ខ្ញុំគាំទ្រទស្សនៈរបស់ព្រះស្ដីអំពីឈាម
ខ្ញុំគាំទ្រទស្សនៈរបស់ព្រះស្ដីអំពីឈាម
គ្រូពេទ្យម្នាក់បានរៀបរាប់អំពីបទពិសោធន៍របស់គាត់
ខ្ញុំបាននៅក្នុងបន្ទប់ប្រជុំមួយជាមួយក្រុមគ្រូពេទ្យឯទៀតកំពុងធ្វើកោសល្យវិច័យ ដើម្បីរកមូលហេតុនៃការស្លាប់របស់អ្នកជំងឺ។ ក្រុមគ្រូពេទ្យបានសន្និដ្ឋានថា អ្នកជំងឺបានស្លាប់ដោយសារមានដុំសាច់ ប៉ុន្តែ ខ្ញុំបានលើកឡើងថា៖«យើងអាចសន្និដ្ឋានថា មូលហេតុចម្បងដែលនាំឲ្យអ្នកជំងឺនេះស្លាប់ គឺដោយសារការបែកគ្រាប់ឈាមក្រហម និងការឈប់ដំណើរការនៃតម្រងនោម នេះបណ្ដាលមកពីការចាក់បញ្ចូលឈាម»។
សាស្ត្រាចារ្យម្នាក់បានក្រោកឈរ ហើយស្រែកដោយកំហឹងថា៖«តើលោកចង់មានន័យថា យើងបានចាក់បញ្ចូលឈាមខុសឬ?»។ ខ្ញុំឆ្លើយថា៖«ខ្ញុំមិនចង់មានន័យដូច្នេះទេ»។ ខ្ញុំបានបង្ហាញរូបភាពខ្លះៗនៃតម្រងនោមរបស់អ្នកជំងឺ ហើយខ្ញុំបាននិយាយថា៖«យើងអាចឃើញការបែកគ្រាប់ឈាមក្រហមនៅក្នុងតម្រងនោម ហើយអាចសន្និដ្ឋានថា នេះបណ្ដាលឲ្យតម្រងនោមស្ទះនិងឈប់ដំណើរការ»។ * បន្ទាប់ពីខ្ញុំបានរៀបរាប់ចប់ ស្ថានភាពកាន់តែតានតឹង ហើយនេះធ្វើឲ្យខ្ញុំកាន់តែភ័យ។ ទោះជាខ្ញុំជាគ្រូពេទ្យមានវ័យក្មេងជាង ហើយគាត់ជាសាស្ត្រាចារ្យក៏ដោយ ខ្ញុំមានអារម្មណ៍ថា ខ្ញុំមិនអាចធ្វើមិនដឹងមិនឮបានទេ។
ពេលដែលរឿងនេះបានកើតឡើង ខ្ញុំមិនទាន់ជាសាក្សីព្រះយេហូវ៉ានៅឡើយទេ។ ខ្ញុំកើតនៅឆ្នាំ១៩៤៣ នៅក្រុងស៊ិនដាយ ដែលនៅប៉ែកខាងជើងនៃប្រទេសជប៉ុន។ ឪពុករបស់ខ្ញុំធ្លាប់ជាអ្នកជំនាញខាងផ្នែករោគសាស្ត្រ និងខាងផ្នែកសរសៃប្រសាទ ដូច្នេះខ្ញុំបានសម្រេចចិត្តរៀនផ្នែកថ្នាំពេទ្យ។ នៅឆ្នាំ១៩៧០ ខ្ញុំបានរៀបការជាមួយម៉ាស៊ូកូ ពេលខ្ញុំកំពុងរៀនក្នុងឆ្នាំទី២នៃសាលាវេជ្ជសាស្ត្រ។
ការចាប់ផ្ដើមសិក្សាផ្នែករោគសាស្ត្រ
