តើព្រះមាននាមអ្វី?
ពេលអ្នកព្យាយាមស្គាល់អ្នកណាម្នាក់ មុនគេបង្អស់អ្នកទំនងជាសួរថា «តើអ្នកឈ្មោះអ្វី?» បើអ្នកសួរសំណួរនេះទៅព្រះ តើលោកនឹងឆ្លើយយ៉ាងណា?
«ខ្ញុំជាយេហូវ៉ា នេះហើយជានាមរបស់ខ្ញុំ»។—អេសាយ ៤២:៨
តើឈ្មោះនេះថ្មីសម្រាប់អ្នកឬទេ? ប្រហែលជាដូច្នេះមែន ដោយសារអ្នកបកប្រែគម្ពីរជាច្រើននាក់មិនសូវប្រើឈ្មោះរបស់ព្រះ ឬមិនប្រើសោះតែម្ដង។ ច្រើនដង ពួកគេជំនួសឈ្មោះរបស់ព្រះដោយងារថា«ព្រះអម្ចាស់»។ ក៏ប៉ុន្តែ តាមពិតឈ្មោះរបស់ព្រះមានជាង៧.០០០ដងក្នុងឯកសារគម្ពីរភាសាដើមទាំងមូល។ ឈ្មោះនោះជាអក្សរហេប្រឺមានបួនតួដែលបានត្រូវតំណាងដោយអក្សរ យហវហឬចហវហ ហើយតាមធម្មតាបានត្រូវបកប្រែជាភាសាខ្មែរថា«យេហូវ៉ា»។
នាមរបស់ព្រះមាននៅក្នុងឯកសារភាសាហេប្រឺនិងសេចក្ដីបកប្រែជាច្រើនទៀត
ហេតុអ្វីឈ្មោះរបស់ព្រះគឺសំខាន់?
ឈ្មោះនោះសំខាន់ចំពោះព្រះផ្ទាល់។ គ្មានអ្នកណាដាក់ឈ្មោះឲ្យព្រះទេ គឺលោកជាអ្នកជ្រើសរើសឈ្មោះនោះដោយខ្លួនលោក។ ព្រះយេហូវ៉ាបានប្រកាសថា៖ «នេះជានាមខ្ញុំជារៀងរហូត ហើយតាមរយៈនាមនេះ បណ្ដាជនគ្រប់ជំនាន់នឹងស្គាល់ខ្ញុំ»។ (ដំណើរចាកចេញ ៣:១៥) ក្នុងគម្ពីរ ព្រះមានងារជាច្រើនដូចជា ព្រះដែលមានឫទ្ធានុភាពខ្លាំងក្លាបំផុត បិតានៅស្ថានសួគ៌ លោកម្ចាស់ ឬព្រះជាដើម តែឈ្មោះរបស់ព្រះមានច្រើនជាងងាររបស់លោក និងឈ្មោះបុគ្គលទាំងអស់ដែលមាននៅក្នុងគម្ពីរ ដូចជាលោកយេស៊ូ អាប្រាហាំ ម៉ូសេ ឬដាវីឌជាដើម។ ម្យ៉ាងទៀត ព្រះយេហូវ៉ាមានគោលបំណងចង់ឲ្យឈ្មោះរបស់លោកបានឮសុសសាយ។ គម្ពីរចែងថា៖ «សូមឲ្យមនុស្សទាំងឡាយដឹងថា លោកដែលមាននាមយេហូវ៉ា ជាព្រះតែមួយប៉ុណ្ណោះដែលខ្ពង់ខ្ពស់បំផុតលើផែនដីទាំងមូល»។—ចម្រៀងសរសើរព្រះ ៨៣:១៨
