ព្រះយេហូវ៉ាតាក់តែងរាស្ត្ររបស់ទ្រង់ដោយពន្លឺ
ព្រះយេហូវ៉ាតាក់តែងរាស្ត្ររបស់ទ្រង់ដោយពន្លឺ
«[«ឱស្ត្រីអើយ!», ព.ថ.]ចូរក្រោកឡើង ហើយភ្លឺមកចុះ! ដ្បិតពន្លឺរបស់ឯងបានមកដល់ហើយ សិរីល្អនៃព្រះយេហូវ៉ាក៏បានរះឡើងដល់ឯងដែរ»។—អេសាយ ៦០:១
១, ២. (ក) តើរបបលោកីយ៍នេះមានសភាពបែបណា? (ខ) តើអ្នកណាបង្កើតឲ្យមានភាពងងឹតដែលគ្របដណ្ដប់លើមនុស្សជាតិ?
នៅទសវត្សឆ្នាំ១៩៤០ លោក ហារី ទ្រូមេន ប្រធានាធិបតីសហរដ្ឋអាមេរិក បានបន្លឺសម្លេងថ្ងូរថា៖ «ឱ! បើមានលោកអេសាយឬក៏សាវ័កប៉ុល នោះពិតជាល្អមែន!»។ ហេតុអ្វីបានជាលោកពោលដូច្នេះ? ដោយព្រោះលោកបានយល់ដឹងថា នៅសម័យរបស់លោក មនុស្សត្រូវការប្រមុខដែលជាគំរូល្អបំផុតផ្នែកសីលធម៌។ នៅពេលនោះ លោកីយ៍ទើបតែឆ្លងផុតពីគ្រាមួយដ៏ខ្លោចផ្សាបំផុតក្នុងសតវត្សទី២០ ពោលគឺសង្គ្រាមលោកលើកទីពីរ។ ក៏ប៉ុន្តែ ទោះជាសង្គ្រាមនោះបានចប់ហើយក្ដី តែលោកីយ៍នៅតែគ្មានសន្ដិភាពដដែល ហើយនៅតែមានភាពអស់សង្ឃឹមគ្របដណ្ដប់លើពិភពលោកដូចជាស្បៃអន្ធការ។ ហាសិបប្រាំពីរឆ្នាំក្រោយពីសង្គ្រាមនោះបានចប់ទៅ លោកីយ៍នេះពិតមែននៅតែស្ថិតក្នុងភាពងងឹតខាងវិញ្ញាណដដែល។ ប្រសិនជាប្រធានាធិបតីទ្រូមេននៅរស់សព្វថ្ងៃនេះ លោកប្រាកដជានឹងសង្កេតឃើញថា យើងនៅតែត្រូវការប្រមុខដែលជាគំរូដ៏ល្អផ្នែកសីលធម៌ ដូចជាលោកអេសាយឬក៏សាវ័កប៉ុលនោះដដែល។
២ ទោះជាប្រធានាធិបតីទ្រូមេនជ្រាបឬក៏មិនជ្រាបក៏ដោយនោះ សាវ័កប៉ុលបាននិយាយអំពីភាពងងឹតដែលកំពុងតែគ្របដណ្ដប់ទៅលើមនុស្សជាតិ ហើយគាត់ក៏បានព្រមានអំពីភាពងងឹតនោះតាមរយៈសំនេររបស់គាត់។ ជាឧទាហរណ៍ ប៉ុលបានព្រមានអ្នកជឿគ្នីគ្នាថា៖ «យើងរាល់គ្នាមិនមែនតយុទ្ធនឹងសាច់ឈាមទេ គឺនឹងពួកគ្រប់គ្រង ពួកមានអំណាច នឹងពួកម្ចាស់នៃសេចក្ដីងងឹតនៅលោកីយនេះវិញ ហើយទាស់នឹងអំណាចអាក្រក់ខាងវិញ្ញាណ នៅស្ថានដ៏ខ្ពស់ដែរ»។ (អេភេសូរ ៦:១២, កំណែជាអក្សរទ្រេត) ពាក្យសំដីរបស់ប៉ុលមិនគ្រាន់តែបញ្ជាក់ថា គាត់យល់ដឹងពីភាពងងឹតដែលកំពុងតែគ្របដណ្ដប់លើរបបលោកីយ៍នេះប៉ុណ្ណោះទេ តែប៉ុលក៏ដឹងពីប្រភពដើមនៃភាពងងឹតនោះដែរ ពោលគឺវិញ្ញាណអាក្រក់ដែលមានអំណាចដ៏ខ្លាំងក្លាដែលហៅថា «ពួកម្ចាស់នៃ . . . លោកីយនេះ»។ បើបុគ្គលវិញ្ញាណដ៏ខ្លាំងក្លាជាអ្នកដែលបង្កើតឲ្យមានភាពងងឹតនេះ តើមនុស្សជាតិធម្មតាអាចបំបាត់នូវភាពងងឹតនេះម្ដេចនឹងបានទៅ?
៣. ទោះជាមនុស្សជាតិស្ថិតនៅក្នុងសភាពងងឹតងងល់ក៏ដោយ តើអ្វីជាទំនាយរបស់អេសាយស្តីអំពីមនុស្សស្មោះត្រង់?