ម៉ាស៊ូកូធ្វើការដើម្បីផ្គត់ផ្គង់យើងកាលដែលខ្ញុំកំពុងសិក្សា។ ខ្ញុំពិតជាចូលចិត្តផ្នែកថ្នាំពេទ្យ និងពិតជាកោតស្ងើចចំពោះរាងកាយមនុស្សណាស់! ទោះជាយ៉ាងណាក៏ដោយ ខ្ញុំមិនដែលគិតថាមានអ្នកបង្កើតទេ។ ខ្ញុំគិតថាការស្រាវជ្រាវអំពីថ្នាំធ្វើឲ្យជីវិតខ្ញុំមានន័យខ្លឹមសារ។ ដូច្នេះបន្ទាប់ពីខ្ញុំក្លាយជាគ្រូពេទ្យ ខ្ញុំបន្តសិក្សាផ្នែកជំងឺផ្សេងៗ។
ពេលដែលខ្ញុំកំពុងធ្វើកោសល្យវិច័យទៅលើអ្នកជំងឺដែលបានស្លាប់ដោយសារជំងឺមហារីក ខ្ញុំចាប់ផ្ដើមមានការសង្ស័យទៅលើផលប៉ះពាល់ដែលមកពីការចាក់បញ្ចូលឈាម។ ការព្យាបាលដោយចាក់បញ្ចូលសារធាតុគីមីធ្វើឲ្យឈាមក្រហមថយចុះ នេះធ្វើឲ្យអ្នកជំងឺមហារីកធ្ងន់ធ្ងរខ្វះឈាម ដូច្នេះហើយបានជាគ្រូពេទ្យតែងតែណែនាំឲ្យចាក់បញ្ចូលឈាម។ យ៉ាងណាក៏ដោយ ខ្ញុំសង្ស័យថាការចាក់បញ្ចូលឈាមធ្វើឲ្យដុំសាច់មហារីកកាន់តែរាលដាលនៅកន្លែងផ្សេងក្នុងរាងកាយ។ សព្វថ្ងៃនេះគេទទួលស្គាល់ថាការចាក់បញ្ចូលឈាមអាចធ្វើឲ្យប្រព័ន្ធភាពស៊ាំចុះខ្សោយដែលអាចធ្វើឲ្យដុំសាច់មហារីកដុះឡើងវិញបន្ទាប់ពីព្យាបាលរួច ហើយនេះអាចកាត់បន្ថយអាយុរបស់អ្នកជំងឺមហារីក។ *
នៅឆ្នាំ១៩៧៥ ខ្ញុំបានជួបប្រទះករណីដូចដែលបានរៀបរាប់ខាងលើ។ លោកសាស្ត្រាចារ្យដែលទទួលខុសត្រូវលើករណីនេះ គឺជាអ្នកជំនាញផ្នែកឈាម។ ដូច្នេះ គ្មានអ្វីគួរឲ្យភ្ញាក់ផ្អើលទេដែលគាត់ខឹងពេលដែលខ្ញុំនិយាយថា ការចាក់បញ្ចូលឈាមបណ្ដាលឲ្យអ្នកជំងឺស្លាប់! ទោះជាយ៉ាងណាក៏ដោយ ខ្ញុំនៅតែបន្តធ្វើបទបង្ហាញរបស់ខ្ញុំហើយគាត់ចាប់ផ្ដើមស្ងប់អារម្មណ៍បន្តិចម្ដងៗ។
លែងមានជំងឺ និងសេចក្តីស្លាប់
មានពេលមួយ បងស្រីវ័យចាស់ម្នាក់ដែលជាសាក្សីព្រះយេហូវ៉ាបានមកជួបប្រពន្ធខ្ញុំ។ គាត់បានប្រើឈ្មោះ«យេហូវ៉ា»នៅក្នុងពាក្យផ្សាយរបស់គាត់ ហើយប្រពន្ធរបស់ខ្ញុំបានសួរថា នេះមានន័យអ្វី។ បងស្រីសាក្សីនោះឆ្លើយថា៖«យេហូវ៉ាជាឈ្មោះរបស់ព្រះពិត»។ ម៉ាស៊ូកូអានគម្ពីរតាំងពីគាត់នៅក្មេង ប៉ុន្តែគម្ពីរដែលគាត់ប្រើបានជំនួសនាមព្រះដោយពាក្យ«លោកម្ចាស់»។ ឥឡូវគាត់ដឹងថាព្រះគឺជាបុគ្គលដែលមានឈ្មោះ!
