លោតទៅអត្ថបទ

របៀបដែលខ្ញុំបានរកឃើញចម្លើយចំពោះភាពអយុត្តិធម៌

របៀបដែលខ្ញុំបានរកឃើញចម្លើយចំពោះភាពអយុត្តិធម៌

របៀប​ដែល​ខ្ញុំ​បាន​រក​ឃើញ​ចម្លើយ​ចំពោះ​ភាព​អយុត្តិធម៌

រៀប​រាប់​ដោយ​បង អ៊ូសឺឡឺ មេននេ

តាំង​ពី​ដឹង​ក្ដី​មក ខ្ញុំ​មាន​បំណង​ប្រាថ្នា​យ៉ាង​ខ្លាំង​ចង់​ឃើញ​មនុស្ស​គ្រប់​រូប​ប្រព្រឹត្ត​ចំពោះ​គ្នា​ដោយ​ស្មើ​ភាព​និង​យុត្តិធម៌។ បំណង​ប្រាថ្នា​នេះ​បាន​នាំ​ឲ្យ​ខ្ញុំ​ជាប់​គុក​នៅ​អាល្លឺម៉ង់​ខាង​កើត​ដែល​គ្រប់​គ្រង​ដោយ​របប​កុម្មុយនីស្ត។ នៅ​ទី​នោះ​ហើយ​ដែល​ខ្ញុំ​បាន​រក​ចម្លើយ​ចំពោះ​ភាព​អយុត្តិធម៌។ សូម​ឲ្យ​ខ្ញុំ​រៀប​រាប់​អំពី​រឿង​នេះ។

ខ្ញុំ​កើត​នៅ​ឆ្នាំ​១៩២២ នៅ​ក្រុង​ហាលឡេ ប្រទេស​អាល្លឺម៉ង់។ ហាលឡេ​ជា​ក្រុង​មួយ​ដែល​មាន​កំណត់​ត្រា​ប្រវត្តិសាស្ត្រ​ជាង​១.២០០​ឆ្នាំ។ ក្រុង​នេះ​មាន​ចម្ងាយ​ប្រមាណ​២០០​គីឡូ​ម៉ែត្រ ស្ថិត​នៅ​ភាគ​ខាង​ត្បូង​ឆៀង​ខាង​លិច​នៃ​ក្រុង​បែរឡាំង និង​ជា​កន្លែង​ដំបូង​បង្អស់​របស់​និកាយ​ប្រូតេស្តង់។ ប្អូន​ស្រី​ខ្ញុំ​ឈ្មោះ​ខេតថេ កើត​នៅ​ឆ្នាំ​១៩២៣។ ឪពុក​ខ្ញុំ​ជា​ទាហាន ហើយ​ម្ដាយ​ខ្ញុំ​ជា​អ្នក​ចម្រៀង​ក្នុង​រោង​ល្ខោន។

ខ្ញុំ​មាន​ឈាម​ជ័រ​ពី​ឪពុក ហេតុ​នេះ​ខ្ញុំ​មាន​បំណង​ប្រាថ្នា​យ៉ាង​ខ្លាំង​ចង់​កែ​តម្រូវ​ភាព​អយុត្តិធម៌។ ពេល​ឪពុក​ខ្ញុំ​ចាក​ចេញ​ពី​ទាហាន គាត់​បាន​ទិញ​ហាង​មួយ។ ឪពុក​ខ្ញុំ​អាណិត​ពួក​អ្នក​ដែល​មក​ទិញ​ឥ​វ៉ាន់​ពី​ហាង​គាត់ ដោយ​សារ​ពួក​គេ​ភាគ​ច្រើន​គឺ​ជា​មនុស្ស​ក្រី​ក្រ។ ម្ល៉ោះ​ហើយ ឪពុក​ខ្ញុំ​តែង​តែ​ឲ្យ​ពួក​គេ​ជឿ​ឥ​វ៉ាន់​សិន។ ដោយ​សារ​ឪពុក​ខ្ញុំ​ចិត្ត​ល្អ​ខ្លាំង​ពេក​បាន​ជា​ហាង​របស់​គាត់​ដួល​រលំ។ បទ​ពិសោធន៍​របស់​ឪពុក​គួរ​បង្រៀន​ខ្ញុំ​ថា ការ​ប្រឆាំង​ភាព​អយុត្តិធម៌​និង​ភាព​មិន​ស្មើ​គ្នា គឺ​ពិបាក​និង​ស្មុគ​ស្មាញ​ជាង​អ្វី​ដែល​យើង​គិត។ ប៉ុន្តែ ឧត្តម​គតិ​ដែល​ខ្ញុំ​មាន​ក្នុង​ភាព​ជា​យុវវ័យ គឺ​ពិបាក​នឹង​រលាយ​បាត់​ណាស់។