៣ អេសាយក៏បាននិយាយអំពីភាពងងឹតដែលកំពុងតែនាំឲ្យមនុស្សជាតិលំបាកនោះដែរ។ (អេសាយ ៨:២២; ៥៩:៩) ប៉ុន្តែ អេសាយក៏បានត្រូវព្រះបណ្ដាលឲ្យទាយអំពីសម័យយើងនេះដែរថា ព្រះយេហូវ៉ានឹងបំភ្លឺស្មារតីរបស់អស់អ្នកណាដែលស្រឡាញ់ពន្លឺ ទោះជាសម័យនេះមានពេញទៅដោយភាពងងឹតយ៉ាងណាក៏ដោយ។ ពិតមែនហើយ ទោះបីយើងគ្មានប៉ុលនិងអេសាយនៅជាមួយយើងសព្វថ្ងៃនេះក៏ដោយ តែយើងនៅមានពាក្យដែលព្រះវិញ្ញាណបានបណ្ដាលឲ្យពួកគេសរសេរមកដើម្បីណែនាំយើង។ ដើម្បីឲ្យយល់ដឹងពីមូលហេតុដែលសំនេរនេះមានប្រយោជន៍ដល់អស់អ្នកដែលស្រឡាញ់ព្រះយេហូវ៉ានោះ យើងសុំពិចារណានូវបទទំនាយរបស់អេសាយនៅជំពូកទី៦០នៃសៀវភៅអេសាយ។
ស្ត្រីអត្ថបដិរូបមួយដែលបញ្ចេញពន្លឺ
៤, ៥. (ក) តើព្រះយេហូវ៉ាបង្គាប់ស្ត្រីឲ្យធ្វើអ្វី? ហើយតើព្រះយេហូវ៉ាសន្យាអ្វីចំពោះនាង? (ខ) តើអេសាយជំពូកទី៦០មានពត៌មានអ្វីដ៏គួរឲ្យរំភើបចិត្តនោះ?
៤ ពាក្យដំបូងនៃអេសាយជំពូកទី៦០ត្រូវពោលទៅកាន់ស្ត្រីម្នាក់ដែលស្ថិតក្នុងកាលៈទេសៈដ៏គួរឲ្យអាណិតណាស់ ដោយព្រោះនាងកំពុងតែក្រាបផ្កាប់មុខលើដីនៅក្នុងទីដ៏ងងឹត។ ភ្លាមនោះ ពន្លឺក៏ភ្លឺមករំលាយភាពងងឹតនោះ និងព្រះយេហូវ៉ាបន្លឺព្រះសូរសៀងថា៖ «[«ឱស្ត្រីអើយ!», ព.ថ.]ចូរក្រោកឡើង ហើយភ្លឺមកចុះ! ដ្បិតពន្លឺរបស់ឯងបានមកដល់ហើយ សិរីល្អនៃព្រះយេហូវ៉ាក៏បានរះឡើងដល់ឯងដែរ»។ (អេសាយ ៦០:១) ពេលវេលាបានមកដល់ហើយដែលស្ត្រីនោះត្រូវក្រោកឈរនិងភ្លឺដោយពន្លឺឬក៏សិរីល្អរបស់ព្រះ។ ហេតុអ្វី? យើងអាចបានចម្លើយពីខបន្ទាប់ដែលចែងថា៖ «ដ្បិតមើល! សេចក្ដីងងឹតនឹងគ្របលើផែនដី ហើយសេចក្ដីសូន្យសុងនឹងគ្របលើអស់ទាំងជនជាតិ តែព្រះយេហូវ៉ាទ្រង់នឹងរះឡើងភ្លឺដល់ឯង ហើយគេនឹងឃើញសិរីល្អនៃទ្រង់ស្ថិតលើឯង»។ (អេសាយ ៦០:២) ពេលស្ត្រីនោះស្ដាប់តាមបង្គាប់របស់ព្រះយេហូវ៉ា នោះទ្រង់សន្យាអ្វីមួយដ៏ប្រសើរចំពោះនាង។ ព្រះ យេហូវ៉ាមានបន្ទូលថា៖ «អស់ទាំងសាសន៍នឹងមូលគ្នាមកពន្លឺរបស់ឯង ហើយស្តេចទាំងប៉ុន្មាននឹងមកឯរស្មីដែលភ្លឺចេញពីឯង ក្នុងកាលដែលឯងរះឡើង»។—អេសាយ ៦០:៣
៥ ពាក្យដ៏គួរឲ្យរំភើបចិត្តក្នុងខទាំងបីនេះ គឺជាការផ្ដើមនិងជាការសង្ខេបនូវអ្វីដែលមានជាបន្តបន្ទាប់ក្នុងអេសាយជំពូកទី៦០។ ជំពូកនោះទាយអំពីអ្វីដែលកើតឡើងដល់ស្ត្រីអត្ថបដិរូបមួយ និងរបៀបដែលយើងអាចស្ថិតក្នុងរស្មីរបស់ព្រះយេហូវ៉ា ទោះជាលោកីយ៍នេះស្ថិតក្នុងភាពងងឹតក៏ដោយ។ ក៏ប៉ុន្តែ តើនិមិត្តរូបផ្សេងៗក្នុងខទាំងបីនេះតំណាងអ្វី?