ម៉ាស៊ូកូចាប់ផ្ដើមសិក្សាគម្ពីរជាមួយបងស្រីនោះភ្លាមៗ។ ពេលដែលខ្ញុំត្រឡប់មកពីធ្វើការនៅមន្ទីរពេទ្យវិញនៅម៉ោងមួយអធ្រាត្រ ប្រពន្ធរបស់ខ្ញុំបានប្រាប់ខ្ញុំដោយរំភើបថា៖«នៅក្នុងគម្ពីរប្រាប់ថា ជំងឺនិងសេចក្តីស្លាប់នឹងលែងមានទៀត!» ខ្ញុំតបថា៖«នេះអស្ចារ្យណាស់!» ម៉ាស៊ូកូបានបន្តថា៖«ដោយសារពិភពលោកថ្មីនឹងមកដល់ឆាប់ៗនេះ ខ្ញុំមិនចង់ឲ្យបងខ្ជះខ្ជាយពេលវេលានោះទេ»។ ន័យរបស់នាង គឺចង់ឲ្យខ្ញុំឈប់ធ្វើជាគ្រូពេទ្យ ខ្ញុំចាប់ផ្ដើមខឹង ហើយទំនាក់ទំនងរបស់យើងចាប់ផ្ដើមមានភាពរកាំរកូស។
ទោះជាយ៉ាងណាក៏ដោយ ប្រពន្ធខ្ញុំមិនឈប់ព្យាយាមក្នុងការជួយបណ្ដុះចំណាប់អារម្មណ៍ខ្ញុំទៅលើគម្ពីរទេ។ នាងអធិដ្ឋានដើម្បីស្វែងរកខគម្ពីរដែលទាក់ទាញចិត្តខ្ញុំ។ សាស្ដា ២:២២, ២៣ ពិតជាមានឥទ្ធិពលមកលើចិត្តខ្ញុំណាស់! ខនោះចែងថា៖«ដ្បិតក្នុងអស់ទាំងការដែលមនុស្សធ្វើ នឹងសេចក្ដីដែលចិត្តខំបង្កើត គឺជាការនឿយហត់ដែលខ្លួនខំធ្វើនៅក្រោមថ្ងៃ នោះតើមានផលអ្វីខ្លះ? ...ពេលយប់ចិត្តអ្នកនោះក៏មិនសំរាកដែរ នេះជាការឥតមានទំនងដែរ»។ នេះទាក់ទងនឹងអ្វីដែលខ្ញុំកំពុងធ្វើ ខ្ញុំខំធ្វើការទាំងយប់ទាំងថ្ងៃ តែមិនអាចធ្វើឲ្យខ្ញុំស្កប់ចិត្តនោះទេ។
នៅព្រឹកថ្ងៃអាទិត្យមួយ នៅខែកក្កដា ឆ្នាំ១៩៧៥ ពេលប្រពន្ធរបស់ខ្ញុំទៅចូលរួមកិច្ចប្រជុំរបស់សាក្សីព្រះយេហូវ៉ា ភ្លាមៗនោះ ខ្ញុំសម្រេចចិត្តចូលរួមកិច្ចប្រជុំដែរ។ ប្រពន្ធរបស់ខ្ញុំភ្ញាក់ផ្អើលជាខ្លាំងពេលដែលឃើញខ្ញុំនៅទីនោះ ហើយនៅទីនោះសាក្សីព្រះយេហូវ៉ាបានទទួលស្វាគមន៍ខ្ញុំយ៉ាងកក់ក្ដៅ។ ចាប់ពីពេលនោះមក ខ្ញុំចូលរួមកិច្ចប្រជុំរាល់ថ្ងៃអាទិត្យ។ ប្រហែលមួយខែក្រោយមក ខ្ញុំចាប់ផ្ដើមរៀនគម្ពីរជាមួយសាក្សីម្នាក់។ បីខែបន្ទាប់ពីប្រពន្ធខ្ញុំជួបសាក្សីព្រះយេហូវ៉ា នាងបានទទួលការជ្រមុជទឹក។
គាំទ្រទស្សនៈរបស់ព្រះស្ដីអំពីឈាម
