សំនួរពីអ្នកអាន
សំនួរពីអ្នកអាន
កូល៉ុស ១:១៦ ចែងអំពីព្រះរាជបុត្រារបស់ព្រះថា«គ្រប់ទាំងអស់ . . . សុទ្ធតែកើតមកដោយសារទ្រង់ ហើយសំរាប់ទ្រង់ទាំងអស់ផង»។ តើក្នុងន័យអ្វីដែលអ្វីៗទាំងអស់កើតមក«សំរាប់»ព្រះរាជបុត្រារបស់ព្រះ ដែលជាព្រះយេស៊ូនោះ?
ព្រះយេហូវ៉ាបានប្រើព្រះរាជបុត្រាតែមួយគត់របស់ទ្រង់ដែលទ្រង់បានបង្កើតដោយអង្គទ្រង់ផ្ទាល់ ជាមេជាងក្នុងការបង្កើតអ្វីផ្សេងៗទៀត គឺថា អ្វីៗក្រៅពីព្រះយេស៊ូផ្ទាល់។ (សុភាសិត ៨:២៧-៣០; យ៉ូហាន ១:៣) គឺជាការគួរសមដែលព្រះរាជបុត្រាទទួលការពេញចិត្តពីកិច្ចការនេះ និងក្នុងអត្ថន័យនេះ អ្វីៗបានត្រូវបង្កើត«សំរាប់»ទ្រង់។
យើងដឹងថា មាតាបិតាមនុស្សជាតិសង្ឃឹមថា គេនឹងពេញចិត្តចំពោះពូជដែលគេបង្កើតមក គឺជា បុត្រធីតារបស់គេ ហើយគេច្រើនតែមានការពេញចិត្តអ៊ីចឹងមែន។ ដូច្នេះ សុភាសិតព្រះគម្ពីរចែងថា«កូន ដែលជាទីគាប់ចិត្តដល់[បិតា]»។ (សុភាសិត ៣:១២; ២៩:១៧) ស្រដៀងគ្នាដែរ ព្រះយេហូវ៉ាបានគាប់ព្រះហឫទ័យនឹងអ៊ីស្រាអែលពេលដែលពួកគេបានស្មោះត្រង់។ (ទំនុកដំកើង ៤៤:៣; ១១៩:១០៨; ១៤៧:១១) រហូតមកដល់សម័យយើងនេះ ទ្រង់ក៏គាប់ព្រះហឫទ័យនឹងភាពស្មោះត្រង់របស់អ្នកដែលមានភក្ដីភាពនឹងទ្រង់។—សុភាសិត ១២:២២; ហេព្រើរ ១០:៣៨
ស្រដៀងគ្នាដែរ គឺសមគួរដែលព្រះបានអនុញ្ញាតឲ្យមេជាងរបស់ទ្រង់(ព្រះយេស៊ូ) គាប់ព្រះទ័យនឹងសមិទ្ធផលរបស់ទ្រង់ផងដែរ។ តាមពិត សុភាសិត ៨:៣១ ចែងថា ព្រះរាជបុត្រ‹មានសេចក្ដីរីករាយចំពោះផែនដីទាំងដុំមូលនៃទ្រង់ ហើយមានសេចក្ដីអំណរ នឹងពួកមនុស្សលោក›។ គឺក្នុងអត្ថន័យនេះដែលកូល៉ុស ១:១៦ ចែងថា៖ «គ្រប់ទាំងអស់ . . . សុទ្ធតែកើតមកដោយសារទ្រង់ ហើយសំរាប់ទ្រង់ទាំងអស់ផង»។