៦. តើស្ត្រីនៅអេសាយជំពូកទី៦០តំណាងអ្វី? ហើយនៅលើផែនដីតើអ្នកណាជាអ្នកតំណាងស្ត្រីនោះ?
៦ ស្ត្រីក្នុងអេសាយ ៦០:១-៣ គឺជាស៊ីយ៉ូន ដែលតំណាងអង្គការរបស់ផងព្រះយេហូវ៉ានៅស្ថានសួគ៌ ដែលមានសមាសភាពជាសត្តនិករវិញ្ញាណ។ សព្វថ្ងៃនេះ ស៊ីយ៉ូនមានអ្នកតំណាងនៅលើផែនដី ពោលគឺជាអ្នកសំណល់នៃ«អ៊ីស្រាអែលនៃព្រះ» គឺថាក្រុមជំនុំអន្តរជាតិដែលមានសមាសភាពជាគ្រីស្ទានចាក់ប្រេងតាំង ដែលមានសេចក្ដីសង្ឃឹមគ្រប់គ្រងជាមួយព្រះគ្រីស្ទនៅស្ថានសួគ៌។ (កាឡាទី ៦:១៦) សាសន៍ខាងវិញ្ញាណនេះ មានសមាជិក១៤៤.០០០នាក់ ហើយនាពេលបច្ចុប្បន្ននេះការសម្រេចនៃអេសាយជំពូកទី៦០ សំដៅទៅអ្នកដែលនៅរស់លើផែនដីក្នុងកំឡុងថ្ងៃ«ជាន់ក្រោយបង្អស់»។ (ធីម៉ូថេទី២ ៣:១; វិវរណៈ ១៤:១) ទំនាយនោះក៏បានចែងយ៉ាងច្រើនអំពី«មនុស្ស១ហ្វូងធំ»ជា«ចៀមឯទៀត»ដែលជាសហការីរបស់គ្រីស្ទានចាក់ប្រេងតាំងទាំងនេះដែរ។—វិវរណៈ ៧:៩; យ៉ូហាន ១០:១៦
៧. តើស៊ីយ៉ូនស្ថិតក្នុងកាលៈទេសៈបែបណានៅឆ្នាំ១៩១៨? ហើយតើហេតុការណ៍នេះបានត្រូវទាយទុកជាមុនយ៉ាងដូចម្ដេច?
៧ ដូចជាត្រូវតំណាងដោយស្ត្រីជាអត្ថបដិរូបនោះ តើធ្លាប់មានពេលដែលពួកអ៊ីស្រាអែលនៃព្រះបានស្ថិតក្នុងភាពងងឹតដូចគ្នាឬ? ពិតមែនធ្លាប់មានពេលនោះជាង៨០ឆ្នាំមុននេះ។ ក្នុងកំឡុងសង្គ្រាមលោកលើកទី១ គ្រីស្ទានចាក់ប្រេងតាំងបានពុះពារទាំងលំបាកដើម្បីបន្តធ្វើកិច្ចផ្សព្វផ្សាយ។ ក៏ប៉ុន្តែ នៅឆ្នាំ១៩១៨ កិច្ចផ្សព្វផ្សាយតាមផ្លូវការស្ទើរតែបានឈប់តែម្ដង។ បងប្រុសយ៉ូសែប រ៉ូធើហ្វឺត ដែលបានត្រួតពិនិត្យកិច្ចផ្សព្វផ្សាយទូទាំងពិភពលោក ហើយនិងជនគ្រីស្ទានឯទៀតដែលមានមុខតំណែងទទួលខុសត្រូវ បានត្រូវកាត់ទោសឲ្យជាប់គុកយូរឆ្នាំ ដោយមានការចោទប្រកាន់ដ៏មិនពិត។ សៀវភៅវិវរណៈពណ៌នាតាមរយៈទំនាយថា គ្រីស្ទានចាក់ប្រេងតាំងនៅពេលនោះ គឺប្រៀបដូចជាសាកសពដែលកំពុងតែដេក‹នៅផ្លូវទីក្រុងធំ ដែលខាងវិញ្ញាណហៅថាក្រុងសូដុំម ហើយស្រុកអេស៊ីព្ទ›។ (វិវរណៈ ១១:៨) សំរាប់ស៊ីយ៉ូន ដែលត្រូវតំណាងដោយអ្នកចាក់ប្រេងតាំងនៅលើផែនដីដែលជាកូនស្ត្រីនោះ ពេលនេះជាពេលមួយដែលប្រកបទៅដោយភាពអស់សង្ឃឹមខ្លាំងណាស់!
៨. នៅឆ្នាំ១៩១៩ តើមានការផ្លាស់ប្ដូរដ៏ធំអ្វី? ហើយតើអ្វីជាលទ្ធផល?