ខ្ញុំបានរៀនថា គម្ពីរបង្គាប់ឲ្យគ្រិស្តសាសនិក‹ជៀសវាងពីឈាម› (សកម្មភាព ១៥:២៨, ២៩; លោកុប្បត្តិ ៩:៤) ដោយសារខ្ញុំតែងតែសង្ស័យពីផលប៉ះពាល់ដែលមកពីការចាក់បញ្ចូលឈាម ដូច្នេះខ្ញុំមិនពិបាកគាំទ្រទស្សនៈរបស់ព្រះស្ដីអំពីឈាមទេ។ * ខ្ញុំគិតថា‹បើមានអ្នកបង្កើតមែន នោះអ្វីដែលលោកនិយាយច្បាស់ជាត្រឹមត្រូវ›។
ខ្ញុំក៏បានរៀនទៀតថា មូលហេតុដែលបណ្ដាលឲ្យមានជំងឺ និងសេចក្តីស្លាប់គឺ ដោយសារយើងឆ្លងភាពខុសឆ្គងពីអាដាម។ (រ៉ូម ៥:១២) នៅពេលនោះខ្ញុំកំពុងសិក្សាស្រាវជ្រាវអំពីជំងឺត្បៀតសរសៃឈាម។ កាលដែលយើងចាស់ទៅ សរសៃឈាមនឹងរឹងហើយរួមតូច នេះអាចបណ្ដាលឲ្យមានជំងឺគាំងបេះដូង ជំងឺសរសៃប្រសាទ និងជំងឺតម្រងនោម។ នេះគឺសមហេតុសមផលដែលអ្វីទាំងនេះបណ្ដាលមកពីភាពមិនល្អឥតខ្ចោះដែលយើងទទួលជាមត៌ក។ ក្រោយមក ខ្ញុំចាប់ផ្ដើមលែងសូវមានចិត្តខ្នះខ្នែងចំពោះផ្នែកថ្នាំ។ មានតែព្រះយេហូវ៉ាប៉ុណ្ណោះដែលអាចបំបាត់ជំងឺនិងសេចក្តីស្លាប់បាន!
នៅខែមីនា ឆ្នាំ១៩៧៦ បន្ទាប់ពីខ្ញុំចាប់ផ្ដើមសិក្សាគម្ពីរបាន៧ខែ ខ្ញុំបានឈប់សិក្សាផ្នែកពេទ្យនៅសកលវិទ្យាល័យ។ ខ្ញុំខ្លាចថាខ្ញុំមិនអាចធ្វើការជាគ្រូពេទ្យម្ដងទៀត ប៉ុន្តែខ្ញុំបានរកឃើញការងារមួយនៅមន្ទីរពេទ្យផ្សេង។ ខ្ញុំបានទទួលការជ្រមុជទឹកនៅខែឧសភា ឆ្នាំ១៩៧៦។ ខ្ញុំគិតថាអ្វីដ៏ល្អបំផុតសម្រាប់ខ្ញុំ គឺការប្រើជីវិតរបស់ខ្ញុំដើម្បីបម្រើជាអ្នកផ្សព្វផ្សាយពេញពេល ឬអ្នកត្រួសត្រាយ ហើយខ្ញុំបានចាប់ផ្ដើមធ្វើដូច្នេះនៅខែកក្កដា ឆ្នាំ១៩៧៧។
ការការពារទស្សនៈរបស់ព្រះស្ដីអំពីឈាម
នៅខែវិច្ឆិការ ឆ្នាំ១៩៧៩ ខ្ញុំនិងម៉ាស៊ូកូបានរើទៅក្រុមជំនុំនៅខេត្តឈីបា ជាកន្លែងដែលត្រូវការអ្នកផ្សព្វផ្សាយច្រើនជាង។ ខ្ញុំបានរកឃើញមន្ទីរពេទ្យដែលអាចឲ្យខ្ញុំធ្វើការមិនពេញពេល។ នៅថ្ងៃដំបូងដែលខ្ញុំធ្វើការ ក្រុមគ្រូពេទ្យវះកាត់បានមកជួបខ្ញុំ។ ពួកគេសួរខ្ញុំថា៖«ក្នុងនាមជាសាក្សីព្រះយេហូវ៉ាម្នាក់ តើបងនឹងធ្វើយ៉ាងណាបើអ្នកជំងឺដែលត្រូវការចាក់បញ្ចូលឈាមបានត្រូវបញ្ជូនមក?»