ខ្ញុំ​មាន​ទេព​កោសល្យ​សិល្បៈ​ពី​ម្ដាយ។ ដូច្នេះ ម្ដាយ​បាន​បង្រៀន​ខ្ញុំ​និង​ខេតថេ​ឲ្យ​រៀន​ភ្លេង រៀន​ច្រៀង និង​រាំ​របាំ។ ខ្ញុំ​ជា​ក្មេង​ដែល​រីករាយ​និង​មាន​ភាព​រស់​រវើក ហើយ​ខ្ញុំ​និង​ខេតថេ​មាន​ជីវិត​សប្បាយ​រហូត​ដល់​ឆ្នាំ​១៩៣៩។

សុបិន​អាក្រក់​បាន​ចាប់​ផ្ដើម

ក្រោយ​ពី​ខ្ញុំ​បាន​បញ្ចប់​ការ​សិក្សា​ថ្នាក់​មូលដ្ឋាន ខ្ញុំ​បាន​ចូល​សាលា​របាំ​បាឡេ។ នៅ​ទី​នោះ ខ្ញុំ​បាន​រៀន​របាំ​បែប​បង្ហាញ​អារម្មណ៍(​Ausdruckstanz​) ដែល​បង្រៀន​ដោយ​ម៉ារៀ វី​ក​មេន។ គាត់​ជា​បុគ្គល​ម្នាក់​ដែល​បាន​ចូល​រួម​ក្នុង​ការ​បង្កើត​របាំ​នេះ។ របាំ​នេះ​តម្រូវ​ឲ្យ​អ្នក​សម្ដែង​បង្ហាញ​អារម្មណ៍​ក្នុង​ពេល​ដែល​ពួក​គេ​រាំ។ ខ្ញុំ​ក៏​ចាប់​ផ្ដើម​រៀន​គូរ​គំនូរ​ដែរ។ ដូច្នេះ ជីវិត​ក្នុង​វ័យ​ជំទង់​របស់​ខ្ញុំ​ពោរ​ពេញ​ដោយ​ភាព​រីករាយ​និង​ការ​រំភើប​ចិត្ត ហើយ​ខ្ញុំ​បាន​រៀន​អ្វី​ៗ​ជា​ច្រើន។ ប៉ុន្តែ បន្ទាប់​ពី​ឆ្នាំ​១៩៣៩ ជា​ឆ្នាំ​ដែល​សង្គ្រាម​លោក​លើក​ទី​២​ផ្ទុះ​ឡើង នោះ​យើង​មាន​រឿង​ដ៏​សោកសង្រេង​មួយ​ទៀត​បាន​កើត​ឡើង​នៅ​ឆ្នាំ​១៩៤១ គឺ​ឪពុក​ខ្ញុំ​បាន​ស្លាប់​ដោយ​សារ​ជំងឺ​របេង។

សង្គ្រាម​ប្រៀប​ដូច​ជា​សុបិន​ដ៏​អាក្រក់​មួយ។ ទោះ​ជា​សង្គ្រាម​បាន​ផ្ទុះ​ឡើង ពេល​ខ្ញុំ​មាន​អាយុ​១៧​ក្ដី ខ្ញុំ​គិត​ថា​ពិភព​លោក​នេះ​បាន​ឆ្កួត​ហើយ។ ខ្ញុំ​បាន​ឃើញ​ពលរដ្ឋ​ជា​ច្រើន​ដែល​ពី​មុន​ជា​មនុស្ស​ធម្មតា តែ​ក្រោយ​មក​ទៅ​ជា​អ្នក​ជ្រុល​និយម​ខាង​ពួក​ណាត្ស៊ី។ បន្ទាប់​មក ក៏​កើត​មាន​ការ​អត់​ឃ្លាន ការ​ស្លាប់ និង​ការ​បំផ្លិច​បំផ្លាញ។ ផ្ទះ​របស់​យើង​បាន​ខូច​ខាត​យ៉ាង​ដំណំ​ដោយ​សារ​ការ​ទម្លាក់​គ្រាប់​បែក។ នៅ​ក្នុង​គ្រា​ដែល​មាន​សង្គ្រាម​នោះ សមាជិក​គ្រួសារ​ខ្ញុំ​ជា​ច្រើន​នាក់​បាន​បាត់​បង់​ជីវិត។