៨ ប៉ុន្តែ ក្រោយមកនៅឆ្នាំ១៩១៩ មានការផ្លាស់ប្ដូរដ៏ធំមួយ។ ព្រះយេហូវ៉ាបានបញ្ចាំងពន្លឺទៅលើស៊ីយ៉ូន! សមាជិកនៃអ៊ីស្រាអែល នៃព្រះដែលកំពុងតែរស់ពេលនោះ បានចាត់វិធានការដើម្បីភ្លឺដោយពន្លឺរបស់ព្រះ ដោយចាប់ផ្ដើមប្រកាសប្រាប់ដំណឹងល្អដោយចិត្តមោះមុតម្ដងទៀត។ (ម៉ាថាយ ៥:១៤-១៦) ដោយសារគ្រីស្ទានទាំងនេះចាប់ផ្ដើមបំរើយ៉ាងខ្នះខ្នែងសារជាថ្មីនោះ អ្នកឯទៀតបានត្រូវទាក់ទាញឲ្យមកឯពន្លឺរបស់ព្រះយេហូវ៉ា។ ដំបូងបង្អស់ អ្នកថ្មីទាំងនេះត្រូវចាក់ប្រេងតាំងឲ្យក្លាយជាសមាជិកថ្មីរួមនឹងអ៊ីស្រាអែលនៃព្រះ ហើយនៅអេសាយ ៦០:៣ ពួកគេត្រូវពណ៌នាជា«ពួកស្តេច» ពីព្រោះពួកគេនឹងគ្រប់គ្រងជាមួយព្រះគ្រីស្ទក្នុងព្រះរាជាណាចក្រស្ថានសួគ៌របស់ព្រះ។ (វិវរណៈ ២០:៦) ក្រោយមក ចៀមឯទៀតដែលមានចំនួនមួយហ្វូងយ៉ាងធំ បានត្រូវទាញឲ្យមកឯពន្លឺរបស់ព្រះយេហូវ៉ា។ អ្នកទាំងនោះគឺជា«សាសន៍»ដែលត្រូវរៀបរាប់ក្នុងទំនាយអេសាយ។
កូនរបស់ស្ត្រីត្រឡប់មកផ្ទះវិញ!
៩, ១០. (ក) តើអ្វីជាទិដ្ឋភាពដ៏អស្ចារ្យដែលស្ត្រីនោះបានឃើញ? ហើយតើនេះបានតំណាងអ្វី? (ខ) តើស៊ីយ៉ូនអាចអរសប្បាយដោយសារអ្វី?
៩ ឥឡូវ ព្រះយេហូវ៉ាចាប់ផ្ដើមឆ្លុះបញ្ចាំងនូវអត្ថន័យនៃទំនាយរបស់អេសាយ ៦០:១-៣ ដោយបញ្ជាស្ត្រីនោះម្ដងទៀត។ សូមស្ដាប់នូវអ្វីដែលទ្រង់មានបន្ទូលនោះ៖ «ចូរងើបភ្នែកឯងមើលជុំវិញ!»។ ស្ត្រីនេះស្ដាប់តាម និងងើបភ្នែកមើលឃើញទិដ្ឋភាពដែលធ្វើឲ្យគាត់មានអារម្មណ៍កក់ក្ដៅណាស់! កូនរបស់គាត់កំពុងតែត្រឡប់មកផ្ទះវិញ។ បទគម្ពីរនោះបន្តដោយបន្ទូលថា៖ «គេមូលគ្នាមកឯឯង ទាំងអស់ហើយ ពួកកូនប្រុសៗរបស់ឯងនឹងមកពីឆ្ងាយ ហើយនឹងមានគេបីពួកកូនស្រីៗនៃឯងមកដែរ»។ (អេសាយ ៦០:៤) កិច្ចផ្សព្វផ្សាយអំពីព្រះរាជាណាចក្រដែលបានចាប់ផ្ដើមទូទាំងពិភពលោកនៅឆ្នាំ១៩១៩ បានប្រមូលអ្នកថ្មីរាប់ពាន់នាក់ឲ្យចូលក្នុងកិច្ចបំរើព្រះយេហូវ៉ា។ អ្នកថ្មីទាំងនេះក៏បានក្លាយជា«កូនប្រុស»និង«កូនស្រី»របស់ស៊ីយ៉ូន ឬថាសមាជិកនៃអ៊ីស្រាអែលនៃព្រះដែលបានត្រូវចាក់ប្រេងតាំង។ ដូច្នេះ ព្រះយេហូវ៉ាបានតាក់តែងស៊ីយ៉ូន ពេលទ្រង់បង្គ្រប់ចំនួន១៤៤.០០០នាក់ដោយនាំពួកគេចូលក្នុងពន្លឺ។
១០ តើអ្នកអាចនឹកស្មានដល់អំណរដែលស៊ីយ៉ូនមាន ដោយព្រោះកូនៗនៅជាមួយគាត់ម្ដងទៀតឬទេ? ព្រះយេហូវ៉ាក៏ផ្ដល់ហេតុថែមទៀតដែលស៊ីយ៉ូនអាចមានអំណរ។ យើងអានថា៖ «នោះឯងនឹងឃើញ ហើយនឹងមានសេចក្ដីរីករាយ ចិត្តឯងនឹង[«រំជួលចិត្ត», ព.ថ.] ហើយរីកធំឡើង។ ពីព្រោះសេចក្ដីបរិបូរនៃសមុទ្រ នឹងត្រូវបង្វែរមកឯឯងវិញ ហើយអស់ទាំងរបស់ទ្រព្យនៃសាសន៍ផ្សេងៗ នឹងមកឯឯង»។ (អេសាយ ៦០:៥) សមស្របទៅតាមបទទំនាយនេះ តាំងពីទសវត្សឆ្នាំ១៩៣០ ជនគ្រីស្ទានជាច្រើនឥតគណនាដែលមានសេចក្ដីសង្ឃឹមរស់ជានិរន្តរ៍នៅលើផែនដី បានចូលទាំងហ្វូងៗមកឯស៊ីយ៉ូន។ អ្នកទាំងនោះមកពី«សមុទ្រ»ដែលជានិមិត្តរូបតំណាងមនុស្សដែលគ្មានទំនាក់ទំនងនឹងព្រះ។ អ្នកទាំងនោះតំណាងទ្រព្យនៃសាសន៍ផ្សេងៗ និងក៏ត្រូវហៅជា«ទីគាប់ចិត្តរបស់អស់ទាំងសាសន៍»។ (ហាកាយ ២:៧; អេសាយ ៥៧:២០) ម្យ៉ាងទៀត សូមកត់សម្គាល់ថា មនុស្សទាំងនេះដែលជា«ទីគាប់ចិត្ត»នេះ មិនបានទៅថ្វាយបង្គំព្រះយេហូវ៉ាតាមតែរបៀបដែលពេញចិត្តចំពោះពួកគេម្នាក់ៗឡើយ។ ផ្ទុយទៅវិញ អ្នកទាំងនោះបានជួយតាក់តែងស៊ីយ៉ូនឲ្យកាន់តែស្អាតទៅៗ ដោយមករួមថ្វាយបង្គំជាមួយនឹងបងប្អូនចាក់ប្រេងតាំងរបស់ពួកគេ ហើយទៅជា«ហ្វូងតែ១»ជាមួយអ្នកចាក់ប្រេងតាំង ក្រោមបង្គាប់នៃ«អ្នកគង្វាលតែ១»។—យ៉ូហាន ១០:១៦
អ្នកលក់ដូរ អ្នកគង្វាល និងពួកឈ្មួញមកឯស៊ីយ៉ូន
១១, ១២. សូមពណ៌នាអំពីហ្វូងមនុស្សដែលកំពុងតែធ្វើដំណើរឆ្ពោះទៅដល់ស៊ីយ៉ូន។
១១ លទ្ធផលពីការប្រមូលដែលបានត្រូវទាយនេះ គឺជាការចំរើនឡើងដ៏ធំក្នុងចំណោមអ្នកដែលសរសើរព្រះយេហូវ៉ា។ នេះបានត្រូវទាយដោយពាក្យបន្ទូលជាបន្តបន្ទាប់នេះ។ សូមគិតក្នុងចិត្តថា អ្នកកំពុងតែឈរនៅលើកំពូលភ្នំស៊ីយ៉ូនជាមួយនឹងស្ត្រីដែលមានន័យជាអត្ថបដិរូបនេះ។ អ្នកសម្លឹងមើលទៅទិសខាងកើតហើយ តើអ្នកមើលឃើញអ្វី? «សត្វអូដ្ឋយ៉ាងសន្ធឹក គឺជាអូដ្ឋស្ទាវរបស់ពួកម៉ាឌាន នឹងពួកអេផា ហើយទាំងអស់ដែលនៅស្រុកសេបានឹងមកដែរ ព្រមទាំងដឹកយកមាស នឹងកំញានមក ហើយនឹងប្រកាសប្រាប់ពីសេចក្ដីសរសើររបស់ព្រះយេហូវ៉ា»។ (អេសាយ ៦០:៦) ឈ្មួញជាច្រើនដើរហូរហែតាមផ្លូវនាំទៅដល់ទីក្រុងយេរូសាឡិម ជាមួយសត្វអូដ្ឋរបស់ពួកគេ។ សត្វអូដ្ឋទាំងនោះគឺច្រើនដល់ម្ល៉េះដែលវាប្រៀបដូចជាទឹកដែលជន់ឡើងពាសពេញស្រុក! ឈ្មួញទាំងនោះមានអំណោយថ្លៃៗ គឺមាន‹មាសនិងកំញាន›។ ឈ្មួញទាំងនេះមកឯពន្លឺរបស់ព្រះ ដើម្បីលើកសរសើរទ្រង់ជាសាធារណៈ និង«ប្រកាសប្រាប់ពីសេចក្ដីសរសើររបស់ព្រះយេហូវ៉ា»។
១២ មិនមានតែពួកឈ្មួញទេដែលកំពុងតែធ្វើដំណើរនោះ។ មានអ្នកគង្វាលផងដែរដែលកំពុងតែនាំគ្នាដើរទាំងហ្វូងៗទៅដល់ស៊ីយ៉ូន។ បទទំនាយនេះបន្តចែងថា៖ «អស់ទាំងហ្វូងចៀមរបស់ស្រុកកេដារ នឹងមូលគ្នាមកឯឯង ពួកចៀមឈ្មោលរបស់ស្រុកនេបាយ៉ូតនឹងគោរពដល់ឯង»។ (អេសាយ ៦០:៧ក) កុលសម្ព័ន្ធផ្សេងៗដែលជាអ្នកគង្វាលចៀមនោះ ក៏មកឯទីក្រុងបរិសុទ្ធដែរ ដើម្បីថ្វាយសត្វដ៏ល្អបំផុតពីហ្វូងសត្វរបស់ពួកគេ ជាដង្វាយថ្វាយចំពោះព្រះយេហូវ៉ា។ អ្នកទាំងនោះ រហូតដល់សុំថ្វាយខ្លួនដើម្បីបំរើស៊ីយ៉ូនទៀត! តើព្រះយេហូវ៉ាទទួលអ្នកសាសន៍ផ្សេងទាំងនេះយ៉ាងណា? ព្រះអង្គទ្រង់ផ្ទាល់មានបន្ទូលឆ្លើយថា៖ «វាទាំងឡាយនឹងឡើងមកលើអាសនាអញ ដោយស្ម័គ្រពីចិត្ត[«ដោយពេញព្រះហឫទ័យយើង», ព.ថ.] ហើយអញនឹងលើកដំកើងវិហារនៃសិរីល្អរបស់អញ»។ (អេសាយ ៦០:៧ខ) ព្រះយេហូវ៉ាទទួលយ៉ាងសប្បុរសនូវដង្វាយនិងកិច្ចបំរើរបស់អ្នកសាសន៍ផ្សេងទាំងនេះ។ វត្តមានរបស់អ្នកសាសន៍ផ្សេងទាំងនេះប្រៀបដូចជាតាក់តែងសំអិតសំអាងវិហាររបស់ព្រះយេហូវ៉ា។
១៣, ១៤. តើនៅទិសខាងលិចអាចមើលឃើញអ្វី?