ឈ្មោះនោះសំខាន់ចំពោះលោកយេស៊ូ។ ក្នុងសេចក្ដីអធិដ្ឋានដែលគេហៅថាសេចក្ដីអធិដ្ឋានលោកម្ចាស់ឬសេចក្ដីអធិដ្ឋានបិតារបស់យើងនៅស្ថានសួគ៌ លោកយេស៊ូបានបង្រៀនអ្នកកាន់តាមលោកឲ្យអធិដ្ឋានទៅព្រះដោយពាក្យថា៖ «សូមឲ្យនាមរបស់លោកបានបរិសុទ្ធ»។ (ម៉ាថាយ ៦:៩) លោកយេស៊ូផ្ទាល់បានអធិដ្ឋានទៅព្រះថា៖ «បិតាអើយ សូមលើកតម្កើងនាមរបស់លោក»។ (យ៉ូហាន ១២:២៨) លោកយេស៊ូបានចាត់ទុកការលើកតម្កើងនាមរបស់ព្រះថាជាអ្វីដែលសំខាន់បំផុតក្នុងជីវិតរបស់លោក ហេតុនេះហើយបានជាលោកអាចមានប្រសាសន៍នៅក្នុងសេចក្ដីអធិដ្ឋាននេះថា៖ «ខ្ញុំបានបង្ហាញឲ្យពួកគាត់ស្គាល់នាមរបស់លោក ក៏នឹងបង្ហាញឲ្យស្គាល់តទៅទៀត»។—យ៉ូហាន ១៧:២៦
ឈ្មោះនោះសំខាន់ចំពោះអ្នកដែលស្គាល់ព្រះ។ នៅអតីតកាល រាស្ត្ររបស់ព្រះយល់ថាការការពារនិងសេចក្ដីសង្គ្រោះគឺជាប់ទាក់ទងនឹងនាមដ៏ពិសេសរបស់ព្រះ។ «នាមរបស់ព្រះយេហូវ៉ាជាប៉មមាំមួន ពេលមនុស្សសុចរិតរត់ចូលទៅ គាត់នឹងទទួលបានការការពារ»។ (សុភាសិត ) «អស់អ្នកដែលហៅរកនាមព្រះយេហូវ៉ា នឹងត្រូវសង្គ្រោះ»។ ( ១៨:១០យ៉ូអែល ២:៣២) គម្ពីរបង្ហាញថាអ្នកដែលបម្រើព្រះត្រូវតែប្រើនាមរបស់លោក។ «ពេលនោះ ប្រជាជាតិទាំងឡាយនឹងកាន់តាមព្រះរបស់ពួកគេរៀងៗខ្លួន ប៉ុន្តែ យើងនឹងកាន់តាមព្រះយេហូវ៉ាជាព្រះរបស់យើងជារៀងរហូតតទៅ»។—មីកា ៤:៥; សកម្មភាព ១៥:១៤
តើឈ្មោះរបស់ព្រះបង្ហាញយ៉ាងណាអំពីលោក?
ឈ្មោះនោះបង្ហាញអំពីលក្ខណៈរបស់ព្រះ។ បណ្ឌិតជាច្រើននាក់សន្និដ្ឋានថាឈ្មោះរបស់ព្រះយេហូវ៉ាមានអត្ថន័យថា «លោកដែលធ្វើឲ្យក្លាយជា»។ ព្រះយេហូវ៉ាបានពន្យល់អត្ថន័យនៃឈ្មោះរបស់លោក ពេលលោកមានប្រសាសន៍ទៅកាន់ម៉ូសេដែលជាអ្នកបម្រើលោកថា៖ «ខ្ញុំនឹងក្លាយទៅជាអ្វីដែលខ្ញុំចង់ក្លាយទៅជា»។ (ដំណើរចាកចេញ ៣:១៤) ដូច្នេះ ឈ្មោះរបស់ព្រះមិនត្រឹមតែប្រាប់យើងថាលោកគឺជាអ្នកបង្កើតអ្វីៗទាំងអស់ប៉ុណ្ណោះទេ តែឈ្មោះរបស់លោកក៏បញ្ជាក់អំពីសមត្ថភាពរបស់លោកក្នុងការធ្វើឲ្យលោកផ្ទាល់និងអ្វីៗដែលលោកបានបង្កើតក្លាយទៅជាអ្វីដែលចាំបាច់ដើម្បីសម្រេចគោលបំណងរបស់លោក។ កាលដែលងារផ្សេងៗបញ្ជាក់អំពីឋានៈ អំណាច ឬឫទ្ធានុភាពរបស់ព្រះ មានតែឈ្មោះរបស់លោកប៉ុណ្ណោះដែលបញ្ជាក់អំពីសមត្ថភាពទាំងអស់របស់លោកនិងអ្វីដែលលោកអាចសម្រេច។