ខ្ញុំពន្យល់ដោយគោរពថា ខ្ញុំនឹងធ្វើតាមអ្វីដែលព្រះបង្គាប់អំពីឈាម។ ខ្ញុំបានពន្យល់ទៀតថាខ្ញុំនឹងខំប្រឹងអស់ពីសមត្ថភាពដើម្បីជួយអ្នកជំងឺតាមវិធីផ្សេងដោយមិនចាក់បញ្ចូលឈាម។ ប្រហែលជាមួយម៉ោងក្រោយបន្ទាប់ពីពិភាក្សាគ្នា ប្រធានផ្នែកវះកាត់បាននិយាយថា៖«ខ្ញុំយល់ ដូច្នេះ បើមានអ្នកជំងឺដែលបាត់បង់ឈាមច្រើនបានត្រូវបញ្ជូនមក ទុកឲ្យពួកយើងជាអ្នកព្យាបាល ហើយលោកមិនចាំបាច់ពាក់ព័ន្ធទេ»។ ប្រធានផ្នែកវះកាត់នោះបានត្រូវគេស្គាល់ថាជាមនុស្សដែលពិបាកប្រាស្រ័យទាក់ទង ប៉ុន្តែ បន្ទាប់ពីការពិភាក្សានោះ យើងចាប់ផ្ដើមមានទំនាក់ទំនងល្អ ហើយគាត់តែងតែគោរពជំនឿរបស់ខ្ញុំ។
ការមានទស្សនៈដូចព្រះចំពោះឈាមបានត្រូវល្បងល
ពេលដែលយើងកំពុងបម្រើនៅឈីបា មន្ទីរចាត់ការពិភពលោកថ្មីរបស់សាក្សីព្រះយេហូវ៉ាកំពុងសាងសង់នៅជប៉ុន ក្រុងអេប៊ីណា។ ខ្ញុំនិងប្រពន្ធខ្ញុំទៅទីនោះមួយសប្ដាហ៍ម្ដងដើម្បីពិនិត្យសុខភាពអ្នកស្ម័គ្រចិត្តមកជួយសាងសង់អគារបេតអែល។ ពីរបីខែក្រោយមក យើងបានត្រូវអញ្ជើញឲ្យបម្រើពេញពេលនៅបេតអែលក្រុងអេប៊ីណា។ នៅខែមីនា ឆ្នាំ១៩៨១ យើងចាប់ផ្ដើមរស់នៅអគារបណ្ដោះអាសន្នដែលមានអ្នកស្ម័គ្រចិត្តជាង៥០០នាក់ធ្វើការនៅទីនោះ។ នៅពេលព្រឹកខ្ញុំជួយសម្អាតបន្ទប់ទឹកនៅកន្លែងសាងសង់ ហើយនៅពេលរសៀលខ្ញុំពិនិត្យសុខភាពរបស់បងប្អូនដែលធ្វើការនៅទីនោះ។
អ្នកជំងឺខ្ញុំម្នាក់ឈ្មោះ អៀម៉ា អ៊ីស្លប ដែលមកពីប្រទេសអូស្ត្រាលីនៅឆ្នាំ១៩៤៩ ហើយគាត់បម្រើជាសាសនទូត។ គាត់មានជំងឺមហារីកឈាម ហើយគ្រូពេទ្យបានប្រាប់ថាគាត់អាចរស់តែពីរបីខែទៀតប៉ុណ្ណោះ។ ទោះជាការចាក់បញ្ចូលឈាមអាចជួយឲ្យគាត់រស់បានយូរជាងក៏ដោយ ប៉ុន្តែគាត់បានបដិសេធ ហើយជ្រើសរើសរស់នៅបេតអែលរហូតដល់ថ្ងៃស្លាប់។ នៅពេលនោះថ្នាំដែលជួយបង្កើនគ្រាប់ឈាមក្រហម (erythropoietin) មិនទាន់មាននៅឡើយទេ។ នៅពេលនោះអេម៉ូក្លូប៊ីនរបស់គាត់មានតែបីឬបួនក្រាមប៉ុណ្ណោះ! (ជាធម្មតាមានចំនួនពី១២ទៅ១៥ក្រាម)។ ប៉ុន្តែ ខ្ញុំបានព្យាយាមអស់ពីសមត្ថភាពដើម្បីព្យាបាលគាត់។ អៀម៉ានៅតែអាចរស់រហូតដល់៧ឆ្នាំទៀត និងបានបង្ហាញជំនឿយ៉ាងស្មោះត្រង់ចំពោះព្រះរហូតដល់ថ្ងៃដែលគាត់ស្លាប់នៅខែមករា ឆ្នាំ១៩៨៨។