១៣ ឥឡូវ សូមបែរទៅរំពៃមើលជើងមេឃខាងលិចវិញ។ តើអ្នកមើលឃើញអ្វី? ពីចម្ងាយអ្នកមើលឃើញអ្វីដូចជាពពកសគ្របដណ្ដប់ផ្ទៃសមុទ្រ។ ព្រះយេហូវ៉ាមានបន្ទូលសួរសំនួរដែលអ្នករកសួរដែរថា៖ «តើពួកណាហ្ន៎! ដែលរសាត់មកដូចជាពពក ហើយហើរមកឯបង្អួចរបស់ខ្លួនគ្រប់គ្នា ដូចជាព្រាបនោះ?»។ (អេសាយ ៦០:៨) ព្រះយេហូវ៉ាអង្គទ្រង់ផ្ទាល់មានបន្ទូលឆ្លើយថា៖ «ពិតប្រាកដជាអស់ទាំងកោះនឹងរង់ចាំអញ ហើយនាវាពីស្រុកតើស៊ីសនឹងមកមុនគេ ដើម្បីនឹងនាំពួកកូនប្រុសៗរបស់ឯងមកពីស្រុកឆ្ងាយ មានទាំងមាសប្រាក់របស់គេមកជាមួយផង ដោយព្រោះព្រះនាមព្រះយេហូវ៉ា ជាព្រះនៃឯង ជាព្រះដ៏បរិសុទ្ធនៃសាសន៍អ៊ីស្រាអែល ដ្បិតទ្រង់បានលើកដំកើង[«តាក់តែង», ព.ថ.]ឯងឡើង»។—អេសាយ ៦០:៩
១៤ តើអ្នកអាចឃើញទិដ្ឋភាពនេះក្នុងចិត្តបានទេ? ពីចម្ងាយ នៅទិសខាងលិច អ្នកឃើញថាពពកសនោះបានរសាត់មកកាន់តែជិត ហើយឥឡូវមើលទៅដូចជាចំណុចសៗរាត់រាយតាមជើងមេឃវិញ ឬក៏មើលទៅដូចជាហ្វូងបក្សាបក្សីហោះហើរកាត់លើផ្ទៃសមុទ្រ។ ប៉ុន្តែ ពេលឆ្ពោះមកកាន់តែជិត អ្នកមើលឃើញថានោះជាក្ដោងទូកដែលបានត្រូវពន្លាដើម្បីជក់ខ្យល់។ មានទូកជាច្រើនកំពុងតែធ្វើដំណើរទៅទីក្រុងយេរូសាឡិមច្រើនដល់ម្ល៉េះបានជាទូកទាំងនោះមើលទៅដូចជាហ្វូងសត្វព្រាប។ ទូកក្ដោងទាំងនោះកំពុងតែធ្វើដំណើរយ៉ាងលឿនបំផុត ដោយនាំអ្នកជឿពីប្រទេសឆ្ងាយៗមកដល់ទីក្រុងយេរូសាឡិម ដើម្បីថ្វាយបង្គំព្រះយេហូវ៉ា។
អង្គការរបស់ព្រះយេហូវ៉ារីកចំរើន
១៥. (ក) តើអេសាយ ៦០:៤-៩ ចែងអំពីការរីកចំរើនអ្វី? (ខ) តើជនគ្រីស្ទានដ៏ពិតបង្ហាញទឹកចិត្តបែបណា?