ទោះ​ជា​សង្គ្រាម​បាន​ចប់​នៅ​ឆ្នាំ​១៩៤៥​ក៏​ដោយ ម្ដាយ​និង​ខេតថេ ព្រម​ទាំង​ខ្ញុំ បន្ត​រស់​នៅ​ក្រុង​ហាលឡេ។ រហូត​មក​ដល់​ពេល​នោះ ខ្ញុំ​បាន​រៀប​ការ​និង​មាន​កូន​ស្រី​តូច​មួយ តែ​អាពាហ៍ពិពាហ៍​របស់​យើង​មាន​ភាព​រកាំ​រកូស ដូច្នេះ​យើង​បាន​បែក​គ្នា។ ខ្ញុំ​ត្រូវ​ចេញ​ទៅ​ធ្វើ​ការ​ជា​អ្នក​របាំ​និង​គូរ​គំនូរ ដោយ​សារ​ខ្ញុំ​ត្រូវ​ចិញ្ចឹម​កូន​ស្រី​និង​ខ្លួន​ឯង។

ក្រោយ​ពី​សង្គ្រាម អាល្លឺម៉ង់​បាន​ត្រូវ​បែង​ចែក​ជា​បួន​ផ្នែក។ ក្រុង​ដែល​យើង​រស់​នៅ​ស្ថិត​ក្នុង​ផ្នែក​ដែល​គ្រប់​គ្រង​ដោយ​សហភាព​សូវៀត។ ដូច្នេះ​ហើយ​យើង​ទាំង​អស់​គ្នា​ត្រូវ​ស៊ាំ​នឹង​ការ​រស់​នៅ​ក្រោម​របប​កុម្មុយនីស្ត។ នៅ​ឆ្នាំ​១៩៤៩ តំបន់​ដែល​យើង​រស់​នៅ​បាន​ទៅ​ជា​សាធារណៈ​រដ្ឋ​ប្រជាធិបតេយ្យ​អាល្លឺម៉ង់ ដែល​គេ​ច្រើន​តែ​ហៅ​ថា​អាល្លឺម៉ង់​ខាង​កើត។

ជីវិត​នៅ​ក្រោម​របប​កុម្មុយនីស្ត

នៅ​ក្នុង​អំឡុង​ពេល​នោះ​ម្ដាយ​ខ្ញុំ​បាន​ធ្លាក់​ខ្លួន​ឈឺ ហើយ​ខ្ញុំ​ត្រូវ​មើល​ថែ​គាត់។ ខ្ញុំ​បាន​ចូល​បម្រើ​ការ​ងារ​នៅ​ការិយាល័យ​របស់​រដ្ឋ​ក្នុង​តំបន់។ ចន្លោះ​ពេល​នោះ ខ្ញុំ​ចាប់​ផ្ដើម​ស្គាល់​ពួក​និស្សិត​ដែល​ប្រឆាំង​ពួក​អាជ្ញាធរ និង​ដែល​ផ្សព្វ​ផ្សាយ​អំពី​រឿង​អយុត្តិធម៌​ផ្សេង​ៗ​ដែល​កំពុង​កើត​ឡើង។ ជា​ឧទាហរណ៍ និស្សិត​ម្នាក់​បាន​ត្រូវ​ហាមឃាត់​មិន​ឲ្យ​ចូល​រៀន​នៅ​សកល​វិទ្យាល័យ​មួយ ដោយ​សារ​តែ​ឪពុក​របស់​គាត់​ធ្លាប់​ជា​សមាជិក​គណបក្ស​ណាត្ស៊ី។ ខ្ញុំ​ស្គាល់​និស្សិត​នោះ​ច្បាស់ ព្រោះ​យើង​ឧស្សាហ៍​លេង​ភ្លេង​ជា​មួយ​គ្នា។ ខ្ញុំ​ឆ្ងល់​ថា‹ហេតុ​អ្វី​បាន​ជា​គេ​ហាម​គាត់ ព្រោះ​ឪពុក​គាត់​ជា​អ្នក​ធ្វើ មិន​មែន​គាត់​ទេ? ម្ល៉ោះ​ហើយ ខ្ញុំ​ចាប់​ផ្ដើម​ចូល​រួម​សកម្មភាព​កាន់​តែ​ច្រើន​ជា​មួយ​នឹង​ពួក​អ្នក​ដែល​ប្រឆាំង​រដ្ឋាភិបាល ហើយ​ខ្ញុំ​ក៏​បាន​ចូល​ប្រឡូក​ក្នុង​ការ​តវ៉ា​ជា​សាធារណៈ​ដែរ។ មាន​ពេល​មួយ​ខ្ញុំ​ថែម​ទាំង​បិទ​ខិត្តប័ណ្ណ​នៅ​ជណ្ដើរ​ខាង​ក្រៅ​អាគារ​តុលាការ​ក្នុង​តំបន់​ទៀត​ផង។

