សំណួរពីអ្នកអាន
សំណួរពីអ្នកអាន
តើសេចក្ដីស្លាប់របស់អ្នកបម្រើដែលមានភក្ដីភាពចំពោះព្រះ«ជាការវិសេសដល់ព្រះនេត្រទ្រង់»យ៉ាងដូចម្ដេច?
▪ ក្រោមការដឹកនាំរបស់ព្រះ អ្នកតែងទំនុកតម្កើងម្នាក់បានច្រៀងថា៖ «ការស្លាប់របស់ពួកអ្នកបរិសុទ្ធនៃព្រះយេហូវ៉ា ជាការវិសេសដល់ព្រះនេត្រទ្រង់»។ (ទំនុក. ១១៦:១៥) ជីវិតរបស់អ្នកគោរពប្រណិប័តន៍ពិតនៃព្រះយេហូវ៉ាទាំងអស់មានតម្លៃណាស់ចំពោះលោក។ ក៏ប៉ុន្តែ ពាក្យដែលដកស្រង់ពីទំនុកតម្កើងទី១១៦ មិនសំដៅទៅលើសេចក្ដីស្លាប់នៃបុគ្គលម្នាក់ប៉ុណ្ណោះទេ។
ពេលថ្លែងសុន្ទរកថាដើម្បីរំលឹកអំពីគ្រិស្តសាសនិកម្នាក់ដែលបានស្លាប់ ការនិយាយថាទំនុកតម្កើង ១១៦:១៥ គឺសម្រាប់បុគ្គលដែលស្លាប់គឺមិនត្រឹមត្រូវទេ ទោះបីជាគាត់បានស្លាប់ក្នុងនាមជាអ្នកបម្រើដែលមានភក្ដីភាពចំពោះព្រះយេហូវ៉ាក៏ដោយ។ ហេតុអ្វី? ពីព្រោះពាក្យរបស់អ្នកតែងទំនុកតម្កើងមានអត្ថន័យទូលំទូលាយជាងនេះទៅទៀត។ ខគម្ពីរនេះមានន័យថាព្រះមិនអនុញ្ញាតឲ្យពួកអ្នកបម្រើស្មោះភក្ដីទាំងអស់របស់លោកស្លាប់ឡើយ ពីព្រោះលោកចាត់ទុកពួកគាត់ថាមានតម្លៃក្រៃលែង។—សូមមើល ទំនុកតម្កើង ៧២:១៤; ១១៦:៨
ទំនុកតម្កើង ១១៦:១៥ ធានាយើងថាព្រះយេហូវ៉ានឹងមិនអនុញ្ញាតឲ្យអ្នកបម្រើលោកជាក្រុមត្រូវបំផ្លាញចោលទាំងអស់ពីផែនដីឡើយ។ តាមការពិត ប្រវត្ដិរបស់អង្គការយើងនៅសម័យនេះ រៀបរាប់អំពីការស៊ូទ្រាំនឹងទុក្ខលំបាកនិងការបៀតបៀនយ៉ាងខ្លាំងដែលយើងជួបប្រទះ។ នេះផ្ដល់ទីសំអាងយ៉ាងច្បាស់ថាព្រះយេហូវ៉ានឹងមិនអនុញ្ញាតឲ្យយើងទាំងអស់គ្នាត្រូវបំផ្លាញចោលអស់គ្មានសល់ឡើយ។
ដោយសារព្រះយេហូវ៉ាមានឫទ្ធានុភាពខ្លាំងក្លាបំផុត ហើយគោលបំណងរបស់លោកប្រាកដជានឹងបានសម្រេច នោះលោកនឹងមិនអនុញ្ញាតឲ្យយើងត្រូវបំផ្លាញចោលជាក្រុមទេ។ បើព្រះអនុញ្ញាតឲ្យសត្រូវលោកធ្វើដូច្នេះ គឺហាក់ដូចជាសត្រូវរបស់លោកមានឫទ្ធានុភាពខ្លាំងជាងលោក រឿងនេះគឺមិនអាចកើតឡើងបានទេ! បើព្រះអនុញ្ញាតឲ្យសត្រូវលោកធ្វើដូច្នេះ នោះគោលបំណងរបស់ព្រះយេហូវ៉ាដែលចង់ឲ្យផែនដីនេះមានមនុស្សស្មោះភក្ដីចំពោះលោកអាស្រ័យនៅនឹងមិនបានសម្រេច ហើយរឿងនេះគឺមិនអាចទៅរួចទេ។ (អេ. ៤៥:១៨; ៥៥:១០, ១១) សូម្បីតែការបំពេញកិច្ចបម្រើពិសិដ្ឋចំពោះព្រះយេហូវ៉ាក៏នឹងលែងមាននៅលើផែនដីដែរ បើគ្មានមនុស្សរស់នៅដើម្បីគោរពប្រណិប័តន៍លោកនៅផែនដីដែលប្រៀបដូចជាទីធ្លានៃវិហារដ៏ឧត្តមរបស់ព្រះ! ហើយក៏គ្មានមនុស្សដើម្បីធ្វើជាគ្រឹះមូលដ្ឋាននៃ«ផែនដីថ្មី» ពោលគឺសង្គមមនុស្សសុចរិតដែលរស់នៅលើផែនដីយើងក្រោមការគ្រប់គ្រងរបស់«មេឃថ្មី»។ (បប. ២១:១) ម្យ៉ាងទៀត ការគ្រប់គ្រងមួយពាន់ឆ្នាំរបស់គ្រិស្តក៏នឹងមិនទៅជាការពិតបានដែរ បើគ្មានបណ្ដារាស្ត្ររបស់លោកនៅផែនដីទេ។—បប. ២០:៤, ៥
បើព្រះអនុញ្ញាតឲ្យសត្រូវរបស់លោកបំផ្លាញរាស្ត្ររបស់លោកទាំងអស់នៅផែនដី នោះឋានៈនិងកេរ្ដិ៍ឈ្មោះរបស់លោកនឹងត្រូវគេមើលងាយ។ បើលោកអនុញ្ញាតឲ្យសត្រូវលោកធ្វើដូច្នេះ នោះឋានៈរបស់លោកជាមហាក្សត្រសកលលោកនឹងត្រូវអាប់ឱន។ ម្យ៉ាងទៀត ដោយសារលោកគិតដល់ខ្លួនលោកនិងនាមបរិសុទ្ធរបស់លោក នោះព្រះយេហូវ៉ានឹងមិនអនុញ្ញាតឲ្យអ្នកបម្រើស្មោះភក្ដីរបស់លោកត្រូវគេសម្លាប់ជាក្រុមនោះឡើយ។ សូមពិចារណាអំពីរឿងនេះ: ដោយហេតុថា ព្រះ«ឥតមានសេចក្ដីទុច្ចរិត»ឬអយុត្ដិធម៌ឡើយ នោះលោកនឹងការពារក្រុមមនុស្សដែលបម្រើលោកយ៉ាងស្មោះភក្ដីជាមិនខាន។ (ចោ. ៣២:៤; លោ. ១៨:២៥) បន្ថែមទៅទៀត ការអនុញ្ញាតឲ្យអ្នកបម្រើទាំងអស់របស់លោកត្រូវបំផ្លាញជាក្រុម នេះនឹងផ្ទុយពីបណ្ដាំរបស់លោកដែលថា៖ «ព្រះយេហូវ៉ាទ្រង់មិនបោះបង់ចោលរាស្ត្រទ្រង់ឡើយ ដោយព្រោះទ្រង់យល់ដល់ព្រះនាមទ្រង់ដ៏ជាធំ»។ (១សាំ. ១២:២២) មែនហើយ«ព្រះយេហូវ៉ាទ្រង់នឹងមិនចោលរាស្ត្រទ្រង់ឡើយ ក៏មិនលះបង់មរដកទ្រង់ដែរ»។—ទំនុក. ៩៤:១៤
ដោយដឹងថារាស្ត្ររបស់ព្រះនឹងមិនត្រូវវិនាសពីផែនដី នេះពិតជាសម្រាលទុក្ខយើងមែន! បើដូច្នេះ សូមឲ្យយើងបង្ហាញភក្ដីភាពចំពោះព្រះជានិច្ច ហើយទុកចិត្តលើសេចក្ដីសន្យារបស់លោកដែលថា៖ «ឯគ្រឿងសស្ដ្រាវុធណាដែលគេធ្វើឡើង នោះគ្មានណាមួយនឹងអាចទាស់នឹងឯងបានឡើយ ហើយអស់ទាំងអណ្ដាតណាដែលកំរើកទាស់នឹងឯងក្នុងរឿងក្ដី នោះឯងនឹងកាត់ទោសឲ្យវិញ នេះហើយជាសេចក្ដីដែលពួកអ្នកបំរើរបស់ព្រះយេហូវ៉ានឹងទទួលជាមរដក ហើយសេចក្ដីសុចរិតរបស់គេក៏មកពីអញ»។—អេ. ៥៤:១៧
[រូបភាពនៅទំព័រ២២]
ព្រះនឹងមិនអនុញ្ញាតឲ្យរាស្ត្ររបស់លោកទាំងអស់ត្រូវបំផ្លាញឲ្យសាបសូន្យឡើយ