ប៉ុន្មានឆ្នាំក្រោយមក អ្នកស្ម័គ្រចិត្តខ្លះដែលធ្វើការនៅការិយាល័យសាខាជប៉ុនរបស់សាក្សីព្រះយេហូវ៉ាត្រូវវះកាត់។ មន្ទីរពេទ្យដែលនៅជិតទីនោះបានយល់ព្រមសហការជាមួយយើងធ្វើការវះកាត់ដោយមិនចាក់បញ្ចូលឈាម នេះពិតជាគួរឲ្យសរសើរណាស់! ជារឿយៗ គេអញ្ជើញខ្ញុំឲ្យចូលបន្ទប់វះកាត់ ហើយខ្ញុំថែមទាំងបានជួយក្នុងការវះកាត់ទៀតផង។ ខ្ញុំពិតជាមានចិត្តដឹងគុណចំពោះក្រុមគ្រូពេទ្យដែលបានបង្ហាញការគោរពចំពោះការសម្រេចចិត្តរបស់សាក្សីព្រះយេហូវ៉ាស្ដីអំពីឈាម។ ការរួមការងារជាមួយពួកគាត់ផ្ដល់ឱកាសឲ្យខ្ញុំប្រាប់អំពីជំនឿរបស់ខ្ញុំដល់ពួកគាត់។ ថ្មីៗនេះ គ្រូពេទ្យម្នាក់ក្នុងចំណោមគ្រូពេទ្យទាំងនោះបានទទួលការជ្រមុជទឹក។
គួរឲ្យចាប់អារម្មណ៍ ការខំប្រឹងព្យាយាមរបស់គ្រូពេទ្យដើម្បីព្យាបាលសាក្សីព្រះយេហូវ៉ាដោយមិនចាក់បញ្ចូលឈាម ធ្វើឲ្យការព្យាបាលមានប្រសិទ្ធភាពជាង។ ភ័ស្តុតាងបានបញ្ជាក់យ៉ាងច្បាស់ថា ការវះកាត់ដោយមិនចាក់បញ្ចូលឈាមនាំឲ្យមានលទ្ធផលល្អជាង។ ការសិក្សាបានបង្ហាញថាអ្នកជំងឺជាសះស្បើយលឿនជាង និងមានបញ្ហាតិចជាងក្រោយវះកាត់។
បន្តរៀនពីគ្រូពេទ្យដ៏ឧត្តមបំផុត
ខ្ញុំព្យាយាមស្រាវជ្រាវការជឿនលឿនផ្នែកថ្នាំ ហើយខ្ញុំក៏បន្តរៀនពីព្រះយេហូវ៉ាដែលជាគ្រូពេទ្យដ៏ឧត្តមបំផុត។ លោកមិនមើលមនុស្សតែឫកពាខាងក្រៅនោះទេ តែលោកមើលក្នុងចិត្តវិញ។ (សាំយូអែលទី១ ១៦:៧) ក្នុងនាមជាគ្រូពេទ្យម្នាក់ ខ្ញុំព្យាយាមយកចិត្តទុកដាក់លើអ្នកជំងឺ មិនគ្រាន់តែផ្ដោតអារម្មណ៍ទៅលើជំងឺរបស់គាត់ប៉ុណ្ណោះទេ។ នេះអនុញ្ញាតឲ្យខ្ញុំផ្ដល់ការថែទាំសុខភាពអ្នកជំងឺបានល្អប្រសើរជាង។