ខ្ញុំ​មាន​អារម្មណ៍​ថា​ភាព​អយុត្តិធម៌​មាន​កាន់​តែ​ច្រើន​ឡើង នៅ​ពេល​ដែល​គេ​បាន​ឲ្យ​ខ្ញុំ​វាយ​សំបុត្រ​ខ្លះ​ក្នុង​នាម​ជា​លេខាធិការ សរសេរ​ទៅ​កាន់​គណៈ​កម្មាធិការ​សន្តិភាព​ប្រចាំ​តំបន់។ ជា​ឧទាហរណ៍ មាន​ពេល​មួយ ដោយ​សារ​ហេតុ​ផល​ខាង​នយោបាយ គណៈ​កម្មាធិការ​គ្រោង​នឹង​បញ្ជូន​កាត​បោះ​ពុម្ព​ផ្សាយ​ឃោសនា​កុម្មុយនីស្ត​ទៅ​ឲ្យ​បុរស​វ័យ​ចំណាស់​ម្នាក់​ដែល​រស់​នៅ​អាល្លឺម៉ង់​ខាង​លិច ក្នុង​បំណង​ធ្វើ​ឲ្យ​គេ​សង្ស័យ​គាត់។ ខ្ញុំ​ទើស​ចិត្ត​នឹង​ភាព​មិន​ស្មោះ​ត្រង់​នោះ​ខ្លាំង​ណាស់ បាន​ជា​ខ្ញុំ​លាក់​កញ្ចប់​នោះ​នៅ​ក្នុង​ការិយាល័យ។ ដូច្នេះ កញ្ចប់​នោះ​មិន​បាន​ត្រូវ​ផ្ញើ​ចេញ​ទៅ​ទេ។

«​មនុស្ស​ដែល​គ្រោះ​ថ្នាក់​បំផុត​នៅ​ក្នុង​បន្ទប់​»​បាន​ផ្ដល់​សេចក្ដី​សង្ឃឹម​ឲ្យ​ខ្ញុំ

នៅ​ខែ​មិថុនា ឆ្នាំ​១៩៥១ បុរស​ពីរ​នាក់​បាន​មក​ការិយាល័យ​របស់​ខ្ញុំ ហើយ​បាន​ស្រែក​ខ្លាំង​ៗ​ថា​៖​«​អ្នក​ឯង​បាន​ត្រូវ​ចាប់​ខ្លួន​ហើយ!​»។ លុះ​និយាយ​ចប់ ពួក​គេ​បាន​នាំ​ខ្ញុំ​ទៅ​ពន្ធនាគារ​មួយ​ដែល​ហៅ​ថា​គោ​ក្រហម(​Roter Ochse​)។ មួយ​ឆ្នាំ​ក្រោយ​មក ខ្ញុំ​បាន​ត្រូវ​ចោទ​ប្រកាន់​ថា ជា​អ្នក​បំបះ​បំបោរ​ប្រឆាំង​នឹង​រដ្ឋ។ និស្សិត​ម្នាក់​បាន​ក្បត់​ខ្ញុំ​ដោយ​ទៅ​ប្រាប់​ប៉ូលិស​សម្ងាត់(​Stasi​)ថា ខ្ញុំ​ធ្លាប់​ចូល​រួម​ការ​តវ៉ា​ដោយ​ប្រើ​ខិត្តប័ណ្ណ​ផ្សេង​ៗ។ នៅ​ក្នុង​សវនាការ​ពិត​ជា​គួរ​ឲ្យ​អស់​សំណើច​ណាស់ ពីព្រោះ​គ្មាន​អ្នក​ណា​អើពើ​នឹង​អ្វី​ដែល​ខ្ញុំ​និយាយ​ទេ។ តុលាការ​បាន​កាត់​ទោស​ខ្ញុំ​ឲ្យ​ជាប់​គុក​៦​ឆ្នាំ។ ក្នុង​អំឡុង​ពេល​នោះ​ខ្ញុំ​ធ្លាក់​ខ្លួន​ឈឺ ហើយ​គេ​បាន​យក​ខ្ញុំ​ទៅ​ដាក់​នៅ​អាគារ​ពេទ្យ​ក្នុង​គុក​ជា​មួយ​នឹង​ស្ត្រី​ប្រហែល​ជា​៤០​នាក់​ទៀត។ ពេល​ខ្ញុំ​ឃើញ​ទឹក​មុខ​ស្ត្រី​ទាំង​អស់​នោះ​ដែល​ពោរ​ពេញ​ទៅ​ដោយ​ទុក្ខ​ព្រួយ​និង​ចិត្ត​សោកសៅ នោះ​ធ្វើ​ឲ្យ​ខ្ញុំ​ភ័យ​ខ្លាច​ណាស់។ ខ្ញុំ​ក៏​រត់​ទៅ​គោះ​ទ្វារ​យ៉ាង​ខ្លាំង។

