សកម្មភាពពិសេសសម្រាប់ពិធីរំលឹក
លោកយេស៊ូនឹងបំបាត់ចោលឧក្រិដ្ឋកម្ម
លោកយេស៊ូដឹងច្បាស់ថាការឈឺចាប់ដោយបទឧក្រិដ្ឋនិងអំពើអយុត្តិធម៌គឺខ្លាំងយ៉ាងណា ព្រោះលោកបានត្រូវគេចោទប្រកាន់មិនពិត ត្រូវគេវាយដំយ៉ាងព្រៃផ្សៃ ត្រូវគេកាត់ក្ដីដោយអយុត្តិធម៌ កាត់ទោសដោយមិនត្រឹមត្រូវ និងត្រូវគេប្រហារជីវិតយ៉ាងឈឺចាប់។ ទោះជាលោកគ្មានទោសក៏ដោយ លោកសុខចិត្តលះបង់«ជីវិតខ្លួនជាថ្លៃលោះសម្រាប់មនុស្សជាច្រើន»ដោយមិនគិតពីប្រយោជន៍ខ្លួន។ (ម៉ាថាយ ២០:២៨; យ៉ូហាន ១៥:១៣) នៅសព្វថ្ងៃនេះ លោកយេស៊ូកំពុងគ្រប់គ្រងជាស្ដេចនៃរាជាណាចក្ររបស់ព្រះ។ មិនយូរទៀតលោកនឹងធ្វើឲ្យមានយុត្តិធម៌ពេញផែនដី ហើយបំបាត់ចោលឧក្រិដ្ឋកម្មជារៀងរហូត។—អេសាយ ៤២:៣
គម្ពីររៀបរាប់ថាពិភពលោកនោះនឹងមានស្ថានភាពយ៉ាងណា ក្រោយពីលោកយេស៊ូចាត់វិធានការ។
«បន្តិចទៀត នឹងលែងមានមនុស្សអាក្រក់ទៀត អ្នកនឹងមើលកន្លែងដែលពួកគេធ្លាប់នៅ តែអ្នកនឹងមិនឃើញពួកគេទេ។ ប៉ុន្តែ មនុស្សដែលមានចិត្តសុភាពនឹងបានផែនដីជាមត៌ក ពួកគេនឹងសប្បាយរីករាយយ៉ាងខ្លាំង ដោយសារមាន សេចក្ដីសុខសាន្តជាបរិបូរ»។—ចម្រៀងសរសើរព្រះ ៣៧:១០, ១១
តើយើងអាចបង្ហាញយ៉ាងណាថាយើងមានអំណរគុណចំពោះអ្វីដែលលោកបានធ្វើនៅអតីតកាលនិងអ្វីដែលលោកនឹងធ្វើនៅថ្ងៃអនាគត? ដូចបានកត់ទុកនៅលូកា ២២:១៩ លោកយេស៊ូបានប្រាប់ពួកអ្នកកាន់តាមលោកឲ្យរំលឹកអំពីមរណភាពរបស់លោក។ ហេតុនេះជារៀងរាល់ឆ្នាំ នៅខួបមរណភាពរបស់លោក សាក្សីព្រះយេហូវ៉ាតែងតែជួបជុំគ្នាធ្វើពិធីរំលឹកអំពីលោក។ យើងសូមអញ្ជើញលោកអ្នកចូលរួមពិធីនេះជាមួយយើង ដែលនឹងធ្វើឡើងនៅថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៤។