ឈ្មោះនោះបង្ហាញថាព្រះចាប់អារម្មណ៍យើង។ អត្ថន័យនៃឈ្មោះរបស់ព្រះសឲ្យឃើញថាលោកតែងតែស្រឡាញ់អ្វីទាំងអស់ដែលលោកបានបង្កើត រួមទាំងយើងផងដែរ។ លើសពីនេះទៀត ការដែលព្រះបានធ្វើឲ្យឈ្មោះរបស់លោកបានឮសុសសាយបញ្ជាក់ថាលោកចង់ឲ្យយើងស្គាល់លោក។ ហេតុនេះហើយ លោកបានប្រាប់ឈ្មោះរបស់លោកដល់យើង មុនយើងសួររកឈ្មោះរបស់លោកទៅទៀត។ យើងឃើញច្បាស់ថា ព្រះចង់ឲ្យយើងចាត់ទុកថាលោកជាបុគ្គលពិតមួយរូបដែលយើងអាចចូលទៅជិតបាន មិនមែនជាព្រះដែលនៅឆ្ងាយមិនអាចស្គាល់បាននោះទេ។—ចម្រៀងសរសើរព្រះ ៧៣:២៨
ការប្រើឈ្មោះរបស់ព្រះបង្ហាញថាយើងចាប់អារម្មណ៍ចំពោះលោក។ ជាឧទាហរណ៍ អ្នកបានសុំមិត្តរបស់អ្នកឲ្យហៅឈ្មោះរបស់អ្នកផ្ទាល់។ ប៉ុន្តែ តើអ្នកនឹងមានអារម្មណ៍យ៉ាងណាបើគាត់មិនព្រមប្រើឈ្មោះរបស់អ្នក? អ្នកទំនងជានឹងឆ្ងល់ថាតើបុគ្គលនោះពិតជាចង់ធ្វើជាមិត្តជិតស្និទ្ធរបស់អ្នកឬយ៉ាងណា។ ដូច្នេះ ព្រះក៏មានអារម្មណ៍ដូចគ្នាដែរ។ ព្រះយេហូវ៉ាបានប្រាប់ឈ្មោះរបស់លោកដល់មនុស្សជាតិ ហើយលោកលើកទឹកចិត្តយើងឲ្យប្រើឈ្មោះនោះ។ ពេលយើងធ្វើដូច្នេះ យើងបង្ហាញព្រះយេហូវ៉ាថាយើងចង់ទៅជាមិត្តជិតស្និទ្ធរបស់លោក។ មិនត្រឹមតែប៉ុណ្ណោះ លោកក៏កត់សម្គាល់«អស់អ្នកដែលរំពឹងគិតអំពីនាមរបស់លោក»ដែរ។—ម៉ាឡាគី ៣:១៦
ការរៀនអំពីឈ្មោះរបស់ព្រះគឺជាជំហានសំខាន់ដំបូងដើម្បីស្គាល់លោក។ ក៏ប៉ុន្តែ យើងមិនត្រូវឈប់ត្រឹមនេះឡើយ។ យើងក៏ត្រូវរៀនថាតើលោកមានគុណសម្បត្តិអ្វីខ្លះដែរ។
តើព្រះមាននាមអ្វី? នាមរបស់ព្រះគឺយេហូវ៉ា។ នាមដ៏ពិសេសនោះបញ្ជាក់អំពីលក្ខណៈរបស់លោកថាជាបុគ្គលមួយរូបដែលអាចសម្រេចគោលបំណងទាំងអស់របស់លោក