អ្នក​យាម​ទ្វារ​បាន​សួរ​ខ្ញុំ​ថា​៖​«​តើ​អ្នក​ចង់​បាន​អ្វី?​»។

ខ្ញុំ​បាន​ស្រែក​ថា​៖​«​នាំ​ខ្ញុំ​ចេញ​ពី​ទី​នេះ យក​ខ្ញុំ​ទៅ​ឃុំ​តែ​ម្នាក់​ឯង​ក៏​បាន​ដែរ តែ​ត្រូវ​នាំ​ខ្ញុំ​ចេញ​ពី​ទី​នេះ​សិន!​»។ ប៉ុន្តែ អ្នក​យាម​គុក​មិន​ខ្វល់​នឹង​ពាក្យ​អង្វរ​សុំ​របស់​ខ្ញុំ​ទេ។ មិន​យូរ​ប៉ុន្មាន ខ្ញុំ​បាន​កត់​សម្គាល់​ឃើញ​ស្ត្រី​ម្នាក់​ដែល​ខុស​ប្លែក​ពី​ស្ត្រី​ឯ​ទៀត។ ភ្នែក​របស់​នាង​បង្ហាញ​ឲ្យ​ឃើញ​ពី​ភាព​ស្ងប់​ស្ងាត់​នៅ​ក្នុង​ចិត្ត។ ដូច្នេះ ខ្ញុំ​ក៏​បាន​ទៅ​អង្គុយ​ក្បែរ​នាង។

ប៉ុន្តែ ខ្ញុំ​ភ្ញាក់​ផ្អើល​ណាស់​ពេល​នាង​និយាយ​ថា​៖​«​បើ​អ្នក​អង្គុយ​ជិត​ខ្ញុំ អ្នក​ត្រូវ​តែ​ប្រយ័ត្ន​»។ រួច​នាង​និយាយ​ត​ទៅ​ទៀត​ថា​៖​«​អ្នក​ឯ​ទៀត​គិត​ថា​ខ្ញុំ​ជា​មនុស្ស​គ្រោះ​ថ្នាក់​បំផុត​នៅ​ក្នុង​បន្ទប់​នេះ ព្រោះ​មាន​តែ​ខ្ញុំ​ទេ​ដែល​ជា​សាក្សី​ព្រះ​យេហូវ៉ា​»។

នៅ​ពេល​នោះ​ខ្ញុំ​មិន​ដឹង​ថា គេ​ចាត់​ទុក​សាក្សី​ព្រះ​យេហូវ៉ា​ថា​ជា​សត្រូវ​របស់​រដ្ឋ​កុម្មុយនីស្ត​ទេ។ ប៉ុន្តែ​ពេល​ខ្ញុំ​នៅ​ក្មេង អ្វី​ដែល​ខ្ញុំ​ដឹង​អំពី​ពួក​គេ​គឺ​នៅ​ពេល​នោះ​មាន​និស្សិត​គម្ពីរ​ពីរ​នាក់(ជា​ឈ្មោះ​ដែល​គេ​ធ្លាប់​ហៅ​សាក្សី​ពី​មុន) បាន​មក​ជួប​ឪពុក​ខ្ញុំ​ជា​ទៀង​ទាត់។ ខ្ញុំ​នៅ​តែ​ចាំ​ឪពុក​ខ្ញុំ​និយាយ​ថា​៖​«​និស្សិត​គម្ពីរ​និយាយ​ត្រូវ!​»។