ខ្ញុំបន្តបម្រើនៅបេតអែល និងជួយអ្នកឯទៀតឲ្យរៀនអំពីព្រះយេហូវ៉ា ហើយអ្វីដែលនាំឲ្យខ្ញុំមានអំណរបំផុត គឺការបង្រៀនអ្នកឯទៀតអំពីទស្សនៈរបស់លោកស្ដីអំពីឈាម។ ខ្ញុំអធិស្ឋានសុំឲ្យព្រះយេហូវ៉ាដែលជាគ្រូពេទ្យដ៏ឧត្តមបំផុតបំបាត់នូវជំងឺនិងសេចក្តីស្លាប់ឆាប់ៗ ដូចបងយ៉ាស៊ូស៊ី អាយសាវ៉ាបានរៀបរាប់។
[កំណត់សម្គាល់]
^ វគ្គ 4 យោងតាមសៀវភៅមួយរបស់វេជ្ជបណ្ឌិតដឺនីស ហាមីននីងបានរៀបរាប់ថា«ស្ត្រីមានផ្ទៃពោះ អ្នកធ្លាប់វះកាត់ផ្លាស់ប្ដូរសរីរាង្គ និងអ្នកងាយមានប្រតិកម្មដោយសារការចាក់បញ្ចូលឈាម មានប្រតិកម្មយឺតក្នុងការបំផ្លាញគ្រាប់ឈាមក្រហម»។ ពេលពិនិត្យមើលសុខភាព «គេមិនអាចរកឃើញអង់ទីករដែលមានប្រតិកម្មជាមួយឈាមទេ»។ (Modern Blood Banking and Transfusion Practices) យោងតាមសារព័ត៌មានស្ដីអំពីឈាមបានរៀបរាប់ថា«សូម្បីតែចាក់បញ្ចូលឈាមតែបន្តិចក៏ដោយ ក្នុងរូបកាយរបស់បុគ្គលដែលមិនត្រូវជាមួយនឹងឈាមនោះ នេះអាចធ្វើឲ្យមានប្រតិកម្ម និងធ្វើឲ្យតម្រងនោមឈប់ដំណើរការ ហើយនេះបណ្ដាលឲ្យឈាមមានមេរោគ» (Dailey’s Notes on Blood)។
^ វគ្គ 8 កាសែតផ្នែកព្យាបាលជំងឺមហារីកដែលបានបោះពុម្ពផ្សាយនៅខែសីហាឆ្នាំ១៩៨៨ បានរៀបរាប់ថា«អ្នកជំងឺដែលវះកាត់ដុំមហារីក ហើយចាក់បញ្ចូលឈាមក្នុងអំឡុងពេលវះកាត់ គឺមានស្ថានភាពអាក្រក់ជាងអ្នកជំងឺដែលវះកាត់ដុំមហារីកដោយមិនចាក់បញ្ចូលឈាមក្នុងអំឡុងពេលវះកាត់» (Journal of Clinical Oncology)។
^ វគ្គ 16 សម្រាប់ព័ត៌មានបន្ថែមអំពីសេចក្ដីបង្រៀនក្នុងគម្ពីរអំពីឈាម សូមមើលសៀវភៅស្តើងចំណងជើងថា តើឈាមអាចសង្គ្រោះជីវិតរបស់អ្នកយ៉ាងដូចម្ដេច? បោះពុម្ពផ្សាយដោយសាក្សីព្រះយេហូវ៉ា។
[ឃ្លាអក្សរធំ]
«ខ្ញុំបានពន្យល់ទៀតថាខ្ញុំនឹងខំប្រឹងអស់ពីសមត្ថភាពដើម្បីជួយអ្នកជំងឺតាមវិធីផ្សេងដោយមិនចាក់បញ្ចូលឈាម»
[ឃ្លាអក្សរធំ]
«ភ័ស្តុតាងបានបញ្ជាក់យ៉ាងច្បាស់ថា ការវះកាត់ដោយមិនចាក់បញ្ចូលឈាមនាំឲ្យមានលទ្ធផលល្អជាង»
[រូបភាព]
ខាងលើ: កំពុងបង្រៀនគម្ពីរ
ខាងស្ដាំ: ខ្ញុំ និងប្រពន្ធខ្ញុំម៉ាស៊ូកូនៅសព្វថ្ងៃនេះ