១៥ ខ៤ដល់៩ជាការពណ៌នាដែលបញ្ជាក់ពីទិដ្ឋភាពទំនាយយ៉ាងរស់រវើកណាស់! ស្តីអំពីការរីកចំរើនទូទាំងពិភពលោក ដែលបានកើតឡើងតាំងពីឆ្នាំ១៩១៩មកម្ល៉េះ។ ហេតុអ្វីបានជាព្រះយេហូវ៉ាបានប្រទានពរឲ្យស៊ីយ៉ូនមានការរីកចំរើនបែបនេះ? ដោយព្រោះអ៊ីស្រាអែលនៃព្រះបានស្ដាប់បង្គាប់និងភ្លឺដោយពន្លឺរបស់ទ្រង់ជានិច្ចតាំងពីឆ្នាំ១៩១៩មក។ ក៏ប៉ុន្តែ តើអ្នកបានកត់សម្គាល់ក្នុងខ៧ថា អ្នកថ្មីៗដែលទើបតែមកដល់នោះ ក៏«ឡើងមកលើអាសនា[របស់ព្រះ]»ទេ? យញ្ញបូជាត្រូវថ្វាយនៅលើអាសនៈ ហើយបន្ទូលក្នុងទំនាយនេះរំឭកយើងថា កិច្ចបំរើរបស់ព្រះយេហូវ៉ារួមបញ្ចូលការលះបង់ខ្លួនផងដែរ។ សាវ័កប៉ុលបានសរសេរថា៖ «ខ្ញុំទូន្មានអ្នករាល់គ្នា . . . ឲ្យបានថ្វាយរូបកាយទុកជាយញ្ញបូជារស់ ហើយបរិសុទ្ធ ដែលគាប់ព្រះហឫទ័យដល់ព្រះ ជាការគោរពនៃអ្នករាល់គ្នា ដែលមានទំនង»។ (រ៉ូម ១២:១) សមស្របនឹងសំដីរបស់ប៉ុលនោះ ជនគ្រីស្ទានដ៏ពិតមិនចាត់ទុកការចូលរួមកម្មវិធីសាសនាមួយសប្ដាហ៍ម្ដងជាការគ្រប់គ្រាន់នោះទេ។ ជនគ្រីស្ទានចំណាយពេល កម្លាំង និងធនធានរបស់ខ្លួនដើម្បីគាំទ្រការថ្វាយបង្គំដ៏បរិសុទ្ធ។ វត្តមាននៃអ្នកថ្វាយបង្គំដ៏ស្មោះត្រង់បែបនេះ ពិតជាតាក់តែងដំណាក់របស់ព្រះយេហូវ៉ា មែនទេ? ទំនាយរបស់អេសាយបានចែងថា អ្នកទាំងនោះតាក់តែងដំណាក់របស់ព្រះយេហូវ៉ាមែន។ ហើយយើងអាចជឿជាក់ថា ព្រះយេហូវ៉ាចាត់ទុកអ្នកថ្វាយបង្គំដ៏ខ្នះខ្នែងទាំងនេះជាបុគ្គលដ៏ស្អាតស្អំផងដែរ។
១៦. តើអ្នកណាបានជួយកិច្ចការសាងសង់នៅសម័យបុរាណ? ហើយតើអ្នកណាបានជួយនៅសម័យបច្ចុប្បន្ន?
១៦ អ្នកថ្មីដែលទើបតែមកដល់នោះ ចង់ធ្វើការបំរើផងដែរ។ បទទំនាយនេះចែងទៀតថា៖ «ពួកសាសន៍ដទៃនឹងសង់កំផែងឯងឡើង ហើយស្តេចទាំងប៉ុន្មាននឹងគោរព[«បំរើ», ព.ថ.]ដល់ឯង»។ (អេសាយ ៦០:១០) ពេលទំនាយនេះបានសម្រេចជាដំបូងនៅសម័យដែលអ៊ីស្រាអែលបានត្រឡប់មកពីការធ្វើនិរទេសនៅក្រុង បាប៊ីឡូននោះ ពួកស្តេចនិងអ្នកឯទៀតពីសាសន៍ដទៃពិតជាបានចូលរួមជួយសង់កំផែងនៃព្រះវិហារនិងទីក្រុងយេរូសាឡិម។ (អែសរ៉ា ៣:៧; នេហេមា ៣:២៦) នៅសម័យបច្ចុប្បន្ន អ្នកដែលចូលរួមជាមួយមនុស្សមួយហ្វូងយ៉ាងធំនោះ គាំទ្រអ្នកសំណល់ចាក់ប្រេងតាំងក្នុងការកសាងឡើងនូវការថ្វាយបង្គំដ៏ពិត។ អ្នកទាំងនោះជួយស្អាងក្រុមជំនុំគ្រីស្ទានឡើង និងតាមវិធីនោះជួយពង្រឹង«កំផែង»នៃអង្គការរបស់ព្រះយេហូវ៉ា។ ពួកគេក៏រួមចំណែកក្នុងការកសាងពិតប្រាកដ ដូចជាការសាងសង់នូវសាលព្រះរាជាណាចក្រ សាលសន្និបាត និងការិយាល័យបេតអែលជាដើម។ តាមវិធីទាំងអស់នេះ ពួកគេគាំទ្របងប្អូនចាក់ប្រេងតាំងរបស់ពួកគេ ក្នុងការបំពេញនូវសេចក្ដីត្រូវការរបស់អង្គការព្រះយេហូវ៉ា ដែលកំពុងតែរីកចំរើននោះ!
១៧. តើអ្វីជាវិធីមួយដែលព្រះយេហូវ៉ាតាក់តែងរាស្ត្ររបស់ទ្រង់?