ខ្ញុំ​យំ​ដោយ​មាន​អារម្មណ៍​ធូរ​ស្រាល​ក្នុង​ចិត្ត ពេល​ជួប​ស្ត្រី​ដ៏​គួរ​ឲ្យ​ស្រឡាញ់​នេះ។ នាង​ឈ្មោះ​បឺតា ប្រឹកហ្គេមៃអេ។ ខ្ញុំ​និយាយ​ទៅ​កាន់​នាង​ថា​៖​«​សូម​ប្រាប់​ខ្ញុំ​អំពី​ព្រះ​យេហូវ៉ា​»។ តាំង​ពី​ពេល​នោះ​មក​យើង​ចំណាយ​ពេល​ច្រើន​ជា​មួយ​គ្នា ហើយ​យើង​ឧស្សាហ៍​ពិគ្រោះ​គ្នា​អំពី​គម្ពីរ។ ខ្ញុំ​បាន​រៀន​អ្វី​ៗ​ជា​ច្រើន ខ្ញុំ​បាន​រៀន​ថា​ព្រះ​យេហូវ៉ា​ជា​ព្រះ​ពិត លោក​ជា​ព្រះ​នៃ​សេចក្ដី​ស្រឡាញ់ យុត្តិធម៌ និង​សន្តិភាព។ ខ្ញុំ​ក៏​បាន​រៀន​ដែរ​ថា លោក​នឹង​បំបាត់​ចោល​ការ​ឈឺ​ចាប់​ទាំង​អស់​ដែល​បណ្ដាល​មក​ពី​មនុស្ស​អាក្រក់ និង​មនុស្ស​ដែល​សង្កត់​សង្កិន​គេ។ បទ​គម្ពីរ​នៅ​ចម្រៀង​សរសើរ​ព្រះ ៣៧:១០, ១១ ចែង​ថា​៖​«​បន្តិច​ទៀត នឹង​លែង​មាន​មនុស្ស​អាក្រក់​ទៀត . . . ប៉ុន្តែ មនុស្ស​ដែល​មាន​ចិត្ត​សុភាព​នឹង​បាន​ផែនដី​ជា​មត៌ក ពួក​គេ​នឹង​សប្បាយ​រីករាយ​យ៉ាង​ខ្លាំង ដោយ​សារ​មាន​សេចក្ដី​សុខ​សាន្ត​ជា​បរិបូរ​»។

ដោះ​លែង ហើយ​រត់​ទៅ​ភាគ​ខាង​លិច

ក្រោយ​ពី​ជាប់​គុក​អស់​ជាង​៥​ឆ្នាំ គេ​បាន​ដោះ​លែង​ខ្ញុំ​នៅ​ឆ្នាំ​១៩៥៦។ ប្រាំ​ថ្ងៃ​ក្រោយ​មក ខ្ញុំ​ក៏​បាន​រត់​ភៀស​ខ្លួន​ទៅ​នៅ​អាល្លឺម៉ង់​ខាង​លិច។ នៅ​ពេល​នោះ​ខ្ញុំ​មាន​កូន​ស្រី​ពីរ​នាក់ ម្នាក់​ឈ្មោះ​ហាន់នេលអូរ៉េ ម្នាក់​ទៀត​ឈ្មោះ​សាប៊ីនេ។ ខ្ញុំ​បាន​នាំ​កូន​ទាំង​ពីរ​ទៅ​ជា​មួយ។ នៅ​ទី​នោះ ប្ដី​ប្រពន្ធ​យើង​បាន​លែង​លះ​គ្នា ហើយ​ខ្ញុំ​បាន​ជួប​សាក្សី​ម្ដង​ទៀត។ ពេល​ដែល​ខ្ញុំ​សិក្សា​គម្ពីរ ខ្ញុំ​ដឹង​ថា​ខ្ញុំ​ត្រូវ​កែ​ប្រែ​អ្វី​មួយ​ចំនួន​ដើម្បី​ឲ្យ​ខ្ញុំ​មាន​របៀប​រស់​នៅ​ស្រប​តាម​ខ្នាត​តម្រា​របស់​ព្រះ​យេហូវ៉ា។ ទី​បំផុត ខ្ញុំ​បាន​កែ​ប្រែ​អ្វី​ទាំង​នេះ រួច​ទទួល​ការ​ជ្រមុជ​ទឹក​នៅ​ឆ្នាំ​១៩៥៨។

