូនឲ្យបានត្រឹមត្រូវនោះ ប្រហែលជាយថាហេតុនឹងមានអានុភាពលើចិត្តនៃកូនបះបោរនេះ ហើយក៏នាំឲ្យកូននេះដឹងខ្លួនវិញដែរ។ (សាស្ដា ១១:៦) ក្រុមគ្រួសារគ្រីស្ទានមួយចំនួន បានមានបទពិសោធន៍ស្រដៀងនឹងអ្នក ហើយខ្លះក៏មានកូនបះបោរដែរ ដែលបានវិលត្រឡប់មកវិញ ដូចជាកូនបង្ហិនទ្រព្យត្រឡប់មករកឪពុកវិញក្នុងរឿងប្រៀបប្រដូចរបស់ព្រះយេស៊ូ។ (លូកា ១៥:១១-៣២) ព្រឹត្ដិការណ៍ដូចនេះក៏អាចកើតឡើងចំពោះអ្នកដែរ។