១៧ បន្ទូលចុងក្រោយនៅអេសាយ ៦០:១០ ពិតជាលើកទឹកចិត្តយើងណាស់! ព្រះយេហូវ៉ាមានបន្ទូលថា៖ «ទោះបើអញបានវាយឯងក្នុងពេលដែលមានសេចក្ដីក្រោធក៏ដោយ គង់តែអញបានអាណិតដល់ឯង ក្នុងគ្រាដែលផ្ដល់ព្រះគុណវិញ»។ នៅឆ្នាំ១៩១៨-១៩១៩ ព្រះយេហូវ៉ាបានដាក់ទោសកែតម្រង់រាស្ត្រទ្រង់ពិតមែន។ ប៉ុន្តែ ការផ្ដន្ទាទោសនោះបានចប់ទៅហើយ។ ឥឡូវនេះជាគ្រាដែលព្រះយេហូវ៉ាសម្ដែងនូវសេចក្ដីមេត្ដាករុណាចំពោះអ្នកបំរើរបស់ទ្រង់ដែលបានត្រូវចាក់ប្រេងតាំង និងពួកចៀមឯទៀតដែលជាសហការីរបស់ពួកគេនោះ។ ភស្តុតាងដែលបញ្ជាក់ថាព្រះយេហូវ៉ាបានធ្វើដូច្នេះពិតមែន គឺជាការរីកចំរើនដ៏អស្ចារ្យគួរឲ្យកត់សម្គាល់ដែលមកដោយសារព្រះពររបស់ទ្រង់ ប្រៀបដូចជាទ្រង់«តាក់តែង»ពួកគេឲ្យបានស្អាត។
១៨, ១៩. (ក) តើព្រះយេហូវ៉ាសន្យាអ្វីស្តីអំពីអ្នកថ្មីដែលចូលក្នុងអង្គការរបស់ទ្រង់? (ខ) តើខសល់ប៉ុន្មានទៀតក្នុងអេសាយជំពូកទី៦០ប្រាប់យើងអ្វី?
១៨ ជារៀងរាល់ឆ្នាំ ជនដែលជា«សាសន៍ដទៃ»រាប់ពាន់នាក់ថែមទៀតចូលក្នុងអង្គការរបស់ព្រះយេហូវ៉ា ហើយទ្វារចូលនឹងនៅចំហឲ្យមនុស្សជាច្រើនទៀតចូលមកដែរ។ ព្រះយេហូវ៉ាមានបន្ទូលទៅកាន់ស៊ីយ៉ូនថា៖ «ទ្វារកំផែងរបស់ឯងនឹងនៅចំហជានិច្ច ឥតដែលបិទទាំងយប់ទាំងថ្ងៃឡើយ ដើម្បីឲ្យមនុស្សបាននាំយកទ្រព្យសម្បត្ដិរបស់សាសន៍ទាំងប៉ុន្មានមកឯឯង ព្រមទាំងដឹកនាំស្តេចរបស់គេមកជាឈ្លើយផង»។ (អេសាយ ៦០:១១) អ្នកប្រឆាំងខ្លះខិតខំបិទ«ទ្វារកំផែង»ទាំងនោះ តែយើងដឹងហើយថា ពួកគេមិនអាចមានជោគជ័យបានទេ។ ព្រះយេហូវ៉ាអង្គទ្រង់ផ្ទាល់បានមានបន្ទូលថា ទោះជាយ៉ាងណាក៏ដោយទ្វារកំផែងនោះនឹងនៅចំហជានិច្ច។ ការរីកចំរើននឹងបន្តទៅមុខ។
១៩ នៅមានវិធីផ្សេងទៀតដែលព្រះយេហូវ៉ាបានតាក់តែងនិងប្រទានពរទៅលើរាស្ត្ររបស់ទ្រង់នៅថ្ងៃជាន់ក្រោយបង្អស់នេះ។ ខសល់ប៉ុន្មានទៀតក្នុងអេសាយជំពូកទី៦០ ពន្យល់ឲ្យដឹងវិធីទាំងនោះ។
តើអ្នកអាចពន្យល់បានទេ?
• តើ«ស្ត្រី»របស់ព្រះយេហូវ៉ាជាអ្នកណា? ហើយនៅលើផែនដីនេះ តើអ្នកណាតំណាងស្ត្រីនោះ?
• តើកូនរបស់ស៊ីយ៉ូនដេកផ្កាប់មុខលើដីនៅពេលណា? ហើយតើពួកគេបាន«ក្រោក»នៅពេលណានិងយ៉ាងដូចម្ដេច?
• តើព្រះយេហូវ៉ាបានទាយអំពីការរីកចំរើនក្នុងចំនួនអ្នកផ្សាយ ដោយប្រើនិមិត្តរូបអ្វីខ្លះ?
• តើព្រះយេហូវ៉ាបានបញ្ចាំងពន្លឺទ្រង់ទៅលើរាស្ត្រទ្រង់យ៉ាងដូចម្ដេច?
[សំណួរសម្រាប់អត្ថបទសិក្សា]
[រូបភាពនៅទំព័រ១០]
«ស្ត្រី»របស់ព្រះយេហូវ៉ា ត្រូវបង្គាប់ឲ្យក្រោកឈរឡើង