ក្រោយ​មក​ខ្ញុំ​បាន​រៀប​ការ​ម្ដង​ទៀត តែ​លើក​នេះ​ជា​មួយ​នឹង​សាក្សី​ព្រះ​យេហូវ៉ា​ម្នាក់​ឈ្មោះ​ខ្លោស មេននេ។ ខ្លោស​និង​ខ្ញុំ​មាន​ជីវិត​អាពាហ៍ពិពាហ៍​ដ៏​រីករាយ យើង​មាន​កូន​ពីរ​នាក់ ម្នាក់​ឈ្មោះ​បេនយ៉ាមីន និង​ម្នាក់​ទៀត​ឈ្មោះ​តា​ប៊ី​យ៉ា។ តែ​គួរ​ឲ្យ​សោក​ស្ដាយ​ណាស់ ប្រហែល​២០​ឆ្នាំ​មុន ខ្លោស​បាន​បាត់​បង់​ជីវិត​ក្នុង​គ្រោះ​ថ្នាក់​មួយ។ តាំង​ពី​ពេល​នោះ​មក​ខ្ញុំ​បាន​ក្លាយ​ជា​ស្ត្រី​មេម៉ាយ។ ប៉ុន្តែ ខ្ញុំ​បាន​ទទួល​ការ​សម្រាល​ទុក្ខ​យ៉ាង​ខ្លាំង​ពី​សេចក្ដី​សង្ឃឹម​អំពី​ការ​ប្រោស​ឲ្យ​រស់​ឡើង​វិញ គឺ​មនុស្ស​ស្លាប់​នឹង​ត្រូវ​ប្រោស​ឲ្យ​រស់​ឡើង​វិញ​ក្នុង​សួន​ឧទ្យាន​នៅ​ផែនដី។ (​លូកា ២៣:៤៣; សកម្មភាព ២៤:១៥​) ម្យ៉ាង​ទៀត ខ្ញុំ​សប្បាយ​ចិត្ត​ណាស់​ដែល​កូន​ខ្ញុំ​ទាំង​បួន​នាក់​បម្រើ​ព្រះ​យេហូវ៉ា។

តាម​រយៈ​ការ​សិក្សា​គម្ពីរ ខ្ញុំ​ដឹង​ថា​មាន​តែ​ព្រះ​យេហូវ៉ា​ប៉ុណ្ណោះ​ដែល​អាច​ផ្ដល់​នូវ​យុត្តិធម៌​ពិត​ប្រាកដ។ ខុស​ពី​មនុស្ស ព្រះ​យេហូវ៉ា​យក​ចិត្ត​ទុក​ដាក់​គ្រប់​កាលៈទេសៈ​របស់​យើង រួម​ទាំង​ប្រវត្តិ​យើង សូម្បី​តែ​អ្វី​ដែល​មនុស្ស​ច្រើន​តែ​មើល​មិន​ឃើញ ក៏​លោក​ជ្រាប​ដែរ។ ចំណេះ​ដ៏​មាន​តម្លៃ​នេះ​ជួយ​ខ្ញុំ​ឲ្យ​មាន​សេចក្ដី​សុខ​សាន្ត​នៅ​ក្នុង​ចិត្ត​សូម្បី​តែ​នៅ​ឥឡូវ​នេះ ជា​ពិសេស​នៅ​ពេល​ដែល​ខ្ញុំ​ឃើញ​ភាព​អយុត្តិធម៌ ឬ​ខ្ញុំ​ផ្ទាល់​រង​នូវ​ភាព​អយុត្តិធម៌។ អ្នក​ទូន្មាន ៥:៨ ចែង​ថា​៖​«​បើ​អ្នក​ឃើញ​ជន​ក្រី​ក្រ​រង​ការ​សង្កត់​សង្កិន ហើយ​ឃើញ​មន្ត្រី​ជាន់​ខ្ពស់​បំពាន​យុត្តិធម៌​និង​សេចក្ដី​សុចរិត​ក្នុង​តំបន់​របស់​អ្នក ចូរ​កុំ​ភ្ញាក់​ផ្អើល​ឡើយ។ ព្រោះ​អ្នក​ដែល​មាន​ឋានៈ​ខ្ពស់​ជាង​កំពុង​ឃ្លាំ​មើល​មន្ត្រី​នោះ ហើយ​ក៏​មាន​អ្នក​ផ្សេង​ទៀត​ដែល​មាន​ឋានៈ​ខ្ពស់​ជាង​កំពុង​ឃ្លាំ​មើល​ពួក​គេ​ដែរ​»។ អ្នក​ដែល​មាន​«​ឋានៈ​ខ្ពស់​ជាង​»​ គឺ​ព្រះ​ដែល​ជា​អ្នក​បង្កើត​យើង។ ហេប្រឺ ៤:១៣ ចែង​ថា​៖​«​អ្វី​ៗ​ទាំង​អស់​នៅ​ចំហ​និង​មិន​កំបាំង​ពី​ភ្នែក​របស់​លោក ជា​អ្នក​ដែល​យើង​ត្រូវ​ជម្រាប​អំពី​ការ​ដែល​យើង​បាន​ធ្វើ​»។

ក្រឡេក​មើល​ជិត​៩០​ឆ្នាំ​មុន

ពេល​ខ្លះ​មនុស្ស​សួរ​ខ្ញុំ​ថា ម៉េច​ដែរ​ជីវិត​ក្រោម​របប​ណាត្ស៊ី​និង​របប​កុម្មុយនីស្ត។ ជីវិត​ក្រោម​របប​ទាំង​ពីរ​នោះ​គឺ​មិន​ស្រួល​ទេ។ ការ​គ្រប់​គ្រង​ទាំង​ពីរ​នោះ​ក៏​ដូច​ជា​ការ​គ្រប់​គ្រង​ទាំង​អស់​របស់​មនុស្ស​ដែរ គឺ​បញ្ជាក់​ថា​មនុស្ស​មិន​អាច​គ្រប់​គ្រង​ដោយ​ខ្លួន​ឯង​បាន​ទេ។ គម្ពីរ​បាន​ប្រាប់​យ៉ាង​ចំ​ៗ​ថា​៖​«​មនុស្ស​បាន​ត្រួត​ត្រា​លើ​មនុស្ស នោះ​នាំ​ឲ្យ​មាន​ទុក្ខ​វេទនា​»។—អ្នក​ទូន្មាន ៨:៩

ពេល​ដែល​ខ្ញុំ​នៅ​ក្មេង​មិន​ដឹង​អី ខ្ញុំ​បាន​សង្ឃឹម​លើ​មនុស្ស​ថា​អាច​ធ្វើ​ឲ្យ​មាន​ការ​គ្រប់​គ្រង​ដែល​ប្រកប​ដោយ​យុត្តិធម៌។ ប៉ុន្តែ ឥឡូវ​ខ្ញុំ​ដឹង​ច្បាស់​ហើយ​ថា មាន​តែ​ព្រះ​ដែល​ជា​អ្នក​បង្កើត​យើង​ប៉ុណ្ណោះ ដែល​អាច​ធ្វើ​ឲ្យ​ពិភព​លោក​មាន​យុត្តិធម៌​ពិត​ប្រាកដ។ លោក​នឹង​ធ្វើ​ដូច្នេះ​ដោយ​បំផ្លាញ​ចោល​មនុស្ស​អាក្រក់​ទាំង​អស់ ហើយ​ឲ្យ​លោក​យេស៊ូ​គ្រិស្ត​ដែល​ជា​បុត្រ​របស់​លោក​គ្រប់​គ្រង​លើ​ផែនដី ពីព្រោះ​លោក​យេស៊ូ​តែង​តែ​ចាត់​ទុក​ប្រយោជន៍​អ្នក​ឯ​ទៀត​ថា​សំខាន់​ជាង​ប្រយោជន៍​របស់​ខ្លួន។ ស្ដី​អំពី​លោក​យេស៊ូ គម្ពីរ​ចែង​ថា​៖​«​អ្នក​បាន​ស្រឡាញ់​សេចក្ដី​សុចរិត ហើយ​បាន​ស្អប់​ការ​ប្រឆាំង​ច្បាប់​»។ (​ហេប្រឺ ១:៩​) ខ្ញុំ​ពិត​ជា​មាន​អំណរ​គុណ​ខ្លាំង​ណាស់​ចំពោះ​ព្រះ ដែល​បាន​ទាញ​នាំ​ខ្ញុំ​ឲ្យ​មក​ឯ​ស្ដេច​ដ៏​យុត្តិធម៌​និង​ល្អ​ប្រពៃ​នេះ ហើយ​ខ្ញុំ​សង្ឃឹម​ថា​ខ្ញុំ​នឹង​រស់​ជា​រៀង​រហូត​ក្រោម​ការ​គ្រប់​គ្រង​របស់​លោក!

[រូបភាព]

ជា​មួយ​នឹង​កូន​ស្រី​របស់​ខ្ញុំ​ឈ្មោះ​ហាន់នេលអូរ៉េ និង​សាប៊ីនេ ក្រោយ​ពី​យើង​មក​ដល់​អាល្លឺម៉ង់​ខាង​លិច

[រូបភាព]

សព្វ​ថ្ងៃ​ជា​មួយ​កូន​ប្រុស​ខ្ញុំ​បេនយ៉ាមីន និង​ប្រពន្ធ​គាត់​សាន់ដ្រា